ក្រុងហែលស៊ិនគី: ទេសចរស្ដ្រីនិយមដែលស្វែងរកគោលដៅវិស្សមកាលដោយមិនចង់ប្រាស្រ័យទាក់ទងជាមួយពួកបុរសៗ មិនចាំបាច់ទៅណាទៀតទេ។ នោះនែ! កោះ Super She Island ជារីសតកោះសម្រាប់តែភ្ញៀវស្ដ្រីសុទ្ធសាធស្ថិតនៅក្បែរឆ្នេរប្រទេសហ្វាំងឡង់។
Super She Islandជាគំនិតផ្ដួចផ្ដើមរបស់សហគ្រិនអាមេរិក គ្រីស្ទីណា រ៉ដ ដែលបានសម្រេចចិត្ដវិនិយោគរីសតស្ដ្រីសុទ្ធក្រោយពីបានដឹងថាការបង្កើតទំនាក់ទំនងជាមួយបុរសៗ ធ្វើឲ្យរំខានចិត្ដនារីដទៃ។
ខណៈវិស្សមកាលនៅ Ashram ក្រុងកាឡាបាសាស រដ្ឋកាលីហ្វ័រនីញ៉ា និង Ranch Malibu អ្នកស្រី រ៉ដ បានកត់សម្គាល់ថា ស្ដ្រីនឹងផ្ដោតសំខាន់ទៅលើបុរសជាងខ្លួនឯង។ ដូច្នេះ អ្នកស្រីចាប់ផ្ដើមសញ្ជឹងគិតរិះរកគំនិតបង្កើតរីសតស្ដ្រីសុទ្ធ ដែលភ្ញៀវជាស្ដ្រីអាចសម្រាកដោយឥតខ្វល់ខ្វាយពីវត្តមានពួកបុរស។
អ្នកស្រី គ្រីស្ទីណា បានប្រាប់ The New York Post អំពីការតាមដានវិស្សមកាលរបស់ខ្លួនថា៖ «ពេលមានបុរសសង្ហាម្នាក់នៅក្បែរ ស្ដ្រីប្រាកដជាត្រូវលាបក្រែបបបូរមាត់។ ម៉េចមិនផ្ដោតលើខ្លួនឯងជាចម្បង។ កុំព្យាយាមធ្វើឲ្យរំជើបរំជួលចិត្ដនឹងប្រុស»។
អ្នកស្រី គ្រីស្ទីណា រ៉ដ បានបង្ហាញជំហរច្បាស់ថា អ្នកស្រីចូលចិត្ដវិស្សមកាលមានស្រីមានប្រុស និងមិនមានការរើសអើងបុរសៗឡើយ តែអ្នកស្រីមានអារម្មណ៍ថា គួរតែមានរីសត «គ្មានបុរស» ដែលស្ដ្រីៗអាចសម្រាកកាយសប្បាយចិត្ដ និងបញ្ចូលថាមពលឲ្យខ្លួនឯងដោយគ្មានការរំខាន។
កោះ Super She Island នៅតែជាគំនិតផ្ដួចផ្ដើមឆ្កួតៗរហូតដល់អ្នកស្រី គ្រីស្ទីណា បានមកលេងដែនកោះទំហំ ៣,៤ ហិកតា ក្បែរឆ្នេរប្រទេសហ្វាំងឡង់ នឹងចាប់ផ្ដើមប្រែក្លាយក្ដីសុបិនជាការពិត។
កោះនគរស្រីលវោ មានផ្ទះស្នាក់ចំនួន ១០ ស្ប៉ាមួយ និងសកម្មភាពផ្សងព្រេងជាច្រើនទៀត។ នៅមានថ្នាក់បង្រៀនចម្អិនម្ហូប វគ្គហាត់កីឡា យោគៈនិងសមាធិ តែអ្នកស្រី រ៉ដគ្រោងបន្ថែមសកម្មភាពផ្សេងៗទៀតដែលស្ដ្រីចូលចិត្ដ។
អ្នកស្រីប្រាប់ថា៖ «គោលបំណងយើងគឺបង្កើតកោះស្រីលវោដ៏ក្សេមក្សាន្ដ ដែលស្ដ្រីអាចមកជុំគ្នា គិតគូរចំពោះខ្លួនឯងតាមរយៈការហាត់កីឡាទទួលទានអាហារមានជីវជាតិ និងសកម្មភាពផ្សេងៗទៀត»។
រីសតនេះនឹងដាក់ឲ្យដំណើរការជាសាធារណៈនៅខែកក្កដាខាងមុខ តែតម្លៃនៅមិនទាន់ត្រូវបានប្រកាសទេ៕HR