Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​លោក សឿង ម៉ូរ៉ារិទ្ធ អគ្គនាយក​ធនាគារ​ឯកទេស ឈីហ្វ (ខេមបូឌា) ជា​នរណា?

លោក សឿង ម៉ូរ៉ារិទ្ធ អគ្គនាយក​ធនាគារ​ឯកទេស ឈីហ្វ (ខេមបូឌា) ធ្វើការ​ក្នុង​ការិយាល័យ​របស់​លោក​ក្នុង​អគារ​កាណាឌីយ៉ា។
លោក សឿង ម៉ូរ៉ារិទ្ធ អគ្គនាយក​ធនាគារ​ឯកទេស ឈីហ្វ (ខេមបូឌា) ធ្វើការ​ក្នុង​ការិយាល័យ​របស់​លោក​ក្នុង​អគារ​កាណាឌីយ៉ា។ រូបថត កែវ រតនា

តើ​លោក សឿង ម៉ូរ៉ារិទ្ធ អគ្គនាយក​ធនាគារ​ឯកទេស ឈីហ្វ (ខេមបូឌា) ជា​នរណា?

លោក សឿង ម៉ូរ៉ារិទ្ធ មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្វាយជ្រំ​ ឃុំ​ព្រែកដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល។ លោក​ជា​កូន​ច្បង​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​ប្រាំ​នាក់។ ឪពុក​ម្តាយ​របស់​លោក​សុទ្ធ​តែ​​ជា​គ្រូបង្រៀន​នៅ​ស្រុក​មុខ​កំពូល​តែ​ម្តង។ លោក​បាន​​រៀបការ និង​មាន​កូនស្រី​ម្នាក់​។

មុន​ពេល​ដែល​លោក​​​ក្លាយ​ជា​អគ្គនាយក​ធនាគារ​ឯកទេស ឈីហ្វ (ខេមបូឌា) Chief (Cambodia) Specelized Bank Plc. ដែល​​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ហុងកុង​លោក​​​បាន​ជួប​នឹង​​រឿង​ជូរចត់​​ជាច្រើន​ក្នុង​ជីវិត​ដូច​ប្រជាពល​ខ្មែរ​ជាទូទៅ​ដែរ​។

លោក​បាន​មាន​​ប្រសាសន៍​ថា៖ «ដំបូង​នៅ​ពេល​​ដែល​ខ្ញុំ​បញ្ចប់​ថ្នាក់​បាក់ឌុប​នៅ​ឆ្នាំ ១៩៩៩​ ក៏​បាន​​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នៅ​ក្នុង​ឆ្នាំ​នោះ​ដូច​គ្នា។ នៅ​ពេល​មក​ដល់​ទីក្រុង​ភ្នំពេញ​ដោយសារ​តែ​ជា​សិស្ស​នៅ​ជនបទ​ភាសា​អង់គ្លេស​​មិន​ពូកែ​នៅ​ពេល​​​ដែល​យើង​ចូល​រៀន​មហាវិទ្យាល័យ​នោះ។ នៅ​ឆ្នាំ​ទី ១ ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​រៀន​ភាសា​អង់គ្លេស​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​ទើប​ខ្ញុំ​មាន​ឱកាស​ធ្វើ​ជា​គ្រូ​ក្រៅ​ម៉ោង​នៅ​​សាលា​ភាសា​អង់គ្លេស​ឯកជន​ហើយ​​ពេល​នោះ​ប្រាក់​​ខែ​ដំបូង​របស់​ខ្ញុំ​គឺ​បាន​តែ ៣៨ ដុល្លារ​តែ​ប៉ុណ្ណោះ។ អ៊ីចឹង​យើង​​រៀន​នៅ​​មហាវិទ្យាល័យ​បណ្តើរ​ពេល​ល្ងាច​យើង​ឆ្លៀត​ធ្វើ​គ្រូ​ភាសា​អង់គ្លេស​​បណ្តើរ​ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​ការសិក្សា​របស់​ខ្លួន​ក៏ដូចជា​ការ​រស់នៅ​ក្រុង​ភ្នំពេញ។​ ខ្ញុំ​រៀន​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​»​។

នៅ​រាជធានី​ភ្នំពេញ​លោក​ ម៉ូរ៉ារិទ្ធ​ ស្នាក់នៅ​ជាមួយ​ឪពុកមា​រហូត​ដល់​​​​​រៀន​​ចប់​បរិញ្ញាបត្រ​នៅ​ឆ្នាំ ២០០៣ ហើយ​ក៏​បាន​ចាប់ផ្តើម​មាន​ការងារ​ធ្វើ​ក្នុង​វិស័យ​ធនាគារ​នៅ​​ឆ្នាំ ២០០៤ ក្នុង​តំណែង​ជា​បុគ្គលិក​តូចតាច​ធម្មតា​។ ខណៈ​​​ពេល​ដែល​ធ្វើការ​បណ្តើរ​នៅ​រាល់​ចុង​សប្ដាហ៍​ថ្ងៃ​​សៅរ៍-អាទិត្យ ម៉ូរ៉ារិទ្ធ បាន​​ឆ្លៀត​ទៅ​រៀន​​​យក​ថ្នាក់​អនុបណ្ឌិត។​

តើ​លោក សឿង ម៉ូរ៉ារិទ្ធ អគ្គនាយក​ធនាគារ​ឯកទេស ឈីហ្វ (ខេមបូឌា) ជា​នរណា?

ស្រប​​ពេល​ទាំង​ការងារ និង​​ការសិក្សា​​របស់​លោក​​​បាន​ដើរ​ទៅ​មុខ​ទន្ទឹម​គ្នា​ដោយ​រលូន​ស្រាប់​តែ​ធនាគារ ឈីហ្វ (ខេមបូឌា) អញ្ជើញ​លោក​​ឲ្យ​ចូលរួម​ដើម្បី​អភិវឌ្ឍន៍​ដោយ​ផ្ដល់​​​ជូន​ឋានៈ​​​ជា​អគ្គនាយក​​​នៃ​ធនាគារ​បរទេស​​​នៅ​ឆ្នាំ ២០១៣។ កាលពី​ថ្ងៃ​ទី ១១​ ខែ​កក្កដា​ ២០១៦ ធនាគារ​នេះ​បាន​ទទួល​ការ​យល់ព្រម​ជា​​​​គោលការណ៍​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​បំលែង​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ ឈីហ្វ (ខេមបូឌា) វិញ។

មាន​ហេតុផល​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព និង​ការងារ។ អាថ៌កំបាំង​ទាំង​​នោះ​រួមមាន៖ ទី​ ១ គឺ​យក​ចិត្ត​​ទុក​ដាក់​ការ​តាំង​ចិត្ត​ធ្វើការ​ខ្ពស់​ប្រកប​ដោយ​​ឆន្ទៈ និង​មាន​​មនសិការ​ចង់​ឲ្យ​ស្ថាប័ន​នេះ​​បាន​​ទទួល​​បាន​​ជោគជ័យ​។ ទី ២ ប្រកាន់​​ខ្ជាប់​​នូវ​វិន័យ​ដែល​ស្ថាប័ន​​​ដាក់​ជូន​ពិសេស​​​ម៉ោង​​ពេល​ធ្វើការ​​។ ​ទី ៣ ចេះ​​កំណត់​​​ការងារ​​​ជា​អាទិភាព។ ក្នុង​ម៉ោង​ធ្វើការ​វា​មាន​ការងារ​ច្រើន​ក្នុង​​ពេល​តែ​មួយ​តែ​ត្រូវ​កំណត់​ថា​ការងារ​​ទាំង​នោះ តើ​ការងារ​ណា​ជា​អាទិភាពធ្វើ​​ឲ្យ​ស្ថាប័ន​ទទួល​​បាន​ប្រាក់​ចំណេញ​ខ្ពស់​មិន​​ទទួល​​ហានិភ័យ។ ​ទី ៤ ត្រូវ​​ធ្វើការ​ឲ្យ​បាន​ច្រើន​ជាង​​ការ​និយាយ។ ​ទី ៥ ​ត្រូវ​មាន​​ការ​​អត់ធ្មត់ និង​​​មាន​ភាព​ស្មោះត្រង់​ចំពោះ​​ស្ថាប័ន។ និង​ទី ៦ មាន​​​​ការ​សិក្សា និង​​​បទពិសោធន៍​អាច​ទទួល​យក​​បាន។ អនុវត្ត​គោលការណ៍​​ទាំង ៦ នេះ​បាន​ល្អ​ទើប​​​​​​លោក​​អាច​កាន់​​​តួនាទី​​នាយក​​ធនាគារ​បរទេស​នេះ​​។

បច្ចុប្បន្ន​​​នេះ​មាន​​ធនាគារ​ឯកទេស​​​នៅ​កម្ពុជា​ចំនួន​ ១២ ដែល​​​​ទទួល​បាន​អាជ្ញាប័ណ្ណ​​និរន្តរ៍​ពី​​ធនាគារ​ជាតិ​។ ធនាគារ​ពាណិជ្ជ​​វិញ​មាន​ចំនួន​​ ៣៦ ។ ធនាគារ​ឯកទេស​គឺជា​​ធនាគារ​ដែល​​​អាច​ផ្តល់​សេវាកម្ម​តែ​មួយ​ប្រភេទ​គត់​​ក្នុង​​​ចំណោម​​សេវាកម្ម​​​សំខាន់ៗ​​ទាំង​បី​របស់​ធនាគារ​ពាណិជ្ជ​រួមមាន​​ផលិតផល​ឥណទាន​សេវា​​​ប្រាក់​​បញ្ញើ ឬ​សន្សំ និង​ការ​វេរលុយ។ ចំពោះ​ធនាគារ​ឯកទេស​ឈីហ្វ​​បាន​​​​ជ្រើសរើស​​យក​សេវាកម្ម​​ឥណទាន​ព្រោះ​តាមរយៈ​​សេវាកម្ម​ឥណទាន​ធនាគារ​​​នឹង​​​បាន​​ចំណូល​​ពី​ការ​​ប្រាក់​ដែល​​ឲ្យ​គេ​ខ្ចី​។ អតិថិជន​​​របស់​ធនាគារ​ឯកទេស ឈីហ្វ ភាគច្រើន​ជា​អ្នក​មាន​​​អាជីវកម្ម​ត្រឹមត្រូវ។

អគ្គនាយក​វ័យក្មេង​រូប​នេះ​បាន​​ដាក់​យុទ្ធសាស្រ្ត​ដ៏មាន​ប្រសិទ្ធភាព​មួយ​​ក្នុង​ការ​គ្រប់គ្រង​​ធនាគារ​បរទេស​​នេះ​ឲ្យ​មាន​​ដំណើរការ​​ដោយ​រលូន​ខណៈ​វិស័យ​នេះ​កំពុង​មាន​និន្នាការ​​ប្រកួត​ប្រជែង​​ទាញ​យក​ធនធាន​មនុស្ស​ពី​ធនាគារ​មួយ​ដោយ​ធនាគារ​ផ្សេង​ទៀត​។

លោក​ថ្លែង​ថា​​ចំពោះ​បុគ្គលិក​មាន​បទពិសោធន៍​ច្រើន​តែង​ផ្លាស់​ពី​កន្លែង​​មួយ​ទៅ​កន្លែង​​មួយ​ទៀត​ដោយសារ​​​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាង និង​​អត្ថប្រយោជន៍​ខ្ពស់​​ជាង​ខណៈ​មាន​​ធនាគារ​បរទេស​​ចូល​មក​​​កម្ពុជា​​បើក​ប្រតិបត្តិការ​សេវា​ធនាគារ​ជា​បន្ដបន្ទាប់​​​។

លោក សឿង ម៉ូរ៉ារិទ្ធ បាន​និយាយ​ថា​យុទ្ធសាស្រ្ត​​របស់​ធនាគារ​​​បរទេស​គឺ​ទាញ​យក​​បុគ្គលិក​​​ខ្មែរ​ដែល​​មាន​​បទពិសោធន៍​​ច្រើន​ដោយ​​ផ្តល់​អត្ថប្រយោជន៍​គុណ​នឹង ២ ដង ឬ​ ៣ ​ដង​បូករួម​​​នឹង​​អត្ថប្រយោជន៍​​បន្ទាប់​បន្សំ​ទៀត។ ចំពោះ​ធនាគារ ឈីហ្វ មាន​ការ​អត្រា​ចេញ​​ចូល​​របស់​បុគ្គលិក​ក្នុង​កម្រិត​​ទាប​បំផុត​ហើយ​​ភាគច្រើន​អ្នក​ទាំងអស់​នោះ​ខ្លះ​ចូល​ទៅ​ធ្វើការ​បម្រើ​រដ្ឋាភិបាល​ខ្លះ​បាន​​ទៅ​ប្រកប​អាជីវកម្ម​ផ្ទាល់​ខ្លួន។

លោក ម៉ូរ៉ារិទ្ធ បាន​​បញ្ជាក់​ថា ​ធនាគារ ឈីហ្វ​ មាន​​​យុទ្ធសាស្ដ្រ​ផ្ទាល់​​ខ្លួន​ក្នុង​ការ​រក្សា​បុគ្គលិក​ល្អៗ​។ ទី ១ ទាក់ទង​នឹង​​អភិបាល​​កិច្ច​ល្អ​បរិយាកាស​ការ​ធ្វើការ​ល្អ​ និង​ការ​ផ្ដល់​​ផលប្រយោជន៍​ដែល​​មាន​លក្ខណៈ​ប្រកួតប្រជែង (ប្រាក់​ខែ​ខ្ពស់​)​។ ​ទី ២ ប្រាក់​ឧបត្ថម្ភ​​បន្ថែម​សម្រាប់​​ពិធី​បុណ្យ​​​ធំៗ​ដូចជា​ចូល​ឆ្នាំ​ចិន​ ចូល​ឆ្នាំ​ខ្មែរ ភ្ជុំ​បិណ្ឌ និង​​​មាន​ប្រាក់​ខែ​ទី​ ១៣។

លោក សឿង ម៉ូរ៉ារិទ្ធ, ភរិយា និង​កូនស្រី​។
លោក សឿង ម៉ូរ៉ារិទ្ធ, ភរិយា និង​កូនស្រី​។ រូបថត ហ្វេសប៊ុក

លោក​ថ្លែង​ថា៖«ប្រសិន​ជា​បុគ្គលិក​ល្អៗ​យើង​មិន​គិតគូរ​ពី​គាត់​នៅ​ថ្ងៃ​ណា​មួយ​គាត់​​នឹង Say Goodbye ពី​ស្ថាប័ន​របស់​​យើង»។

មាន​កិច្ចការ​សំខាន់​​មួយ​ទៀត​​​ដែល​លោក​ត្រូវ​ប្រឈម។ នោះ​គឺ​ការ​​ប្រកួត​ប្រជែង​ដណ្ដើម​​ទីផ្សារ​​ទាញ​យក​​​ការ​​គាំទ្រ​ពី​អតិថិជន​ខណៈ​កម្ពុជា​មាន​​​ធនាគារ​​ឯកទេស​ចំនួន​​​ ១២ ធនាគារ​ពាណិជ្ជ​មាន ៣៦ ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​​មាន ៥៨ និង​ប្រតិបត្តិករ​ហិរញ្ញវត្ថុ​មាន​​ចំនួន​ជាង ៤០០ នៅ​ទីផ្សារ​មួយ​ដែល​មាន​ពលរដ្ឋ​សរុប​ជិត ១៥ លាន​នាក់។​

លោក​ថ្លែង​ថា​ ដើម្បី​ឲ្យ​ផលិតផល​​មួយ​​​​ត្រូវ​បាន​ទទួល​យក​ក្នុង​ទីផ្សារ​ធនាគារ​ត្រូវ​​​​​មាន​គោលនយោបាយ​ឥណទាន​​មាន​លក្ខណៈ​​បត់បែន​​បាន​នោះ​​​មាន​ន័យ​ថា​ធនាគារ​​អនុញ្ញាត​ឲ្យ​អតិថិជន​យក​ប្រាក់​ដើម​មក​បង់​មុន​​កាល​កំណត់ ឬ​បង់​មួយ​ផ្នែក​ដោយ​​ធនាគារ​​ពុំ​មាន​ការ​ពិន័យ។​ ទី ២ គឺ​ការ​ប្រាក់​ប្រកួត​ប្រជែង។ មិន​ថ្លៃ​ជាង​​គេ​ហើយ​ក៏​មិន​ថោក​ជាង​គេ។ ទី ៣ គឺ​កត្តា​ធនធាន​មនុស្ស។ នោះ​គឺ​បុគ្គលិក​មាន​សីលធម៌​ខ្ពស់ និង​ស្អាតស្អំ​។

បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​​ធនាគារ​ជាតិ​ចេញ​​ផ្សាយ​​ឆ្នាំ​ ២០១៥ ធនាគារ​​ឯកទេស​ ឈីហ្វ មាន​ចំណែក​ទីផ្សារ ១,៤ ​ភាគរយ​ដោយ​​​ទទួល​​បាន​​ចំណាត់​​ថ្នាក់​លេខ​ពីរ​ក្នុង​ចំណោម​​ធនាគារ​ឯកទេស​ទាំង ១២។ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ទទួល​បាន​ចំណែក​​ទីផ្សារ​ ២,៤ ភាគរយ​ក្នុង​​ចំណោម​ចំណែក​ទីផ្សារ​សរុប​របស់​​​ធនាគារ​ឯកទេស​ជាង ៧.៦ ភាគរយ​។ លោក សឿង ម៉ូរ៉ារិទ្ធ មាន​សុទិដ្ឋិនិយម​ចំពោះ​ច្បាប់​គ្រប់គ្រង​ និង​ប្រតិបត្តិ​ក្នុង​វិស័យ​ធនាគារ​ទាំង​មូល​។​

លោក​ថ្លែង​ថា ​ប្រសិន​ជា​ពុំ​មាន​ច្បាប់​ទាំង​​នេះ​ទេ​ធនាគារ​ជាតិ​នឹង​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង។ ច្បាប់​សំខាន់ៗ​ដែល​អនុម័ត​មាន​ដូចជា​ច្បាប់​អភិបាល​កិច្ច​ដូចជា​ការ​ត្រួតពិនិត្យ​ផ្ទៃក្នុង កាតព្វកិច្ច​ដើមទុន ដូចជា​គោលការណ៍​នៃ​ការ​ការពារ​​​អតិថិជន​ និង​បទប្បញ្ញត្តិ​ប្រុងប្រយ័ត្ន​ជាដើម​។

កន្លង​មក​​មាន​ការ​លើក​ឡើង​ថា​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​​អាច​ជា​កន្លែង​ងាយ​ស្រួល​សម្រាប់​ការ​លាង​លុយ​ប៉ុន្ដែ​​សម្រាប់​ ម៉ូរ៉ារិទ្ធ មិន​មាន​ទុទិ្ទដ្ឋិនិយម​ចំពោះ​​ការ​ចោទ​បែប​នោះ​ទេ។

លោក​បាន​និយាយ​ថា ​ចំពោះ​ប្រព័ន្ធ​តាមដាន​លំហូរ​លុយ​ចេញ​ ឬ​ចូល​នៃ​​សាច់​ប្រាក់​​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​គឺ​មិន​​​អាក្រក់​ពេក​ទេ​អាច​ទទួល​​យក​បាន​។​ «ខ្ញុំ​យល់​ថា​ប្រព័ន្ធ​នៃ​​ការ​គ្រប់គ្រង​ការ​លាង​លុយ​ដែល​ខ្ញុំ​បាន​ទៅ​ចូលរួម​សិក្ខា​សាលា​ដែល​រៀបចំ​ឡើង​​ដោយ​ធនាគារ​ជាតិ និង​​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ភាព​អាច​​ទទួល​​យក​បាន​ក្នុង​ការ​តាមដាន​ប្រភព​លុយ​ដែល​ចូល​​មក​​ក្នុង​ប្រទេស​​របស់​យើង»។

លោក​បាន​បន្ថែម​​​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ប្រព័ន្ធ​នេះ​នឹង​​ត្រូវ​បាន​ពង្រឹង​ឲ្យ​ខ្លាំង​ជាង​នេះ​​បន្ត​​ទៅ​ទៀត​ដើម្បី​កំណត់​ប្រភព​លុយ​ចេញ-ចូល»។

ជាទូទៅ​លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​រីកចម្រើន​នៃ​វិស័យ​​ធនាគារ​នា​ពេល​បច្ចុប្បន្ន​ដោយ​ថ្លែង​ថា​ទ្រព្យសកម្ម​នៃ​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​គ្រប​ដណ្តប់​​ដោយ​ប្រព័ន្ធ​​ធនាគារ​ជាង ៩០ ភាគរយ។ ​«តាម​គំនិត​ខ្ញុំ​វិស័យ​ធនាគារ​ចូលរួម​ចំណែក​យ៉ាងច្រើន​ទៅ​ដល់​ការ​អភិវឌ្ឍ​វិស័យ​​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​យើង»។

លោក ម៉ូរ៉ារិទ្ធ បាន​ទស្សន៍ទាយ​​ថា​ក្នុង​រយៈពេល​ ៥ ឆ្នាំ ទៀត​វិស័​យធនាគារ​នឹង​មាន​ការ​រីក​ចម្រើន​ជាង​ពេល​បច្ចុប្បន្ន​ព្រោះ​ថា​ទី​ ១ នឹង​​មាន​​ការ​ពង្រឹង​​​​បន្ថែម​ទៅ​លើ​ការ​គ្រប់គ្រង​តាមរយៈ​បទបញ្ជា​ត្រួតពិនិត្យ និង​ច្បាប់​របស់​ធនាគារ​ជាតិ។ ទី ២ គឺ​ការ​​គោរព​​បទបញ្ជា​ទាំងនោះ​ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ធនាគារ​ទាំង​មូល​​មាន​ដំណើរការ​​ល្អ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​អាច​​ទាក់ទាញ​​​​ទំនុក​ចិត្ត​ពី​សាធារណជន​បាន​យ៉ាងច្រើន​នោះ​មាន​​ន័យ​ថា​លុយ​​ដែល​​ប្រជាជន​ទុក​នៅ​ផ្ទះ​នៅ​ក្រោម​ខ្នើយ​ប្រហែល​ជា​កាត់​បន្ថយ​។ ​

លោក​ថ្លែង​ថា៖ «ខ្ញុំ​ជឿជាក់​ថា​មាគ៌ា​របស់​យើង​​អាច​​សម្រេច​ទៅ​បាន​ហើយ​​ក៏​ជា​សំណុំ​យុទ្ធសាស្រ្ត​​ដែល​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ចូលរួម​ទាំងអស់»។ ប៉ុន្ដែ​វិស័យ​​នេះ​ច្បាស់​ណាស់​ទាមទារ​នូវ​ស្ថិរភាព​​នយោបាយ​។​​ «ប្រសិន​​ជា​កត្តា​នយោបាយ​ឡើង​​កម្តៅ​វា​អាច​ជះឥទ្ធិពល​​អវិជ្ជមាន​លើ​វិស័យ​ផ្សេងៗ​ទាំងអស់​មិន​ត្រឹម​តែ​ធនាគារ​ទេ​អាច​ប៉ះពាល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ទាំង​មូល​តែ​ម្ដង»។

ទោះ​ជា​យ៉ាង​ណា​លោក​បាន​​កត់សម្គាល់​ថា​បច្ចុប្បន្ន​អតិថិជន​មាន​​​ជីវភាព​ធូរ​ជាង​មុន​ពីព្រោះ​​ថា​នៅ​ពេល​លទ្ធផល​អត្រា​​​កម្ចី​មិន​សង​​មាន​​កម្រិត​​សូន្យ (MPL= 0) នោះ​បញ្ជាក់​ថា​អតិថិជន​មាន​​ជីវភាព​​ធូរធារ​ជាង​មុន។​ «យើង​វិភាគ​លើ​លទ្ធភាព​សង​របស់​គាត់​​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឥណទាន​យើង​​​អត់​​​មាន​បញ្ហា​ហើយ​អតិថិជន​​របស់​យើង​មាន​ជីវភាព​ធូរធារ​ព្រោះ​គាត់​អត់​មាន​​បាត់បង់​ផ្ទះ​ ឬ​ដី​ដែល​ដាក់​បញ្ចាំ​នៅ​ធនាគារ​ទេ»៕

រាយការណ៍​បន្ថែម​៖ តាំង រីនិត្យ/សហការ​ផលិត VIDEO ដោយ គាំ ច័ន្ទរស្មី, កែវ រតនា និង ជា វណ្ណារ័ត្ន

0

Comments

Please, login or register to post a comment