Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អេដា ស្ងាត់ៗ​សង់ផ្ទះ​ជូន​ប៉ាម៉ាក់​ ក្រោយ​ពី​វិល​ទៅ​ចូល​សិល្បៈ​វិញ

Content image - Phnom Penh Post
សំណង់ផ្ទះ​ដែល​ទើប​តែ​បាន​ចាក់​សសរ និង​ប្លង់សេ ​របស់ អេដា សង់​ទុកជូន​ប៉ាម៉ាក់។ ហ្វេសប៊ុក​

អេដា ស្ងាត់ៗ​សង់ផ្ទះ​ជូន​ប៉ាម៉ាក់​ ក្រោយ​ពី​វិល​ទៅ​ចូល​សិល្បៈ​វិញ

ភ្នំពេញៈ មក​ដល់​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ស្រាប់​តែ​គេ​ឃើញ​តារា​ចម្រៀង​ស្រី​អូរីជីណល ដែល​ចេះ​លេង​ហ្គីតា និង​ចេះ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​អ្នកនាង អេដា បង្ហោះ​រូបថត​សំណង់​ផ្ទះ​កំពុង​សាងសង់​នៅ​តំបន់​ជាយ​ក្រុង​មួយ​គួរ​ឲ្យ​ងឿង​ឆ្ងល់ ក្រោយ​ពី​តារា​ចម្រៀង​នេះ ទើប​តែ​បាន​បើក​ប្រកប​អាជីវកម្ម​លក់​សក់​ត​សម្រាប់​នារីៗ​មាន​គុណភាព​ខ្ពស់​នាំ​យក​មកពី​អាមេរិក ប្រកាស​លក់​ឡើង​ពេញ​តាម​អ៊ីនស្តាក្រាម ខណៈ​ឆ្លៀត​ពេល​សល់​ពី​ការងារ​ឆ្នាំង​បាយ​ចាស់​នៃ​វិស័យ​សិល្បៈ។

តារា​ចម្រៀង​ស្រី​ទើប​តែ​បាន​វិល​ត្រឡប់​មកកាន់​វិស័យ​សិល្បៈ​ចម្រៀង​វិញ បន្ទាប់​ពីបាត់​មុខ​មួយរយៈ និង​បាន​នាំបទ​ចម្រៀង​អូរីជីណល​ថ្មីៗ​មួយ​ចំនួន ដែល​ស្រូប​អ្នកគាំទ្រ​យ៉ាង​ច្រើន​រួមមាន​ដូចជា​បទ «ទីនេះ​មាន​មនុស្ស​ខូចចិត្ត» បទ «ភ្លើង» និង​បទ «ពីរ​នាក់​បាន​ហើយ» មាន​ឈ្មោះ​ពិត ក្រូច ចរិយា ហៅ អេដា បាន​បង្ហោះ​រូប​ផ្ទះ​ពីរ​សន្លឹក​អមដោយ​សារ​ថា៖ «សន្សំ​លុយ​សង់ផ្ទះ​ជាយ​ក្រុង ទុក​ជូន​ប៉ាម៉ាក់ មក​លេង​ចុង​សប្តាហ៍​ធ្វើ​អីញ៉ាំ​ជុំគ្នា​ជា​លក្ខណៈ​គ្រួសារ គ្មានអ្វី​ដែល​ឲ្យខ្ញុំ​សប្បាយចិត្ត​ជាង​នេះ​ទេ ព្រោះ​ប៉ាម៉ាក់​លោក​ចាស់​ហើយ។ សង់​ម្តង​បន្តិចៗ តក់ៗ​ពេញ​បំពង់ មាន​ប៉ុនណា​សង់​ប៉ុណ្ណឹង ខែ​ភ្ជុំ​ធ្វើបុណ្យ​នឹង​ព្រះសង្ឃ សុំ​កុំភ្លេច​ធ្វើ​បុណ្យ​នឹង​ព្រះ​រស់​ផង!»។

ទោះ​សំណង់​ផ្ទះ​ដែល​ទើបតែ​បាន​ចាប់ផ្តើម​សង់​បាន​គ្រោង​សសរ និង​ប្លង់​សេ តែ​បាន​សង់​របង​ព័ទ្ធ​ជុំវិញ​ផ្ទះ​រួចហើយ​ដែរ មិន​ទាន់​ដឹងថា​មាន​ទីតាំង​នៅ​ទីណា​ច្បាស់​លាស់ និង​មានការ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ទេ ខណៈ​ភ្នំពេញប៉ុស្តិ៍​មិន​បាន​ទទួលការ​បកស្រាយ​ពី​តារា​ចម្រៀង​ស្រី​អូរីជីណល អេដា ផ្ទាល់​ឡើយ ដោយ​ទូរស័ព្ទ​ត្រូវបាន​ប្អូនស្រី​ពៅ​របស់​នាង​ប្រាប់​ថា​ឈ្មោះ អេណា បាន​លើក ហើយ​ក៏ថ្លែង​ប្រាប់​នា​ថ្ងៃរសៀល​ម្សិលមិញ​ថា៖ «សុំទោស​ផង​ណា​បង!ខ្ញុំ​គឺជា​ប្អូនស្រី​ពៅ​គាត់ [អេដា] ហើយ​ពេល​នេះ គាត់​កំពុង​សម្រាក មិន​អាច​លើក​ទូរស័ព្ទ​បានទេ តើ​បង​អញ្ជើញ​មកពី​ខាង​ណា និង​មាន​ការ​អ្វី​ដែរ?»។

ខណៈពេល​បាន​សួរនាំ​រឿង​ដំណឹង​ទិញ​ដី​សង់ផ្ទះ​ថ្មី​ជូន​ប៉ាម៉ាក់ នៅ​ជាយក្រុង​នោះ​ប្អូនស្រី​របស់​តារា​ចម្រៀង​អូរីជីណល​អ្នកនាង អេដា ដែល​បាន​ចុះ​កុងត្រា ២ ឆ្នាំ ជាមួយ​នឹង​ក្រុមហ៊ុន​ស្មាតហ្វូន​ក្នុងនាម​ជា​សិល្បការិនី​ផលិត​បទ​ចម្រៀង​អូរីជីណល​សង​សម្រាប់ Smart Tune នោះ​បាន​បន្តថា៖ «រឿង​ថា​ចំណាយ​អស់​ប្រាក់​ប៉ុន្មាន​ហ្នឹង​នោះ នាង​ខ្ញុំ​មិន​បាន​ដឹង​ច្បាស់​ទេ​គឺ​មាន​តែ​បងស្រី អេដា ទើប​បាន​គាត់​ដឹង។ គ្រាន់​តែ​បាន​ដឹង​ថា ផ្ទះ​នេះ​នឹង​អាច​សាងសង់​ប្រមាណ​ជា​ពីរ ឬ​បីជាន់ ជា​ផ្ទះ​ធម្មតា​ប៉ុណ្ណោះ»។

ទោះ​យ៉ាងណា​ក្តី​មួយរយៈ​ចុងក្រោយ​នៃការ​វិល​រក​ទ្រនំ​សិល្បៈ​វិញ​នោះ ឃើញ​ថា អេដា មាន​រាសី​ឡើង និង​កាក់កប​ខ្លាំង​ផង ខណៈ​មុននេះ ក៏ធ្លាប់​ឃើញ​នាង​បាន​បង្ហោះ​រថយន្ត​ម៉ាក Range Rover ពណ៌​ស ដែល​គេ​បាន​ស្គាល់​ស៊េរី​ឆ្នាំ ២០១០ តម្លៃ​រាប់ម៉ឺន​ដុល្លារ និង​ក្រោយ​មក​ក៏បាន​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​លក់​សក់ត​សម្រាប់​នារីៗ​ទៀត​ដែលជា​ផលិតផល​មាន​គុណភាព​ខ្ពស់​នាំយក​មកពី​អាមេរិក។

វត្តមាន​វិលត្រឡប់​មក​ដើរ​លើ​វិថី​សិល្បៈ​វិស័យ​ចម្រៀង​វិញ​របស់​តារា​ចម្រៀង អេដា កំពុង​តែ​ស្រូបយក​ចំណាប់​អារម្មណ៍​ប្រិយមិត្ត និង​ក្លាយ​ជា​មន្ត​សណ្តំ​ដួងចិត្ត​យុវវ័យ​ខ្លាំង​តាមរយៈ​ការនិពន្ធ និង​ច្រៀង​ចម្រៀង​ថ្មី​ប្រភេទ​អូរីជីណល​ប្រមាណ​បីបួន​បទ ចាប់តាំង​ពី​ដើម​ខែ​ឧសភា ឆ្នាំ ២០១៧ មក​នោះ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ