Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - យុទ្ធនាការ​លើក​កម្ពស់​ស្ដង់ដារ​សុខាភិបាល ​ក្នុង​ក្របខ័ណ្ឌ​ជាតិ​គួរ​ត្រូវ​បាន​ធ្វើ​រួម​គ្នា​ជា​បន្ទាន់

វេជ្ជបណ្ឌិត សោម លក្ខិណា ក្នុង​ពេល​ផ្ដល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្ដិ៍​កន្លង​មក។
វេជ្ជបណ្ឌិត សោម លក្ខិណា ក្នុង​ពេល​ផ្ដល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្ដិ៍​កន្លង​មក។ រូបថត កែវ រតនា

យុទ្ធនាការ​លើក​កម្ពស់​ស្ដង់ដារ​សុខាភិបាល ​ក្នុង​ក្របខ័ណ្ឌ​ជាតិ​គួរ​ត្រូវ​បាន​ធ្វើ​រួម​គ្នា​ជា​បន្ទាន់

ថវិកា​ប្រមាណ ៣០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​បាន​ហូរ​ចេញ​ពី​ហោប៉ៅ​ប្រជាពលរដ្ឋ​កម្ពុជា​ចូល​ទៅ​ក្នុង​ប្រទេស ថៃ វៀតណាម សិង្ហបុរី និង​បារាំង​តាមរយៈ​សេវា​សុខាភិបាល។

មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ហាន​ចំណាយ​ប្រាក់​យ៉ាង​សន្ធឹក​សន្ទាប់​នេះ​ដោយសារ​ការ​មិន​មាន​ជំនឿ​លើ​សេវា​ថែទាំ​សុខភាព​ពី​ក្រុម​គ្រូពេទ្យ ឬ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​តាម​បណ្ដា​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​នៅ​កម្ពុជា។ នេះ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​វេជ្ជបណ្ឌិត សោម លក្ខិណា ប្រាថ្នា​ចង់​ប្ដូរ​ទស្សនៈ​អវិជ្ជមាន​នេះ​តាមរយៈ​ការ​ផ្ដល់​នូវ​សេវា​សុខាភិបាល​បែប​ស្ដង់ដារ​អន្តរជាតិ​មួយ​នៅ​មន្ទីរពេទ្យ ខេមា អន្ដរជាតិ​ក្នុង​រាជធានី​ភ្នំពេញ។

វេជ្ជបណ្ឌិត សោម លក្ខិណា ជា​ប្រធាន និង​ជា​ស្ថាបនិក​ក្រុមហ៊ុន ខេមា គ្លូបល ដែល​ទើប​នឹង​សម្ពោធ​ដំណើរការ​មន្ទីរពេទ្យ​ ខេមា ទីតាំង​ក្នុង​សង្កាត់​បឹងកេងកង​កាលពី​ថ្ងៃ​ទី ០៣ កញ្ញា កន្លង​ទៅ។

វេជ្ជបណ្ឌិត សោម លក្ខិណា បាន​ពន្យល់​ថា​សុខភាព​របស់​មនុស្ស​មាន​តម្លៃ​ធំ​ជាង​មាស​ប៉ុន​ដូង​ទំ​ទៅ​ទៀត។ សម្រាប់​អ្នក​គិត​ខ្លី​រវាង​មាស​មួយ​ដុំ និង​សុខភាព​ល្អ​គេ​ច្បាស់​ជា​ជ្រើសរើស​យក​មាស​តែ​សម្រាប់​អ្នក​ដែល​គិត​វែង​ឆ្ងាយ​គេ​ច្បាស់​ជា​ជ្រើសរើស​យក​សុខភាព​ល្អ។

លោក​បាន​មាន​ប្រសាសន៍​ថា «សុខភាព​គឺជា​កត្តា​សំខាន់​ណាស់​បើ​មិន​មាន​សុខភាព​មាំមួន​ទេ​គេ​មិន​អាច​ធ្វើ​បាន​ទេ។ ប្រសិន​ជា​មនុស្ស​មាន​សុខភាព​មិន​ល្អ​នោះ​គេ​ក៏​មិន​មាន​ប្រាជ្ញា​វៀងវៃ​ដែរ។ អ្នក​ដែល​ជ្រើសរើស​យក​មាស​គឺជា​ការ​គិត​ខ្លី»។

ពិត​មែន​ថា​ជីវភាព និង​ស្ថានភាព​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា​មាន​ការ​ល្អ​ប្រសើរ​ជាង​កាលពី​ទសវត្សរ៍​មុនៗ​តែ​បើ​ធៀប​នឹង​ពលរដ្ឋ​នៃ​ប្រទេស​ដទៃ​សុខភាព​ពលរដ្ឋ​កម្ពុជា​នៅ​ទាប​ជាង​គេ​ខ្លាំង​ណាស់។ ផលប៉ះពាល់​ពី​សង្គ្រាម​កន្លង​មក​គឺជា​ផលប៉ះពាល់​មួយ​ដែល​អង្គការ​សុខភាព​ពិភពលោក​ និង​អង្គការ​សុខភាព​ផ្លូវ​ចិត្ត (Mental Health) រកឃើញ​ថា​ភាព​ជូរចត់ តក់ស្លុត​ក្នុង​សង្គ្រាម និង​ភាព​ក្រីក្រ​ដែល​ម្នាក់​ក្នុង​ចំណោម ៣ នាក់​អាច​មាន​ជំងឺ​ផ្លូវ​ចិត្ត។ ជំងឺ​ផ្លូវ​ចិត្ត​នេះ​ហើយ​ដែល​បាន​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវកាយ​ផ្សេង​ទៀត។

ម្យ៉ាង​វិញ​ទៀត​កត្តា​ចំណី​អាហារ​របស់​ពលរដ្ឋ​ខ្មែរ​បាន​និង​កំពុង​រួម​ចំណែក​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា​ «យើង​ត្រូវ​តែ​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់លាស់...ញ៉ាំ​អីៗ​តាម​ភោជនីយដ្ឋាន តើ​មាន​ការ​វាយតម្លៃ​មាន​ផ្លាក​ត្រឹមត្រូវ​អត់? តើ​មាន​ទឹកក្តៅ​ស្រុះ​ស្លាបព្រា​ឬ​អត់? អាហ្នឹង​ហើយ​ប្រសិន​ជា​យើង​មិន​ប្រយ័ត្ន​វា​អាច​ប៉ះពាល់​ដល់​សុខភាព​យើង។ វា​មាន​កត្តា​ផ្សេងៗ​ច្រើន​ណាស់​តាំង​ពី​អនាម័យ ការ​រស់នៅ​ដែល​ប៉ះពាល់​ពី​សុខភាព»។

លោក​បាន​ព្រមាន​ថា​មនុស្ស​ចាប់ពី​អាយុ​ពី ៣០ ឆ្នាំ​ឡើង​ទៅ​គប្បី​យល់​ដឹង​ពី​របៀប​ថែទាំ​សុខភាព​របស់​ខ្លួន។ ឧបមាថា​ក្នុង​គ្រួសារ​គាត់​មាន​អ្នក​កើត​ជំងឺ​ថ្លើម​ប្រភេទ B ឬ C ដល់​មិន​បាន​ឲ្យ​ពេទ្យ​ពិនិត្យ​ថ្ងៃ​ណា​មួយ​ក៏​គ្រោះថ្នាក់​ខ្លួនឯង​ផង និង​សមាជិក​គ្រួសារ​ផង​ដែរ។

វេជ្ជបណ្ឌិត សោម លក្ខិណា ទស្សនា​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ​នា​ពេល​កន្លង។
វេជ្ជបណ្ឌិត សោម លក្ខិណា ទស្សនា​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ​នា​ពេល​កន្លង។ ហ្វេសប៊ុក

ការ​យល់ដឹង​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​កម្រិត​ទាប​ជាង​ស្តង់ដារ​តំបន់​ឆ្ងាយ​ណាស់​ដែល​ចំណុច​នេះ​ត្រូវ​ការ​ធ្វើ​យុទ្ធនាការ​ទាំង​អស់​គ្នា។ ឧទាហរណ៍​ដូចជា៖ យុទ្ធនាការ​អំពី​អេដស៍/ហ៊ីវ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជោគជ័យ​នៅ​កម្ពុជា​ព្រោះ​គេ​បាន​ចុះ​ទៅ​ភូមិ​ឃុំ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ធ្វើការ​ពន្យល់​ពី​ហានិភ័យ​ដល់​ពលរដ្ឋ។

លោក​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​មិន​ចង់​និយាយ​ប៉ះពាល់​ដល់​កន្លែង​ណា​ទេ​ក៏ប៉ុន្តែ​បើ​ចង់​បាន​ជោគជ័យ​ទាល់​តែ​ចុះ​ទៅ​ធ្វើ​យុទ្ធនាការ​អ៊ីចឹង។ ដើម្បី​ការពារ យើង​ត្រូវ​តែ​ចុះ​ធ្វើ​យុទ្ធនាការ​ថា​ដើម្បី​ការពារ​អាហ្នឹង​បាន យើង​ត្រូវ​ធ្វើ​ម៉េច​ខ្លះ កត្តា​អាហារ កត្តា​អនាម័យ និង​កត្ដា​ហាត់​ប្រាណ​ជាដើម។ ជួន​កាល​សូម្បី​តែ​ការ​បង្រៀន​ឲ្យ​លាង​ដៃ​ជាមួយ​សាប៊ូ ឬ ផេះ​ក៏​ជា​រឿង​ល្អ​មួយ​ដែរ​ព្រោះ​មេរោគ​មួយ​ចំនួន​ធំ​ឆ្លង​តាម​ដៃ​ដូចជា​ថ្លើម​ប្រភេទ A ឬ​គ្រុន​ពោះវៀន​ជាដើម។ យើង​ត្រូវ​តែ​ខិតខំ​ធ្វើ»។

វេជ្ជបណ្ឌិត សោម លក្ខិណា បាន​ពន្យល់​ឥទ្ធិពល​ពី​បណ្ដាញ​ផ្សព្វផ្សាយ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជឿ​តាម​ដែល​ខ្មែរ​ក្នុង​មួយ​ថ្ងៃៗ​ប្រជាពលរដ្ឋ​ខ្មែរ​ចំណាយ​ប្រាក់​ជាច្រើន​ទៅ​រក​សេវា​សុខភាព​នៅ​ប្រទេស​ថៃ វៀតណាម សិង្ហបុរី និង​បារាំង។ ទី ១ គាត់​មិន​ជឿ​លើ​ជំនាញ​វិជ្ជាជីវៈ​ពេទ្យ​ជាតិ។ ទី ២ ការ​ផ្សាយ​អវិជ្ជមាន​ចំពោះ​វិស័យ​សុខាភិបាល។ «ខ្ញុំ​មាន​មិត្តភក្តិ​ម្នាក់​នៅ​បរទេស​វា​អត់​ចូលចិត្ត​ញ៉ាំ​ប្រហុក​ទេ​តែ​ខ្ញុំ​ហៅ​ប្រហុក​ឲ្យ​ញ៉ាំ​ជាមួយ​គ្នា។ ខ្ញុំ​ឃើញ​គាត់​ញ៉ាំ​អាហ្នឹង​ច្រើន​ជាង​គេ​ហើយ​សួរ​ខ្ញុំ​ថា​អាហ្នឹង​ស្អី​គេ​ឆ្ងាញ់​ម្ល៉េះ? ខ្ញុំ​ថា​អាហ្នឹង​ប្រហុក។

ទោះ​ជា​យ៉ាង​ណា​លោក​បាន​ទទួល​ស្គាល់​ថា​នៅ​ប្រទេស បារាំង សិង្ហបុរី និង​ស្វ៊ីស​មាន​វិស័យ​សុខាភិបាល​អាច​ជឿនលឿន​បាន​ពីព្រោះ​ចំណី​អាហារ​មាន​អនាម័យ​មាន​ផ្លូវ​ក៏​ស្អាត​មាន​បង្គន់​តាម​ផ្លូវ​សាធារណៈ​​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​សុខភាព​មាន​ប្រសិទ្ធភាព។

លោក​បាន​បញ្ជាក់​ថា «យើង​ទៅ​ជួប​គេ ពេទ្យ​គេ​គួរ​សម​នឹង​យើង គេ​រាក់​ទាក់​យើង គេ​ថែទាំ​យើង​តាំង​ពី​មាត់​ទ្វារ​ចូល​ដល់​បន្ទប់​ទឹក។ ចិត្តសាស្រ្ត​នេះ​សំខាន់​ណាស់​ក្នុង​ការ​ព្យាបាល។ ធម្មតា​នៅ​ពេល​គេ​ថែទាំ​​ គេ​ថ្នាក់ថ្នម​ទោះ​ជា​អស់​លុយ​ប៉ុន្មាន​ក៏​អត់​ស្តាយ​ដែរ​តែ​តាម​ពិត​ជំងឺ​ហ្នឹង​ងាយស្រួល​ព្យាបាល​ណាស់»។

យុទ្ធនាការ​លើក​កម្ពស់​ស្ដង់ដារ​សុខាភិបាល ​ក្នុង​ក្របខ័ណ្ឌ​ជាតិ​គួរ​ត្រូវ​បាន​ធ្វើ​រួម​គ្នា​ជា​បន្ទាន់

ដើម្បី​កសាង​ទំនុក​ចិត្ត​ឲ្យ​អ្នក​ជំងឺ​ខ្មែរ​ជឿជាក់​លើ​គ្រូពេទ្យ​កម្ពុជា​ប្រទេស​ទាំង​មូល​គួរ​មាន​យុទ្ធនាការ កសាង និង​ពង្រឹង​កេរ្ដិ៍​ឈ្មោះ វិស័យ​សុខាភិបាល​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ ទូលំ​ទូលាយ ដោយ​ពង្រឹង​វិជ្ជាជីវៈ​គ្រូពេទ្យ សម្ភារ​បរិក្ខារ​សង្គ្រោះ និង​ក្រមសីលធម៌​គ្រូពេទ្យ​ខ្មែរ​ក្នុង​កម្រិត​ស្ដង់ដារ​មួយ​ដែល​មនុស្ស​ភាគច្រើន​អាច​ទទួល​យក​បាន។

លោក​ក៏​សម្ដែង​នូវ​សេចក្តី​ព្រួយបារម្ភ​ថា​សុខភាព​មិន​ល្អ​របស់​ពលរដ្ឋ​កម្ពុជា​អាច​ជា​មូលហេតុ​មួយ​នាំឲ្យ​គេ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​រយៈពេល​យូរ។

ក្រោយ​ពី​បាន​សិក្សា​អំពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ឃើញ​ថា​គ្រួសារ​នៃ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​ចំណាយ​ថវិកា​ចំណូល​ប្រចាំ​គ្រួសារ​ស្ទើរ​តែ​ទាំង​ស្រុង​លើ​សេវា​សុខាភិបាល​ខណៈ​បណ្ដា​ប្រទេស​អឺរ៉ុប​ចំណាយ​គ្រប់​យ៉ាង​ត្រឹម​តែ ២៥ ភាគរយ​នៃ​ប្រាក់​ខែ។ «ខ្ញុំ​គិត​ថា​គាត់​អាច​មាន​ហានិភ័យ​ខ្ពស់​រហូត​ក្នុង​ការ​យក​លុយ​ដែល​គាត់​ខំ​រក​ទាំង​ប៉ុន្មាន​ចាយ​ទៅ​លើ​សុខភាព​នៅ​ពេល​មាន​ជំងឺ​ម្ដងៗ​ដែល​ខុស​ពី​បណ្ដា​ប្រទេស​ជឿនលឿន សេវា​សុខភាព​ត្រូវ​បាន​ចាត់​ទុក​ជា​គោលនយោបាយ​របស់​រដ្ឋ​ដែល​មាន​ភារៈ​ថែទាំ​ប៉ុន្ដែ​កម្ពុជា​មិន​ទាន់​មាន​គោលនយោបាយ​នេះ​ទេ។

លោក​ថ្លែង​ថា «បញ្ហា​ដែល​យើង​បារម្ភ​គឺថា​អ្នក​ធ្វើការ​ឲ្យ​ឯកជន បង់ពន្ធ​ជូន​រដ្ឋ​ជា​កាតព្វកិច្ច​ប៉ុន្តែ​ពេល​យើង​ចាស់​ទៅ​ធ្វើការ​លែង​កើត​អត់​មាន​បាន​លុយ​មក​វិញ​ខ្លះ។

ខ្ញុំ​មិន​ដឹង​ថា​ខាង​ស្ថាប័ន [ពាក់ព័ន្ធ] បាន​គិត​ពី​រឿង​ហ្នឹង​ដែរ​ឬ​អត់​ទេ»។ នេះ​បើ​តាម​សម្ដី​វេជ្ជបណ្ឌិត សោម លក្ខិណា។

ការ​កំណត់​ស្ដង់ដារ​គ្រូពេទ្យ

វេជ្ជបណ្ឌិត សោម លក្ខិណា មាន​ប្រសាសន៍​ថា​មន្ទីរពេទ្យ ខេមា របស់​លោក​បាន​កំណត់​ប្រសិទ្ធភាព​ស្ដង់ដារ​មួយ​ក្នុង​ការ​ផ្ដល់​សេវា​ជូន​ពលរដ្ឋ និង​ជួយ​កាត់​បន្ថយ​ចំណាយ​ទៅ​ក្រៅ​ប្រទេស។

លោក​ថ្លែង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ក្រុម​គ្រូពេទ្យ​លើ​ក្រម​សីលធម៌​ពី​របៀប​និយាយ​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំងឺ​ប្រកប​ដោយ​សីលធម៌​ខ្ពស់​តាម​បែប​ចិត្តសាស្រ្ត​គឺជា​ការ​ចាំបាច់។ «បើ​គ្រូពេទ្យ​និយាយ​ខ្វះ​ការ​គួរសម​គ្មាន​អនាម័យ​មន្ទីរពេទ្យ​នោះ​គឺ​ចប់​បាត់​ហើយ។ សម្រាប់​មន្ទីរពេទ្យ​មាន​ស្តង់ដារ​ទាល់​តែ​គ្រប់​យ៉ាង​ត្រូវ​គោរព​តាម​ស្តង់ដារ​ទាំង​អស់​តាំង​ពី​ចូល​រហូត​ដល់​ចេញ»។

វេជ្ជបណ្ឌិត សោម លក្ខិណា នាយក និង​ស្ថាបនិក​មន្ទីរពេទ្យ ខេមា បង្ហាញ​បរិក្ខារពេទ្យ។
វេជ្ជបណ្ឌិត សោម លក្ខិណា នាយក និង​ស្ថាបនិក​មន្ទីរពេទ្យ ខេមា បង្ហាញ​បរិក្ខារពេទ្យ។ រូបថត កែវ រតនា

លោក​បាន​ក្រើន​រំឭក​ពលរដ្ឋ​ថា​ការ​ព្យាបាល​ជា​រឿង​សំខាន់​ប៉ុន្ដែ​ការ​ការពារ​សុខភាព ឬ​ការ​បង្ការ​កុំ​ឲ្យ​កើត​ជំងឺ​រឹត​តែ​សំខាន់​ខ្លាំង​ណាស់។ ការ​ទៅ​ពិនិត្យ​សុខភាព​ទៀងទាត់​ការ​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជ​បញ្ជា​ត្រឹមត្រូវ និង​ការ​ប្រើប្រាស់​ថ្នាំ​មាន​គុណភាព​ការ​ហាត់​ប្រាណ​ជា​ប្រចាំ និង មាន​របប​អាហារ​ត្រឹមត្រូវ​ទាំង​នេះ​ជា​វិធី​បង្ការ​ទប់ស្កាត់​រាល់​ជំងឺ​តម្កាត់​ទាំង​ឡាយ​ហើយ​ក៏​ជា​វិធី​ទប់ស្កាត់​ចំណាយ​ប្រាក់​ព្យាបាល​ជំងឺ​ដែរ។

សារ​ចុងក្រោយ​របស់​លោក​គឺ ទី ១-ស្ថាប័ន​ជាតិ​មេត្ដា​រក​គ្រប់​វិធី​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​នាំ​ថ្នាំ​ខូច​គុណភាព​ចូល​ទីផ្សារ​កម្ពុជា។ ទី ២- បង្កើន​គុណភាព​សេវា​ព្យាបាល​ប្រជាពលរដ្ឋ​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ និង​ផ្ដល់​ប្រាក់​បៀវត្សរ៍​សមរម្យ​ទាំង​មន្ទីរពេទ្យ រដ្ឋ និង​ឯកជន។ «ខ្ញុំ​ចង់​ឲ្យ​គ្រូពេទ្យ​ទាំង​អស់​ធ្វើការ​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ដូច​អ្នក​កាសែត​ដែរ​គឺ​ត្រូវ​និយាយ​ពិត​កុំ​ភរ​អ្នក​ជំងឺ​ហើយ​ត្រូវ​ពន្យល់​គាត់​ថា​ថ្នាំ​នេះ​ញ៉ាំ​ដោយ​របៀប​ណា​ជាដើម។ ឈប់ [ប្រព្រឹត្ត​ខុស] ទៅ​ប្រជាជន​ចាប់ផ្តើម​ហៀរ​ទៅ​ស្រុក​គេ​ហើយ។ មិន​ត្រូវ​ពន្យល់​គាត់​មិន​ច្បាស់​ទេ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គាត់​ជឿជាក់​ថា​យើង​ក៏​អាច​មើល​ជំងឺ​របស់​គាត់​បាន​ដូច​ស្រុក​ក្រៅ​ដែរ។ គាត់​ទៅ​ស្រុក​ក្រៅ​ប្រើ​ថ្នាំ​នេះ​យើង​ក៏​មាន​ថ្នាំ​នេះ​ដែរ។ ត្រូវ​ធ្វើ​ទាំងអស់​គ្នា​ទើប​អាច​ផ្លាស់ប្តូរ​បាន»។

ប្រវត្តិ​វេជ្ជ.សោម លក្ខិណា

លោក​កើត​ក្នុង​ត្រកូល​អ្នកក្រីក្រ​មួយ​នៅ​ឆ្នាំ ១៩៧០ អំឡុង​ពេល​សង្គ្រាម​សហរដ្ឋ​អាមេរិក​ទម្លាក់​គ្រាប់បែក​នៅ​វៀតណាម និង​កម្ពុជា​កុមារា លក្ខិណា​មាន​ម្តាយ​ជា​អាជីវករ​តូចតាច និង​ឪពុក​ជា​គ្រូបង្រៀន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ លោក លក្ខិណា មាន​បងប្អូន​បង្កើត​ចំនួន ១៣ នាក់​មាន​ស្រី ៧ នាក់ និង​ប្រុស ៩ នាក់។ លោក​គឺជា​កូន​ទី ១១។ លោក​ថា «ពី​ឆ្នាំ ១៩៧០ ដល់ ១៩៧៥ កុមារ លក្ខិណា ពុំ​បាន​ចូល​រៀន​សូត្រ​អ្វី​នោះ​ទេ​ដោយសារ​ស្រុក​មាន​សង្គ្រាម​រវាង​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​របស់​សេនា​ប្រមុខ លន់ នល់ និង​ក្រុម​ខ្មែរ​ក្រហម»។

ឆ្នាំ ១៩៧៥ នៅ​ពេល​ខ្មែរ​ក្រហម​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ​ខ្មែរ​ក្រហម​បាន​ជម្លៀស​គ្រួសារ​របស់​លោក​ទៅ​ខេត្ត​ពោធិ៍សាត់។ នៅ​បាន​តែ ២-៣ ខែ​គេ [ខ្មែរ​ក្រហម] បាន​បំបែក​ទៅ​នៅ​ជាមួយ​កង​កុមារ​ជាង​ ១០០ នាក់។ ពេល​នោះ​កុមារ លក្ខិណា ទើប​អាយុ​បាន​ជាង ៥ ឆ្នាំ​មិន​ដឹង​ក្តី​នៅ​ឡើយ។

ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ គាត់​ត្រូវ​ទៅ​ធ្វើការ​ញ៉ាំ​បាយ​រួម​ធ្វើការ​រួម​ហើយ​មាន​ពេល​ខ្លះ​កុមារ​ដែល​ទ្រាំ​នឹង​ភាព​អត់​ឃ្លាន​មិន​បាន​ក៏​បាន​វាយតប់​គ្នា​ដណ្ដើម​ចំណី​អាហារ​ដែល​គ្មាន​អនាម័យ។ លោក​បន្ដ​ទៀត​ថា «គេ​ឲ្យ​យើង​ទៅ​រើស​កួរ​ស្រូវ និង​ជួយ​លើក​ប្រឡាយ។ ក្នុង​រយៈពេល​បួន​ឆ្នាំ​ខ្ញុំ​ស្ទើរ​តែ​គ្មាន​ពេល​មក​ជួប​ឪពុក​ម្តាយ​សោះ​លើកលែង​តែ​ពេល​យើង​ធ្វើការ​មួយ​ចប់​គេ​ឲ្យ​រំសាយ​ពីរ​ថ្ងៃ​ទើប​បាន​មក​ផ្ទះ​ពីរ​ថ្ងៃ​រួច​ដាច់​ខាត​ត្រូវ​ទៅវិញ​ទៅ»។

ក្រោយ​ថ្ងៃ​រំដោះ ១៩៧៩ ក្រុម​គ្រួសារ​វិល​មក​ស្រុក​កំណើត​វិញ។ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រូវ​ដើរ​ដោយ​ថ្មើរជើង​ផង និង​សុំ​គេ​ជិះ​ឡាន​ផង។ មក​ដល់​ក្រុង​តាខ្មៅ​ឪពុក​ម្ដាយ​បាន​សម្រេច​ចិត្ត​រស់នៅ​ក្នុង​ភូមិ​ដើមគរ​ហើយ​ប្រមូល​បងប្អូន​សង់​ផ្ទះ​នៅ​ទី​នោះ​ទៅ។

កុមារ លក្ខិណា បាន​ចូល​រៀន​ថ្នាក់​ទី ១ អាយុ​ខ្ទង់​ ៩ ឆ្នាំ​នៅ​សាលា​ក្បែរ​ផ្ទះ។ ពេល​រៀន​ចប់​បាក់​ឌុប ១៩៨៩ យុវជន​រូប​នេះ​បាន​ប្រឡង​ជាប់​ជា​ពេទ្យ​ខណៈ​ដែល​គាត់​គ្មាន​ចំណូល​ចិត្ត​អ្វី​បន្ដិច​សោះ។

លោក​បាន​រំឭក​ថា «ចំណង់​ចំណូល​រៀន​ពេទ្យ​តាំង​ពី​ក្មេង​មក​គឺ​អត់​មាន​ទេ​ដោយសារ​ខ្ញុំ​ពី​ក្មេង​ចូលចិត្ត​មើល​យន្តហោះ​ហើយ​មាន​សុបិន​ចង់​ក្លាយ​ជា​អ្នក​បើក​យន្តហោះ​តែ​ជា​អកុសល​យើង​មិន​បាន​ទៅ​ខាង​ហ្នឹង​តែ​ម្តាយ​យើង​គាត់​ថា​បើ​បាន​រៀន​ពេទ្យ​ក៏​ល្អ​ម្យ៉ាង​ដែរ។ ខ្ញុំ​ក៏​រៀន​រហូត​ចប់​នៅ​ឆ្នាំ ១៩៩៦ ក៏​ត្រូវ​ទទួល​កាតព្វកិច្ច​ទៅ​ធ្វើការ​នៅ​ខេត្ត​វិញ​ព្រោះ​បេក្ខជន​ប្រឡង​ជាប់​ពី​ណា​ត្រូវ​ទៅ​ធ្វើការ​នៅ​នោះ​វិញ»។

ក្រោយ​ពី​រៀន​វិជ្ជាពេទ្យ​ចប់ លក្ខិណា បាន​ទៅ​ធ្វើការ​នៅ​មណ្ឌល​សុខភាព​ក្នុង​ស្រុក​អង់ស្នួល ខេត្ត​កណ្ដាល​រយៈពេល ៣ ឆ្នាំ​ហើយ​ក៏​មាន​មិត្តភក្តិ​ណែនាំ​ឲ្យ​ទៅ​រៀន​បន្ដ​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ ២០០០។ ការ​សិក្សា​មាន​ការ​លំបាក​ខ្លាំង​ដោយ​មិន​ចេះ​ភាសា​បារាំង។ «ពេល​យើង​ទៅ​ដល់​យើង​មើល​នៅ​តាម​ផ្លូវ​ស្អី​ក៏​ចម្លែក​ដែរ​ទម្រាំ​ចូល​ជាមួយ​គេ​បាន​ជាង ២ ឆ្នាំ។ ខ្ញុំ​បាន​ទៅ​រៀន​ជំនាញ​បាន​មួយ​ឆ្នាំ​ក៏​ប្តូរ​មុខ​ជំនាញ​វិញ។ ខ្ញុំ​រៀន​ឯកជន​ផង​រៀន​នៅ​សាកល​វិទ្យាល័យ​ផង​ក្រោយ​មក​បាន​ចូល​ធ្វើការ​ដើម្បី​យក​លុយ​មក​ទប់ទល់។ យើង​ទៅ​ស្តារ​នៅ​ពេទ្យ​អត់​បាន​លុយ​ទេ​យើង​ទៅ​ធ្វើ​កម្មសិក្សា​ដើម្បី​បាន​សិទ្ធិ​រស់នៅ​ហើយ​យើង​ទៅ​ធ្វើការ​ឯកជន​ដើម្បី​ទប់​យើង​រៀន​ហ្នឹង»។

នៅ​ប្រទេស​បារាំង​លោក​បាន​ចូល​ធ្វើ​ជា​ជំនួយការ​គិលានុបដ្ឋាយិកា​នៅ​មជ្ឈមណ្ឌល​ចាស់​ជរា​ជាមួយ​វេជ្ជបណ្ឌិត​មក​ពី​ប្រទេស​ក្រីក្រ​ដូចជា​អាហ្វ្រិក ប្រេស៊ីល ឥណ្ឌា​ផង​ដែរ។ «យើង​ជា​វេជ្ជបណ្ឌិត​មកពី​ស្រុក​ក្រីក្រ​ត្រូវ​ធ្វើការ​ជា​ឈ្នាន់​សម្រាប់​ធ្វើអ្វី​មួយ​បន្ដ​ទៀត​តែ​គោលដៅ​របស់​ខ្ញុំ​មិនមែន​ប៉ុណ្ណឹង​ទេ។ ទាល់​តែ​យើង​ចេះ​ភាសា​និយាយ​បាន​ទើប​យើង​ដាក់​ប្រឡង​ធ្វើ​អ្វី​មួយ​ត្រូវ​នឹង​ជំនាញ​យើង»។

លោក​ក៏​បាន​ទៅ​ធ្វើការ​ជា​អ្នក​ហាត់ការ (Intern) ២ ឆ្នាំ​ទើប​ប្រមូល​ធនធាន​ទាំងអស់​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​នៅ​ខែ​មេសា ឆ្នាំ ២០០៦។ មក​ដល់​ក្រុង​ភ្នំពេញ​លោក​ធ្វើការ​ជាមួយ​ក្រុម​គ្រូពេទ្យ​បារាំង​ផង​ជា​ពេទ្យ​ឯកជន​រ៉ូយាល់​រតនៈ​បាន​ចំនួន ៤ ឆ្នាំ​ទើប​លោក​រៀបការ៕

រាយការណ៍​បន្ថែម​ដោយ តាំង រីនិត្យ/សហការផលិត VIDEO ដោយ គាំ ច័ន្ទរស្មី, កែវ រតនា និង ជា វណ្ណារ័ត្ន

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ