ក្រុងវៀងចន្ទន៍: ភ្ញៀវទេសចរភាគច្រើន ដែលធ្វើដំណើរទៅកាន់ប្រទេសឡាវ ចូលចិត្ដតំបន់ខាងជើង តែនៅមានច្រើនទៀតដែលអាចអន្ទងចិត្ដពួកគេឲ្យងាកមកភាគខាងត្បូងផង។
ល្អាង គង់ឡរ (Kong Lor) ដែលត្រូវបានចាត់ទុកជាអច្ឆរិយៈភូមិសាស្ដ្រមួយនៅតំបន់អាស៊ីខាងត្បូង ពិតជាមូលហេតុចម្បងមួយ។
ទន្លេហ៊ីនបោនដែលហូរបាចសាចពីជើងភ្នំខ្ពស់មួយ ច្បាស់ជាអ្វីអស្ចារ្យនៅខាងក្នុងនោះ។ ជាក់ស្ដែង វាជាល្អាងប្រវែង ៧,៥ គីឡូម៉ែត្រ ដែលទឹកទន្លេហូរកាត់ក្រោមថ្មភ្នំហើយភ្ញៀវទេសចរអាចជិះទូកធ្វើដំណើរគន់ទិដ្ឋភាពល្អាងទៅដល់ចុងផុតម្ខាងទៀត។ នេះគឺជាល្អាង គង់ឡរ ជាគោលដៅទេសចរណ៍សំខាន់នៅឡាវ។
ដំណើរជិះទូកឆ្លងកាត់ល្អាងងងឹតឈឹង ដែលបំភ្លឺដោយចង្កៀងពិល រំលេចនូវផ្ទៃទឹកពណ៌បៃតងមរកតដែលអ្នកស្រុកឡាវជឿថា ជាទីឋានដ៏ពិសិដ្ឋ។
ល្អាងថ្មកំបោរទូទៅ រមែងបង្ហាញខ្លួនច្រូងច្រាងក្នុងល្អាង តែល្អាង គង់ឡរ ខុសប្លែកបន្ដិច។ ជាក់ស្ដែង វាត្រូវបានបង្កើតឡើងដោយទន្លេណាម ហ៊ីនប៊ុន ដែលហូរកាត់ក្រោមភ្នំទាំងស្រុង ដោយច្រោះថ្មភ្នំអស់កាលជាយូរ។ នៅខាងក្នុង មានទឹកពណ៌បៃតងមរកត។
ភ្ញៀវទេសចរអាចជួលទូកឈើ និងអ្នកចែវទូកមានបទពិសោធ ដែលចេះអុំបត់បែនទៅតាមស្ថានភាពល្អាងភ្នំ។ ពួកគេនឹងនាំភ្ញៀវឆ្លងកាត់ចម្រូងថ្មតូច ធំ ជាហូរហែ។ នៅមានផ្លូវឆ្លងតូចចង្អៀត និងទឹកជ្រៅ ចរន្ដទឹកហូរខ្លាំង ដែលតម្រូវឲ្យអ្នកអុំទូកត្រូវមានជំនាញច្បាស់លាស់។
ការកាច់ចង្កូតទូកក្នុងល្អាងងងឹតស្លុប មិនសុទ្ធតែភ្ញៀវគ្រប់រូបអាចធ្វើបាននោះទេ។ សណ្ឋានថ្មក្នុងល្អាង ជាមួយទីធ្លាធំទូលាយ ដោយដំបូលពិតានមានកម្ពស់រហូតដល់ ១០០ ម៉ែត្រ។
ទោះមើលមិនឃើញច្បាស់ ក៏អារម្មណ៍ភ្ញៀវទេសចរអាចដឹងពីតំណក់ទឹកស្រក់ ខ្យល់ត្រជាក់ ខណៈទូកបណ្តែតខ្លួនសន្សឹមៗ កាត់ផែនថ្មក្រោមល្អាង។
ពេលទូកឈប់ ឲ្យអ្នកដំណើរបន្ដដើរកាត់ល្អាងមួយផ្នែកដែលមានសរសរថ្មច្រូងច្រាង និងទម្រង់ថ្មប្លែកៗជាច្រើនថែមទៀត មុននឹងបន្ដទៅចុងម្ខាងទៀតនៃភ្នំដែលដំណើរនេះមានរយៈពេល ១ ម៉ោង។
ស្ថិតនៅក្នុងខេត្ដខាមមូអាន ដែលជាបេះដូងមួយនៃប្រទេសឡាវ ល្អាង គង់ឡរ នៅត្រូវបានអ្នកភូមិប្រើជាកន្លែងដឹកជញ្ជូនទំនិញឆ្លងកាត់ រួមទាំងថ្នាំជក់ បើភ្ញៀវមកកម្សាន្ដនៅរដូវប្រមូលផល៕HR