ក្រុង​ឡុងដ៍ : រូប​ភាព​ប៉ុន្មាន​សន្លឹក​ដំបូង បាន​បង្ហាញ​ពី​​រទេះ​ភ្លើង​រំអិល​យីហោ​ថ្មី​រចនា​ប័ទ្ម​​ភាពយន្ដ​រន្ធត់ Wicker Man ក្រោម​ទំហំ​ទឹក​ប្រាក់ ២២,២១ លាន​ដុល្លារ ដែល​គ្រោង​នឹង​បើក​សម្ពោធ​នៅរីសត Alton Towers​។

គោល​ដៅ​ទេសចរណ៍​រញ្ជួយ​ព្រលឹង គឺជា​រទេះ​ភ្លើង​រំអិល​ឈើ​ដំបូង​ដែល​ត្រូវបាន​សាង​សង់​ឡើង​ក្នុង​ចក្រ​ភព​អង់គ្លេស​រយៈ​ពេល ២១ ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​វា​ក៏​នឹង​រំលេច​នូវ​ព្រះ​អគ្គី​ផង​ដែរ​។

រូបភាព​ដ៏ព្រឺ​ព្រួច​នៃ​រទេះ​ភ្លើង​រំអិល​ប្រវែង ១៧ ម៉ែត្រ បាន​បង្ហាញ​ពី​ឧបសគ្គ​ដែល​អ្នក​ជិះ​ត្រូវ​ជួប​ប្រទះ​ជាមួយ​គ្រោង​ឈើ​មនុស្ស​នៅ​ចុង​ម្ខាង និង​ក្បាល​ចៀម​នៅ​ជ្រុង​ម្ខាង​ទៀត ដែល​ឆេះ​ភ្លើង​សន្ធោរ​សន្ធៅ​ ខណៈ​រទេះ​ភ្លើង​រត់​ទម្លុះ​ទ្រូង​របស់​វា​។

មុន​ពេល​ឡើង​ជិះ​រទេះ​ភ្លើង​រំអិល Wicker Man អ្នក​ជិះ​នឹង​ចាប់​ផ្ដើម​ដំណើរ​ទៅកាន់​ពិភព​នៃ​សហគមន៍​អាថ៌​កំបាំង Beornen ដែល​រស់​នៅ​ក្នុង​ឈើ​ជុំវិញ​រីសត​ Alton។ បន្ទរ​ដោយ​សំឡេង​ស្មូត​លន្លង់​លន្លោច​ និង​ក្រសែ​ភ្នែក​អាថ៌​កំបាំង​សម្លើង​មើល​ពួកគេ​ ភ្ញៀវ​នឹង​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូលរួម​វគ្គ​សាក​ល្បង​មុន​ពេល​​ចាប់​ផ្ដើម​ជិះ​មែនទែន​។

រទេះ​ភ្លើង​រំអិល​ Wicker Man គ្រោង​បើក​សម្ពោធ​នៅនិទាឃ​រដូវ ហើយ​ដី​សរុប ៤ ម៉ឺន​តោន​ត្រូវបាន​កាយ​ដើម្បី​សង់​ទីលាន​កម្សាន្ដ​រញ្ជួយ​អារម្មណ៍​នេះ​។

ផ្លូវ​រត់​លាត​សន្ធឹង​ប្រវែង ៦១០ ម៉ែត្រ ហើយ​វា​ត្រូវ​បាន​ផ្លូវ​ឡើង​ពី​ឈើ​ធម្មជាតិ​​ដែល​ប្រើ​ដៃ​មនុស្ស​ឆ្លាក់​យ៉ាង​ពិសេស​សម្រាប់​ទីលាន​នេះ​។ ពេល​ចេញ​ដំណើរ​ម្ដង​ៗ មាន​រទេះ​ភ្លើង​ពីរ​ ដែល​​ទេះ​ភ្លើង​​នីមួយៗ​ មាន​ ៦ ទូរ​ឈើ​ផ្ទុក​មនុស្ស ១២ នាក់ និង​សុរប​ ២៤ ម៉ោង​។

រទេះ​ភ្លើង​រំអិល Wicker Man ប្រើ​ឈ្មោះ​រួម​ជាមួយ​នឹង​ភាពយន្ដ​រន្ធត់​ឆ្នាំ​១៩៧៣ ដែល​សម្ដែង​ដោយ អេដវើដ វូដវើដ​។ វា​ធ្វើ​ឲ្យ​ផលិតកម្ម Merlin Entertainment ដែល​ជា​ម្ចាស់​ឧទ្យាន្ដ​កម្សាន្ដ​នៅ Staffordshire នេះ​ចំណាយ​ពេល ៤ ឆ្នាំ​ទើប​សង់​ទីលាន​ចប់​សព្វ​គ្រប់​។

ក្នុង​ភាពយន្ដ​នោះ ប៉ូលិស​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅកាន់ប្រជុំ​កង់ Summerisle ប្រទេស​ស្កុត​លែន និង​រក​ឃើញ​ក្មេង​បាត់​ខ្លួន​​ម្នាក់ ដែល​អ្នក​ស្រុក​អះអាង​ថាមិន​ដែល​មាន​។ មិន​យូរ​ប៉ុន្មាន ជិវិត​មន្ដ្រី​ប៉ូលិស​រូប​នេះ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ពេល​បាន​ដឹង​រឿង​កាន់តែ​ច្រើន​។

ហ្រ្វង់​​ស៊ីស ជេកសុន នាយក​ប្រតិបត្ដិ​នៅរីសត Alton Towers បាន​និយាយ​ថា​៖ «​Wicker Man គឺជា​គម្រោង​មហិមា​របស់​រីសត ​នា​ពេល​បច្ចុប្បន្ន និងមាន​ក្ដី​រំភើប​រីករាយ​ក្នុង​ការ​បង្ហាញ​គោល​ដៅ​រញ្ជួយ​អារម្មណ៍​ថ្មី​របស់​យើង​ទៅកាន់​ពិភព​លោក​។ យើង​ទ្រាំ​រង់​ចាំ​ក្នុង​ការ​ផ្ដល់​បទពិសោធ​ថ្មី​ដល់​ភ្ញៀវ​នៅ ​Wicker Man មិន​បាន​ឡើយ​ ពេល​ឧទ្យាន​នេះ​បើក​សម្ពោធ​ក្នុង​និទាឃ​រដូវ​ខាង​មុខ​»៕ HR/ប្រភព Dailymail.co.uk