Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លឺ ឡាយស្រេង៖ ខ្ញុំ​ពេញ​ចិត្ត​នឹង​ឆាក​ជីវិត​ខ្លួនឯង

Content image - Phnom Penh Post
ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ក្នុង​ពេល​ផ្ដល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្ដិ៍ ។ គាំ ច័ន្ទរស្មី

លឺ ឡាយស្រេង៖ ខ្ញុំ​ពេញ​ចិត្ត​នឹង​ឆាក​ជីវិត​ខ្លួនឯង

ដោយ​ថ្លែង​ទាំង​មាន​មោទនភាព ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បញ្ជាក់​ថា​លោក​គ្មាន​ជាប់​ឈាម​ខ្មែរ​អ្វី​បន្ដិច​សោះ​តែ​ខួរ​ក្បាល​លោក​បាន​គិតគូរ​ដល់​ប្រយោជន៍​ជាតិ​ខ្មែរ​ច្រើន​ជាង​ខ្មែរ​ចោល​ម្សៀត​មួយ​ចំនួន។

ព្រឹទ្ធាចារ្យ​សែ​ចិន​ឆៅ​វ័យ ៨២ ឆ្នាំ​រូប​នេះ​ហាក់​រីករាយ​ចំពោះ​ដំណើរ​ជីវិត​ដែល​លោក​បាន​ឆ្លងកាត់​ទាំង​ក្នុង​សង្គម​មុនៗ​ក៏​ដូចជា​បច្ចុប្បន្ន​ ពិសេស​ជីវិត​ចុង​ក្រោយ​ខណៈ​ដែល​ដឹង​ច្បាស់​ថា​កូនៗ​របស់​លោក​ទាំង​បី​នាក់​ជា​បុត្រ​មាន​កតញ្ញុតាធម៌​ចំពោះ​ឪពុក។

កាលពី​សប្ដាហ៍​មុន​ភ្នំពេញប៉ុស្ដិ៍​បាន​ផ្សាយ​អំពី​សកម្មភាព និង​ប្រវត្តិ​ជាច្រើន​ដែល​លោក​បាន​ឆ្លងកាត់។ ការ​ហែល​ឆ្លង និង​ភ្លក្ស​គ្រប់​រសជាតិ​នៃ​ជីវិត​ទាំង​ក្តៅ​ត្រជាក់​ជោគជ័យ និង​បរាជ័យ​ភាព​ក្រខ្សត់ និង​ភាព​ស៊ីវិល័យ​គឺជា​ព្រឹត្តិការណ៍​ដែល​បាន​បំពេញ​ន័យ​ឲ្យ​ជីវិត​របស់​លោក។

ឧបសគ្គ​ជីវិត​មិនមែន​សុទ្ធ​តែ​នាំ​មក​នូវ​ផលអវិជ្ជមាន​ដល់​មនុស្ស​ទេ​តែ​ផ្ទុយ​ទៅ​វិញ​វា​បាន​កែប្រែ​វាសនា​របស់​បុគ្គល​ក្រីក្រ​ម្នាក់​ឲ្យ​ក្លាយ​ទៅ​ឧត្តម​មន្ដ្រី​មួយ​រូប​នៅ​ក្នុង​សង្គម។ ជា​អ្នក​នយោបាយ​មាត់​ឆៅ​មួយ​រូប​លោក​គ្មាន​ចំណុច​ត្រូវ​លាក់លៀម​ទៀត​ឡើយ​ក្នុង​ការ​ចែករំលែក​ប្រវត្តិ​ផ្ទាល់​ខ្លួន។

ក្នុង​បទសម្ភាស​ក្នុង​កម្មវិធី​នរណា​ជា​នរណា​នៃ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្មីៗ​កន្លង​ទៅ​លោក​បាន​រៀបរាប់​ថា​លោក​ជា​មនុស្ស​មាន​សេចក្ដី​ព្យាយាម​តាំង​ពី​តូច។ សេចក្ដី​ព្យាយាម​នោះ​ហើយ​ដែល​បាន​កែប្រែ​ជីវភាព និង​វាសនា​របស់​លោក​តាមរយៈ​ការ​ខិតខំ​សិក្សា​រៀន​សូត្រ​រហូត​បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក និង​បាន​កាន់​តួនាទី​ជា​តំណាងរាស្ដ្រ ឧបនាយក​រដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ផង​ដែរ។

លោក​ជា​យុវជន​ដែល​រីករាយ​បំផុត​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេចឪ ព្រះនរោត្តម សីហនុ​ក្នុង​ទសវត្សរ៍​ទី ១៩៦០ ជា​សង្គម​ដែល​មនុស្ស​ទាំង​ឡាយ​មាន​សេចក្ដី​ថ្លៃថ្នូរ​មន្រ្តី​រាជការ​ត្រូវ​បាន​សាធារណជន​គោរព និង​គ្រូបង្រៀន​ត្រូវ​បាន​គេ​លើក​កូនក្រមុំ​ឲ្យ។ល។ តែ​ជា​អកុសល ប្រទេស​បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​ក្រោយ​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចឪ នា​ថ្ងៃ​ទី ១៨ មីនា ឆ្នាំ ១៩៧០។ ការណ៍​នេះ​បាន​បើក​ផ្លូវ​ឲ្យ​មាន​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។

ទោះ​ជា​យ៉ាង​ណា​ប្រទេស​កម្ពុជា​បាន​ស្គាល់​រសជាតិ​នៃ​សន្ដិភាព​ឡើង​វិញ​ក្រោយ​ពី​មាន​ការ​បោះឆ្នោត​រៀបចំ​ដោយ អ៊ុនតាក់ ឆ្នាំ ១៩៩៣។ លោក លឺ ឡាយស្រេង ធ្លាប់​ជា​រដ្ឋមន្ដ្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ លោក​នៅ​តែ​មើល​ឃើញ​គម្លាត​យ៉ាង​ធំ​រវាង​អ្នក​មាន​នៅ​ទីក្រុង និង​អ្នក​ក្រ​នៅ​តាម​ទី​ជនបទ​ដែល​ការណ៍​នេះ​លោក​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​គោល​នយោបាយ​សេដ្ឋកិច្ច​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​តាមរយៈ​ការ​ប្រើប្រាស់​សម្បត្តិ​ជាតិ​ដែល​កម្ពុជា​មាន​ស្រាប់។

លោក​ថ្លែង​ថា​ «ជា​អ្នក​ដឹកនាំ​យើង​ត្រូវ​មាន​ទិសដៅ»។ លោក​ថ្លែង​ថា​ដើម្បី​ពង្រីក​សក្ដានុពល​កសិកម្ម ស្ទឹង បឹងបួ កម្ពុជា​ទាំង​ឡាយ​ត្រូវ​តែ​មាន​ទឹក​ខួបប្រាំង​ខួបវស្សា​ដែល​ជា​ភារកិច្ច​របស់​ចៅហ្វាយ​ខេត្ត និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​នៃ​ខេត្ត​នីមួយៗ​ត្រូវ​ទទួល​ខុសត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទឹក មានត្រី ដើម្បី​ទ្រទ្រង់​តម្រូវការ​របស់​ប្រជាពលរដ្ឋ។ លោក​បន្ដ​ថា​ «ដើម្បី​ដឹក [នាំ] ស្រុក​មួយ​ឲ្យ​បាន​ល្អ​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​ជីវភាព​អ្នក​ស្រុក​ល្អ​មិនមែន​ឲ្យ​តែ​ពួក​អ្នក​មាន​ល្អ​ទេ»។

នៅ​ពេល​គេ​សួរ​ថា​បើ​សិន​លោក​ជា​អ្នក​ដឹកនាំ​ស្រុក [ប្រទេស] វិញ តើ​លោកតា​ធ្វើ​ម៉េច?» លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ថា​លោក​នឹង​ដឹកនាំ​បែប​ផ្ដាច់ការ​ដើម្បី​ផល​វិជ្ជមាន។ «បើ​អញ​ដឹកនាំ​ស្រុក អញ​ឡើង​គឺ​ផ្តាច់ការ​ហើយ» គេ​សួរ​ថា «ម៉េច​អ៊ីចឹង? ព្រោះ​ទី ១ កូន​អ្នក​ណា​រៀន​មិន​ចប់​ថ្នាក់​ទី ១២ ត្រូវ​មាន​ទោស ខ្មែរ​ណា​មិន​មាន​ផ្ទះ​ក្បឿង​នៅ​ត្រូវ​មាន​ទោស ខ្មែរ​ណា​អត់​មាន​ស្រូវ​ខួបប្រាំង​ខួបវស្សា ត្រូវ​មាន​ទោស។» ម្យ៉ាង​វិញ​ទៀត​ប្រាក់​ខែ​គ្រូបង្រៀន​តិច​បំផុត​ចាប់​ពី ៣០០ ដុល្លារ​ឡើង​ទៅ​ហើយ​ត្រូវ​ធ្វើ​ឲ្យ​វិស័យ​អប់រំ​ថ្លៃថ្នូរ។ លោក​បាន​រំឭក​ពី​សម័យ​សង្គមរាស្ដ្រ​និយម​ថា​ឧត្តមសេនីយ៍​នាម៉ឺន​នៅ​សម័យ​សង្គម​ចាស់​មាន​សេចក្ដី​ថ្លៃថ្នូរ​ជាង​ពេល​បច្ចុប្បន្ន។ សូមទោស! ពី​សម័យ​មុន​ធៀប​នឹង​សម័យ​ឥឡូវ​យើង​ដើរ​ថយ​ក្រោយ​វិញ។ សម័យ​នោះ​ស៊ី​វិល័យ​សម្រាប់​យុវវ័យ។

បុរស​ជា​ឪពុក​របស់​កូន​បី​នាក់​រូប​នេះ​បែរ​ជា​មាន​ក្ដីកង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ជោគវាសនា​របស់​យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​ទៅ​វិញ។

លោក​មាន​ប្រសាសន៍​ថា ​ចំនួន​យុវជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ពិសេស​ក្មេង​មាន​អាយុ​ពី ១២-១៣ ឆ្នាំ​ឡើង​ទៅ​កំពុង​ត្រូវ​បាន​ពង្វក់​ដោយ​ថ្នាំ​ញៀន​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស។ ផ្នត់​គំនិត​ពួកគេ​ស្អប់​គ្នា​ទៅវិញ​ទៅមក​ក្នុង​ចំណោម​យុវវ័យ​ដែល​តែង​បង្ក​ការ​វាយ​តប់​គ្នា​នៅ​ពេល​រាំ​ធុង​បាស់​ ឬ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​តែ​ម្ដងៗ​គឺជា​សញ្ញា​អវិជ្ជមាន​សម្រាប់​សង្គម។ លោក​បាន​សង្កេត​ឃើញ​ថា «ក្មេងៗ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ចែក​បក្ខពួក​គ្នា និង វ៉ៃ​តប់​គ្នា។ ប្រជាពលរដ្ឋ​ក្រីក្រ និង​មិន​ចេះ​អក្សរ​ជា​កត្ដា​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់ រីឯ​គ្រឿង​ញៀន ល្បែង​ស៊ីសង រួម​មាន​ឆ្នោត និង​កន្ទុយ​លេខ​គឺជា​អបាយមុខ​ដែល​នាំ​អន្តរាយ​ដល់​សង្គម។ បញ្ហា​ចាក់​ស្រែះ​ក្នុង​សង្គម​កាន់តែ​ធ្ងន់​ទៅៗ​ហើយ​រដ្ឋាភិបាល​នឹង​មិន​អាច​ដោះស្រាយ​បាន​ឡើយ។

លឺ ឡាយស្រេង៖ ខ្ញុំ​ពេញ​ចិត្ត​នឹង​ឆាក​ជីវិត​ខ្លួនឯង

-

ដើម្បី​ដោះស្រាយ​កង្វល់​នេះ​លោក លឺ ឡាយស្រេង បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ច្បាប់​ជា​គោល​ក្នុង​ការ​រក​ដំណោះស្រាយ។ ប៉ុន្ដែ​មុន​នឹង​ទៅ​ដល់​ចំណុច​នេះ​លុះ​ណា​តែ​គ្រប់​គ្នា​មាន​អាហារ​ចម្អែត​ក្រពះ​សិន។

លោក​ថ្លែង​ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជន​ចំណាក​ស្រុក​ជា​រៀងរាល់​ថ្ងៃ​នោះ​ដោយសារ​តែ​តម្រូវការ​ក្រពះ​ដែរ។ ភាព​ក្រីក្រ​បាន​កើត​ចេញ​ពី​អំពើ​ពុករលួយ​ផង​ដែរ​ហើយ​អំពើ​ពុករលួយ​នេះ​មាន​អំណាច​ធំ​ជាង​ច្បាប់។

លោក​មាន​ប្រសាសន៍​ថា «រាល់​ថ្ងៃ​អំពើ​ពុករលួយ​នៅ​លើ​ច្បាប់​មិនមែន​ច្បាប់​លើ​អំពើ​ពុករលួយ​ទេ»។

ប្រព័ន្ធ​យុត្តិធម៌​ជាតិ​ពិសេស​តុលាការ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ខឹង​សម្បា​ខ្លាំង​ឡើងៗ។

លោក​ថ្លែង​ថា «ដូចជា​ក្រសួង​យុត្តិធម៌ និង​តុលាការ​ជាដើម​អ្នក​ក្រ​មិន​ដែល​ឈ្នះ​អ្នក​មាន​ទេ។ យក​លុយ​ដាក់​តែ​បី​បួន​កញ្ចប់​អ្នក​ក្រ​ស្លាប់​បាត់​ហើយ។ ធ្វើ​បាប​អ្នកក្រ​ហើយ​អ្នកក្រ ចេះ​តែ​ក្តៅ​ក្រហាយ​ទៅៗ។ ខ្ញុំ​ក៏​ធ្លាប់​ត្រូវ​គេ​ជិះជាន់​ដែរ»។

ដោយ​បាន​ប្រឡូក​ក្នុង​នយោបាយ​ជាតិ​ស្ទើរ​តែ​មួយ​ជីវិត និង​បាន​ឆ្លងកាត់​ភាព​ជូរចត់​ក្ដៅ​ត្រជាក់​ជាច្រើន​សង្គម​កន្លង​មក​ព្រឹទ្ធាចារ្យ​ លឺ ឡាយស្រេង បាន​ផ្ដល់​សារ​ចុងក្រោយ​ដល់​អ្នក​នយោបាយ​គ្រប់​គណបក្ស​ទាំង​អស់​ថា «មាន​តែ​ការ​សន្ដោស​អនុគ្រោះ និង​យោគយល់​គ្នា​ហើយ​កុំ​ឲ្យ​មាន​គំនិត​យក​ខ្មែរ​ឯង​ជា​សត្រូវ​ហើយ​កុំ​ធ្វើការ​សងសឹក​គ្នា​ទើប​ដី​ខ្មែរ​នៅ​គង់វង្ស»។

លោក​ស្នើ​ថា «កុំ​ល្មោភ​អំណាច! មក​ដល់​ពេល​នេះ​មាន​តែ​គណបក្ស​ពីរ​ទេ​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​ហើយ​ត្រូវ​សន្ដោស​គ្នា​ទៅវិញ​ទៅមក។

លោក​មាន​ប្រសាសន៍​ថា​ សម្តេច [ហ៊ុនសែន] គួរ​ត្រូវ​លើក​លោក​ទៅ​ជា​វីរបុរស​ជាតិ​ប្រសិន​ជា​លោក​ចាញ់​ឆ្នោត​ក្នុង​ករណី​លោក​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត។ រីឯ​កងទ័ព​ទាំងអស់​ត្រូវ​តែ​នៅ​ឯករាជ្យ​ជា​កងទ័ព​របស់​ជាតិ​ត្រូវ​បម្រើ​ជាតិ»។

ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មិនមែន​ជា​មនុស្ស​ល្អ​ឥតខ្ចោះ​ទេ។ លោក​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​ខ្លួន​ចំពោះ​កូនៗ​ទាំង​បី​នាក់​របស់​លោក។

លោក​ថ្លែង​ថា «ខ្ញុំ​គិត​ថា​មនុស្ស​ដូចខ្ញុំ​នេះ​កូនៗ​មិន​គួរ​រាប់រក​ទេ​ពីព្រោះ​អី​ខ្ញុំ​មិន​បាន​មើល​ថែ​ពួកគេ​ដូច​ឪពុក​ឯទៀត។ ពួកគេ​កំព្រា​ម្ដាយ​កាល​នោះ​ខ្ញុំ​ចេញ​ពី​ផ្ទះ ខណៈ​កូនស្រី​ច្បង​អាយុ ១៦ ឆ្នាំ កូនស្រី​ទី ២ អាយុ ១៥ ឆ្នាំ និង​អាកូន​ប្រុស​ពៅ​អាយុ ៦ ឆ្នាំ»។

លោក​រំឭក​ថា «ខ្ញុំ​បាន​ដាច់​ចិត្ត​ទៅ​ចោល​ពួកគេ​ទុក​ឲ្យ​ពួកគេ​នៅ​សហរដ្ឋ​អាមេរិក​ដោយ​ខ្ញុំ​បាន​ដាច់​ចិត្ត​លក់​ផ្ទះ​សំបែង​មក​តស៊ូ​នៅ​ទល់ដែន​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ធ្វើ​ឪពុក​ហាក់​ដូចជា​អមនុស្សធម៌​ណាស់»។

បច្ចុប្បន្ន​លោក​រស់​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្នាក់ឯង​អាស្រ័យ​ដោយ​កូនស្រី​ប្រុស​ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក​ជា​អ្នក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ។ នៅ​ខែ​មីនា​ខាង​មុខ​នេះ​កូនៗ​របស់​លោក​នឹង​មក​ធ្វើ​ខួប​គម្រប់ ៨២ ឆ្នាំ​នៅ​ភ្នំពេញ​ដែល​លោក​ទន្ទឹង​រង់ចាំ​ដោយ​ក្ដីរីករាយ។ ថ្លែង​ទាំង​អួល​ដើមក​ទ្រាំ​ទប់​ទឹកភ្នែក​ដែល​បម្រុង​នឹង​ហូរ​ចេញ​មក​លោក ឡាយស្រេង បាន​ពោល​ថា «នៅ​ខែ​បី (មីនា) នេះ​ពួកគេ​មក​ធ្វើ​ខួប​គម្រប់​អាយុ ៨២ ឆ្នាំ​ឲ្យ​ខ្ញុំ។ «ខ្ញុំ​ពេញ​ចិត្ត​នឹង​ជីវិត​ខ្លួន​ណាស់! ខ្ញុំ​ពេញ​ចិត្ត​បំផុត​កូន​ទាំង ៣ នាក់​ដែល​នៅ​គោរព​ឪពុក»៕

រាយការណ៍​បន្ថែម តាំង រីនិត្យ/សហការ​ផលិត VIDEO: គាំ ច័ន្ទរស្មី, កែវ រតនា, មាន សង្ហារ ដេវីត និង លៀប ទេវិពិទូ

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ