ភ្នំពេញៈ ​ទើបតែ​ត្រឡប់​ពី​ដែនដីអឺរ៉ុបក្នុង​ដំណើរ​កម្សាន្ត​ជាមួយ​ម្ចាស់ស្នេហ៍​ថ្មី ​​តារា​ចម្រៀង​មេម៉ាយ​មួយ​ភ្លើងដែល​ទើប​ល្បី​ព័ត៌មាន​​ជួប​គ្រោះ​ថ្នាក់សន្លប់​បាត់​ស្មារតី​​​នៅ​ទឹកដី​ភ្នំ​ទឹកកក​ នៃ​​​ប្រទេស​អាល្លឺម៉ង់​ អ្នកនាង អេដា ថ្មីៗ​នេះ​បាន​រំលេច​រូបភាពហោះហើរ​ទៅ​ទឹកដីមហាអំណាច​អាមេរិក​ជួប​ចាស់ទុំ​ខាង​ប្រុស ជាការ​ស្ដែង​នូវ​ចំណង​ស្នេហាមួយ​នេះ​​កាន់តែ​រឹង​មាំ។

ក្រោយ​ពី​ជ្រើសរើស​យក​ថ្ងៃ​កំណើត ១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៧​ ដើម្បី​ប្រកាស​វត្តមាន​ម្ចាស់​បេះ​ដូង​ថ្មី ​បុរស​រូប​សង្ហា​កូន​កាត់ ៣ សាសន៍ ខ្មែរ ចិន និង​អាមេរិក មាន​លោក អេ​លែ​ន តាន់ នោះ​តារាចម្រៀង​បទអូរីជីណល អ្នកនាង គ្រួច សចរិយា ហៅ អេដា ត្រូវ​បាន​មហាជន​មើលឃើញ​ថា តែង​តែ​បង្ហោះ​រូបថត និងសារ​ផ្អែមល្ហែម​ជាមួយ​សង្សារ​បណ្ដូលចិត្ត។

បន្ទាប់ពី​រួម​ដំណើរជាមួយ​លោក អេលែន ​យ៉ា​ង​ផ្អែមល្ហែម​​ទៅទឹកដី​អឺរ៉ុប​កាលពី​ចុង​ឆ្នាំ អ្នកនាង អេដា នៅ​ស្រុក​ខ្មែរ​មិន​បាន​ប៉ុន្មាន ក៏​បំពេញ​គម្រោង​ហោះហើរ​ទៅ​សហរដ្ឋ​អាមេរិក។

ដំណើរ​ទៅ​ទឹកដី​មហាអំណាច​លើក​នេះ ក្រៅពី​ជួប​អ្នក​គាំទ្រ​នាង​នៅ​រដ្ឋកាលីហ្វ័រនីញ៉ា ស្រី​ស្រស់​មេម៉ាយ​មួយ​ភ្លើង អ្នកនាង អេដា ក៏​បាន​បង្ហាញ​វត្តមាន​រួម​តុ​អាហារ​ជាមួយ​បុរស​ចំណាស់​ម្នាក់​ដែល​នាង​ហៅ​ថា «ប៉ាប៉ា » ក្នុង​អាហារ​ដ្ឋាន​ចិន​ឈ្មោះ Phnom Penh Noodle Shack​​។​

តាំង​ពី​បាន​បង្ហាញ​មុខ​​មាត់​ពិត​គូស្នេហ៍​ថ្មី ជា​បុរស​រូប​សង្ហា​កូន​កាត់ ៣ សាសន៍ ឈ្មោះ អេលែន តាន់ ដែល​​ជា​ស្ថាបនិក​​របស់​អង្គការ​ឈ្មោះ​ស្ទែ​ម (STEAM) កម្ពុជា ​​ផ្តោត​លើ​កម្មវិធី​សិក្សា​ផ្នែក​​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​វិស្វ​​កម្ម​នោះ កាល​ពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ចំ​ថ្ងៃ​​​ធ្វើ​​ខួប​កំណើត វ័យ ២៨ ឆ្នាំ​មក​នោះ តារា​ចម្រៀង​ស្រី​អូរីជីណល់​​អ្នកនាង អេដា បាន​បំពេញ​គម្រោង​ការ​​ហោះ​ហើរ​​ក្រៅ​ប្រទេស​ជុំ​វិញ​ពិភព​លោក​​ ដើម្បី​បង្កើន​​​​​​សម្ព័ន្ធភាព​ដ៏​ផ្អែម​ល្ហែម​នឹង​គូស្នេហ៍​ថ្មី​​​៕