អ្នកជំនាញ​ព្យាបាល​ផ្លូវ​ចិត្ដ​តាមរយៈ​ពណ៌ អាលីសុន ស្ដេនឌីស បាន​អះអាង​ថា ពណ៌​ខៀវ​ជួយ​ធ្វើ​ឲ្យ​ចិត្ដ​ស្ងប់ និង​បង្កើត​ភាព​ស្រស់​ថ្លា​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ដ។ តើ​មាន​កន្លែង​ណា​ខ្លះ​ក្នុង​លោក ដែល​សម្បូរ​ពណ៌​ខៀវ​ដូច្នេះ?

កោះ​សាន់​តូ​រី​នី ប្រទេស​ក្រិ​ក

អ្វីដែល​ល្បីល្បាញ​បំផុត រូបភាព​ដែល​ចាប់​ចិត្ដ​មុន​គេ​ពេល​អ្នក​នឹក​ដល់​កោះ​សាន់​តូរីនី នោះ​គឺ​ដំបូល​ផ្ទះ​សំបែង​ពណ៌​ខៀវ​ទឹក​ប៊ិក​ដែល​ចំទើត​អើត​គន់​មហាសាគរ​ឥត​កោះ​ត្រើយ។

ពេល​អ្នក​មក​ឃើញ​ទេសភាព​ដំបូល​ស្រស់​បំព្រង​ដ៏​ល្បីល្បាញ​លើ​ដែន​កោះ​ប្រទេស​ក្រិក អាហារ​ឈ្ងុយ​ឆ្ងាញ់ ដើរ​ផ្សង​ព្រេង និង​សីតុណ្ហភាព ២៦ អង្សា​សេ គ្មាន​អ្វី​ស្ងប់​សុខ​ជាង​បរិយាកាស​រំភើយ​ស្រួល​ខ្លួន​បែប​នេះ​ទៀត​ទេ។

ប៉ុន្ដែ​វា​ក៏​ល្បី​ចំពោះ​ស្រមោល​ម្លប់​ពណ៌​ខៀវ​ស្រងាត់ ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​មេឃ ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ។

អាលីសុន បាន​និយាយ​ថា៖ «ពណ៌​ខៀវ​បង្កើត​អារម្មណ៍​ស្ងប់​សុខ និង​ជួយ​ឲ្យ​រាង​កាយ​រំដោះ​ស្រេ្តស និង​មាន​ជំនឿ​ចិត្ដ»។

ក្រុង​ព័រ​តូ នៅ​ព័រ​ទុយ​ហ្គាល់

ទីក្រុង​ព័រតូ​ស្រោប​ដោយ​ជញ្ជាំង​ការ៉ូ​ក្បាច់​បារ៉ុកមានគំនូរ​​ពណ៌​ខៀវ​។

ទង់ជាតិ​ព័រ​ទុយហ្គាល់ អាច​មាន​ពណ៌​ក្រហម និង​បៃតង តែ​ទីក្រុង​ទី ២ របស់​ប្រទេស​នេះ​រំលេច​នូវ​ពណ៌​ខៀវ​សុទ្ធ។

ខណៈ​ទីតាំង​ឆ្នេរ​បាំង​នូវ​សម្រស់​ពណ៌​ខៀវ​ចាំង​ឆ្លុះ​ពី​ផ្ទៃ​សមុទ្រ ទីក្រុង​ព័រតូ​មួយ​នេះ​ស្រោប​ជញ្ជាំង​ការ៉ូ​ក្បាច់​បារ៉ុក ដែល​បង្ហាញ​ភាព​ទាក់ទាញ​តាម​ដង​វិថី​ជាមួយ​ពណ៌​ខៀវ​ស្រងាត់។

អ្នកនឹង​ឃើញ​ទិដ្ឋភាព​បែប​នេះ​ទូទាំង​ក្រុង ឬ​ពណ៌​ខៀវ​ក្រៅ​អគារ និង​ក្រោម​ខ្លោង​ទ្វារ​ព្រះវិហារ។

អាលីសុន បាន​លើក​ឡើង​ថា៖ «ពណ៌​ខៀវ​សម្អាត​ភាព​ស្រអាប់ និង​មន្ទិល​សង្ស័យ។ ពណ៌​ខៀវ​ទឹក​ប៊ិក​នាំ​អារម្មណ៍​ស្វាហាប់ និង​បញ្ជាក់​ភាព​ស្មោះស្ម័គ្រ​តាំង​បុរាណ​កាល»។

ក្រុង Juzcar នៅ អេស្ប៉ាញ

ក្រុង Juzcar នៅ​អេស្ប៉ាញ ដែល​ជាប់រហស្សនាមថា​ភូមិ Smurf។

ម៉ាឡាហ្គា គឺជា​គោលដៅ​វិស្សមកាល​ដ៏ពេញ​និយម​បំផុត​បន្ថែម​ដោយ​ឆ្នេរ​ខ្សាច់​ពណ៌ មាស។ តែ​អ្វី​ដ៏​ទាក់​ទាញ​គឺ​ភូមិ Juzcar ដ៏​តូច ជាប់​រហស្សនាម ភូមិ Smurfs។

ផ្ទះ​ពណ៌​ផ្ទៃ​មេឃ ចំទើត​លើ​ជម្រាល​ភ្នំ​ដ៏​គួរ​ឲ្យ​ទាក់​ចិត្ដ និង​ជួយ​បន្សាប​អារម្មណ៍​ច្របូល​ច្របល់។

អាលីសុន បាន​បន្ថែម​ថា៖ «នេះ​ជា​ពណ៌​ខៀវ​ឆ្លុះ​បង្កប់​ពណ៌​បៃតង ដ៏​ស្រស់​បំព្រង ដែល​អនុញ្ញាត​ឲ្យ​យើង​សម្រាក​ស្រួល បង្កើត​អារម្មណ៍​ជឿ​ជាក់ និង​សេចក្ដី​សុចរិត។

ពណ៌​នេះ​បង្កើត​នូវ​ភាព​ស្ងប់​សុខ តែ​ក៏​ទាក់​ទង​នឹង​ធម្មជាតិ និង​ការ​ចិញ្ចឹម​បីបាច់​នាំ​ឲ្យ​កើត​ចិត្ដ​សប្បុរស​ផងដែរ»៕