មណ្ឌលគិរី: ចាប់តាំងពីផ្តើមការសាកល្បងនៃគម្រោងអភិរក្សកាលពីឆ្នាំ ២០១២ មក តំបន់សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ឬ ជំរំសត្វទោចញី (Jahoo Gibbon Camp) ដែលលាតសន្ធឹងនៅលើផ្ទៃដីជាង ១៤០០ ហិកតា និងចម្រុះទៅដោយបណ្តុំនៃទេសភាពរុក្ខជាតិធម្មជាតិប្រភេទព្រៃពាក់កណ្តាលស្រោង សត្វព្រៃច្រើនប្រភេទនៃខេត្តមណ្ឌលគិរី នោះកំពុងទាក់ទាញចំណាប់អារម្មណ៍ ក្រុមទេសចរបរទេសមកទស្សនា នារដូវប្រាំង ហើយនេះក៏ជាក្តីរំពឹងនៃការស្រោចស្រង់ និងការអភិរក្សផងដែរ។
តំបន់សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ឬជំរំសត្វទោចញី មានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានចម្ងាយ ៣ គីឡូម៉ែត្រចុះពីផ្លូវជាតិ ឬមានចម្ងាយ ៣០ គីឡូម៉ែត្រចេញពីក្រុងសែនមនោរម្យ ដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នៃតំបន់ខ្ពង់រាបភូមិភាគឦសាននៃប្រទេសកម្ពុជា តាមផ្លូវជាតិលេខ ៨៧ និងលេខ ៧៦។
បើតាមលោក តាន់ សេដ្ឋា បច្ចុប្បន្នជាទីប្រឹក្សាបច្ចេកទេសនៃអង្គការ WCS និងអតីតធ្លាប់បម្រើការងារផ្នែកស្រាវជ្រាវសត្វព្រៃ រយៈពេលប្រមាណ ១៨ ឆ្នាំ មានប្រសាសន៍ឲ្យដឹងពីសក្តានុពលនៃតំបន់ដែនជម្រកសត្វព្រៃកែវសីមា នោះថា៖ «ក្នុងសត្វទោច ស្វាកន្ទុយស ស្វាក្រេះ មាន់ទោពណ៌ប្រាក់ សត្វស្លាបប៉ាកាទីវ និងសត្វស្លាបទាំងអស់មានចំនួនសរុបប្រមាណ ៣៤៤ ប្រភេទ សត្វថនិកសត្វមានចំនួន ៩២ ប្រភេទ សត្វល្មូនមាន ៦០ ប្រភេទ នៅដែនជម្រកសត្វព្រៃកែវសីមា»។
ក្រៅពីមើលសត្វទោច សត្វស្វា និងសត្វស្លាបនានានោះ ក្រុមទេសចរក៏អាចដើរទស្សនានូវបណ្តុំនៃទេសភាពព្រៃឈើប្រភេទ ព្រៃពាក់កណ្តាលស្រោង ទស្សនាភូមិឋានជនជាតិព្នង ទស្សនាកម្សាន្តតំបន់ទឹកធ្លាក់នានា នៅក្បែរសហគមន៍ផងដែរ ដូចជាទឹកធ្លាក់លែងអន និងទឹកធ្លាក់លែនឃិន ជាដើម ដែលមានចម្ងាយប្រមាណជា ៤ ឬ ៥ គីឡូម៉ែត្រ ពីតំបន់សហគមន៍តែប៉ុណ្ណោះ។
លោក ណាច ណប់ អ្នកសម្របសម្រួលផ្នែកសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹងវ័យ ៣១ ឆ្នាំ ជាជនជាតិព្នង ដែលអាចនិយាយភាសាខ្មែរ និងអង់គ្លេសផងដែរ បានឲ្យដឹងថា៖ «សហគមន៍យើងមាន ៤ តង់សម្រាប់បម្រើសេវាកម្មឲ្យភ្ញៀវស្នាក់នៅ និងមានសេវាកម្មបម្រើម្ហូបអាហារផងដែរ។ ចំពោះការមើលសត្វទោច ដែលល្អគឺចាប់ពីម៉ោង ៥ ព្រឹកព្រលឹមទៅ និងអាចបន្តទៅដល់ម៉ោង ៨ ឬ ៩ ព្រឹកបាន»។
លោក ណាច ណប់ ក៏បានឲ្យដឹងពីតម្លៃសេវាកម្មផងដែរថា៖ «ប្រសិនបើភ្ញៀវទេសចរមានតែម្នាក់មកទស្សនានោះ យើងឲ្យគាត់បង់ប្រាក់ចំនួន ១៥ ដុល្លារ ដែលជាសេវាកម្មចូលរួមអភិរក្សសហគមន៍ ខណៈភ្ញៀវមាន ២ នាក់វិញត្រូវបង់តែ ២៥ ដុល្លារប៉ុណ្ណោះ លើការស្នាក់នៅផ្ទះតង់ ១ យប់ ដោយផ្ទះតង់យើងមួយបន្ទប់មានគ្រែ។ ចំណែកតម្លៃអាហារវិញ បើភ្ញៀវម្នាក់ត្រូវចំណាយប្រាក់ ១៥ ដុល្លារ សម្រាប់អាហារ ៣ ពេល។ ការមើលសត្វដោយប្រើស្កូប ឬកែវយឹត ដើម្បីមើលសត្វពីចម្ងាយ ភ្ញៀវម្នាក់បង់ប្រាក់ ១៥ ដុល្លារ សម្រាប់ការមើលសត្វមួយប្រភេទ ខណៈបើមិនបានមើលឃើញសត្វណាមួយ ទេក៏ត្រូវបង់ប្រាក់ ១០ ដុល្លារ ជូនសហគមន៍ដែរ។ ចំពោះ ភ្ញៀវបានមកពីភ្នាក់ងារ មជ្ឈមណ្ឌលសំវាសនា (SVC) នាំភ្ញៀវទេសចរចូលចិត្តមកមើលនៅរដូវប្រាំងចន្លោះចាប់ពីខែ ១១ ដល់ខែ ៤ ឬខែ ៥»៕