Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ទឹកដី​ខ្មែរ​បាត់បង់​​​ក៏​ដោយសារ​យើង បានមកវិញក៏ដោយសារយើង ​សូម​កុំ​បន្ទោស​បរទេស

លោក សំបូរ ម៉ាណារ៉ា ផ្ដល់​បទសម្ភាស​ក្នុង​ការិយាល័យ​របស់​លោក។
លោក សំបូរ ម៉ាណារ៉ា ផ្ដល់​បទសម្ភាស​ក្នុង​ការិយាល័យ​របស់​លោក។ រូបថត កែវ រតនា

ទឹកដី​ខ្មែរ​បាត់បង់​​​ក៏​ដោយសារ​យើង បានមកវិញក៏ដោយសារយើង ​សូម​កុំ​បន្ទោស​បរទេស

កាលពី​សប្ដាហ៍​មុន​លោក​សាស្ដ្រាចារ្យ​ប្រវត្តិសាស្ដ្រ សំបូរ ម៉ាណារ៉ា បាន​ចែករំលែក​អំពី​គោល​គំនិត​ដឹកនាំ​របស់​ក្សត្រ​សម័យ​អង្គរ​ដែល​អប់រំ​សង្គម​អំពី​សាមគ្គីភាព​គ្នា​ជា​ធ្លុង​មួយ​ពី​លើ​រហូត​ដល់​ក្រោម និង​ជា​គន្លឹះ​មួយ​ធ្វើ​ឲ្យ​ខ្មែរ​សម័យ​នោះ​រួម​គ្នា និង​បាន​កសាង​ជាតិ​ឲ្យ​រុងរឿង។

សប្ដាហ៍​នេះ​លោក​ថ្លែង​អំពី​មូលហេតុ​នៃ​ការ​បែកបាក់ ការ​បាត់បង់​ទឹកដី សង្គ្រាម ចម្បាំង​រាំងជល និង​ឱនភាព​នៃ​សេដ្ឋកិច្ច​ជាតិ។

យោង​តាម​ប្រវត្តិសាស្ដ្រ​ខ្មែរ​បាន​បញ្ជាក់​ថា​សង្គ្រាម​នៅ​ទឹកដី​កម្ពុជា​តាំងពី​សម័យ​បុរាណ​មក​កើតឡើង​ដោយសារ​កត្ដា​ធំៗ​ពីរ​យ៉ាង គឺ៖ ទី ១ អសមត្ថភាព​នៃ​ការ​គ្រប់គ្រង​ទឹកដី និង ទី ២ គឺ​ការ​បណ្ដុះ​គំនិត​អប់រំ​ខុស​ដូចជា​ការ​ស្អប់​គ្នា​ឯង​មហិច្ឆតា​ហួសហេតុ និង​ភាព​សួន​តួនិយម​ពេក។ សូម​ជូន​ឧទាហរណ៍​ក្នុង​ប្រវត្តិសាស្ដ្រ​ខ្មែរ​ដូច​តទៅ។

នៅ​ចន្លោះ​គ្រិស្ដ​សករាជ ឆ្នាំ ៥៥០ ដល់​គ្រិស្ដសករាជ ឆ្នាំ ៨៥០ សង្គ្រាម​បងប្អូន​រវាង​អាណាចក្រ​ចេនឡា​ទឹក និង​អាណាចក្រ​ភ្នំ។ ភាគី​ទាំង​ពីរ​បាន​ប្រទូសរ៉ាយ​គ្នា​ប្រមាណ ៣០០ ឆ្នាំ​ទើប​ចេនឡាទឹក​វាយ​ដណ្ដើម​បាន​ទឹកដី​ទាំង​មូល​ដោយ​បាន​រួបរួម​ទឹកដី​តែ​មួយ។ ការ​អប់រំ​នៅ​សម័យ​នោះ​គឺ​អ្នក​ចេនឡា​ទឹក​ស្អប់ អ្នក​ចេនឡា​ភ្នំ ដោយ​ក្ដី​ប្រមាថ និង​មាន​គំនុំ​សងសឹក។ មនុស្ស​កើត​មក​ត្រូវ​បាន​ភាគី​ទាំង​សង​ខាង​បណ្ដុះ​គំនិត​ឲ្យ​មាន​កំហឹង ស្រឡាញ់ ស្អប់ និង​ការ​សងសឹក​គ្នា បក្ខ​ពួកនិយម​តាម​គំនិត​ដូនតា​របស់​ខ្លួន។

ចុះ​ហេតុអ្វី​បាន​ជា​អាណាចក្រ​ចេនឡា​ទឹក​ទៅ​វាយ​កាន់កាប់​អាណាចក្រ​ភ្នំ? នោះ​គឺ​ដោយសារ​តែ​អាណាចក្រ​ភ្នំ​ខ្លួនឯង​អស់​សុពលភាព​គ្រប់គ្រង​សមត្ថភាព​ការពារ​ខ្លួន​អន់ខ្សោយ និង​ការ​គ្រប់គ្រង​ពឹង​ផ្អែក​តែ​លើ​ជាតិសាសន៍​ផ្សេង។ ពេល​នោះ​អ្នក​ចេនឡា​ទឹក​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​បាន​គិត​ថា «ត្រូវ​តែ​វាយ​ដើម្បី​បង្រួបបង្រួម​ទឹកដី​តែ​មួយ»។ ចម្បាំង​រាំងជល​ជាង ៣០០ ឆ្នាំ​ក្នុង​ទឹកដី​ខ្មែរ​នា​ពេល​នោះ​ចេនឡាទឹក​បាន​ឈ្នេះ​សង្គ្រាម​ក្នុង​សភាព​ទន់ដៃ ទន់ជើង ស្បៀង​ជាតិ​ស្ទើរ​តែ​អស់​រលីង​សេដ្ឋកិច្ច​ជាតិ​អន់ខ្សោយ​ពលរដ្ឋ​រស់នៅ​ក្នុង​សភាព​ក្រីក្រ តោកយាក សង្គម​ច្របូក​ច្របល់​មនុស្ស​ខ្វះ​ការ​អប់រំ។

លោក​សាស្រ្ដាចារ្យ​បាន​ពន្យល់​ថា៖ «ពេល​អាណាចក្រ​ភ្នំ​ដួលរលំ ចេនឡាទឹក​ក៏​ចង់​រក​កល​ដួល​ដែរ​បាន​ឈ្នះ​មែន​តែ​អស់​ធនធាន​ជាតិ​រលីង។ នេះ​មកពី​មិន​គិត​ពី​ខ្មែរ​គ្នា​ឯង​គិត​តែ​ពី​មហិច្ឆតា។ ត្រង់​នេះ​បញ្ជាក់​ថា​ប្រទេស​ជាតិ​ត្រូវការ​ពេលវេលា​ជាង ៣០០ ឆ្នាំ​គុណ​នឹង​បី​ដង​ដើម្បី​អប់រំ​ផ្សះផ្សា​អំពី​សេចក្ដី​ស្រឡាញ់​យុត្តិធម៌ និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ឡើង​វិញ»។

ហ្វានជីមាណ ជា​ស្តេច​ខ្លាំង​មួយ​អង្គ​នៅ​សម័យ​ហ្វូណន​តែ​ខ្វះ​សមត្ថភាព​អប់រំ​កូន។ ទ្រង់​ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​ប្រទេស​រីកចម្រើន​មែនទែន​តែ​ពេល​សោយ​ទិវង្គត​ទៅ​បុត្រ​ទាំងអស់​របស់​ទ្រង់​បាន​ឈ្លោះ​គ្នា​ សម្លាប់​គ្នា បីបួន​តំណ​នៃ​រាជវង្ស​ធ្វើ​ឲ្យ​រាស្រ្ត​ជ្រួលច្របល់​គ្មាន​សន្ដិភាព។ នេះ​គឺ​ការ​អប់រំ​ឲ្យ​ស្អប់​គ្នា​ដើម្បី​តែ​មហិច្ឆតា​ខ្លួនឯង។ សង្គ្រាម​កើតឡើង​ព្រោះ​អប់រំ​ខុស។ យើង​មិន​ត្រូវ​ធ្វើ​បែប​នេះ​ដាក់​កូនចៅ​យើង​ទៀត​ទេ។

នៅ​ឆ្នាំ ១៤០០ ប្លាយ ស្ដេច​ពញាយ៉ាត​ក្រោយ​ពី​បាន​មក​សោយរាជ្យ​នៅ​ភ្នំពេញ​បាន​សោយ​ទិវង្គត​មាន​វិវាទ​បែងចែក​ទឹកដី​ជា​បី។ ទឹកដី​របស់​ព្រះស្រីរាជា​ទឹកដី​ព្រះធម្មរាជា និង​ទឹកដី​របស់​ព្រះស្រី​សូរិយាវង្ស ម្ខាង​នៅ​ខាង​កើត​ក្រុង​ម្ខាង​នៅ​កណ្តាល​ម្ខាង​នៅ​ម្ដុំ​ខេត្ត​ពោធិ៍សាត់។ «អារឿង​នេះ​កើត​មកពី​មហិច្ឆតា​ដោយសារ​តែ​យើង​មិន​ផ្សំផ្គុំ​គំនិត​អប់រំ​នេះ​ជា​គុណវិបត្តិ»។

ក្នុង​ប្រវត្តិសាស្ដ្រ​ទំនើប​ដែល​មនុស្ស​ខ្មែរ​កំពុង​រស់នៅ​ភាគច្រើន​បាន​ឆ្លងកាត់​ដោយ​ផ្ទាល់​នោះ​គឺ​សង្គ្រាម​ក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៧០ មក​ដល់​ដើម​ឆ្នាំ ១៩៩៧។ តើ​កម្ពុជា​មាន​សភាព​ទន់ជ្រាយ​ដូចម្ដេច​ខ្លះ​ក្រោយ​ពី​សង្គ្រាម​ជាង ៣ ទសវត្សរ៍? កម្ពុជា​ទើប​តែ​ស្គាល់​សន្ដិភាព​បាន ១៨ ឆ្នាំ​ប៉ុណ្ណោះ​ដើម្បី​ផ្សះផ្សា​ផ្លូវ​ចិត្ត​មនុស្ស​ឲ្យ​ទុក​ចិត្ត​គ្នា និង​ផ្ដល់​ឱកាស​ដើម្បី​អភិវឌ្ឍ​ប្រទេស​ឡើង​វិញ។ ក្នុង​សង្គ្រាម​ទសវត្សរ៍ ៨០ អ្នក​ក្រុង​ភ្នំពេញ​ណែនាំ​កូនចៅ​ថា​ខ្មែរ​ក្រហម​អាក្រក់​ណាស់​ប៉ុន្តែ​ភាគី​រដ្ឋាភិបាល​ចម្រុះ​នៅ​ព្រំដែន​ថៃ​អប់រំ​ថា​ខាង​ភ្នំពេញ​សុទ្ធ​តែ​ក្បាល​យួន​ខ្លួន​ខ្មែរ។ នេះ​ជា​ការ​បង្រៀន​ឲ្យ​ស្អប់​គ្នា។

ឆ្នាំ ១៩៩៤ យើង​ចូល​គ្នា​វិញ​មក​អង្គុយ​ជិត​គ្នា​រាង​ភ័យ​ផង និង​ប្រយ័ត្ន​គ្នា​ទៅវិញ​ទៅមក​ផង។ «អ៊ីចឹង​ហើយ​បាន​ខ្ញុំ​សរសើរ​សម្តេច​តេជោ​ដែល​លោក​ទាញ​កងទ័ព​បញ្ចូល​គ្នា​បាន​មាន​គំនិត​រួបរួម​គ្នា​អ្នក​ខ្លះ​គិត​អត់​ដល់​ទេ។ អ្នក​ខ្លះ​ទិតៀន​នយោបាយ​ឈ្នះៗ​តែ​ខ្ញុំ​យល់​ថា​យើង​គួរ​តែ​ឲ្យ​តម្លៃ​លើ​គុណប្រយោជន៍​ជាតិ»។

លោក​ ម៉ាណារ៉ា មាន​ប្រសាសន៍​ថា៖ «សន្តិភាព​រាល់​ថ្ងៃ​បាន​មក​ដោយសារ​ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​ដែល​ស្រឡាញ់​ និង​ចង់​បាន​វា។ សម្តេចតេជោ​ក្តី​ សម្តេចតា ព្រះនរោត្តម សីហនុក្តី តួអង្គ​ទាំង​ពីរ និង​ពលរដ្ឋ​កម្ពុជា​មិន​អាច​នាំ​សន្ដិភាព​មក​បាន​ទេ​បើ​សិន​យើង​មិន​ចង់​បាន​វា។ ខ្ញុំ​អាច​ដឹក​បង្ខំ​គោ​ទៅ​ស្រះ​ទឹក​តែ​ខ្ញុំ​មិន​អាច​បង្ខំ​គោ​ឲ្យ​ផឹក​ទឹក​បាន​ទេ​ព្រោះ​វា​មិន​ស្រេក»។ លោក​សាស្ដ្រាចារ្យ​ថ្លែង​ថា៖ «ជំនាន់​ថ្មី​យើង​ត្រូវ​តែ​អប់រំ​ពលរដ្ឋ​ឲ្យ​ថ្លៃថ្នូរ។ ក្នុង​ប្រវត្តិសាស្រ្ត​ពុំ​មាន​ជំនាន់​ណា​ដែល​កម្ពុជា​មាន​សន្តិភាព​ច្រើន​ជាង ៥០ ឆ្នាំ​ទេ​ព្រោះ​យើង​មាន​ទំនាស់​ផ្ទៃក្នុង មហិច្ឆតា និង​គ្មាន​ការ​អប់រំ​ត្រឹមត្រូវ​ស្ទើរ​តែ​រហូត​មក»។

លោក សាស្រ្ដាចារ្យ សំបូរ ម៉ាណារ៉ា បាន​មាន​ប្រសាសន៍​ថា៖ «ដំបូង​ចូរ​កុំ​នាំ​គ្នា​បន្ទោស​បរទេស​ថា​គេ​បាន​ធ្វើ​ឲ្យ​បាត់​ទឹកដី​របស់​យើង​បើ​យើង​ជា​ម្ចាស់​ប្រទេស​មិន​នាំ​គ្នា​ការពារ​នោះ​មាន​ន័យ​ថា​យើង​ទាំងអស់​គ្នា​មិនមែន​ជា​ម្ចាស់​ប្រទេស​ទេ»។ លោក​បាន​ពន្យល់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ជា​កងទ័ព​ការពារ​ទឹកដី​ការពារ​ជាតិសាសន៍​ព្រម​ទាំង​មាន​ស្ថាប័ន ការទូត និង​អ្នក​ដឹកនាំ​ជាតិ​តាម​លំដាប់​ថ្នាក់​ដែល​ទាំងអស់​គ្នា​មាន​ភារកិច្ច និង​កាតព្វកិច្ច​ការពារ​ទឹកដី​របស់​ខ្លួន​មិន​ត្រូវ​ចាំ​តែ​ជំនួយ​ពី​បរទេស​ទាំង​ស្មារតី និង​ស្បៀង​ទេ​ហើយ​ក៏​មិន​ត្រូវ​បន្ទោស​បរទេស​ឡើយ​ព្រោះ​គេ​ក៏​ត្រូវការ​ផលប្រយោជន៍​ដែរ។

លោក​បាន​ស្នើ​ថា «សូម​កុំ​នាំ​គ្នា​ចង្អុល​ដាក់​គ្នា​ឯង​តែ​ត្រូវ​នាំ​គ្នា​ខំ​គិត។ ពិតមែន​ថា​កម្ពុជា​ពិបាក​យក [ទឹកដី] ដែល​បាត់បង់​មក​វិញ​តែ​យើង​មិន​គួរ​បន្ទោស​បរទេស​ទេ​ផ្ទុយ​ទៅវិញ​ត្រូវ​គិត​អំពី​ស្វ័យ​ការពារ»។

លោក​ថ្លែង​ថា «ទឹកដី​ខ្មែរ​បាត់​ដោយសារ​យើង​ហើយ​បាន​មក​វិញ​ក៏ដោយសារ​យើង​ដែរ​ដូច្នេះ​យើង​មិន​អាច​ឲ្យ​គេ​គិត​ជំនួស​យើង​ទេ»។ លោក​ថ្លែង​ថា​យុវជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ពុំ​ទាន់​យល់​ច្បាស់លាស់​អំពី​គំនិត​ប្រវត្ដិសាស្រ្ត​ជាតិ​របស់​ខ្លួន​នៅ​ឡើយ។

លោក​បន្ដ​ថា​ពលរដ្ឋ​កម្ពុជា​ដាច់ខាត​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បាត់​ទឹកដី​ទៀត​ហើយ​នាំ​គ្នា​ថែរក្សា​អ្វី​ដែល​មាន​ឲ្យ​បាន​ជា​ដាច់ខាត។ លោក​បាន​បញ្ជាក់​ថា៖ «យើង​មិនមែន​ត្រូវការ​តែ​មនុស្ស​មាន​ធនធាន​ច្រើន​ទេ​គឺ​យើង​ត្រូវការ​ធនធាន​មនុស្ស​ដើម្បី​ជួយ​គិត​ពី​ជាតិសាសន៍​ខ្លួន​ឯង»។

មក​ទល់​បច្ចុប្បន្ន​នេះ​ការ​រស់នៅ​ក្នុង​សង្គម​ខ្មែរ​មិន​ទាន់​ថ្លៃថ្នូរ និង​បរិបូរ​ដោយ​យុត្តិធម៌​សង្គម​នៅ​ឡើយ​ដោយសារ​ការ​អប់រំ​ពី​កម្រិត​មូលដ្ឋាន​មិន​បាន​ធ្វើ​ស្រុះ​គ្នា​ក្នុង​ពេល​តែ​មួយ។

លោក​បាន​ចោទ​សួរ​ថា​តើ​ព្រះសង្ឃ​ខ្មែរ ៥ ម៉ឺន​អង្គ​កំពុង​ធ្វើអ្វី? គ្រូបង្រៀន​ជាង ១០ ម៉ឺន​នាក់​ព្រម​ទាំង​ឪពុក​ម្ដាយ​របស់​សិស្ស​រាប់​សែន​នាក់​ទៀត​កំពុង​ធ្វើអ្វី? ប្រព័ន្ធ​ផ្សព្វផ្សាយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​សង្គម​មាន​បញ្ហា​ដែរ។ តើ​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​ ឬ​មួយ​ចាំ​តែ​ក្រសួង​អប់រំ​តែ​មួយ? លោក​បាន​ថ្លែង​ថា «ឪពុក​ខ្ញុំ! នៅ​ពេល​បរិភោគ​បាយ​លោក​តែង​ចំណាយ​ពេល​និយាយ​ជាមួយ​កូន​អំពី​សេចក្តី​ស្រឡាញ់​លោក​ប្រាប់​កូន​ពី​អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ។ តែ​ឥឡូវ​ខុស​ពី​មុន»។ «ខ្ញុំ​អាច​និយាយ​បាន​ថា​បាត់​ការ​អប់រំ​សីលធម៌​ពី​មូលដ្ឋាន​ធ្វើ​ឲ្យ​សេចក្តី​ថ្លៃថ្នូរ​មាន​បញ្ហា។ ខ្ញុំ​មិន​បាន​និយាយ​ថា​ទាំងអស់​គ្នា​មិន​ធ្វើ​ទេ​តែ​ធ្វើ​នៅ​មាន​កម្រិត»។

លោក​បាន​បន្ទោស​ថា​លទ្ធផល​ថ្ងៃ​នេះ​គឺជា​ឥទ្ធិពល​ពី​របប​ខ្មែរក្រហម​ដែល​ពួកមេ​ខ្មែរក្រហម​បង្រៀន​ក្មេង​ដែល​ជា​ក្រដាស ស ឲ្យ​ស្អប់​គ្នា។ មនោគមន៍​វិជ្ជា​នៅ​ជាមួយ​មនុស្ស​រហូត​ដល់​សព្វ​ថ្ងៃ។

ថ្វី​ដ្បិត​ថា​កម្ពុជា​មាន​ចម្បាំង​រាំងជល​ច្រើន និង​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ​តែ​កម្ពុជា​ក៏​បង្កើត​បាន​វីរបុរស​មួយ​ចំនួន​ជា​ទីមោទនៈ​ដែរ។ អ្នក​ខ្លះ​យល់​ថា​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ជា វីរបុរស តែ​អ្នក​ខ្លះ​ថា​មិនមែន​ទេ​ព្រោះ​ព្រះអង្គ​គឺជា​ស្តេច​មាន​មហេសី ២ ហើយ​ខ្លះ​ទៀត​ថា​ព្រះអង្គ​បង្ខំ​គេ​ឲ្យ​សាងសង់​ប្រាសាទ​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​ខ្សោយ។ តែ​បើ​តាម​លោក​ សំបូរ ម៉ាណារ៉ា វីរបុរស​គឺ​អ្នក​ដែល​ធ្វើអ្វី​មួយ​ដែល​គ្មាន​នរណា​ធ្វើ​ដូច​ហើយ​លទ្ធផល​របស់​លោក​វិជ្ជមាន​ច្រើន​ចំពោះ​ជាតិ។ ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ជា​វីរបុរស​មួយ​អង្គ​ដែល​ប្រើ​ទស្សនៈ​ចំណេះដឹង​ពុទ្ធសាសនា​ដើម្បី​ប្រយោជន៍​ជាតិ។ ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ បាន​ធ្វើ​អំពើ​ល្អ​រំដោះ​ទឹកដី​ចាប់​ចាម​ធ្វើ​ជា​ចំណុះ។ ព្រះអង្គ​ខិតខំ​ដើម្បី​ជាតិ​របស់​ព្រះអង្គ។

រីឯ​សម្តេច​ព្រះនរោត្តម សីហនុ និង​សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​ជា​តួឯក​ក្នុង​នយោបាយ​កម្ពុជា​ដែល​ពិភពលោក​ស្គាល់​ច្រើន​ហើយ​កិច្ចការ​របស់​តួអង្គ​ទាំង​ពីរ​ក៏​ដើម្បី​បុព្វហេតុ​ជាតិ​ដែរ។ ក្នុង​ប្រវត្តិសាស្ដ្រ​ជាតិ​លោក សំបូរ ម៉ាណារ៉ា បាន​រកឃើញ​ថា​ខ្មែរ​មាន​ជាតិ​និយម​តាំងពី​បុរាណ​មក​ដោយសារ​តែ​ព្រម​រស់ ព្រម​រឹង ព្រម​រើ និង​ព្រម​រត់​ផង​ដែរ។

ឧទាហរណ៍​ស្ដេច​ពញាយ៉ាត​បាន​រត់​មក​កំពង់ចាម​កែន​ទ័ព​ទៅ​វាយសៀម​វិញ។ ជ័យវរ្ម័ន​ទី ៧ ពេល​គេ​ចូល​មក​ធ្វើ​បាប​នៅ​អង្គរ​ព្រះអង្គ​មក​កំពង់ចាម កំពង់ធំ​ទៀត​កែន​ទ័ព​ទៅ​វាយ​វិញ។ ព្រះស្រីរាជា កូនពញាយ៉ាត តាំង​ទី​នៅ​ចតុមុខ​ពេល​សៀម​មាន​បញ្ហា​ឆ្លៀត​ឱកាស​ភ្លាម​ទប់ទល់​ជាមួយ​សៀម​ភ្លាម​យក​ដី​បាន​មក​វិញ​ភ្លាម។ «ពាក្យ​ខ្មែរ​ធ្លាប់​និយាយ​ថា​សុខចិត្ត​ស្តួច​កុំ​ឲ្យ​ដាច់​សុខចិត្ត​ប្រកាច់​កុំ​ឲ្យ​ឆាប់​ងាប់»។

លោក​សាស្ដ្រាចារ្យ​មាន​សារ​ចំនួន​ពីរ​សម្រាប់​អ្នក​អាន ទី ១ សូម​ចែករំលែក​បាយ​មួយ​ម៉ាត់​សម្រាប់​ឆ្អែត​ដើម្បី​ជួយ​អ្នក​ដែល​ត្រូវការ​រស់​ផង។ យើង​មាន​ឈ្មោះ​ថា​មិន​បាន​ឆ្អែត​ទេ​តែ​យើង​ឲ្យ​មួយ​ម៉ាត់​នេះ​ទៅ​ឲ្យ​អ្នក​ដែល​ត្រូវការ​រស់។ ទី ២ សូម​មេត្តា​ដក​សិទ្ធិ​បន្តិច​ដើម្បី​សំយោគ​គំនិត​គ្នា។ ឈប់​ជា​បន្ទាន់​ចំពោះ​គំនិត «អញ​និយម»។ សូម​អ្នក​នយោបាយ​ដក​សិទ្ធិ​ជា​ធំ​នោះ​យល់​ព្រម​ស្តាប់​សំឡេង​រាស្ដ្រនិយាយ។ ធ្វើអ្វី​ត្រូវ​គិត​ប្រយោជន៍​រាស្ដ្រ​ជា​ធំ​ដូច​ដែល​យើង​គោរព​ទង់ជាតិ​ដែល​មាន​រូប​អង្គរ​ជា​ដួង​ព្រលឹង។ អង្គរ​សាង​ឡើង​ដោយ​រាស្ដ្រ​គោរព​អង្គរ​គឺ​គោរព​រាស្ដ្រ​នោះ​ហើយ​ជា​ប្រជាធិបតេយ្យ៕

រាយការណ៍​បន្ថែម​ដោយ តាំង រីនិត្យ/សហការ​ផលិត VIDEO ដោយ គាំ ច័ន្ទរស្មី, កែវ រតនា និង ជា វណ្ណារ័ត្ន

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ