ក្រុងបាងកក: ច្បាស់ណាស់ ភាព​ល្បី​ល្បាញ​លើ​ឆាក​អន្ដរជាតិ​មិន​សុទ្ធ​តែ​សម្រាប់​អ្នក​ស្ថិត​ក្នុង​លំដាប់​ជាន់​ខ្ពស់ និង​ប្រណីតៗ​នោះ​ទេ។

លោក យាយ ចាយ ហ្វៃ អាយុ ៧២ ឆ្នាំ អ្នក​លក់​ម្ហូប​តាម​ចិញ្ចើម​ផ្លូវ​ទើប​ត្រូវ​បាន​ផ្ដល់​ផ្កាយ Michelin ស្ដង់​ដា ម្ហូបម្ហា សម្រាប់​មុខ​ម្ហូប​ពងចៀន​អូមឡែត​សាច់​ក្ដាម និង​មុខ​ម្ហូប​ចិញ្ចើម​ផ្លូវ​ដទៃ​ទៀត ដែល​លោក​យាយ​តែងតែ​ទទួល​ភ្ញៀវ​គគ្រិក​គគ្រែង​រៀង​រាល់​ថ្ងៃ ដោយ​ភាគ​ច្រើន​មក​រង់ចាំ​យ៉ាង​តិច ២ ម៉ោង។

ពេល​លោក​យាយ​មក​បើក​តូប​ម៉ោង ៣ រសៀល មាន​អតិថិជន​បាន​មក​អង្គុយ​រង់ចាំ​មុខ​ហាង Old Town ពេញ​តុ​អស់​ទៅ​ហើយ។ លោក​យាយ​ត្រូវ​បន្ថែម​កៅអី​ជ័រ​សម្រាប់​អ្នក​ឈរ​រង់ចាំ​រាប់​ម៉ោង ហើយ​មនុស្សម្នា​បន្ដ​ថត​រូបភាព​មេ​ចុង​ភៅ ចង្ក្រាន និង​មុខ​ម្ហូប​ក្នុង​ហាង​ដ៏​តូច​មួយ​នេះ​ជា​ហូរហែរ។ វា​លើស​ពី​ល្បី​ហើយ។

វា​មាន​រយៈពេល​តែ ២ សប្ដាហ៍​តាំង​ពី Michelin Guide ដំបូង​របស់​ក្រុង បាងកក ​ត្រូវ​បាន​ប្រគល់​ជូន​លោក យាយ ចាយ ហ្វៃ នូវ​កម្រិត​ផ្កាយ​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ប៉ុន្ដែ​ជីវិត​របស់​លោក​យាយ​បាន​ប្រែ​ជោគ​វាសនា​ផ្ទុយ​ស្រឡះ ខណៈ​អ្នក​វិះគន់ អ្នក​សរសេរ​ប្លុក ម្ចាស់​ភោជនីយដ្ឋាន និង​ភ្ញៀវ​ទេសចរ​ជាច្រើន​នាំ​គ្នា​មក​ភ្លូក​ទឹក​ភ្លូកដី។

លោក​យាយ​បាន​ប្រាប់ Bangkok Post ថា៖ «ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​បាន​ផ្ដល់​សេវាកម្ម​លំដាប់​ផ្កាយ​នេះ​តាំង​ពី​យូរ​ហើយ»។

មន្ដ្រី​ពន្ធដារ​ក៏​បាន​មក​ដល់​ហាង​របស់​លោក​យាយ​ដែរ។ ក្រុម​មន្ដ្រី​នាយក​ដ្ឋាន​ពន្ធដា បាន​មក​សួរ​នាំ​ថា តើ​លោក​យាយ​បាន​ធ្វើអ្វី និង​រក​ចំណូល​បាន​ប៉ុន្មាន?។

លោក​យាយ​និយាយ​ថា លោក​យាយ​ពុះពារ​ចំពោះ​មុខ​ជំនួញ​មួយ​នេះ​ទាំង​ត្រដាប​ត្រដួស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទោះ​ភ្ញៀវ​ទាំង​អស់​ឯកភាព​ថា ម្ហូប​របស់​លោក​យាយ​ឆ្ងាញ់​ប៉ុន​ណា​ក៏​ដោយ ហើយ​ជនជាតិ ថៃ ភាគ​តិច​ណាស់​ដែល​មិន​ចង់​ចំណាយ​ប្រាក់ ៨០០ បាត (២៤ ដុល្លារ​ចំពោះ​មុខ​ម្ហូប​មួយ​ចាន​ក្នុង​ភោជនីយដ្ឋាន​ដ៏​តូច និង​សាមញ្ញ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ម្ហូប​ចញ្ចើម​ផ្លូវ​នោះ។

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ម្ហូប​ លោក​យាយ​មាន​តម្លៃ​ខ្ពស់​គឺ​បរិមាណ​នៃ​គ្រឿង​ផ្សំ​គុណភាព​ខ្ពស់​ច្រើន ដូចជា ពងចៀន​អូមឡែត​សាច់​ក្ដាម ដែល​ប្រើ​សាច់​ក្ដាម​សុទ្ធៗ។ ចំពោះ​អ្នក​មិន​ដៃ​ទូលាយ មីឆា​គ្រឿង​សមុទ្រ​របស់​លោក​យាយ និង​មុខម្ហូប​ផ្សេងៗ​មាន​តម្លៃ​ត្រឹម ៤០០ បាត (១២ ដុល្លារ​ប៉ុណ្ណោះ)៕ HR