ក្រុងខេមរភូមិន្ទ: ទូកស្មាច់ធុនតូចចំណុះភ្ញៀវ ៤ នាក់បោះពួយពុះជ្រែកផ្ទៃសាគរយ៉ាងលឿនស្លែវក្រវែលភូមិឋានដែនកោះបឹងកាឆាង ឆ្លងកាត់ព្រៃកោងកាងពណ៌បៃតងក្រាស់ដុះប្របតាមច្រាំងមាត់ដៃសមុទ្រ រួចឈប់សំចតនៅលើឆ្នេរគន់ទេសភាព និងថតរូបទុកជាអនុស្សាវរីយ៍ មុនពេលវិលទៅកាន់ភូមិនេសាទ ទិញគ្រឿងសមុទ្រស្រស់។
ក្រៅពីឆ្នេរខ្សាច់ប៉ាក់ខ្លង ឆ្នេរចាំយាម ជាគោលដៅទេសចរណ៍ទាក់ទាញ ស្ថិតក្នុងស្រុកមណ្ឌលសីមា ការជិះទូកកម្សាន្ដស្រូបខ្យល់បរិសុទ្ធពីផ្ទៃសមុទ្រ គន់ព្រៃកោងកាង និងភូមិនេសាទគឺ ជាជម្រើសលម្ហែគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកចង់ផ្លាស់ប្ដូរបរិយាកាស។
មិនឆ្ងាយប៉ុន្មានពីគោលដៅកម្សាន្ដឆ្នេរប៉ាក់ខ្លង ទូកអូប័រតូចៗចតត្រៀបត្រារង់ចាំភ្ញៀវនៅមុខវត្ដប៉ាក់ខ្លង ស្ថិតក្នុងភូមិឃុំ ប៉ាក់ខ្លង ជាទីកន្លែងជូនភ្ញៀវធ្វើដំណើរទាំងការចម្លងទៅត្រើយម្ខាង និងជិះទូកកម្សាន្ដជុំវិញដែនកោះនៃភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ក្រោយពីតថ្លៃតម្លៃទូកជួលដែលទូកមួយគ្រឿងអាចផ្ទុកភ្ញៀវ ៤ ៥ នាក់ពីកំពង់ចម្លងវត្ដប៉ាក់ខ្លង អ្នកបើកបរចាប់ផ្ដើមបញ្ជាចង្កូត បន្ថែមល្បឿនបោះពួយយ៉ាងលឿនស្លេវសំដៅដែនកោះភូមិបឹងកាឆាង តែមិនឆ្ពោះទៅកាន់ទីសំចតដោយបង្វែរកុងកេវ ពីក្រោយភូមិ ដើម្បីអនុញ្ញាតឲ្យភ្ញៀវ បានទស្សនាទិដ្ឋភាពផ្ទះសំបែង និងពលរដ្ឋដែលខ្លះកំពុងឈរស្វាគមន៍លើស្ពានឈើតូចមួយ មុនពេលទូកអូសខ្លួនឆ្លងកាត់ហួសទៅ។
បន្ដពីភូមិនេសាទ ស្របតាមដៃសមុទ្រអែប ភូមិដែនកោះ បឹងកាឆាង ភ្ញៀវអាចទស្សនាព្រៃកោងកាងទាំងសងខាងច្រាំង ដោយមិនភ្លេចរំលេចនូវរូបភាពសែលហ្វ៊ីជាមួយសម្រស់ធម្មជាតិបៃតងដេរដាសទាំងនេះ។
បើទោះបីជាដំណើរកម្សាន្ដត្រឹមរយៈពេល ៣០ នាទី ដែលនឹងមិនអាចទៅដល់តំបន់អភិរក្សព្រៃកោងកាងពាមក្រសោបយ៉ាងណាក៏ដោយ ក៏ភ្ញៀវនៅមានឱកាសចូលសំចតនៅតាមឆ្នេរនៃដែនកោះ សម្រាក និងថតរូបលើឆ្នេរខ្សាច់សក្បុស តែសម្បូរសំរាមបន្ដិច មុនពេលម្ចាស់ទូកនាំទៅកាន់ភូមិនេសាទពោរពេញដោយផលមច្ឆា។
ភូមិនេសាទ បឹងកាឆាង ជាទីកន្លែងបោះដុំ និងរាយនូវគ្រឿងសមុទ្រស្រស់ៗ ដែលមិនត្រឹមតែម៉ូយមកទិញទៅលក់បន្ដប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងភ្ញៀវទេសចរ ដែលរមែងឆៀងចូលមើល និងទិញវេចខ្ចប់ត្រឡប់មកផ្ទះវិញផងដែរ។
អាវយឺតពណ៌ស មួកពណ៌ប្រផេះវែនតាខ្មៅ លោក រ៉ុន អាយុ ៦១ ឆ្នាំ ជាអ្នករត់ទូកចម្លងនិងដឹកភ្ញៀវទេសចរ ជាង ៣០ ឆ្នាំបាននិយាយថា៖ «ជាធម្មតាខ្ញុំនាំភ្ញៀវជិះទូកមើលព្រៃកោងកាងផ្ទៃទឹកសមុទ្រឆ្នេរភូមិនេសាទដែលមានរយៈពេលប្រហែល ៣០ នាទីតម្លៃ ២០ ដុល្លារ»។
លោក បានបន្ដថា ចំពោះភ្ញៀវដែលចង់ជិះទូកកម្សាន្ដយូរជាងនេះ ពួកគេចង់ទៅដល់កោះកុងក្រៅ ដែលត្រូវចំណាយពេលធ្វើដំណើរទៅ និងមករយៈពេល ២ ម៉ោង។
លោកនិយាយថា៖ «សម្រាប់ភ្ញៀវពី ៤ ទៅ ៥ នាក់ ខ្ញុំគិតតម្លៃពី ៧០ ដុល្លារឡើងទៅ ហើយភ្ញៀវអាចចំណាយពេលលេងលើកោះ គន់ព្រៃកោងកាង និងភូមិនេសាទជាច្រើនម៉ោង»។
គួរបញ្ជាក់ថា កោះកុង មានតំបន់ការពារធម្មជាតិចំនួន ៥ ទីតាំងដែលត្រូវបានបែងចែកជាសហគមន៍ផ្សេងៗរួមមានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប សហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ សហគមន៍តំបន់ការពារធម្មជាតិកោះកាពិ សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង និងសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ៕