Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តែម ម៉ឺន៖ សុំ​ទទួល​យក​ការ​រិះគន់​ស្ថាបនា​ចំពោះ​កីឡា​ប្រដាល់

Content image - Phnom Penh Post
លោក​ឧត្ដម​សេនីយ៍​ឯក តែម ម៉ឺន ពេល​ប្រគល់​រង្វាន់​ជើងឯក​ដល់​កីឡាករ​ប្រដាល់​កន្លង​មក។ ស្រេង ម៉េងស្រ៊ុន

តែម ម៉ឺន៖ សុំ​ទទួល​យក​ការ​រិះគន់​ស្ថាបនា​ចំពោះ​កីឡា​ប្រដាល់

លោក​ឧត្តមសេនីយ៍​ ឯក តែមម៉ឺន គឺជា​​អ្នក​ដឹកនាំ​សកម្មភាព​កីឡា​ជាច្រើន​ស្ថាប័ន​សំខាន់ៗ​រួមមាន​ដូចជា​សមាជិក​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ​ សមាជិក​ប្រតិបត្តិ​បាល់ទះ​ បាល់ទាត់ អត្តពលកម្ម​​ ប្រធាន​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​។ នៅក្នុង​ការ​បំពេញ​កិច្ចការ​ច្រើន​បែប​នេះ​លោក​មិន​បាន​គិត​ថា​អ្វីៗ​សុទ្ធតែ​ល្អ​ឥតខ្ចោះ​នោះ​ទេ​ផ្ទុយ​ទៅ​វិញ​លោក​តែង​បើក​ចំហ​ទទួល​យក​នូវ​ការ​រិះគន់​ស្ថាបនា​ជានិច្ច​ពិសេស​ផែ្នក​កីឡា​ប្រដាល់​។

នៅ​ក្នុង​បទសម្ភាស​ផ្ទាល់​ជាមួយ​ក្រុម​ការងារ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ដែល​ផ្តោត​ទៅ​លើ​សកម្មភាព​ប្រកួត​កីឡា​ប្រដាល់​ប្រចាំ​សប្តាហ៍​ដ៏មមា​ញឹក​ និង​ពេញ​និយម​​ក្នុង​ស្រុក​នោះ​លោក​ តែម ម៉ឺន មាន​ចំណាប់​អារម្មណ៍ និង​គាំទ្រ​ទទួល​យក​ការ​រិះគន់​ពី​អ្នក​ទស្សនា​ក៏​ដូច​មហាជន​ដើម្បី​ស្ថាបនា​កែលម្អ​ឲ្យ​ប្រភេទ​កីឡា​ប្រដាល់​កាន់​តែ​មាន​ប្រជាប្រិយភាព​ និង​គុណភាព​ហើយ​ការ​សម្រេច​សេចក្តី​នៃ​ការ​ប្រកួត​មាន​តម្លាភាព​ទទួល​យក​បាន​ទាំងអស់​គ្នា​។

លោក​ តែម ម៉ឺន បាន​មាន​ប្រសាសន៍​ថា​៖ នៅ​ក្នុង​មួយ​សប្តាហ៍​យើង​មាន​មន្ត្រី​បច្ចេកទេស​មាន​ការងារ​ធ្វើ​ជា​ចៅក្រម​អាជ្ញាកណ្តាល​ និង​ក្រុម​វិនិច្ឆ័យ​និង​ថ្នាក់ដឹកនាំ​ចំនួន​​ ១៨០ ​នាក់​ចេញ​បំពេញ​ការងារ​ប្រកួត​តាម​សង្វៀន​ចំនួន​ ៦ ​នៅ​​ស្ថានីយ​ទូរទស្សន៍​ផ្សេងៗ​ពី​គ្នា​ដែល​ផ្សាយ​ផ្ទាល់​ និង​មាន​កម្មវិធី​ប្រកួត​ចំនួន​ ១៥ ​លើក​។ ​ជាមួយ​គ្នា​នេះ​ផ្នែក​កីឡាករ​ដែល​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បង្វឹក​តាម​ក្លិប​ទូទាំង​ប្រទេស​ដែល​មាន​ជិត​ ១០០ ​ក្លិប​បាន​បញ្ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​មួយ​សប្តាហ៍​មាន​ចំនួន​ចាប់​ពី​ជាង​ ១៥០ ​នាក់​ឡើង​ទៅ​។ ​

លោក​ តែម ម៉ឺន ​បាន​បន្ត​ថា​នៅ​ក្នុង​សកម្មភាព​ប្រកួត​នេះ​ទាំង​មន្ត្រី​បច្ចេកទេស​ទាំង​កីឡាករ​ទាំង​តំណាង​ក្លិប​នីមួយៗ​សុទ្ធតែ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទាំងអស់​ពី​កម្មវិធី​ប្រកួត​ទៅ​តាម​សមត្ថភាព​ និង​ការ​បែងចែក​ទំហំ​ការងារ​ និង​តួនាទី​។

ទាក់ទង​ទៅ​នឹង​ប្រាក់​ចំណូល​ ឬ​តម្លៃ​ខ្លួន​វិញ​លោក​ តែម ម៉ឺន ​បាន​ឲ្យ​ដឹង​ថា​៖ អាជ្ញា​កណ្តាល​ចៅក្រម​គណៈកម្មការ​​វិនិច្ឆ័យ​ និង​ថ្នាក់ដឹកនាំ​ទទួល​បាន​ប្រាក់​ចាប់ពី​ ១២ ​ដុល្លារ​ដល់​ ២៥ ដុល្លារ​ក្នុង​ពេល​ប្រកួត​មួយ​លើកៗ​ទៅ​តាម​ទីកន្លែង និង​តួនាទី​ផង​ដែរ​។ ​ជាមួយ​គ្នា​នោះ​ដែរ​ក្លិប​ប្រដាល់​ណា​ដែល​បាន​បង្វឹក​ និង​បញ្ជូន​កីឡាករ​ចូលរួម​ប្រកួត​ម្នាក់​ត្រូវ​ទទួល​បាន​ប្រាក់​ពី ១៥ ​ដុល្លារ​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ខ្មែរ​ដូច​គ្នា​ និង​ចំនួន​ ៣០ ​ដុល្លារ​សម្រាប់​គូ​អន្តរជាតិ​។

ចំពោះ​កីឡាករ​ដែល​មាន​ឱកាស​បាន​ឡើង​ប្រកួត​ប្រាក់​តម្លៃ​ខ្លួន​ដែល​ទទួល​បាន​គឺ​ចាប់ពី​ ២០ ​ម៉ឺន​រៀល​ដល់​ ៦០ ​ម៉ឺន​រៀល​សម្រាប់​គូ​ខ្មែរ​ដូច​គ្នា​ចំណែក​ឯ​គូ​ប្រកួត​អន្តរជាតិ​ទទួល​បាន​ចាប់ពី​ ២៥០ ​ដុល្លារ​ដល់​ ៥០០ ​ដុល្លារ​ទៅ​តាម​កម្រិត​វិជ្ជាគុន​ និង​ប្រភេទ​ទម្ងន់​ព្រម​ទាំង​ប្រិយភាព​ផង​ដែរ​ ។ ​ក្នុង​នោះ​ដែរ​សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ ឬ​ខ្សែ​ក្រវាត់​តម្លៃ​ខ្លួន​មាន​ចាប់​ពី​ ១០០​ ដល់​ ៥០០ ​ដុល្លារ​ពិសេស​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​មាន​ប្រាក់​រង្វាន់​មាន​ ៣​០០០ ​ដុល្លារ​មាន​ ៤០០០ ​ដុល្លារ​ ៥០០០ ​ដុល្លារ​ និង​មាន​ដល់​ ១០​០០០ ​ដុល្លារ​ផង​ដែរ​។

សកម្មភាព​ប្រកួត​ប្រដាល់​ដ៏​ពេញនិយម​ដែល​ជា​កីឡា​ប្រពៃណី​ផង​នោះ​គឺ​បាន​ផ្តល់​ការ​កម្សាន្ត​ជូន​ប្រជាពលរដ្ឋ​ផង​ហើយ​ក៏​ជា​ប្រភព​រក​ប្រាក់​ចំណូល​ដ៏សំខាន់​ជូន​ដល់​មន្ត្រី​បច្ចេកទេស​កីឡាករ​ គ្រូបង្វឹក​ក្នុង​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ទាំង​ស្រុង​ដែល​យើង​អាច​និយាយ​ថា​បាន​កាត់​បន្ថយ​​ភាព​ក្រីក្រ​មួយ​ផ្នែក​ដែរ​ក្នុង​ការ​ជួយ​សង្គម​។

ចំពោះ​​សំណួរ​ពី​សកម្មភាព​ប្រកួត​កន្លង​មក​គ្រប់​សង្វៀន​ទាំង​ ៦ ​មាន​បាយ័ន​,​ប៉ុស្តិ៍​ Tv5,CTN PNN CNC ​Apsara SEATV ​ហើយ​អ្នក​ទស្សនា​តែង​តែ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​អំពី​ការ​កាត់​ក្តី​មិន​យុត្តិធម៌​,​បញ្ហា​ភ្នាល់​លុយ​ដែល​មាន​ឥទ្ធិពល​បង្វែរ​លទ្ធផល​ តើ​ឯកឧត្តម​ត្រូវ​បកស្រាយ​យ៉ាង​ណា​ដែរ?

លោក​ តែម ម៉ឺន ​បាន​មាន​ប្រសាសន៍​ថា​៖ «​ជា​ដំបូង​ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​រិះគន់​ពី​អ្នក​ទស្សនា​ពីព្រោះ​ខ្ញុំ​ចាត់​ទុក​ពួកគាត់​ជា​អ្នក​ចូលរួម​អាច​ជួយ​ជា​គំនិត​ដើម្បី​ស្ថាបនា​ជួយ​កែ​ឲ្យ​បាន​ល្អ​នោះ​ហើយ​ជា​ការ​អរគុណ​ និង​ទទួល​យក​បាន​គ្រប់​បញ្ហា​ដែល​បាន​កើតឡើង​។ ​

លោក​បន្ត​ថា​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម ​អាជ្ញាកណ្តាល​ និង​គណៈវិនិច្ឆ័យ​គឺ​មាន​ភាគរយ​ត្រឹមត្រូវ​ច្រើន​ជាង​ដាច់ខាត​ចំណែក​ភាព​ខុស​ឆ្គង​ពិតជា​មាន​តិចតួច​ហើយ​នៅ​លើ​ពិភពលោក​គឺ​​មាន​កើតឡើង​ដូច​គ្នា​។ ​

លោក​បាន​លម្អិត​ថា​៖ ​ចំណុច​ដែល​ជា​បញ្ហា​នោះ​ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​ក្នុង​ពេល​ភាគី​កីឡាករ​ប្រកួត​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ហេតុ​នោះ​ហើយ​បាន​ជា​ចៅក្រម​ទាំង​ ៥ ​ត្រូវ​បាន​ផ្តល់​ពិន្ទុ​មិន​ឯកច្ឆន្ទ​គឺ​មាន​លទ្ធផល​ ៤ ​ទល់​ ១ ​ឬ​ ៣ ​ទល់​ ២​ នោះ​ជាដើម​។ ខ្ញុំ​ទទួល​ស្គាល់​ថា​មាន​ចៅក្រម​ខ្លះ​អសមត្ថភាព​ និង​មាន​សមត្ថភាព​ដែល​បាន​ប្រព្រឹត្ត​ខុស​ដោយ​ចេតនា​ក្តី​អចេតនា​ក្តី​ប៉ុន្តែ​នៅ​ក្នុង​កម្រិត​ដាក់​ពិន័យ​មាន​ថ្នាក់​ទី ១ ទី​ ២ ទី​ ៣​ និង​បណ្តេញ​ចេញ​ពី​ជួរ​គណៈកម្មការ​ប៉ុន្តែ​កន្លង​មក​យើង​មិន​ទាន់​ដាក់​ពិន័យ​ដល់​ថ្នាក់​កាត់​ចេញ​នោះ​ឡើយ​គឺ​ត្រឹម​កម្រិត​ទី​ ១ ​និង​ទី ២​»។

ទោះ​ជា​យ៉ាង​ណា​លោក តែមម៉ឺន បាន​អះអាង​ថា​នៅក្នុង​សង្គម​កីឡា​ធនធាន​កម្រិត​យល់ដឹង​របស់​កីឡាករ​ក្តី​មន្ត្រី​ជា​គណៈកម្មការ​ក្តី​គឺ​មាន​ចំណេះដឹង​មិន​ខ្ពស់​ដូច​ស្ថាប័ន​ដទៃ​ទេ​ហើយ​ភាគច្រើន​មន្ត្រី​ដែល​យើង​បណ្តុះបណ្តាល​គឺ​យក​មកពី​កីឡាករ​ចាស់ៗ​មន្ត្រី​ចូល​និវត្តន៍​ហេតុ​នេះ​ការ​គ្រប់គ្រង​យើង​ជ្រើស​យក​ការ​អប់រំ​ឲ្យ​អស់​លទ្ធភាព​សម្រុះ​សម្រួល​តាម​មធ្យោបាយ​អហិង្សា​ដោយ​មាន​ការ​អនុគ្រោះ​ច្រើន​បំផុត​។ ​នេះ​គឺ​ស្រប​ទៅ​នឹង​ច្បាប់​កីឡា​ជាតិ​ក៏​ដូច​អន្តរជាតិ​គឺ​គ្មាន​ហិង្សា​ ឬ​ទណ្ឌកម្ម​ជា​បទព្រហ្មទណ្ឌ​នោះ​ឡើយ​។

ចំណែកឯ​ការ​ភ្នាល់​ដាក់​លុយ​ ឬ​មាន​ការ​ទិញ​លក់​កីឡាករ​ឲ្យ​ធ្វើ​ពុត​ចាញ់​ពេល​ប្រកួត​ជា​ថ្នូរ​នឹង​សំណូក​នោះ​លោក តែមម៉ឺន បញ្ជាក់​ថា​បញ្ហា​នេះ​គឺ​វា​ផ្ទុយ​ពី​ច្បាប់​កីឡា​ជាតិ​ និង​អន្តរជាតិ​ព្រម​ទាំង​រាជរដ្ឋាភិបាល​មាន​បទបញ្ជា​ហាមឃាត់​ប៉ុន្តែ​រឿង​ទាំង​នេះ​វា​តែងតែ​កើតឡើង​ក្នុង​ទីផ្សារ​ងងឹត​តែ​ប៉ុណ្ណោះ​ហើយ​ក៏លំបាក​រហូត​ដល់​សមត្ថកិច្ច​ចាត់​វិធានការ​បង្ក្រាប​ផង​ដែរ​។

ទោះ​ជា​យ៉ាង​ណា​ក្តី​ក្នុង​នាម​លោក​ជា​ថ្នាក់ដឹកនាំ​កីឡា​ប្រដាល់​លោក​បញ្ជាក់​អះអាង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ល្បែង​ភ្នាល់​ក្នុង​កីឡា​ហើយ​មន្ត្រី​ ឬ​កីឡាករ​ណា​ដែល​ប្រព្រឹត្ត​ខុស​មាន​ភ័ស្តុតាង​ច្បាស់លាស់​យើង​នឹង​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ដែល​បាន​កំណត់​។ ​

លោក​បន្ថែម​ថា​ ថ្នាក់​សហព័ន្ធ​នៅ​តែ​បន្ត​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ និង​សុំ​ទទួល​យក​នូវ​ការ​រិះគន់​ពី​អ្នក​ទស្សនា​ដែល​រិះគន់​បែប​ណា​ខ្លះ​ចំណុច​ណា​ខ្លះ​ដើម្បី​ជួយ​ឲ្យ​បាន​ល្អ​ហើយ​ទស្សនា​ជា​គោលការណ៍​សហព័ន្ធ​ចង់​ឲ្យ​កីឡាករ​ចេញ​ប្រកួត​គ្រប់​ប៉ុស្តិ៍​គ្រប់​សង្វៀន​​ដោយ​គ្មាន​ការ​ហាមឃាត់​ ឬ​រើសអើង​ទេ​ប៉ុន្តែ​សម្រាប់​ប្រភេទ​កីឡាករ​នៅ​ស្រុក​យើង​មាន​តែ​ពីរ​ប្រភេទ​គឺ​ត្រឹម​ស្ម័គ្រ​ចិត្ត​ និង​ពាក់​កណ្តាល​អាជីព​។ អ៊ីចឹង​ហើយ​អាស្រ័យ​លើ​ការ​ឯកភាព​គ្នា​រវាង​កីឡាករ​ និង​ម្ចាស់​កម្មវិធី​ ឯ​ខាង​សហព័ន្ធ​គ្រាន់តែ​ជួយ​សម្រួល​​ឲ្យ​បាន​ប្រកួត​ប៉ុណ្ណោះ​។

ទាក់ទង​ទៅ​នឹង​​ជីវិត​ផ្ទាល់​ខ្លួន​លោក​ តែម​ ម៉ឺន​ បាន​ផ្តល់​ជា​សង្ខេប​ថា​លោក​កើត​នៅ​ឆ្នាំ​ ១៩៥៨​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្ទឹងវែង ឃុំ​ស្ទឹងវែង ខណ្ឌ​មណ្ឌលសីមា ខេត្ត​កោះកុង​ និង​បាន​ធំ​ដឹង​ក្តី​បាន​រៀនសូត្រ​រហូត​ដល់​ឆ្នាំ​ ១៩៧៥​។ ​ដោយ​ស្រុក​យើង​មាន​សង្គ្រាម​នោះ​លោក​បាន​និរទេស​ទៅ​រស់នៅ​ក្រៅ​ប្រទេស។ ​

លុះ​ដល់​ឆ្នាំ​ ១៩៧៩ ​បាន​វិល​មក​ធ្វើ​កងទ័ព​នៅ​ដើម​ខែ​មករា​ឆ្នាំ​ ១៩៧៩ ​និង​បាន​រៀបការ​នៅ​ឆ្នាំ​ ១៩៨១ ​ជាមួយ​ភរិយា​ជា​កងទ័ព​ដូច​គ្នា​ដោយ​បច្ចុប្បន្ន​មាន​កូន​ប្រុស​ពីរ​នាក់​សព្វ​ថ្ងៃ​ធ្វើ​ជា​កងទ័ព​។​ នៅ​ក្នុង​វិស័យ​កងទ័ព​លោក​បំពេញ​ការងារ​ផង​រៀនសូត្រ​ឆ្លង​វគ្គ​ផ្សេងៗ​បន្ថែម​ទៀត​ផង​។​

នៅ​ឆ្នាំ​ ១៩៩២​ លោក​ទទួល​បាន​ការ​ផ្តល់​តួនាទី​ជា​នាយក​មជ្ឈមណ្ឌល​កីឡា​យោធពល​ខេមរភូមិន្ទ​ជា​បន្តបន្ទាប់​មក​ទល់​បច្ចុប្បន្ន​ដោយ​មាន​តួនាទី​គ្រប់គ្រង​កីឡា​ក្នុង​កងទ័ព​ចំនួន ១២ ​ប្រភេទ​ និង​បាន​គ្រប់គ្រង​ស្ថាប័ន​កីឡា​សំខាន់ៗ​ដទៃ​ទៀត​៕

0

Comments

Please, login or register to post a comment