Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ទឹកធ្លាក់​ឆាយ​ប្រុយ ​ប្រែក្លាយ​ជាតំបន់​គ្រោះថ្នាក់

Content image - Phnom Penh Post
ទឹកធ្លាក់​ឆាយ​ប្រុយ​សល់ទឹក​ហូរ​តិចតួច​នៅ​រដូវប្រាំង​និងនៅ​រដូវ​វស្សា​បង្ហាញ​ពី​សន្ធឹក​នៃ​កម្លាំងទឹក​។ ហ្វេសប៊ុក

ទឹកធ្លាក់​ឆាយ​ប្រុយ ​ប្រែក្លាយ​ជាតំបន់​គ្រោះថ្នាក់

ពោធិ៍សាត់: មុនពេល​បិទផ្លូវ​ទឹកក្នុង​ឆ្នាំ ២០១០ សង់​ទំនប់​វារីអគ្គិសនី​ស្ទឹងអាតៃ កម្លាំង ១២០ ម៉េហ្គាវ៉ាត់​ក្រោម​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន ទឹកធ្លាក់​ឆាយប្រុយ​ធ្លាប់​គឺជា​ទឹកជ្រោះ​ដ៏ធំ​សម្បើម​ហូរទឹក​បែកផ្សែង​សំពោង​ទាក់ចិត្ដ​ភ្ញៀវ​មកទស្សនា និងផ្ដិត​យក​រូបភាព​ដ៏ស្រស់ត្រកាល​អមដោយ​ព្រៃព្រឹក្សា និងស្ដាប់​សំឡេង​សត្វយំ​ច្រៀង​អឺងកង ព្រមទាំង​ងូតទឹក​លេង​កម្សាន្ដ។

ក្រោយពី​ខះទឹក ខ្វះគង្គា​ហូរ​បោក​ជ្រំលើ​ជ្រលង​ខ្ពស់ជាង ៥០ ម៉ែត្រ ដែល​នៅជាន់​លើខ្នង​ទំនប់​វារីអគ្គិសនី ទឹកធ្លាក់​ឆាយ​ប្រុយ​បាត់បង់​កិត្ដិនាម​ជាទឹកជ្រោះ​ធំបែកផ្សែង ហើយ​ថែមទាំង​ក្លាយជា​តំបន់​គ្រោះថ្នាក់​ពី​ហានិភ័យ​នៃការបើក​ទំនប់​បង្ហូរទឹក​ដោយគ្មាន​ការជូន​ដំណឹង​ទៀតផង។

ស្ថិតក្នុង​ភូមិ​ឆាយលូក ឃុំអូរ​សោម ស្រុក​វាលវែង ខេត្ដ​ពោធិ៍សាត់ ទឹកធ្លាក់​ឆាយ​ប្រុយ កម្ពស់​ប្រមាណ​ជាង ៥០ ម៉ែត្រ ជម្រៅ​ទឹក​រដូវប្រាំង ៣ ម៉ែត្រ ទំហំ​អង្កត់ផ្ចិត​ជាង ២០ ម៉ែត្រ ស្ទើរតែ​ស្ថិតនៅ​ចំណុចកណ្ដាល​រវាង​ខេត្ដ​ពោធិ៍សាត់ និងខេត្ដ​កោះកុង ដែល​ភ្ញៀវទេសចរ​ភាគច្រើន​អាចធ្វើ​ដំណើរ​បាន​ដូចគ្នា។

Content image - Phnom Penh Post
ទិដ្ឋភាព​ទឹកធ្លាក់​ឆាយ​ប្រុយរដូវ​ប្រាំង​មើល​ពីក្រោម​ ខណៈ​ភ្ញៀវ​ត្រូវចត​យានយន្ដ​នៅ​ខាងលើ។ ផា លីណា

ពីផ្លូវ​បំបែក​ខេត្ដ​កោះកុង​ឆ្ពោះមក​ឃុំអូរ​សោម ភ្ញៀវ​ភាគច្រើន​ត្រូវប្រើប្រាស់​រថយន្ដ​ប្រភេទ Off-Road ឬ Pick Up សម្រាប់​ឡើង​ចំណោត​ភ្នំខ្ពស់ៗ​កាត់ក្បែរ​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ និង​ស្ទឹងអាតៃ រយៈពេល​ជិត ៣ ម៉ោង។

ពីទីរួមខេត្ដ​ពោធិ៍សាត់ ឆ្លងកាត់​ក្រវាញ​ផ្លូវ​សង់ថ្មី វាលវែង បន្ដទៅ​កាន់វិថី​ដ៏សែន​លំបាក​ពីទីរួម​ស្រុក​វាលវែង​ទៅប្រជុំជន​អូរសោម និង​ភូមិឆាយលូក ជាង ៤ ម៉ោង។ ផ្ទះតា ៩៧ (ជា​រហស្សនាម​អ្នកដំណើរ​ដាក់​ឲ្យ) នៅ​ចំណុច​ប្រសព្វ​រវាងវិថី​ទាំងពីរ និងជា​គោលដៅ​ជិត​ទឹកធ្លាក់​ឆាយ​ប្រុយកៀក​បំផុត ព្រមទាំង​ជាទី​សំចត​ទទួលទាន​ភេសជ្ជៈ និងអាហារ​ក្រោយពី​ការធ្វើដំណើរ​ដ៏នឿយហត់។

ទឹកធ្លាក់​ឆាយ​ប្រុយ ​ប្រែក្លាយ​ជាតំបន់​គ្រោះថ្នាក់

លោក សេង ម៉េងគ្រី ហៅ តា ៩៧ ដែល​តែងតែ​ជូន​ដំណើរ​ភ្ញៀវ​ទៅកាន់​ទឹកធ្លាក់​ចម្ងាយ​ប្រមាណ​ពីរ​គីឡូម៉ែត្រ​ពីផ្ទះ​លោក បានឲ្យ​ដឹងថា៖ «កាលពីមុន មានទឹក​ច្រើន ភ្ញៀវ​អាចចុះ​លេងទឹក និងឈរ​ទស្សនា​កម្លាំង​ទឹកហូរ​ធ្លាក់ឮ​សន្ធឹក​យ៉ាងខ្លាំង។ ប៉ុន្ដែ​ក្រោយពី​ទំនប់​វារីអគ្គិសនី​សង់រួច និង​មុខទឹក​ត្រូវបាន​បិទជិត​មក វាមាន​ទឹក​ហូររឹមៗ ជ្រាប​តាម​ក្រហែងថ្ម មិន​សម្បើម​ដូចមុន​ឡើយនា​រដូវប្រាំង។ ចំពោះ​រដូវវស្សា មានទឹក​ច្រើន​ល្មម​លេង តែគ្រោះថ្នាក់​ណាស់ មិនដឹង​ពេលណា ចិន​បើកទឹក​ទំនប់​ខាងលើ​បង្ហូរ​ចុះមក»។

លោកបាន​ប្រាប់ថា បច្ចុប្បន្ន នៅតែមាន​ភ្ញៀវទៅ​អើត​ឈ្ងោក និងលេង​ទឹកធ្លាក់​នេះ មិនដាច់​រយៈ។ ប៉ុន្ដែ​បញ្ហា​ប្រឈម​បំផុត​សម្រាប់​ភ្ញៀវគឺ​ការបើក​បង្ហូរទឹក​ពីទំនប់​អគ្គិសនី​ពីសំណាក់​ក្រុមហ៊ុន​ចិន អាចបង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ភ្ញៀវ​គ្រប់​ពេលវេលា។

ជាក់ស្ដែង ភ្ញៀវទេសចរ​ជនជាតិ​បរទេស​ម្នាក់​ស្ទើរតែ​អស់ជីវិត​ខណៈ​លេងទឹក​លើជ្រោះ​ក៏ស្រាប់តែ​ទឹកហូរ​បោកបក់​ធ្លាក់​ជ្រោះ​ទាញទៅ​បាត់ស្រមោល​រហូតដល់​ពីរបីម៉ោង​ទើប​ឃើញ​ត្រឡប់​មកវិញ។

Content image - Phnom Penh Post
ឆាយ​ប្រុយ​ជម្រៅ​ជាង ៥០ ម៉ែត្រ​មើល​ពីផ្លូវ​ចុះ​ផ្នែក​ខាងស្ដាំ​។ ផា លីណា

លោក នួន លីម គឺជា​មគ្គុទេ្ទសក៍​ប្រចាំ​ឃុំអូរសោម ឲ្យ​ដឹងថា៖ «ជនបរទេស​នោះជា​បុគ្គលិក​ស្ម័គ្រចិត្ដ​នៅ​សហគមន៍​ខ្ញុំ។ នៅពេល​នោះ យើង​គិតថា គាត់បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ពីព្រោះ​ជ្រោះ​ក៏ជ្រៅ ហើយ​ទឹកហូរ​កួចខ្លាំង។ ពីរ​បីម៉ោង​ក្រោយមក ឃើញ​គាត់ជិះ​ម៉ូតូឌុប​វិលវិញ និង​និយាយថា ព្រះជួយ​គាត់»។

ចំពោះ​ហានិភ័យ​នៃការ​គំរាមកំហែង​អាយុជីវិត​ភ្ញៀវទេសចរ​នេះ លោក ស៊ិន ធា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ពោធិ៍សាត់ បានឲ្យ​ដឹងថា៖ «ដោយសារតែ​ទឹកធ្លាក់​ឆាយប្រុយ​ដ៏ខ្ពស់​នោះមាន​សក្ដានុពល​ផ្នែក​ទេសចរណ៍​ខ្ពស់ ខាងយើង​នឹង​ចរចាភាគី​ចិនឲ្យ​មានការ​ប្រាប់​ដំណឹង​ដល់ភ្ញៀវ​មុន​បើកទឹក​ទំនប់»។

លោក​អរគុណ​ភ្នំពេញ​ប៉ុស្ដិ៍​ដែល​បាន​ទៅដល់​ទីនោះ៕

0

Comments

Please, login or register to post a comment