Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ពី​អ្នក​ទោស​ ​ក្លាយ​ជា​អ្នក​សរសេរ​ប្រវត្តិសាស្រ្ត

Content image - Phnom Penh Post
លោក ឆាង យុ នាយក​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បង្ហាញ​ប្លង់​វិទ្យាស្ថាន​ស្លឹករឹត​នៅ​ការិយាល័យ​​របស់​លោក​កាលពី​ដើម​ខែ​មករា។ គាំ ច័ន្ទរស្មី

ពី​អ្នក​ទោស​ ​ក្លាយ​ជា​អ្នក​សរសេរ​ប្រវត្តិសាស្រ្ត

ក្រោម​ការ​ដឹកនាំ​របស់ ប៉ុល ពត ចន្លោះ​ពី​ថ្ងៃ ១៧ ខែ​មេសា ឆ្នាំ​ ១៩៧៥​ ដល់​ថ្ងៃ​ទី​ ៦ មករា ឆ្នាំ ១៩៧៩ កុមារ​រាប់​ម៉ឺន​​សែន​​​នាក់​បាន​​រង​ទុក្ខវេទនា​ខ្លះ​ជាប់​គុក ខ្លះ​ជាប់​ខ្នោះ​ច្រវាក់ ខ្លះ​ទៀត​​ត្រូវ​គេ​បង្អត់​​អាហារ ​ការ​វាយដំ​បង្ខំ​សួរ​​ចម្លើយ​ដោយ​ចោទ​​ថា​ជា​​ចោរ​​​លួច​​សម្បត្តិ​របស់​អង្គការ ​ចោទ​កុមារ​​ថា​ជា​ជន​ក្បត់​អង្គការ និង​​​​ខ្មាំង​​​របស់​អង្គការ​​​ជាដើម​។

កុមារ​កម្ពុជា​តិចតួច​ណាស់​ដែល​​​​មាន​ភ័ព្វ​សំណាង​រស់​រួច​ជីវិត​ពី​ក្រញាំ​​ខ្មែរ​ក្រហម​ក្នុង​មូលដ្ឋាន​ថ្នាក់​​ក្រោម​ពិសេស​​តាម​​ភូមិ និង​ឃុំ​ និង​តំបន់​នានា​នៅ​ទូទាំង​ប្រទេស។​

ទោះ​ជា​យ៉ាង​ណា​ក៏​មាន​កុមារ​មួយ​​​ចំនួន​តូច​បាន​​រស់​​រួច​ផុត​ពី​​ក្រញាំ​ដៃ​ពេជ្ឈឃាដ​ខ្មែរ​​ក្រហម​ក្នុង​នោះ​ក៏​មាន​លោក ឆាង យុ មួយ​រូប​ផង​ដែរ បើ​​ទោះ​ជា​​គាត់​​ត្រូវ​បាន​ខ្មែរ​​ក្រហម​​វាយ​ក្បាល​នឹង​ដំបង ​និង​ពូថៅ ព្រម​ទាំង​ធ្វើ​ទារុណកម្ម​លើ​រាងកាយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​គុក​​មួយ​ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​ក៏ដោយ។

អតីត​អ្នកទោស​ខ្មែរ​ក្រហម​រូប​នោះ​គឺ លោក ឆាង យុ បច្ចុប្បន្ន​ជា​​​​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam)។

មជ្ឈមណ្ឌល​នេះ​ជា​ទីតាំង​ប្រមូល​​​ផ្ដុំ​ឯកសារ​ខ្មែរក្រហម​ដ៏សំខាន់​មួយ​​​​​​​នៅ​កម្ពុជា​ហើយ​​​ជា​មជ្ឈមណ្ឌល​​ដែល​​បាន​​ចងក្រង និង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សកម្ម និង​សុក្រិត​​​​បំផុត​ក្នុង​ការ​ប្រមាញ់​​​រក​ភ័ស្ដុតាង​​​នានា​តាមរយៈ​កិច្ចសម្ភាស​​ជាមួយ​ជនរងគ្រោះ និង​​ឃាតករ​រាប់​សែន​នាក់​នៅក្នុង​ភូមិ​ចំនួន​ជាង​​​ ៤០០០ នៅ​ទូទាំង​ប្រទេស​ដើម្បី​​ជា​ចំណែក​មួយ​ដ៏សំខាន់​​​​​ក្នុង​ការ​គាំទ្រ​ដំណើរការ​រក​យុត្តិធម៌​​របស់​​សាលា​ក្ដី​ខ្មែរ​ក្រហម (ECCC) និង​ដើម្បី​បុព្វហេតុ​ផ្សះផ្សា​សង្គម​​ជាតិ​ដែល​បាន និង​កំពុង​បែកបាក់​ប្រៀប​ដូច​កែវ​បែក​មាន​​​បំណែក​អំបែង​យ៉ាង​ច្រើន​​រាប់​មិន​អស់។

ជា​​នាយក​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា​លោក ឆាង យុ បាន​ជ្រាប​ និង​​​យល់​ដឹង​ពី​ប្រវត្តិ​របស់​ជនរង​គ្រោះ​ជាច្រើន​​ម៉ឺន​​​​នាក់​​យ៉ាង​លម្អិត ប៉ុន្ដែ​មនុស្ស​ជាច្រើន​ម៉ឺន​សែន​​នាក់​នៅ​មិន​ទាន់​​ដឹង​ថា​តើ​​​ប្រវត្តិ​​ដ៏សែន​​​ឈឺចាប់​​របស់​លោក​ផ្ទាល់ និង​សមាជិក​គ្រួសារ​របស់​​លោក​​​មាន​ទំហំ​ធំ​ប៉ុន​ណា​នោះ​ទេ។ ដូច្នេះ​​ប្រវត្តិ​របស់​លោក និង​ក្រុម​គ្រួសារ​ត្រូវ​បាន​ចែក​រំលែក​តាមរយៈ​កិច្ចសម្ភាស​ពិសេស​ក្នុង​​​កម្មវិធី «នរណា​ជា​នរណា» នៃ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍។

ក្នុង​កិច្ចសម្ភាស​ជាង​ពីរ​​ម៉ោង​នាយក​​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​​លោក ឆាង យុ បាន​ថ្លែង​ថា៖ «នេះ​គឺជា​​លើក​ទី​មួយ​​ហើយ​ដែល​ខ្ញុំ​​ផ្តល់​បទសម្ភាស​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ព្រោះ​​ខ្ញុំ​​យល់​ថា​ជនជាតិ​ខ្មែរ​យើង​នរណា​​​​ក៏​​ជា​ជនរងគ្រោះ​ដែល​គួរ​តែ​មាន​ឱកាស​និយាយ​ពី​​រឿងរ៉ាវ​របស់​​ខ្លួនឯង។ កិច្ចការ​​នេះ​កំណត់​​ឲ្យ​មាន​ការ​​គោរព​ខ្ពង់ខ្ពស់​​ចំពោះ​​ប្រជាជន ដូច្នេះ​​ខ្ញុំ​តែង​​​ប្រកាន់​ទស្សនៈ “ងើយ​ស្កក ឱន​ដាក់​គ្រាប់”។ ខ្ញុំ​មិន​​សូវ​ចាប់​អារម្មណ៍​​រឿង​ប្រវត្តិ​ខ្លួន​​​អី​នោះ​ទេ តែ​​នេះ​ដោយសារ​ខ្ញុំ​គិត​ថា​វា​ជា​ឱកាស​​​ល្អ​ម្យ៉ាង​ដែរ​ ដែល​​គួរ​តែ​និយាយ​​ម្តង​»។

លោក ឆាង យុ មាន​​ស្រុក​កំណើត​​​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ហើយ​ជា​កូនពៅ​ក្នុង​សមាជិក​គ្រួសារ។ លោក រៀនសូត្រ​​ធំធាត់​នៅ​ភ្នំពេញ​តែ​ឪពុក​របស់​​លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​​អំពិល​ ស្រុក​គិរីវង្ស ខេត្ត​តាកែវ រីឯ​ម្តាយ​របស់​លោក​វិញ​ជា​​​អ្នក​​ស្រុក​ព្រៃល្វា ខេត្ត​តាកែវ​ដែរ។​ អ្នក​មានគុណ​ទាំង​ទ្វេ​របស់​លោក​បាន​រៀបការ និង​កសាង​ជីវិត​​គ្រួសារ​​​តាំងពី​ឆ្នាំ ១៩៣០ ​​​នៅ​​ភ្នំពេញ។ ​ឪពុក​របស់​លោក​ធ្វើការ​ឲ្យ​​​​បារាំង​ខាង​សុរិយោដី ម្តាយ​ជា​មេផ្ទះ ជា​អ្នក​លក់​​គ្រឿង​អលង្ការ និង​​ត្បូងពេជ្រ​ក្នុង​សម័យ​​សង្គម​ចាស់​។

Content image - Phnom Penh Post
លោក ឆាង យុ (ឆ្វេង​មុខ) ​ជាមួយ​ភ្ញៀវ​ជនជាតិ​ស្វ៊ីស​នៅ​អន្លង់វែង​។ DC-CAM

កុមារ ឆាង យុ រៀន​នៅ​សាលា​បឋមសិក្សា​​ពៅអ៊ំ​ (​បឋម​សិក្សា​ទួលគោក)។ ផ្ទះ​​របស់​គាត់​​នៅ​ខាង​ក្រោយ​សាលា​នោះ​ដែល​​ទើប​​តែ​ត្រូវ​បាន​​គេ​​រុះរើ​​កាលពី​ពីរ​ឆ្នាំ​មុន​។

លោក​បាន​បន្ដ​ការ​សិក្សា​​​នៅ​​វិទ្យាល័យ​ឥន្ទ្រទេវី ដល់​​​ឆ្នាំ​ ១៩៧៥ ពេល​​ខ្មែរក្រហម​ចូល​មក​ក្រុង​ភ្នំពេញ​ដោយ​​​​បាន​ជម្លៀស​​អ្នក​ទីក្រុង​ទាំងអស់​។ គ្រួសារ​លោក​បាន​ចេញ​ដំណើរ​​ទៅ​ដល់​ភូមិ​ត្រពាំងបី ឃុំ​​​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។ ក្រុម​គ្រួសារ​របស់​លោក​រស់នៅ​ទី​នោះ​រហូត​​ប្រទេស​​ត្រូវ​បាន​រំដោះ​នៅ​ឆ្នាំ ១៩៧៩។ ក្រោយ​មក​ក៏​ត្រូវ​បាន​ភៀស​ខ្លួន​​ទៅ​នៅ​ជំរំ​ជនភៀស​សឹក​ស្ថិត​នៅ​តាម​​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ​ហើយ​​មាន​ភ័ព្វ​សំណាង​​​បាន​​​បន្ត​ទៅ​​រស់នៅ​​ និង​សិក្សា​ស្រាវជ្រាវ​នៅ​​​សហរដ្ឋអាមេរិក។

អតីត​អ្នកទោស​​​​ក្នុង​របប​ខ្មែរ​ក្រហម​រូប​នេះ​បាន​​មក​ស្រុក​ខ្មែរ​ដំបូង​ក្នុង​នាម​​ជា​បុគ្គលិក​របស់​​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​​បោះឆ្នោត​ប្រចាំ​​នៅ​​​កំពង់ស្ពឺ​ពី​ឆ្នាំ ១៩៩២-១៩៩៣។

ក្រោយមក​ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​​ក្នុង​ក្រុម​ស៊ើបអង្កេត​មួយ​​របស់​សាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេរិក ជាមួយ​លោក​សាស្រ្តាចារ្យ Ben Kenneth ហើយ​​ក៏​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​សិក្សា​ស្រាវជ្រាវ​​​អំពី​អំពើ​ឧក្រិដ្ឋកម្ម​ដែល​ខ្មែរ​ក្រហម​​​​ប្រព្រឹត្ត​រវាង​ឆ្នាំ ១៩៧៥-១៩៧៩។​​ ដើម្បី​បុព្វហេតុ​ស្រាវជ្រាវ​លោក យុ បាន​ហោះ​​ទៅ​មកៗ​​រវាង​កម្ពុជា-អាមេរិក​ជាច្រើន​សា​ទីបំផុត​លោក​​បាន​ស្វែងរក​ទីតាំង​មួយ​កន្លែង​ធ្វើ​ជា​ការិយាល័យ​​ក្នុង​ការ​ស្រាវជ្រាវ​អំពី​អ្វីៗ​ដែល​​កើតឡើង​លើ​ពលរដ្ឋ​កម្ពុជា​​ក្នុង​របប​​នោះ​​។

ចំពោះ​រូបលោក​ផ្ទាល់​មាន​មូលហេតុ​ចម្បង​ខ្លះ​​​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​មក​លើ​រូបលោក​ដែល​​​មិន​អាច​បំភ្លេច​បាន​ធ្វើ​​ឲ្យ​លោក​​បូជា​​ពេលវេលា​ ១០០ ភាគរយ​​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ដ៏ស្មុគស្មាញ​ក្នុង​ការស្វែង​រក​ការពិត​​អំពី​ប្រវត្ដិសាស្រ្ត​ក្នុង​របប​ខ្មែរក្រហម​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា «រឿង​នេះ​ដំបូង​ឡើយ​​ជា​​​រឿង​ផ្ទាល់​ខ្លួន​ទេ។ ខ្ញុំ​ចាប់ផ្តើម​ចាប់​​អារម្មណ៍ [លើ​] បញ្ហា​នេះ​នៅ​​ឆ្នាំ ១៩៨៧ ពេល​ដែល​ខ្ញុំ​បាន​ទៅ​ដល់​អាមេរិក​​ហើយ​​ចាប់ផ្តើម​ការសិក្សា​គឺ​មាន​ការ​ជជែក​គ្នា​ច្រើន​ពី​រឿង​ខ្មែរ​ក្រហម​​ក្នុង​លក្ខណៈ​មួយ​ដែល​ព័ត៌មាន​​មិន​គ្រប់គ្រាន់»។

លោក​បាន​បន្ថែម​ទៀត​ថា​ «សម្រាប់​ខ្ញុំ​រឿង​ដែល​​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ដោយសារ​តែ​ម្តាយ​ខ្ញុំ។ ខ្ញុំ​ស្រឡាញ់​​ម្តាយ​ខ្ញុំ តែ​យើង​ធំធាត់​​ក្នុង​សម័យ​សង្គ្រាម​អត់​សូវ​មាន​​ពេល​ជួប​​គាត់​​ទេ។ គម្លាត​ពួកយើង​កាន់​​​តែ​ឆ្ងាយ​ទៅ​ហើយ​​យើង​មាន​អារម្មណ៍​ថា​សង្គ្រាម និង​​ការ​​ប្រល័យ​ពូជសាសន៍​បាន​​កាត់​​ផ្តាច់​មនោសញ្ចេតនា​រវាង​ម្តាយ​ ​និង​កូន»។

កាល​ជំនាន់​​ខ្មែរ​ក្រហម​លោក ឆាង យុ មាន​វ័យ​ខ្ទង់ ១៤-១៥ ឆ្នាំ លោក​មាន​អារម្មណ៍​​​ដក់​ជាប់​ជានិច្ច​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​មួយ​សងសឹក​​វិញ​​ឲ្យ​សម​​នឹង​អ្វី​ដែល​គេ​ [​ខ្មែរ​] ​ក្រហម​​បាន​​​ធ្វើ​​មក​លើ​រូបគាត់ និង​​សមាជិក​គ្រួសារ​ដែរ។ ​ដំបូង​លោក​មាន​​គំនិត​សងសឹក​ដោយ​គ្មាន​​គំនិត​​មនុស្សធម៌​ និង​មិន​មាន​គំនិត​​​អត់ឱន​ឲ្យ​​ពួក​ខ្មែរ​ក្រហម​​ឡើយ​ហើយ​​​ចង់​​យក​ឈ្នះ​ជាមួយ​ខ្មែរ​ក្រហម​​តែ​ម្តង ប៉ុន្ដែ​ក្រោយ​មក​គំនិត​សងសឹក​នោះ​ត្រូវ​រលាយ​​បាត់​ទៅ​វិញ ប៉ុន្ដែ​លោក​បាន​គិត​ដល់​​តុលាការ​អន្តរជាតិ​​មួយ​ដែល​​អាច​​នាំ​យក​​មេដឹកនាំ​ខ្មែរ​ក្រហម​មក​កាត់​ទោស​​​តាម​ច្បាប់​​។

លោក ឆាងយុ បាន​​ចាប់ផ្តើម​​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ដំបូង​នៅ​ពេល​​លោក​​​​​នៅ​រៀន​សាកលវិទ្យាល័យ​ឆ្នាំ ១៩៨៧ នៅ​សហរដ្ឋ​អាមេរិក​លោក​​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​អាមេរិក​​​ធ្វើ​ច្បាប់ ​និង​បាន​ចូល​រួម​ផ្សព្វផ្សាយ​​ពី​​ខ្មែរ​ក្រហម​យ៉ាង​សកម្ម​​។ លោក​បាន​ទៅ​ទំនាក់​ទំនង​​​ជាមួយ​មនុស្ស​​ទាំង​ឡាយ​ណា​ដែល​ធ្លាប់​ដឹងឮ​ពី​អំពើ​របស់​ខ្មែរ​​ក្រហម​​​។ ហេតុ​នោះ​ហើយ​​​ទើប​​លោក​​មាន​មូលដ្ឋាន​​ចេះ​​ដឹង​អំពី​​ខ្មែរ​ក្រហម​ដោយសារ​តែ​ការ​ធ្វើ​ការងារ​​ផ្ទាល់​។

ការ​ដឹង និង​ការឮ ឬ​រៀន​​ពី​អ្នក​ដទៃ​នៅ​​តែ​មិន​ច្បាស់​ដូច​អ្វី​​ដែល​លោក​ធ្លាប់​​ទទួល​​រងកម្ម​ដោយ​​ផ្ទាល់​នៅ​ក្នុង​គុក​មួយ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​ទេ។​ បើ​តាម​លោក​ ឆាង យុ មាន​រឿង​បី​ដែល​លោក​​​បាន​ចងចាំ​មិន​​អាច​បំភ្លេច​បាន​​ក្នុង​មួយ​ជីវិត​នេះ។​ ប៉ុន្ដែ​មាន​​​រឿង​ពីរ​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​ខ្លាំង​ជាង​គេ​។​​

លោក​បាន​តំណាល​ថា “រឿង​​ទី ១ ​​នោះ​គឺ​​កើតឡើង​នៅ​វត្ត​ព្រះនេត្រព្រះ​នៅ​​ភូមិ​​ត្រពាំងវែង​ ខេត្ត​បន្ទាយមានជ័យ​។ កាល​នោះ​ខ្ញុំ​នៅ​កង​កុមារ​ហើយ​​គេ​​ហៅ​ឲ្យ​ទៅ​ប្រជុំ​នៅ​វត្តហ្នឹង។ សម័យ​​​នោះ​យើង​ទៅ​ប្រជុំ​ទាំងអស់​គ្នា មនុស្ស​​​អង្គុយ​​​ត្រៀប​ក្នុង​បរិវេណវត្ត។ នៅ​​​​កង​​កុមារ​យើង​​អង្គុយ​ជួរ​​មុខ ពេល​​យើង​អង្គុយ​​ប្រជុំ​នោះ​គណៈភូមិ​បាន​បណ្តើរ​មនុស្ស​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​មក​ហើយ​​​ចង​មុខ​ទាំង​ពីរ​នាក់។ ខ្ញុំ​នៅ​ចាំ​កាលហ្នឹង​​គណៈភូមិ​ (កម្មាភិ​បាល) គាត់​​​កាច​​ណាស់ គាត់​​មាន​ដាវ​មួយ ឯ​ម្នាក់​ទៀត​​ឈ្មោះ​តាផន មាន​នាទី​ជា​អ្នក​សម្លាប់ (​ពេជ្ឈឃាដ)។ នៅ​​​ពេល​នោះ​បុរស​​ស្រ្តី​ពីរ​នាក់​ត្រូវ​បាន​គេ​ចង​មុខ​​បណ្ដើរ​​​មក​ចំពោះ​មុខ​ហ្វូង​មនុស្ស​​ក្មេង​ចាស់ ប្រុស​ស្រី​ដោយ​ចោទ​ថា​បាន​ខុស​សីលធម៌​​។​ នៅ​​​ចំពោះ​មុខ​តុលាការ​​ប្រជាជន​អង្គការ​​​​បាន​សួរ​ថា​ទាំងអស់​គ្នា​យល់​ថា​យ៉ាង​ម៉េច​? ទាំងអស់​គ្នា​ស្រែក​ថា​សម្លាប់ៗ​ៗ​...ជា​​​របៀប​​ដែល​​​តុលាការ​ប្រជាជន​គេ [ខ្មែរ​ក្រហម]​ អ៊ីចឹង​ទៅ​ពេជ្ឈឃាដ​ហ្នឹង​ក៏​យក​​ត្បូង​ចប​វ៉ៃ​សំពង​​​​មនុស្ស​​ប្រុស​មុន​នៅ​ចំពោះ​​មុខ​មនុស្ស​គ្រប់​គ្នា។

«ពេល​​នោះ​គឺ​ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ អត់​​មាន​នរណា​ហើប​​មួយ​ម៉ាត់​ទេ​ហើយ​​នៅ​ពេល​វ៉ៃ​ហ្នឹង​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​ដល់​សព្វ​ថ្ងៃ​នេះ​គឺ​គាត់​ហាក់​ដូចជា​​មិន​ចង់​​ស្លាប់​ទេ​ពេល​​វ៉ៃ​ទៅ​គឺ​ក្បាល​គាត់​ងើប​ឡើង​វិញ​ខ្ញុំ​ចាប់ផ្តើម​គិត​ថា​ហេតុ​អ្វី​បាន​ជា​​មាន​​ប្រតិកម្ម​បែប​នេះ»។

ក្រោយ​ពី​ស្នូរ​សំឡេង​ភូសៗ​នឹង​ត្បូង​ចប អ្នក​ទាំង​ឡាយ​​បាន​ឃើញ​ឈាម​ហូរ​ចេញ​តាម​ភ្នែក និង​តាម​ច្រមុះ​ក្រោយ​​មក​ទៀត​គេ​ដោះ​​កន្សែង​​​ចង​មុខ​ស្រ្តី​ម្នាក់​នោះ​ដែល​មាន​អាការៈ​ស្លេកស្លាំង​តែ​ម្តង។ ខ្ញុំ​អង្គុយ​​​នៅ​ខាង​មុខ​ខ្ញុំ​ឃើញ​ច្បាស់​​នឹង​ភ្នែក​តែ​ម្តង​ហើយ​ តាផន ក៏​វ៉ៃ​ស្ដ្រី​ហ្នឹង​ទៀត​រួច​គេ​​រុញ​សព​ទាំង​ពីរ​ចូល​ក្នុង​រណ្តៅ​កប់​កន្លែង​ហ្នឹង​តែ​ម្ដង។ កុមារ និង​ប្រជាជន​ទាំងអស់​​ក៏​ត្រលប់​​មក​ផ្ទះ​វិញ​ដោយ​គ្មាន​នរណា​និយាយ​អ្វី​មួយ​ម៉ាត់​សោះ​»។

Content image - Phnom Penh Post
លោក ឆាង យុ (ស្ដាំ) ដឹកនាំ​គណប្រតិភូ​ស្វ៊ីស​ទស្សនកិច្ច​មជ្ឈមណ្ឌល​សន្ដិភាព​​​នៅ​​​ស្រុក​អន្លង់វែង​។ DC-CAM

រឿង​ទី​ពីរ​គឺ​រឿង​​បងស្រី​ជា​ទី​ស្រឡាញ់​របស់​លោក។ គាត់​ជា​អ្នក​សិក្សា ជា​បញ្ញាជន និង​ជា​អ្នក​ណែនាំ​លោក​ឲ្យ​សិក្សា​រៀនសូត្រ។ កាល​​សម័យ​​ ប៉ុល ពត គាត់​​មាន​ផ្ទៃពោះ​នា​សម័យ​​នោះ​អត់​​មាន​អី​ហូប​ទេ។ ​ពាក្យ​ថា​ «អត់​អី​ហូប» មាន​ន័យ​ថា​សូម្បីតែ​ស្លឹកជីរ​មួយ​សន្លឹក​ក៏​អត់​មាន​ផង អង្ករ​មួយ​គ្រាប់​ក៏​មិន​ដែល​ឃើញ​។ នេះ​បើ​តាម​លោក យុ។

លោក​ថ្លែង​បន្ដ​ថា «យើង​ធ្វើការ​នៅ​ទំនប់​ប្រឡាយ​គេ​ចែក​ទឹក​ម្នាក់​ពីរ​ស្លាប​ព្រាបាយ បើ​យើង​ប្រាប់​យុវជន​ឥឡូវ គេ​ពិបាក​​នឹង​ជឿ ប៉ុន្តែ​វា​ពិតជា​បាន​កើតឡើង។ ខ្ញុំ​ចាំ​បាន​ថា​កាល​នោះ​ក្នុង​រង្វង់ ខែ ១១-១២ មាន​គេ​ច្រូត​ស្រូវ​ហើយ​​ធម្មតា​ពេល​ច្រូត​ហើយ​គេ​មាន​នៅ​​សល់​​កួរ​​ស្រូវ ហើយ​​មាន​​ប្រមាត់​ដី​ដុះ​ក្នុង​ស្រែ​នៅ​ពេល​​មាន​សន្សើម។ ខ្ញុំ​បាន​ទៅ​​ដក​ប្រមាត់​ដី ដក​ផ្សិត និង​រើស​កួរ​ស្រូវ​​ហ្នឹង ប៉ុន្តែ​នៅ​ពេល​ធ្វើ​ យើង​​ដឹង​ថា​នោះ​គឺជា​អំពើ​ឧក្រិដ្ឋ​ព្រោះ​ខ្មែរ​ក្រហម​​បាន​​ហាម​​យើង​មិន​ឲ្យ​បេះ​របស់​​ដែល​ដុះ​ចេញ​ពី​ដី​ទេ​ព្រោះ​ជា​សម្បត្តិ​រួម​​របស់​អង្គការ​ទាំងអស់​សុទ្ធ​តែ​​ជា​​របស់រួម​តាម​ច្បាប់​អង្គការ យើង​ប្រមូល​បាន​​ត្រូវ​យក​ទៅ​រោងបាយ​រួម​ ប៉ុន្តែ​ការ​អត់​ឃ្លាន​របស់​បងស្រី​មាន​គភ៌​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សង្វេគ​ហើយ​ដាច់​ចិត្ត​ទៅ​លួច​បេះ​ផ្សិត​​របស់​អង្គការ។

លោក​បាន​ថ្លែង​ថា “ចៃដន្យ​អី​មាន​ក្រុម​ឈ្លប​ចាំ​ការពារ ខ្ញុំ​មិន​ទាន់​ទាំង​បាន​ទៅ​បេះ​ផ្សិត​ផង​មាន​ឈ្លប​បួន​នាក់​មក​ចាប់​ខ្ញុំ​ចង​យក​ទៅ។ ​ខ្ញុំ​ហាក់​ដូចជា​ទទួល​ថា​យើង​បាន​​ខុស​ហើយ​​អត់​មាន​យំ​មាន​ស្រែក​អី​ទេ។ ខាង​ក្រោយ​ភូមិ​នេះ​មាន​អណ្តូង និង​ត្រពាំង​មួយ ហើយ​មាន​ក្រុម​ខ្មែរ​ក្រហម​ការពារ​ព្រោះ​ជា​កន្លែង​ផ្តល់​អាហារ​រួម​។ លោក​នៅ​ចាំ​បាន​ថា “គេ​ចាប់​យក​មក​កន្លែង​​អណ្តូង​ទឹក​ស្រាប់​តែ​ឃើញ​មាន​មនុស្ស​មក​ច្រើន មក​ចាំ​មើល​ព្រោះ​ខ្មែរ​ក្រហម​បាន​ផ្តល់​ជា​សារ​ថា​ឥឡូវ​យើង​ចាប់​​បាន​ខ្មាំង​ម្នាក់​ទៀត​ហើយ គេ​វ៉ៃ​ខ្ញុំ​នឹង​ដំបង និង​ពូថៅ​ជាប់​​ស្នាម​ដល់​សព្វ​ថ្ងៃ​តែ​ខ្ញុំ​ចាំ​ថា​កាល​នោះ​ខ្ញុំ​អត់​មាន​​ស្រក់​ទឹកភ្នែក​មួយ​តំណក់​ទេ​ព្រោះ​យើង​គិត​ថា​យើង​ធ្វើ​ខុស។ ប៉ុន្ដែ​ខ្ញុំ​មាន​​អារម្មណ៍​ហាក់​ដូចជា​ច្របូក​ច្របល់​ភ្នែក​រំពៃ​រក​មើល​ម្តាយ​របស់​ខ្ញុំ​ព្រោះ​ពេល​មាន​រឿង​​អ៊ីចឹង​គេ​​ហៅ​អ្នក​ស្រុក​ទាំងអស់​មក​មើល ប៉ុន្តែ​ម្ភៃ​ឆ្នាំ​ក្រោយ​មក​ទើប​​គាត់ [ម្ដាយ​] ​ថា​គាត់​មិន​បាន​​នៅ​កន្លែង​នោះ​ទេ»​។

នា​គ្រា​នោះ​ជា​អ្នក​ទោស​វ័យ​ ១៥ ឆ្នាំ​គ្មាន​អ្វី​ជា​ទីពឹង​ក្រៅពី​ការ​នឹក​គិត​ដល់​ម្ដាយ​ជា​ទីស្រឡាញ់​ទេ។ ប្រសិន​ជា​ពេល​នោះ​មាន​ម្តាយ ខ្មែរ​ក្រហម​ពិតជា​មិន​ធ្វើ​បាប​​អ្នក​ទោស​កុមារ​ដូច​រូប​លោក​ទេ​ព្រោះ​ម្តាយ​លោក​ជា​​អ្នក​ត្បាញ​ក្រមា​សូត្រ​ឲ្យ​ខ្មែរ​ក្រហម​ប្រហែល​ជា​គាត់​អាច​ជួយ​បាន​តែ​មិន​បាន​​ឃើញ​វត្តមាន​​​គាត់​សោះ។ ក្នុង​ពេល​នោះ​អារម្មណ៍​​ទី​មួយ​គឺ​ខឹង​នឹង​ខ្មែរ​ក្រហម អារម្មណ៍​ទី​ពីរ​គឺ​មិន​ដឹង​ថា​ម្តាយ​ទៅ​ណា ព្រោះ​គាត់​នៅក្នុង​ភូមិ​ហើយ​យើង​មាន​អារម្មណ៍​ថា​គាត់​កំពុង​មើល​មក​យើង»។

លោក ឆាង យុ មាន​ប្រសាសន៍​​ពី​គ្រា​នោះ​ថា «បន្ទាប់ពី​វា​វ៉ៃ​អស់​​ចិត្ត​នៅក្នុង​គុក គេ​​យក​ខ្ញុំ​ទៅ​ដាក់​គុក​នៅ​ភូមិ​ប៉ោយព្រីង។ នៅក្នុង​គុក​ហ្នឹង​​គេ​ដាក់​ខ្នោះ​ជើង​ជាប់​ស្នាម​ដល់​សព្វថ្ងៃ​តែ​ក្នុង​គុក​នោះ​ភាគច្រើន​គឺជា​មនុស្ស​​ចាស់ៗ​ខ្ញុំ​ក្មេង​ជាង​គេ។ នៅ​ក្នុង​គុក​យើង​សង្ឃឹម​ថា​ម្តាយ​​មក​ជួយ​សុំ​​​អង្វរ​គេ​តែ​មិន​ឃើញ​គាត់​មក​ទាល់​តែ​សោះ ធ្វើឲ្យ​យើង​​អង្គុយ​ស្រងេះ​ស្រងោច​មាន​អារម្មណ៍​មួយ​ខឹង​ដក់​ជាប់​ដល់​សព្វ​ថ្ងៃ​ហើយ​រាល់​យប់​គេ​ហៅ​យើង​ទៅ​ប្រជុំ​ជីវភាព​គឺ​គេ​ឲ្យ​យើង​និយាយ​កុហក​ថា​ឥឡូវ​គេ​ចង់​ដឹង​ថា​យើង​មាន​សតិ​អារម្មណ៍​ជា​ខ្មាំង​ឬ មិន​ខ្មាំង។​ បើ​​​យើង​គិត​អ្វី​មិន​តាម​បែប​​អង្គការ​យើង​​ជា​ខ្មាំង​ហើយ ប៉ុន្តែ​យើង​ត្រូវ​និយាយ​ថា​យើង​គិត​អ្វី​ដែល​មិន​ល្អ​ដើម្បី​សុំទោស​ឲ្យ​រស់រាន​មាន​ជីវិត។ រាល់​យប់​ខ្ញុំ​ត្រូវ​និយាយ​ថា​ព្រឹក​មិញ​​ខ្ញុំ​នឹក​ឃើញ​ទីក្រុង​ភ្នំពេញ​អាហ្នឹង​ខ្មាំង​ហើយ​ខ្ញុំ​នឹក​ឃើញ នំបុ័ងសាច់ ដូច្នេះ​សូម​អង្គការ​អត់​ទោស​ដល់​ខ្ញុំ​ផង​ជាដើម»។

លោក យុ មាន​ប្រសាសន៍​ថា «ជីវិត​របស់​អ្នកទោស​ទាំងអស់​ហាក់​ដូចជា​ស្ថិត​ក្នុង​ដៃ​មនុស្ស​ម្នាក់​ក្នុង​ការ​សម្រេច​ថា​អាច​រស់​ ឬ​អាច​​ស្លាប់​ក្នុង​រយៈពេល​តែ​ ៥ នាទី​។ ប្រសិន​ជា​​​មេគុក​​នោះ​មិន​សប្បាយ​ចិត្ត មិន​ចូលចិត្ត​ត្រូវ​ស្លាប់​ហើយ​ព្រោះ​អ្នកទោស​សុទ្ធតែ​ជា​ខ្មាំង​របស់​អង្គការ។ ពាក្យ​ថា​ «ខ្មាំង» មាន​ន័យ​ទូលំទូលាយ​ព្រោះ​តែ​ពាក្យ​ថា «ខ្មាំង» វា​ឈាន​ទៅ​ដល់​​ការ​សម្លាប់​​​ក្នុង​ភូមិ​​នេះ​ជាច្រើន​តាមរយៈ​​ការ​​ចោទប្រកាន់​ផ្សេង​ៗ។

លោក​បាន​ថ្លែង​​ថា «រាល់​យប់​ដែល​ខ្ញុំ​ចេញ​មក​ប្រជុំ​គឺ​ត្រូវ​រក​នឹក​កុហក​មួយ»។

ពេល​ថ្ងៃ​​មួយ​ខ្ញុំ​ប្រាប់​អ្នក​ជាប់​ទោស​ម្នាក់​ក្បែរ​ខ្ញុំ គាត់​អាយុ​ច្រើន​​ជាង​ហ្នឹង​ថា ពូ! ខ្ញុំ​មិន​ដឹង​កុហក​អី​ព្រោះ​អត់​រឿង​កុហក​ហើយ​​បើ​កុហក​ដូច​គេ ជួន​កាល​អត់​រស់​ទៀត​។ គាត់​ថា​មិន​អី​ទេ​ចាំ​គាត់​ជួយ។ គុក​​នោះ​បើ​ប្រៀបធៀប​នឹង​គុក​ទួលស្លែង គុក​នោះ​គឺ​វេទនា​ណាស់​ព្រោះ​ភ្លៀង​លិច​ទឹក​ចូល​មក​មាន​សត្វល្អិត​មាន​កណ្តុរ​ហើយ​អ្នកទោស​ត្រូវ​ដេក​នៅ​​លើ​ដី»​។

នៅ​យប់​មួយ​បុរស​ម្នាក់​ដែល​មិនមែន​ជា​សាច់ញាតិ​សោះ​ស្រាប់​តែ​គាត់​​ឡើង​និយាយ​​សុំ​ឲ្យ​អង្គការ​ដោះលែង​ក្មេង​ម្នាក់​​នោះ​ទៅ​គាត់​ថា​ក្មេង​ហ្នឹង​​ល្អ​ទេ​គាត់​ស្គាល់​ពូជពង្ស​ច្បាស់​។ ប្រធាន​​គុក​​ក៏​ដោះលែង​លោក​ក្នុង​យប់​​ហ្នឹង​ទៅ។

អ្នកទោស ឆាង យុ បាន​​ដើរ​មក​ផ្ទះ​វិញ​ទាំង​យប់​តែ​ម្នាក់​ឯង​ដោយ​​​ឆ្លង​ភ្នំ ឆ្លង​ព្រៃ ព្រម​ទាំង​អារម្មណ៍​ភ័យខ្លាច​ថា​ត្រូវ​ពួក​ឈ្លប​ខ្មែរ​ក្រហម​ចាប់​ខ្លួន​ម្ដង​ទៀត​ដោយ​​ចោទ​លើ​រឿង​ផ្សេង​ទៀត។​ ទីបំផុត​បាន​មក​ដល់​ផ្ទះ។

លោក​​​និយាយ​ថា «ខ្ញុំ​មក​មិន​ទាន់​ដល់​ផ្ទះ​ផង​ស្រាប់​ទ្វារ​ក៏​បើក ម្តាយ​​​ខ្ញុំ​ចេញ​មក​ហើយ​មុជ​​ទឹក​​​ឲ្យ​ខ្ញុំ គាត់​គ្មាន​សួរ​នាំ​ខ្ញុំ​មួយ​មាត់​សោះ។ ក្នុង​ខ្ទម​នោះ​មាន​​គ្រែ​តែ​មួយ​ទេ បងប្អូន​ខ្ញុំ​គេង​​លើ​គ្រែ​ខ្ញុំ​គេង​នៅ​ខាង​ចុង​គ្រែ​»។

ការ​មិន​និយាយ​ស្ដី​គឺជា​សញ្ញា​ភ័យ​​បាក់ស្បាត។ ប៉ុន្ដែ​ម្តាយ​លោក​ខិតខំ​ធ្វើ​ជា​​មនុស្ស​រឹងមាំ​បំផុត​​សម្រាប់​​កូនៗ​ក្នុង​គ្រប់​ស្ថានភាព​ដែល​​​គ្រួសារ​បាន​ឆ្លង​កាត់​​៕ ​​(​អានបន្ត​នៅ​សប្ដាហ៍​ក្រោយ​​​)

រាយការណ៍​​បន្ថែម​ដោយ តាំង រីនិត្យ/សហការ​ផលិត VIDEO ដោយ គាំ ច័ន្ទរស្មី, កែវ រតនា, មានសង្ហារ ដេវីត និង លៀប ទេវិពិទូ

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ