ក្រុង​តៃប៉ិ: នាឡិកា​ដៃ​ផលិ​តពី​ស៊ីម៉ងត៍ គ្រឿង​សង្ហារិម​រចនា​ពី​បំពង់​ទុយោ​រោងចក្រ និង​បរិក្ខារ​ផ្សេងៗ​បង្កើត​ឡើង​ពី​ស្រោម​ពូក​ម៉ូតូ អ្នក​ឌីហ្សាញ​តៃវ៉ាន់ បាន​ឈ្នះ​ចិត្ដ​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ទាំង​នៅ​ក្នុង​ស្រុក និង​លើ​ឆាក​អន្ដរជាតិ​ចំពោះ​ម៉ាក​យីហោ​ឧស្សាហកម្ម​របស់​ខ្លួន។

ការ​ឌីហ្សាញ ​ឆ្លុះ​បញ្ចាំង​ពី​ទីក្រុង​បែប​ស៊ី​វិល័យ​ដ៏​តូច​ចង្អៀត​លើ​ដែន​កោះ​ និង​បំណង​ចង់​​កែ​ប្រែ​សម្ភារ​សាមញ្ញៗ​ដែល​សម្បូរ​ទៅតាម​តំបន់​អគារ ឬ​ក៏​រោង​ជាង​នានា។

អ្នក​ឌីហ្សាញ​គ្រឿង​អលង្ការ និង​នាឡិកា សៀន យូ បាន​ប្រើ​បេតុង​សម្រាប់​ផលិតផល​លោក ដោយ​ចាប់​ផ្ដើម​ផលិត​ចិញ្ចៀន​ពី​វត្ថុជាតិ​ផ្សំ​បេតុង​នេះ​មុន​គេ​បង្អស់។

ក្រោយ​ពី​ធ្វើ​ពិសោធ​ជាមួយ​ប្រភេទ​បេតុង​ផ្សេងៗ ពេល​នេះ លោក​បាន​ប្រើ​ល្បាយ​រូបមន្ដ​ចម្រុះ​​ដែល​ធ្លាប់​ប្រើ​ពី​សំណង់​អគារ។

វត្ថុ​លក់​ដាច់​បំផុត​ចុង​ក្រោយ​របស់​លោក​ គឺជា​នាឡិការ​ម៉ាស៊ីន​ដោយ​បំពាក់​កញ្ចក់​បេតុង ​ក្នុង​រូប​ភាព​ជណ្ដើរ​រង្វង់។ វា​ត្រូវ​បាន​ដាក់​លក់​កាល​ពី​ឆ្នាំ​មុន និង​បាន​លក់​ដាច់​បំផុត​លើ​គេហទំព័រ​រៃ​អង្គាស​ប្រាក់ Zeczec ដោយ​ប្រមូល​មូលនិធិ​បាន​ជាង ៤០ ម៉ឺន​ដុល្លារ ពី​អតិថិជន​ជុំវិញ​ពិភព​លោក។

ផលិតផល​របស់​លោក​ក៏​ត្រូវ​បាន​ដាក់​លក់​នៅ​ចក្រភព​ អង់គ្លេស ជប៉ុន និង​សហរដ្ឋ​អាមេរិក​។ ពី​ជាង​ទុយោ​ក្លាយ​ជា​អ្នក​ឌីហ្សាញ​ផ្ទៃ​ក្នុង លោក ដានីញ៉ែ ឈេង បាន​ប្រើ​ដែក​ទីប​បង្កើត​ជា​សម្ភារ​ផ្សេងៗ​ ចាប់​ពី​អំពូល​ភ្លើង​បំភ្លឺ​ ​រហូត​ដល់​ធ្នើរ និង​គ្រោង​សាឡុង​ជាដើម​។

ស្បែក​កែបម៉ូតូ​ត្រូវបានច្នៃ​ទៅជាកាបូប​ដាក់លុយ និង​លក់​ក្នុង​តម្លៃគួរសម។ រូបថត AFP

លោក​បាន​និយាយ​ថា៖ «គ្រឿង​លើក​ទឹក​ចិត្ដ​ខ្ញុំ​គឺ​សាមញ្ញ​បំផុត​។ ខ្ញុំ​ធ្លាប់​ជា​ជាង​ទុយោ​ទឹក ហើយ​វា​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ​ការ​ជាមួយ​រៀង​រាល់​ថ្ងៃ​នេះ។ ខ្ញុំ​ចង់​ប្រើ​គំនិត​ក្ដី​ស្រមៃ​ផលិត​វត្ថុ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មាន​ប្រយោជន៍»។

អតិថិជន​ក៏​ពេញ​ចិត្ដ​នឹង​សមាសធាតុ​ស្ទួយ​បរិស្ថាន​ចំពោះ​ផលិតផល​ច្នៃ​ប្រឌិត​ទាំង​នេះ។

បាលែន វូ បាន​និយាយ​ថា លោក​មិន​ចង់​ឲ្យ​កែប​ម៉ូតូ និង​ស្បែក​អេប៉ុង​បញ្ចប់​ត្រឹម​ឃ្លាំង​ទុក​ដាក់​អីវ៉ាន់​នោះ​ទេ។ ដូច្នេះ យក​វា​មក​ច្នៃ​ជា​កាបូប​ដៃ កាបូប​យួរ និង​សម្ភារ​ផ្សេងៗ​ទៀត។

សម្ភារ​ច្នៃ​ប្រឌិត​មាន​មិន​ខ្វះ ហើយ​ផលិតផល​របស់​លោក វូ ពេល​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​តាម​បណ្ដា​ហាង​នានា​ចាប់​ពី​តៃវ៉ាន់​ដល់​ញូវយ៉ក។

លោក​អះអាង​ថា​៖ «យើង​កំពុង​ប្រែ​ក្លាយ​សម្ភារ​ជិត​អស់​សុពលភាព​ទៅ​ជា​ផលិតផល​ថ្មី​ៗ ដែល​អាច​ប្រើ​បាន​យូរ​អង្វែង​ទៀត»៕ AFP/HR