Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ឧទ្យាន​បៃតង​ផ្កា​ស្រស់​បំព្រង​ លាក់​ខ្លួន​ក្នុង​ក្រហូង​ផែនដី

Content image - Phnom Penh Post
នៅ​បាត​ក្រោម​នៃ​ឧទ្យាន ដីក្រហូង​មាន​ផ្លូវ​ស្ពាន សម្រាប់ ឲ្យភ្ញៀវ​ដើរ​គយគន់​សម្រស់​បុប្ផា និង​លម្ហែកាយ​។

ឧទ្យាន​បៃតង​ផ្កា​ស្រស់​បំព្រង​ លាក់​ខ្លួន​ក្នុង​ក្រហូង​ផែនដី

ក្រុងស៊ីដនី: ស្ថិត​នៅ​តំបន់​ភាគ​អាគ្នេយ៍​នៃ​កោះ​អូស្ត្រាលី​ខាងត្បូង ក្បែរ​ភ្នំ Gambier គឺជា​សណ្ឋាន​ដី​ដូច​រន្ធ​បាយខុំ​យក្ស រាយប៉ាយ​ដោយ​បឹង រូងភ្នំ និង​ដី​ក្រហូង​បន្សល់​ពី បាតុភូត​ភ្នំភ្លើង និង​សំណឹក។

ក្នុងចំណោម​ដី​ក្រហូង​ទាំង​នោះ កន្លែង​ដែល​មាន​មនុស្ស​ស្គាល់​ច្រើន​ជាងគេ និង​ជា​តំបន់​ទេសចរណ៍​ដ៏ល្បី​មួយ​ផងដែរ​នោះ គឺ​ស្ថិត​នៅ​តំបន់​ផ្លូវ​ហាយវ៉េ Jubilee Highway East មាន​ឈ្មោះ​ថា តំបន់​ដីក្រហូង Umpherston គឺ​ដី​ក្រហូង​ជ្រៅ​គួរសម​កកើត​ពី​សំណឹក​ថ្មកំបោរ ដោយសារ​ទឹក​សមុទ្រ និង​ការ​រលំ​ពិតាន​រូងថ្ម ធ្វើ​ឲ្យ​វាក​កើត​ជា​រូង​ទទួល​ពន្លឺ​ថ្ងៃ មាន​មេឃ​ជា​ដំបូល។

ដីក្រហូង​នេះ ត្រូវ​បាន​ប្រែក្លាយ​ជា​ឧទ្យាន​បៃតង មាន​បុប្ផា​រីក​ស្គុសស្គាយ​ដ៏អស្ចារ្យ ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ឈ្ងោក​មើល​ហើយ​លាន់​មាត់​សរសើរ​ពី​សម្រស់​វា​គ្រប់ៗ​គ្នា។

ឧទ្យាន​ដីក្រហូង Umpherston Sinkhole Garden ត្រូវបាន​ស្ថាបនា​ដោយ​លោក was James Umpherston ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨៨០។

លោក​បាន​ទិញ​ដីក្រហូង​នេះ ប្រមាណ​ជា ២០ ឆ្នាំមុន​លោក​ចូល​និវត្តន៍។ ក្រោយ​ពី​លោក James សម្រាក​ពី​ការងារ លោក​មាន​ក្ដីប្រាថ្នា​ចង់​បង្កើត​កន្លែង​លម្ហែកាយ​ឲ្យ​អ្នក​រស់នៅ​ក្បែរ​ភ្នំ Mount Gambier អាច​មក​លេង​លម្ហែកាយ និង​គេច​ពី​កម្ដៅ​ថ្ងៃ​នា​រដូវក្ដៅ។

លោក​បាន​ឆ្លាក់​ជញ្ជាំង​ថ្ម​ធ្វើ​ជា​ជម្រាល និង​សង់​ជណ្ដើរ​ឈើ ដើម្បី​ឲ្យ​អ្នក​មក​លេង​អាច​ដើរ​ចុះ​ទៅ​ដល់​ឧទ្យាន​នៅ​ខាងក្រោម​បាត​រណ្ដៅ។

ឧទ្យាន​ដែល​មាន​រុក្ខជាតិ​បៃតង វល្លិ​ដុះ​ព័ទ្ធជុំវិញ​ជញ្ជាំង​រណ្ដៅ និង​ផ្កា​រីក​ស្គុសស្គាយ​នេះ មាន​ដី​ជា​ថ្នាក់ៗ ដែល​មាន​ទាំង​ផ្លូវ​លក្ខណៈ​ស្ពាន​អាច​ឲ្យ​ភ្ញៀវទេសចរ​ដើរលេង​គយគន់់​សម្រស់​សួន ឬក៏​អង្គុយ​លេង​នៅ​កៅអី​វែងៗ​ផងដែរ។ អ្វីដែល​កាន់តែ​អស្ចារ្យ គឺ​នៅ​ក្នុង​រណ្ដៅ​យក្ស​នេះ ក៏មាន​កូន​បឹង​លាក់​ខ្លួន ដែល​ភ្ញៀវទេសចរ​អាច​ជិះទូក​លេង​ទៀតផង។

សម្រស់​ដ៏អស្ចារ្យ​នៃ​ឧទ្យាន​នេះ​បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ស្គាល់​វា។ ប៉ុន្តែ​ជា​អកុសល នៅពេល​ដែល​លោក James បាន​លាចាក​លោក​ក្នុង​ឆ្នាំ ១៩០០ ឧទ្យាន​បាន​បាត់បង់​សម្រស់​ព្រោះ​កង្វះការ​មើលថែ ធ្វើឲ្យ​សំរាម​ពាស​ពេញ។

សួន​នេះ​ត្រូវបាន​ស្រោចស្រង់​ជាថ្មី​ដោយ​បុគ្គលិក​ការពារ​ព្រៃឈើ​ក្នុង​ឆ្នាំ ១៩៧៦។ សម្រស់​សួនច្បារ​ក្នុង​ដី​ក្រហូង​យក្ស​នេះ​ក៏បាន​ទាក់ទាញ​ភ្ញៀវ​កុះករ​ឡើង​វិញ និង​ត្រូវបាន​ចុះចូល​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អូស្ត្រាលី​ខាងត្បូង​ក្នុង​ឆ្នាំ ១៩៩៥៕HR

Content image - Phnom Penh Post
តំបន់​​​រណ្ដៅ​យក្ស ​មាន​រុក្ខជាតិ និង​ផ្កា​លូត​លាស់​ស្រស់បំព្រង​​​។

Content image - Phnom Penh Post
នៅ​បាត​រណ្ដៅ ក៏មាន​លាក់​នូវ​​កូនបឹង​អាច​ជិះទូក​លេង​ផងដែរ​។

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ