តពី​សប្តាហ៍​មុន...

កត្តា​អ្វី​ខ្លះ​ដែល​បាន​នាំ​បុរស​មាឌ​ស្តើង​សម្តី​មុត​រូប​នេះ​ឲ្យ​មក​ធ្វើ​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​គណបក្ស​ប្រឆាំង​ប្រមាណ​ ១០ ​ឆ្នាំ​កន្លង​មក​នេះ ខណៈ​ដែល​មេធាវី​ឯទៀតៗ​មិន​បាន​មក​ធ្វើ​ជា​មេធាវី​ឲ្យ​បក្សប្រឆាំង ឬ​ក៏​ពួកគេ​មិន​ហ៊ាន​នោះ តើ​ជា​និស្ស័យ​ ឬ​ក៏​ជា​ទស្សនៈ​ត្រូវ​គ្នា​ដូច​ការ​អះអាង​របស់​លោក​មេធាវី​ ជូង ជូងី ឬ​យ៉ាង​ណា​?

ពាក្យ​មួយ​ឃ្លា​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ «​មាន​និស្ស័យ​ទើប​ជួប​» ​ឬ​ក៏​មាន​ទស្សនៈ​គំនិត​ដូច​គ្នា​ទើប​ធ្វើការ​ជាមួយ​គ្នា​បាន​។ យ៉ាង​ណា​មិញ បើ​តាម​ការ​បកស្រាយ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ វា​បង្ហាញ​ពី​និស្ស័យ និង​ទស្សនៈ​ស្រប​គ្នា​មែន ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​មេធាវី​ ជូង ជូងី មាន​វាសនា​បាន​មក​ធ្វើ​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្សប្រឆាំង​។

លោក​ ជូងី បាន​ថ្លែង​ថា​៖ «​មាន​មិត្តភក្តិ​ខ្លះ​គាត់​ចង់​ការពារ​ឲ្យ​សកម្មជន​ខ្ពស់ៗ​នៅ​បក្សប្រឆាំង ប៉ុន្តែ​គាត់​អត់​អាច​មក​ការពារ​បាន ប៉ុន្តែ​សម្រាប់​ខ្ញុំ​ដំណើរ​អាជីព​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ដើរ​លើ​ផ្លូវ​នេះ​ដោយ​រលូន​មក​ការពារ​បក្ស​ប្រឆាំង មេបក្ស​ប្រឆាំង ឬ​សកម្មជន​បក្សប្រឆាំង​តែ​ម្តង​។ ហ្នឹង​មកពី​គំនិត​ទស្សនៈ​ហើយ​និង​ឥរិយាបថ​របស់ខ្ញុំ​ហ្នឹង​វា​ស៊ីគ្នា​ជាមួយ​នឹង​អ្នក​សង្គម ដូច​ករណី​ (​លោក​) ​គឹម សុខ អ៊ីចឹង គឹម សុខ គាត់​អ្នក​បញ្ចេញ​ទស្សនៈ​សង្គម​ហើយ​គាត់​ហ៊ាន​និយាយ ហើយ​និស្ស័យ​របស់​ខ្ញុំ​ក៏​ហ៊ាន​រិះគន់​។ ដូច្នេះ​វា​ដើរ​ទៅ វា​ស្រប​គ្នា សួរ​ថា​ខ្ញុំ​ប៉ង​ទេ មិន​ប៉ង​ទេ​»​។

សង្គម​មួយ​មាន​ភាព​រីកចម្រើន​ក៏​គួបផ្សំ​នឹង​មាន​ការ​រិះគន់​ផង​ដែរ ប៉ុន្តែ​គ្រប់ការ​រិះគន់​មិនមែន​សុទ្ធតែ​អាច​ចាត់ទុក​ជា​មេរៀន ឬ​យោបល់​ល្អ​ដែល​ភាគី​ម្ខាង​ទៀត​ទទួល​យក​បាន​នោះ​ទេ ជាពិសេស​សម្រាប់​ថ្នាក់​ដឹកនាំ​ប្រទេស ឬ​ស្ថាប័ន​មួយ​ចំនួន​គឺ​មិន​សូវ​ពេញ​ចិត្ត​នឹង​ការ​រិះគន់​ប៉ុន្មាន​ឡើយ ទោះ​ក្នុង​ន័យ​ស្ថាបនា​ក៏ដោយ​។ ថ្នាក់​ដឹកនាំ​ខ្លះ​ចាត់​ទុក​អ្នក​រិះគន់​ជា​ឆ្អឹង​ទទឹង​ក​របស់​ពួកគេ ហើយ​ពេល​ខ្លះ អ្នក​រិះគន់​នោះ​អាច​ប្រឈម​នឹង​វិធានការ​ផ្លូវ​ច្បាប់​ទៀតផង ប្រសិន​បើ​គេ​ហ៊ាន​រិះគន់​ចំៗ​ពេក​។

តាម​លោក​មេធាវី​ ជូង ជូងី កត្តា​ទាំង​នេះ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​ផង​ដែរ ដែល​ជំរុញ​ឲ្យ​លោក​ហ៊ាន​ចេញ​មុខ​ការពារ​បុគ្គល ដែល​ជា​អ្នក​រិះគន់​មិន​សំចៃមាត់​នោះ​ដោយ​លោក​យល់​ថា អ្នក​រិះគន់​ទាំង​នោះ​ពិត​ជា​ត្រូវការ​សេវា​ផ្នែក​ច្បាប់​ក្នុង​ករណី​ដែល​ពួកគេ​ទទួលរង​នូវ​បណ្តឹង​ក្នុង​ប្រការ​ណា​មួយ​។

លោក​បញ្ជាក់​ថា​៖ «​វា​ជា​ផ្លូវ​មួយ​ទាញ​ចូល​រក​គ្នា ពីព្រោះ​ដោយ​ម្យ៉ាង​ខ្ញុំ​ផ្អែក​ទៅ​លើ​យុត្តិធម៌​ជា​ចម្បង ហើយ​ខ្ញុំ​ហ៊ាន​តវ៉ា ហ៊ាន​រិះគន់​ដល់​អ្នក​ទាំង​នោះ​ហ៊ាន​តវ៉ា​ហ៊ាន​រិះគន់ វា​ជា​ចំណង់​ចំណូល​ចិត្ត​ផ្លូវ​ស្រប​ជាមួយ​ខ្ញុំ​។ ថវិកា​ដែល​រក​បាន​ដើម្បី​បម្រើ​សកម្មភាព​ហ្នឹង​។ សកម្មភាព​ហ្នឹង​ជា​ឧត្តម​គំនិត​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ អ៊ីចឹង​ខ្ញុំ​ធ្វើ​ទៅ​តែ​ម្តង​បាន​។ ប៉ុន្តែ​បើ​សម្រាប់​មេធាវី ដែល​គាត់​គិត​ប្រយោជន៍​ជា​ចម្បង អា​សកម្មភាព​ទាំង​ហ្នឹង​គឺ​បំផ្លាញ​ប្រយោជន៍​សេដ្ឋកិច្ច​។ អ៊ីចឹង​បើ​មេធាវី​ណា​គិត​ប្រយោជន៍​ជា​ចម្បង​គាត់​អត់​មក​តែ​ម្តង ព្រោះ​វា​បំផ្លាញ​សេដ្ឋកិច្ច​របស់​គាត់​»​។

រឿង​ក្តី​នយោបាយ​ដ៏រសើប​ដែល​ជា​ការ​ចាប់​ផ្តើម​កាន់​ដំបូង​របស់​លោក​មេធាវី​ ជូង ជូងី នោះ​គឺ​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន ​កម្ពុជា-វៀតណាម នៅ​ខេត្ត​ស្វាយរៀង​កាលពី​ឆ្នាំ​ ២០១០​។

កាល​នោះ​លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង សម រង្ស៊ី ដែល​ជា​កូនក្តី​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​តម្រុយ​បង្គោល​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​មើល​ឃើញ​ថា​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ដីស្រែ​ប្រជាកសិករ​ខ្មែរ​។

ចាប់​តាំងពី​ពេល​នោះ​មក មេធាវី​មិន​ដែល​ឈ្នះក្តី​រូប​នេះ​បាន​បន្ត​កាន់​រឿង​ក្តី​នយោបាយ​ធំៗ​របស់​គណបក្ស​ប្រឆាំង​រហូត​ដល់​គណបក្ស​ប្រឆាំង​ ២ ​គឺ​បក្ស​សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹម សុខា រួម​បញ្ចូល​គ្នា​​ជា​បក្ស​ប្រឆាំង​ដ៏ធំ​មួយ​ឈ្មោះ​គណបក្ស​សង្គ្រោះជាតិ​នា​ឆ្នាំ ២០១២ ហើយ​ដែល​ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​គណបក្ស​នេះ​កំពុង​មាន​សម្ទុះ​គាំទ្រ​ខ្លាំង​ឡើងៗ​ដែល​មាន​តំណាងរាស្ត្រ​ ៥៥ ​រូប មេឃុំ-ចៅសង្កាត់​ ៤៨៩ ​រូប និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​ ៥០០០ ​រូប​។ ជា​បន្តបន្ទាប់ គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​មាន​បញ្ហា​ផ្លូវ​ច្បាប់​ជា​ហូរហែ ដែល​ប្តឹង​ដោយ​មន្ត្រី​ ឬ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​មេធាវី​ ជូង ជូងី និង​សហការី​របស់​គាត់​ក៏​តែងតែ​បង្ហាញ​មុខ​តតាំង​តាម​ផ្លូវ​ច្បាប់​តទល់​នឹង​គណបក្ស​កាន់​អំណាច ប៉ុន្តែ​គ្រប់​ករណី​គឺ​មិន​ដែល​ឈ្នះ​ម្តង​ណា​ឡើយ​។

លោក​ថ្លែង​ថា​៖ «​នៅពេល​ដែល​យើង​ពិបាក​តស៊ូ​មតិ​យ៉ាងនេះ ពិបាក​ក្នុង​អាជីព​ធ្វើ​ឲ្យ​យើង​កាន់​តែ​មានន័យ​ធ្វើ​ឲ្យ​យើង​កាន់តែ​ខំ ធ្វើ​ឲ្យ​ចិត្ត​យើង​កាន់តែ​ស្រួចស្រាល់ ធ្វើ​ឲ្យ​បច្ចេកទេស​របស់​យើង​កាន់តែ​ពូកែ​ទៅ​»​។

លោក​មេធាវី​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជឿថា​នៅ​ពេល​ដែល​ប្រព័ន្ធ​យុត្តិធម៌​ស្រុក​ខ្មែរ​ធានា ខ្ញុំ​មិន​ពិបាក​ឈ្នះក្តី​ទេ ពី​ព្រោះ​ខ្ញុំ​បាន​សំលៀង​សមត្ថភាព​របស់​ខ្ញុំ​ខ្លាំង​ណាស់​។ ពីព្រោះ​នៅ​ក្នុង​ដំណាក់កាល​ប្រឈម​ខ្លាំង​ធ្វើឲ្យ​ខ្ញុំ​ខិតខំ​ខ្លាំង អ៊ីចឹង​នៅ​ពេល​ដែល​ប្រព័ន្ធ​យុត្តិធម៌​មាន​ការ​ធានា​យុត្តិធម៌​ច្រើន​ភាគរយ ខ្ញុំ​មាន​លទ្ធភាព​ក្នុង​ការ​ឈ្នះក្តី​មិន​ពិបាក​»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ក្នុង​នាម​ជា​អ្នក​ស្វែងរក​យុត្តិធម៌​លោក​មេធាវី ជូង ជូងី មើល​ឃើញ​ពាក្យ​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ​គឺ​ស្ថិត​នៅ​កន្លែង​ដែល​ពិបាក​ស្វែងរក​បំផុត ដោយសារ​ថា យុត្តិធម៌ ដែល​លោក​កំពុង​ស្វែងរក​សម្រាប់​សាធារណជន​សព្វ​ថ្ងៃនេះ​លោក​ចាត់​ទុក​ថា ជា​យុត្តិធម៌​មួយ​មាន​កម្រិត​ខ្លាំង​ណាស់​សម្រាប់​សង្គម​ខ្មែរ​។ ប៉ុន្តែ​សម្រាប់​លោក​ជា​មេធាវី លោក​ ជូង ជូងី បាន​ប្តេជ្ញា​ហើយ​ថា លោក​នឹង​មិន​បោះបង់ចោល​នូវ​ការ​តស៊ូ​ស្វែងរក​យុត្តិធម៌​នោះ​ឡើយ​ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ គឺ​លោក​ត្រូវ​តែ​ប្រឈម​នឹង​បញ្ហា​ដែល​អាច​នឹង​កើតឡើង ធ្វើ​យ៉ាង​ណា​លោក​ត្រូវ​តែ​ព្យាយាម​តតាំង​ដើម្បី​កាត់​បន្ថយ​អយុត្តិធម៌ ដែល​កើត​មាន​ឡើង​នោះ​ឲ្យ​នៅ​សល់​តិច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក​បញ្ជាក់​ថា​៖ «​ស្ថានភាព​នយោបាយ ឬ​ស្ថានភាព​សង្គម​ខែ្មរ​យើង ធ្វើឲ្យ​យើង​អស់​សង្ឃឹម​ផ្នែក​យុត្តិធម៌ ប៉ុន្តែ​បើ​យើង​បោះបង់​ចោល យើង​អត់​មាន​ជម្រើស​។ ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ ហើយ​ក៏​ជា​អ្នក​ច្បាប់​ម្នាក់ បើ​ខ្ញុំ​បោះបង់​ចោល​គឺ​បាន​ន័យ​ថា​ខ្ញុំ​អត់​បាន​បំពេញ​តួនាទី​របស់​ខ្ញុំ​។ អ៊ីចឹង ទោះបី​ប្រឈម​យ៉ាង​ណា​ក្តី លំបាក​យ៉ាង​ណា​ក្តី យើង​ត្រូវតែ​ហ៊ាន​លះបង់​ដើម្បី​យុត្តិធម៌ ហើយ​ក្នុង​អាជីព​មេធាវី​របស់​ខ្ញុំ ខ្ញុំ​អត់​ដែល​ដាក់​ប្រយោជន៍​សេដ្ឋកិច្ច​ជា​ចម្បង​ទេ ខ្ញុំ​ដាក់​ប្រយោជន៍​យុត្តិធម៌​ជា​ចម្បង ជំហរ​របស់​ខ្ញុំ​ដើម្បី​ប្រើប្រាស់​ក្នុង​ផែ្នក​យុត្តិធម៌​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​រិះគន់​មេធាវី​មួយ​ចំនួន​ដែល​មើលឃើញ​ប្រយោជន៍​ជា​ចម្បង ពេល​ដែល​ខ្លួន​កំពុង​ធ្វើការ​ក្នុង​វិស័យ​យុត្តិធម៌ ដែល​កត្តា​នេះ​ហើយ​ធ្វើ​ឲ្យ​មេធាវី​ទាំង​នោះ​មិន​អាច​ជួយ​ធ្វើការ​ក្នុង​វិស័យ​យុត្តិធម៌​បាន​ល្អ​។

ប៉ុន្តែ សម្រាប់​លោក​មេធាវី​ ជូង ជូងី បាន​កំណត់​ខ្លួនឯង​ច្បាស់​ហើយ​ថា ប្រសិន​បើ​លោក​សម្លឹង​ឃើញ​ប្រយោជន៍​ជា​ចម្បង លោក​នឹង​មិន​ធ្វើ​ជា​មេធាវី​នោះ​ទេ គឺ​លោក​នឹង​ងាក​ទៅ​បើក​ក្រុមហ៊ុន​ធ្វើ​វិយោគទុន​វិញ ដើម្បី​ងាយ​ស្រួល​ទទួល​ផល​ចំណេញ​។

ឆ្លើយតប​នឹង​ការ​ប្រកាន់​ជំហរ​មិន​ត្រេកត្រអាល​នឹង​ទឹកប្រាក់ មេធាវី​រូប​នេះ​ក៏​បាន​សម្តែង​នូវ​មោទនភាព​ផង​ដែរ​ក្នុង​នាម​ជា​មេធាវី ដែល​តស៊ូ​តតាំង​មិន​យក​ប្រយោជន៍​ជាធំ​។ បើ​ទោះបី​លោក​មិន​យក​អាជីព​មេធាវី​ទៅ​ដាក់​ទុន​នឹង​ផលប្រយោជន៍​ជា​ចម្បង​ក៏ដោយ ប៉ុន្តែ​បើ​តាម​លោក​ ជូងី លោក​មិន​ជួប​បញ្ហា​នឹង​ការ​បាត់​ចំណូល​តាមរយៈ​អាជីព​ជា​មេធាវី​នោះ​ទេ​។

យ៉ាង​ណា​ក៏ដោយ​ លោក​អាច​រក​ចំណូល​បាន​ដើម្បី​ទប់ទល់​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​លោក​បាន​ដោយ​មិន​លំបាក​។

បើ​តាម​លោក​ ងី មាន​កត្តា​ ២ ដែល​ធ្វើឲ្យ​ប្រព័ន្ធ​យុត្តិធម៌​មិន​ល្អ​ប្រសើរ គឺ​ដោយសារ​សមត្ថភាព និង​ឆន្ទៈ​របស់​អ្នក​រៀបចំ និង អ្នក​គ្រប់គ្រង​លើ​វិស័យ​យុត្តិធម៌​។ ប្រសិន​បើ​អ្នក​គ្រប់គ្រង​ ឬ​អ្នក​រៀបចំ​វិស័យ​យុត្តិធម៌​មាន​សមត្ថភាព ប៉ុន្តែ​ពួកគេ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​បម្រើ​វិស័យ​នេះ​ទេ នោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​តែ​ចង្អៀត​។ ម្យ៉ាង​វិញ​ទៀត​បើ​អ្នក​គ្រប់គ្រង​មាន​ឆន្ទៈ ប៉ុន្តែ​ខ្វះ​សមត្ថភាព ពួកគេ​ក៏​មិន​អាច​ជួយ​ជ្រោង​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​ល្អ​ប្រសើរ​បាន​ដែរ​។

លោក​ថ្លែង​ថា​៖ «​យុត្តិធម៌​អាច​ធានា​បាន ពីព្រោះ​យុត្តិធម៌​ខ្លួន​យើង​ចូលរួម​ជា​លក្ខណៈ​កោសិកា​ ឬ​ជា​បុគ្គល អាហ្នឹង​អត់​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​វា​ត្រូវ​ចែក​ជា​ផែនការ​របស់​រដ្ឋ ផែនការ​របស់​រដ្ឋាភិបាល អាហ្នឹង​បាន​ធានា​បាន ប្រសិន​បើ​រដ្ឋាភិបាល​គ្មាន​ផែនការ​ច្បាស់លាស់​ទេ រាស្ត្រ​ជា​អ្នក​សោយ​ផល​ទេ រដ្ឋាភិបាល​ដឹកនាំ​ទៅ​ណា​ទៅ​ហ្នុង​ហើយ​។ ដូច្នេះ​អ្នក​ធានា​យុត្តិធម៌​ជា​ចម្បង គឺ​រដ្ឋាភិបាល​តែ​ម្តង​តាមរយៈ​ក្រសួង​យុត្តិធម៌​។ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ គឺ​គ្មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​វិស័យ​យុត្តិធម៌​ហ្នឹង ដោយសារ​តែ​គ្មាន​ការ​ទទួល​ខុសត្រូវ​ទើប​យុត្តិធម៌​មាន​កម្រិត​»​។

លោក​ ជូងី បញ្ជាក់​ថា​៖ «​ប្រសិន​បើ​រដ្ឋាភិបាល​អត់​មាន​ឆន្ទៈ​យុត្តិធម៌​ត្រូវ​ចប់ ហើយ​ទោះបី​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក៏ដោយ បើ​គ្មាន​សមត្ថភាព ក៏​ធ្វើ​អត់​កើត​ដែរ ហើយ​ក្នុង​ការ​ជ្រើសរើស​រដ្ឋាភិបាល​ហ្នឹង​តាមរយៈ​ប្រជាពលរដ្ឋ​បោះឆ្នោត​ហ្នឹង​ហើយ​។ អ៊ីចឹង លទ្ធផល​ទទួល គឺ​ចេញ​ពី​ប្រជាពលរដ្ឋ​បោះឆ្នោត​រើស ដល់​ពេល​រើស​រដ្ឋាភិបាល​បាន រដ្ឋាភិបាល​ហ្នឹង​ជា​អ្នក​មក​ទទួល​ខុសត្រូវ​ផ្នែក​យុត្តិធម៌​ហ្នឹង​។ ដូច្នេះ​លទ្ធផល​យុត្តិធម៌​បាន​កម្រិត​ណា​ចេញ​ពី​រដ្ឋាភិបាល​មក​។ បើ​គាត់​ (​ពលរដ្ឋ​) តវ៉ា រដ្ឋាភិបាល​ដាក់​ភូសៗ​សួរ​ថា មាន​យុត្តិធម៌​ពី​ណា​មក​។ អាហ្នឹង​គឺជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​»​។

ទាក់ទង​នឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​មាន​កម្រិត​សម្រាប់​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន លោក​បាន​កត់សម្គាល់​ឃើញ​ចំណុច​អវិជ្ជមាន​នេះ វា​ក៏​ជា​ធាតុ​ផ្សំ​កើតឡើង​ដោយសារ​តែ​ឆន្ទៈ​មិន​លុះ ឬ​ការ​មិន​ហ៊ាន​ប្រឈម​របស់​អ្នក​ច្បាប់​ស្រុក​ខ្មែរ​ភាគច្រើន​ដែល​ពួកគេ​ខ្លាច​បាត់បង់​សេចក្តីសុខ​ផ្ទាល់​ខ្លួន​។ ពួកគេ​មើលឃើញ​ផលប្រយោជន៍​ជា​ធំ ជា​ជាង​គិត​អំពី​យុត្តិធម៌​សម្រាប់​សង្គម ម្ល៉ោះ​ហើយ​យុត្តិធម៌​ពិត គឺ​នៅ​តែ​ស្ថិត​ឆ្ងាយ​ពី​អ្នក​ដែល​ស្រេកឃ្លាន​យុត្តិធម៌​។

លោក​ថ្លែង​ថា​៖ «​អ្នក​ដែល​មាន​អំណាច​ធំ​ជាង​គេ​ត្រូវ​ធ្វើ​ជា​គំរូ​ពី​លើ​មក​។ បើ​គណៈមេធាវី ប្រធាន​គណៈមេធាវី​ត្រូវ​ធ្វើ​ជា​គំរូ បើ​តុលាការ​ប្រធាន​តុលាការ​ត្រូវ​ធ្វើ​ជា​គំរូ​។ បើ​ក្រសួង រដ្ឋមន្ត្រី​ត្រូវ​ធ្វើ​ជា​គំរូ បើ​រដ្ឋាភិបាល​នាយក​រដ្ឋមន្ត្រី​ត្រូវ​ធ្វើជា​គំរូ​។ ក្រោយ​ពី​ធ្វើ​គំរូ​ហើយ​ត្រូវ​រើស​មនុស្ស​ល្អ ដែល​នៅ​បន្ទាប់​ខ្លួន​ហ្នឹង​ឲ្យ​ធានា​ទទួល​ខុសត្រូវ​។ ដោយសារ​តែ​អ្នក​ដែល​ជា​គំរូ​ហ្នឹង​អត់​បាន​បំពេញ​តួនាទី​ល្អ​ទើប​យុត្តិធម៌​យើង​មាន​កម្រិត​»​។

ចំពោះ​រឿងក្តី​ធម្មតា​មិន​ពាក់ព័ន្ធ​នយោបាយ​ដែល​ការពារ​ដោយ​បុគ្គល​មាន​អំណាច​លោក​មេធាវី​ ជូង ជូងី បាន​ជំរុញ​ឲ្យ​ចៅក្រម ដែល​មាន​ឆន្ទានុសិទ្ធ​ក្នុង​ការ​សម្រេច​ក្តី​ត្រូវ​មាន​ឆន្ទៈ​ហ៊ាន​ប្រឈម ហើយ​ប្រើ​តួនាទី​ជា​អ្នក​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​មាន​ការ​ទទួល​ខុសត្រូវ​ដោយ​សម្រេច​ក្តី​ឈរ​លើ​មូលដ្ឋាន​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ពិត​ឲ្យ​ដល់​ភាគី​ណា​មួយ​ដែល​ជា​ជនរងគ្រោះ​ក្នុង​សំណុំ​រឿង​។ បើ​មិន​ដូច្នោះ​ទេ បុគ្គល​បែប​នេះ​មិន​មាន​គុណសម្បត្តិ​ទៅ​ធ្វើ​ជា​ចៅក្រម​កាត់ក្តី​ឡើយ​។

លោក​បញ្ជាក់​ថា​៖ «​រឿង​ពាក់ព័ន្ធ​នយោបាយ មហាជន​ថា​មាន​អ្នក​នយោបាយ​កំពូល​ដាក់​គំនាប​ទៅ​លើ​ចៅក្រម​។ ខ្ញុំ​ចង់​ឲ្យ​ចៅក្រម​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ហ៊ាន​ប្រឈម​អាហ្នុង ហើយ​ចុះ​បើ​ខ្លួន​ធ្វើ​ចៅក្រម​សម្ពាធ​មក​មិន​ហ៊ាន​ប្រឈម​ខ្លួន​ទៅ​ការពារ​យុត្តិធម៌​យ៉ាង​ម៉េច​។ អ៊ីចឹង​គួរ​តែ​លាលែង​។ ដូច​ខ្ញុំ បើ​ខ្ញុំ​មិន​ហ៊ាន​ប្រឈម ខ្ញុំ​ធ្វើ​ម៉េច​ទៅ​កាន់​រឿងក្តី​ពាក់ព័ន្ធ​មេដឹកនាំ​កំពូល​គណបក្ស​ប្រឆាំង​?»​។ ​«​ទាល់តែ​យើង​ឲ្យ​តម្លៃ​យុត្តិធម៌​ខ្ពស់​ជាង​សេចក្តីសុខ​របស់​យើង ខ្ពស់​ជាង​ប្រយោជន៍ នោះ​ទើប​អាច​យុត្តិធម៌​មាន ហើយ​ដល់​យុត្តិធម៌​មាន​យើង​បាន​ផល​ទាំងអស់​គ្នា​ទៅ​វា​ល្អ​ទាំងអស់​គ្នា វា​សុខ​ទាំងអស់​គ្នា​»​។

ងាក​ទៅ​រក​អតីតភាព​នៃ​ការ​សិក្សា និង​ការងារ​របស់​លោក​ ជូង ជូងី មុន​ក្លាយ​ជា​មេធាវី​របស់​គណបក្ស​ប្រឆាំង​លោក ងី គឺជា​និស្សិត​ផ្នែក​រូបវិទ្យា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឆ្នាំ​ ១៩៩១ ហើយ​បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​ផ្នែក​រូបវិទ្យា និង​បង្រៀន​មុខ​វិជ្ជា​នេះ​បាន​រយៈពេល​ ២ ​ឆ្នាំ​កាលពី​ឆ្នាំ​ ១៩៩៦​។ ដោយសារ​តែ​ពេញចិត្ត​នឹង​ការងារ​ក្នុង​វិស័យ​យុត្តិធម៌ លោក​ ជូងី បាន​លាលែង​ពី​តួនាទី​គ្រូបង្រៀន ហើយ​ងាក​មក​ចាប់​យក​តួនាទី​ក្នុង​វិស័យ​ច្បាប់​ដោយ​លោក​បាន​ចូល​សិក្សា​មុខវិជ្ជា​នេះ​នា​ឆ្នាំ​ ១៩៩៥ ហើយ​បាន​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​នា​ឆ្នាំ​ ១៩៩៩ និង​បន្ត​យក​អនុបណ្ឌិត​ច្បាប់​ឆ្នាំ​ ២០០៨-២០១១​។

ឆ្នាំ​ ២០០៥ គឺជា​ការបោះ​ជំហាន​ដំបូង​នៃ​ការ​ចាប់ផ្តើម​ការងារ​ជា​មេធាវី ក្រោយ​ពី​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា និង ជា​ការ​បន្ត​អាជីព​មេធាវី​បណ្តើរ​ផង​ដែរ​មុន​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​នេះ​។

យុវជន ជូង ជូងី មាន​ដើម​កំណើត​នៅ​ឃុំ​ព្រះប្រសព្វ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​ជា​អតីត​សិស្ស​វិទ្យាល័យ​ហ៊ុន សែន ខ្សាច់​កណ្តាល​ដែល​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ​ ១៩៨៨​។ លោក​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​ ៩ ​នាក់​ក្នុង​គ្រួសារ​ដែល​មាន​ឪពុកម្តាយ​ជា​អ្នក​ស្រែ​ចម្ការ និង​ជា​កូនចៅ​ចិន​។ ឪពុក​ឈ្មោះ​ ចេង ប៊ុនហ៊ាង ប៉ុន្តែ​បើ​តាម​លោក​ ងី ត្រកូល​ចេង បាន​ក្លាយ​មក​ជា​ត្រកូល​ ជូង ​វិញ តែ​លោក​មិន​បញ្ជាក់​ច្បាស់​នៃ​ការ​ប្រែ​ក្លាយ​ត្រកូល​នេះ​ទេ ឯ ម្តាយ​ឈ្មោះ​ ឈួ ហ្គិចគាង​។

ដោយ​រំឭក​ទៅ​ដល់​បណ្តាំ​ម្តាយ​ដែល​កាលពី​នៅ​មាន​ជីវិត លោក​ ជូង ជូងី និយាយ​ថា​៖ «​ម្តាយ​របស់​ខ្ញុំ​មាន​ទស្សនៈ​ដែល​ជា​មរតក​មាន​តម្លៃ​ពិសេស​សម្រាប់​ខ្ញុំ​។ គាត់​ថា យើង​ធ្វើ​ជា​មនុស្ស​ឲ្យ​ដឹង​ខុស​ដឹង​ត្រូវ កុំ​រំលោភ​បំពាន​គេ គឺ​ស្រឡាញ់​យុត្តិធម៌ ការពារ​យុត្តិធម៌​។ គំនិត​នេះ​ហើយ​ដែល​ជា​មរតក​មាន​តម្លៃ​ឥត​កាត់ថ្លៃ​បាន​សម្រាប់​ខ្ញុំ​»​។

មក​ដល់​ឆ្នាំ​នេះ​លោក ​ជូង ជូងី ចូល​វ័យ​ ៤៩ ​ឆ្នាំ​។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​រយៈពេល​ ៥ ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ចំណង​ស្នេហ៍​មួយ​នេះ​មិន​ទាន់​បាន​ផ្តល់​នូវ​តំណក់ឈាម​ជា​ចំណងដៃ​ដែល​ជា​ទីស្រឡាញ់​សម្រាប់​គ្រួសារ​នៃ​គូជីវិត​នេះ​នៅ​ឡើយ​ទេ​៕