ភ្នំពេញ : កំពុង​តែ​រំលេច​ស្នាម​ញញឹម​ពព្រាយ និង​សំណើច​ក្អាកក្អាយ​ជាមួយ​ម្ចាស់ស្នេហ៍​ថ្មី​លើ​ទឹកដី​មហាអំណាច​សហរដ្ឋ​អាមេរិក​ភ្លាមៗ​ បន្ទាប់ពីបញ្ចប់​ដំណើរ​កម្សាន្តពាស​ពេញ​អស់​​ទឹកដី​នៃ​ទ្វីប​អឺរ៉ុប​នោះ តារា​ចម្រៀង​បទ​អូរីជីណល អ្នកនាង អេដា បែរ​ជា​បង្ហាញមូលហេតុ​ដែល​អ្នកនាង​ចង់​ផ្ញើ​ជីវិត​រស់នៅ​ស្រុក​ខ្មែរ​ទៅវិញ។

​ទើបតែ​ត្រឡប់​ពី​ដែនដីអឺរ៉ុប ក្នុង​ដំណើរ​កម្សាន្ត​ជាមួយ​ម្ចាស់ស្នេហ៍​ថ្មី ​​តារា​ចម្រៀង​មេម៉ាយ​មួយ​ភ្លើង អ្នកនាង អេដា ថ្មីៗ​នេះក៏​​បាន​រំលេច​រូបភាព​ហោះហើរ​​ទៅ​ទឹកដី មហាអំណាច​អាមេរិក​ជួប​ចាស់ទុំ​ខាង​ប្រុស ជាការ​ស្ដែង​នូវ​ចំណង​​ស្នេហាមួយ​នេះ​​កាន់តែ​រឹង​មាំ។

ចាប់តាំង​ពី​ប្រកាស​ចំណងស្នេហ៍ជា​ផ្លូវការ​​ចំ​ថ្ងៃ​កំណើតអ្នកនាង អេដា នៅ​ថ្ងៃ​ទី​ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ មក​​សម្ព័ន្ធ​ស្នេហ៍​ថ្មី​រវាង អេដា ​ជាមួយ​​បុរស​កូន​កាត់​​បី​សាសន៍ ខ្មែរ ចិន និង​អាមេរិក លោក អេលែន តាន់ ​​ជា​ស្ថាបនិក​​របស់​អង្គការ​ឈ្មោះ​ស្ទែ​ម (STEAM) ​​ត្រូវ​បាន​គេ​មើល​ឃើញថា ពោរពេញ​ដោយ​​ភាព​ផ្អែមល្ហែម​​រំលេច​ចេញ​ពីរូបថត​​​គ្រប់ជ្រុង​នៃពិភពលោក។

បន្ទាប់ពី​រួម​ដំណើរជាមួយ​លោក អេលែន ​យ៉ា​ង​ផ្អែមល្ហែម​​ទៅទឹកដី​អឺរ៉ុប​កាលពី​ចុង​ឆ្នាំ អ្នកនាង អេដា នៅ​ស្រុក​ខ្មែរ​មិន​បាន​ប៉ុន្មាន ក៏​បំពេញ​គម្រោង​ហោះហើរ​ទៅ​ជួបសាច់ញាតិ​ខាង​ប្រុស​នៅ ​រដ្ឋ​កាលីហ្វ័រនីញ៉ា ​សហរដ្ឋ​អាមេរិកទៀត។

ជាមួយ​ការ​ដក​ឃ្លា​ពី​សិល្បៈ​ និង​ចាយពេលវេលា​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​ម្ចាស់​ស្នេហ៍ថា ​មជ្ឈដ្ឋានជា​ច្រើន​បាន​ដាក់​ការ​សន្និដ្ឋាន​ថា អ្នកនាង អេដា មិនយូរ​ទេ​អាច​បន្សាត់​ខ្លួន​ទៅ​រស់នៅ​ទឹកដី​ឯនាយសមុទ្រ​​តាម​ម្ចាស់​ស្នេហ៍​នាង​ហើយ។

យ៉ាងណា តារាស្រី​​កំពុង​រីករាយ​នឹង​រួមវិថី​​​ស្នេហ៍​ជាមួយ​បុរស​កូនកាត់​​បីសាសន៍​រូបសង្សារ​លោក អេលែន តាន់ នោះ អ្នកនាង​ស្រាប់តែ​បង្ហោះ​សារ​តាម​បណ្ដាញ​អ៊ីនស្តាក្រាម ប្រាប់ពីមូលហេតុ​មួយ​​​ដែល​អ្នកនាង​មិន​អាច​ចាកចោល​ស្រុក​ខ្មែរ​។

ភ្ជាប់​នឹង​រូបថត​​ការ​ព្យាករណ៍​អាកាសធាតុ​នៅ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដែល​បង្ហាញតួលេខ -៧ អង្សាសេ នោះ តារាចម្រៀង​បទ​អូរីជីណល អ្នកនាង គ្រួច សចរិយា ហៅ អេដា បាន​សរសេរ​ថា៖​ «នេះ​ហើយ​គឺ​ជា​មូលហេតុ​ដែល​ខ្ញុំ​អាច​ត្រឹម​តែ​រស់នៅ​ប្ទេស​កម្ពុជា។ ស្រុក​ខ្មែរ​អស់មួយជីវិត!!! យ៉ូ! រាត្រី​សួស្ដី​ពី​បន្ទប់​សណ្ឋាគារ​ដ៏​រងាកក»៕