ភ្នំពេញៈ ថ្មីៗ​នេះ តារា​ចម្រៀង​ស្រី​អូរីជីណល ដែល​ចេះ​ទាំង​លេង​ហ្គីតា និង​ចេះ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​នាង អេដា ចាប់​បាន​ឱកាស​ថ្មី​ដំបូង​មួយ នៅ​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​ជាមួយ​នឹង​តំណែង​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព ៣ រូប​នៃ​កម្មវិធី​ប្រកួត​ប្រជែង​ប្រឡង​ចម្រៀង ការ​តែង​និពន្ធ​បទ​ភ្លេង និង​បទ​ចម្រៀង​ថ្មី ឬ​កម្មវិធី «The Melody» របស់​ទូរទស្សន៍​បាយ័ន ក្រោយ​ពី​វិល​ចូល​ប្រឡូក​វិស័យ​សិល្បៈ​វិញ​មិន​ទាន់​បាន ២ ឆ្នាំ​ពេញ​លេញ​ផង​នោះ។

គ្រាន់តែ​បានឃើញ​ប្រកាស​ពី​កម្មវិធី​នោះ មហាជន​ក៏​អាច​ទាញយក​ការ​សន្និដ្ឋាន​បាន​ដែរ​ថា នេះ​គឺជា​កម្មវិធី​បង្កើត​ថ្មី​របស់​ទូរទស្សន៍​បាយ័ន ហើយ​បេក្ខភាព​អ្នក​សិល្បៈ​ដែល​អាច​មាន​ឱកាស​ក្លាយជា​គណៈកម្មការ​ផ្តល់​ពិន្ទុ ឬ​ក្លាយជា Judge ក្នុង​កម្មវិធី​ក៏​ត្រូវ​មាន​លក្ខណសម្បត្តិ​គ្រប់​គ្រាន់​ដែរ។

ក្រៅពី​បេក្ខភាព​ជា​តារា​ចម្រៀង​ស្រី​ទើបតែ​បាន​វិលត្រឡប់​មក​កាន់​វិស័យ​សិល្បៈ​ចម្រៀង​វិញ បន្ទាប់​ពី​បាត់​មុខ​មួយរយៈ និង​បាន​នាំនូវ​បទ​ចម្រៀង​ប្រភេទ​អូរីជីណល​ថ្មីៗ​មួយ​ចំនួន ដែល​ស្រូប​អ្នកគាំទ្រ​យ៉ាង​ច្រើន​រួម​មាន​ដូចជា​បទ «នៅ​ទីនេះ​មាន​មនុស្ស​ខូចចិត្ត» បទ «ភ្លើង» និង​បទ «ពីរ​នាក់​បាន​ហើយ» និង​បទ​ចម្រៀង​ចុង​ក្រោយ​គឺ​បទ «មាន​អ្នក​ថែ​ឬ​នៅ?» មាន​ឈ្មោះ​ពិត ក្រូច ចរិយា ហៅ អេដា នោះ ក៏មាន​បេក្ខភាព ២ រូប​ទៀត​ដែរ គឺ​តារា​ចម្រៀង​ប្រុស​អូរីជីណល លោក ហេង ពិទូ និង​អ្នកនិពន្ធ​បទ​ភ្លេង ចម្រៀង និង​តារា​ចម្រៀង​ម្តងម្កាល​នៃ​ទ្រនំ​ហង្សមាស​គឺ​លោក សួន ពិសិដ្ឋ។

ពាក់ព័ន្ធ​នឹង​លក្ខណសម្បត្តិ​យ៉ាងណា ដើម្បី​ក្លាយជា​គណៈកម្មការ​នៃ​កម្មវិធី «The Melody» របស់​ទូរទស្សន៍​បាយ័ន អ្នកនាង អេដា មិន​បាន​បញ្ជាក់​ផ្ទាល់ នោះ​ឡើយ ដោយសារ​ជាប់​រវល់​តែ ភ្នំពេញ​ប៉ុស្តិ៍​ក៏បាន​ទទួល​ការ​បក​ស្រាយ​ត្រួសៗ​ពី​កញ្ញា ក្រូច អមរា ហៅ​កញ្ញា អេម៉ា ដែល​ជា​ប្អូន​បង្កើត​របស់ អេដា និង​ជា​ជំនួយការ​ផ្ទាល់​នោះ​បង្ហើប​ថា៖ «បើ​តាម​នាង​ខ្ញុំ​ដឹង ដោយសារ​ក្រុម​ការងារ​ទូរទស្សន៍​បាយ័ន មើល​ឃើញ​ថា បង​ស្រី​ខ្ញុំ មាន​បទពិសោធ​ច្រើន​ខាង​បទ​ចម្រៀង​ប្រភេទ​អូរីជីណល ហើយ​ចេះ​និពន្ធ​បទ​ចម្រៀង និង​ទំនុក​ភ្លេង​ដោយ​ខ្លួន​ឯង​បាន ថែម​ទាំង​ល្បី​ឈ្មោះ​ផង​ដែរ​នាពេល​បច្ចុប្បន្ន​នេះ ក៏​ទាក់ទង​មក​គាត់​ដើម្បី​ឲ្យ​កាន់​តំណែង​ជា Judge ម្នាក់​នៅ​ក្នុង​ចំណោម​បេក្ខភាព ៣ រូប ដែល ២ រូប​ទៀត មាន​បង​ប្រុស ហេង ពិទូ និង​បង​ប្រុស សូន ពិសិដ្ឋ»។

កញ្ញា អេ​ម៉ា ក៏​បន្តថា៖ «នាពេល​នេះ​បាន​ថត​ឈុត​ខ្លះៗ រួចហើយ សម្រាប់​ចាក់​កម្មវិធី The Melody ដែល​នឹង​ត្រៀម​ចាប់ផ្តើម​រដូវកាល​ដំបូង​នៅ​ក្នុង​ខែ​ឧសភា ខាងមុខ នៅ​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន។ លក្ខខណ្ឌ​ផ្សេងៗ​ទៀត​នៃ​បេក្ខជន​ចូលរួម​ប្រកួត​នោះ នាង​ខ្ញុំ​មិន​បាន​ជ្រាប​ពី​ដំណឹង​ទេ ព្រោះថា​ពេល​នេះ ស្ថិត​នៅ​ក្នុង​ស្ថានភាព​រៀបចំ​ផ្ទៃ​ក្នុង​នៃ​ក្រុម​ការងារ​របស់​ទូរទស្សន៍​នៅ​ឡើយ»៕