Search

Search form

ឪពុក​ក្មេក​ជូន​បណ្ណាការ​សន្ធឹក​នៅ​តែ​មិន​គាប់​ យក​ប្រពន្ធ​ទៅ​វះ​ក្រលៀន​លក់​ជា​ថ្នូរ

Content image - Phnom Penh Post

ឪពុក​ក្មេក​ជូន​បណ្ណាការ​សន្ធឹក​នៅ​តែ​មិន​គាប់​ យក​ប្រពន្ធ​ទៅ​វះ​ក្រលៀន​លក់​ជា​ថ្នូរ

ក្រុង​ញូវដែលី: បណ្ណាការ​ ជា​ការ​ចំណាយ​ពី​ក្រុម​គ្រួសារ​កូន​ក្រមុំ​ជូន​ដល់​ក្រុម​គ្រួសារ​កូន​កំលោះ​តាម​ប្រពៃណី ត្រូវ​បាន​ហាម​ឃាត់​ក្នុង​សង្គម​ឥណ្ឌា​តាំងពី​ឆ្នាំ​១៩៦១​។ ប៉ុន្ដែ​រឿង​រ៉ាវ​ជា​ច្រើន​នៅតែ​បន្ដ​កើត​មាន​ រហូត​ដល់​មាន​ទង្វើ​កាប់​សម្លាប់​គ្នា​ថែម​ទៀត​។

ថ្មី​ៗ​នេះ ស្ដ្រី​ឥណ្ឌា​ម្នាក់​បាន​ចោទ​ប្រកាន់​ថា ស្វាមី​ខ្លួន​បាន​លួច​លក់​ក្រលៀន​របស់​នាង​ជា​ថ្នូរ​នឹង​ការ​ប្រាក់​បណ្ណាការ ​ដែល​ប្ដី​អាប្រិយ​យល់​ថា​ នៅ​​ខ្វះ​ខាតមិនគ្រប់​​។

ចំណង​អាពាហ៍ពិពាហ៍​ ១២ ឆ្នាំ​ ជា​វិថី​នរក​របស់​អ្នកស្រី រីតា សារការ ដែល​ប្រែក្លាយ​ពី​ភរិយា​ទៅ​ជា​ជនរង​គ្រោះ​រំលោភ​បំពាន​ក្នុង​គ្រួសារ​ពី​សំណាក់​ស្វាមី និង​សាច់​ថ្លៃ​លើ​ប្រាក់​បណ្ណាការ​ចំនួន ២០ ម៉ឺន​រូពី (៣១០០ ដុល្លារ​)​។

ពីរ​ឆ្នាំ​មុន ពេល​ស្ដ្រី​វ័យ ២៨ ឆ្នាំ មក​ពី​វែស​បេនហ្គាល់ កើត​អាការ​ឈឺ​ចាប់​ខ្លាំង​ក្នុង​ពោះ​។ ស្វាមី​បាន​នាំ​នាង​ទៅ​គ្លីនិក​ឯកជន​ក្រុង​កូលកាតា​។

អ្នកស្រី​និយាយ​ថា​៖ «​ពេទ្យ​ប្រាប់​ឲ្យ​វះ​កាត់​ខ្នែង​ពោះ​វៀន​។ តែ​ក្រោយ​វះ​កាត់​មួយ​ថ្ងៃ ខ្ញុំ​​ឈឺ​ចាប់​ត្រង់​ត្រកៀក​ខាង​ក្រោម​យ៉ាង​ខ្លាំង។ ប្ដី​ខ្ញុំ​គំរាម​មិន​ឲ្យ​ខ្ញុំ​ប្រាប់​នរណា​ទាំង​អស់​។ ​​ខ្ញុំ​អង្វរ​ឲ្យ​គាត់​ជូន​ខ្ញុំ​ទៅ​ពិនិត្យ​ម្ដង​ទៀត​ពីព្រោះ​ខ្ញុំ​ឈឺ​ខ្លាំង​ពេក​ តែ​គាត់​អត់​ព្រម​»។

កាល​ពី ៣ ខែ​មុន សាច់​ញាតិ​នាង​បាន​នាំ​ឲ្យ​ទៅ​ឆ្លុះ​អេកូ​ ហើយ​ស្រាប់តែ​ឃើញ​លទ្ធផល​ថា ក្រលៀន​ខាង​ស្ដាំ​នាង​បាន​បាត់​។

អ្នកស្រី សារការ បាន​បន្ដ​ថា​៖ «​ខ្ញុំ​ខូច​ចិត្ដខ្លាំង​ណាស់​។ ពេល​នេះ​ខ្ញុំ​យល់ហើយ​ថា ហេតុ​អ្វី​ប្ដី​ខ្ញុំ​មិន​លាត​ត្រដាង​រឿង​នេះ​។ ក្រលៀន​ខ្ញុំ​ត្រូវ​បាន​យក​ទៅ​លក់​ដើម្បី​ផ្គាប់​ចិត្ដ​តម្រូវ​ការ​បណ្ណាការ​របស់​ពួកគេ​»។

អ្នកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​ ហើយ​ប៉ូលិស ហ្វារ៉ាក់ការ បាន​ចាប់​ខ្លួន​ប្ដី និង​សាច់​ថ្លៃ​នៅ​ថ្ងៃទី​​ ៤ ខែ​កុម្ភៈ​ ខណៈ​ម្ដាយ​ក្មេក​រត់​គេច​ខ្លួន​បាត់​។ ពួកគេ​បាន​សារ​ភាព​ថា ក្រលៀន​ត្រូវ​បាន​លក់​ទៅ​ឲ្យ​អ្នក​ជំនួញ​ក្នុង​រដ្ឋ​ឆាត់ទីសហ្គាត។

យោងតាម​ឪពុក​អ្នកស្រី សារការ ពួកគេ​រៀប​ការ​ក្នុង​ឆ្នាំ ​​២០០៥។ មាស ប្រាក់ និង​ប្រាក់​ ១៨ ម៉ឺន​រូពី (២៨០០ ដុល្លារ​) គឺជា​ បណ្ណាការ​​សម្រាប់​កូន​កំលោះ​ តែ​គ្រួសារ​កូន​កំលោះ​នៅ​តែ​មិន​ពេញ​ចិត្ដ និង​ទាមទារ​បន្ថែម​។

លោក​បន្ដថា​៖ «​ប្ដី​កូន​ស្រី​ខ្ញុំ​ធ្លាប់​និយាយ​ថា គាត់​​មាន​រថយន្ដ​ច្រើន​គ្រឿង និង​ប្រាក់​ស្ដុក​ស្ដម្ភ​ទៀត​ ហើយ​មើល​មក​យើងវិញ គ្មាន​អ្វី​ទាំង​អស់​»។

ទោះ​ឥណ្ឌា​​ មាន​ច្បាប់​ប្រឆាំង​បណ្ណាការ​តឹងរ៉ឹង​តាំងពី​ទសវត្សរ៍​ ៨០ ដើម្បី​ការ​ស្ដ្រីពី​អំពើ​ហិង្សា​ និង​ឧក្រិដ្ឋ​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​អនុវត្ដ​បែប​នេះ​នៅតែ​បន្ដ​ដល់​បច្ចុប្បន្ន​ ជា​ពិសស តំបន់​ជន​បទ​ដែល​កូន​ស្រី ត្រូវ​បាន​ចាត់​ទុក​ជា​បំណុល​៕ HR

ប្រភព Odditycentral

អត្ថបទគួរចាប់អារម្មណ៍