ក្រុងឌូបៃ: ខ្សែ​រ៉ក​វែង​បំផុត​ក្នុង​លោក​នឹង​បើក​សម្ពោធ​នៅ​អារ៉ាប់​រួម​នា​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​នេះ ដោយ​ផ្ដល់​ការ​កម្សាន្ដ​ដល់​អ្នក​និយម​លស់​ព្រលឹង​នៅ​ល្បឿន​រត់ ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ចុះ​ពី​កំពូល​ភ្នំ​ខ្ពស់​បំផុត​នៅ​ទឹកដី​មជ្ឈិមបូព៌ា​ដ៏​ស៊ីវិល័យ និង​ល្បី​ខាង​ប្រេង​មួយ​នេះ។

ខ្សែ​រ៉ត​ប្រវែង ២,៨ គីឡូម៉ែត្រ លាត​សន្ធឹង​ស្មើនឹង​ទីលាន​បាល់ទាត់​ចំនួន ២៨ ត្រូវ​បាន​ផ្ដល់​កំណត់ត្រា​ហ្គីនណេស​ពិភពលោក។ នេះ​បើ​យោង​តាម​មន្ដ្រី​ទេសចរណ៍​ក្រុង​ឌូបៃ។

ប៉ុន្ដែ​កំណត់ត្រា​ពិភពលោក​នេះ មិន​ស្កប់ស្កល់​ដល់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ទេសចរណ៍​ក្រុង​ឌូបៃ ឬ​ទីក្រុង​អាប៊ុយដាប៊ី​ដ៏​សម្បូរ​ប្រេង​នៅ​ឡើយ។ វា​ជា​ចំណូល​ដល់​ក្រុង អាស អាល់ ខៃម៉ា ដែល​នៅ​អភិវឌ្ឍ​តិចតួច ស្ថិតនៅ​ភាគ​ខាងជើង តាម​បណ្ដោយ​ព្រំដែន​ប្រទេស​អូម៉ង់។

ភ្ញៀវទេសចរ​ភាគច្រើន ទៅកាន់​អារ៉ាប់​រួម បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​ក្រុង​ឌូបៃ ជា​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ដ៏ធំ​បំផុត​មួយ​ក្នុង​លោក និង​ទីឋាន​ជិះ​ស្គី​ទឹកកក​សិប្បនិម្មិត។

ក្រុង​អាស អាល់ ខៃ​ម៉ា សង្ឃឹម​នឹង ខ្សែ​រ៉ក​ដ៏​វែង​បំផុត​ក្នុង​លោក​នេះ ដែល​មាន​កម្ពស់ ១៦៨០ ម៉ែត្រ​លើ​នីវ៉ូទឹក​សមុទ្រ​នៃ​កំពូល​ភ្នំ Jebel Jais នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាង​ច្រើន។

ខ្សែ​រ៉ក​អាច​ទទួលភ្ញៀវ​ប្រមាណ ១០ ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ហើយ​ទោះបី​ជា​ការ​កម្សាន្ត​ដ៏​ព្រឺព្រួច​នេះ មិន​មាន​កំណត់​អាយុ ក៏​អ្នកជិះ​ត្រូវមាន​កម្ពស់​យ៉ាង​ទាប ១,២២ ម៉ែត្រ និង​មិន​មាន​ទម្ងន់​លើស​ពី ១៥០ គីឡូក្រាម។

កំណត់ត្រា​ពិភពលោក ចុងក្រោយ​បំផុត​របស់​អារ៉ាប់​រួម​នឹង​បន្ថែម​ទៅ​លើ​សមិទ្ធផល​មាន​ស្រាប់ ដូចជា អគារ​ខ្ពស់​បំផុត ក្នុង​លោក និង​កោះ​ដូង​សិប្បនិម្មិត៕