Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លឺ ឡាយស្រេង៖ ហ៊្វុនស៊ិនប៉ិច ខ្ទេច​ដូច​កែវ​បែក

Content image - Phnom Penh Post
ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ក្នុង​ពេល​ផ្ដល់​បទសម្ភាស​ជាមួយ​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ (ខ្មែរ)។ គាំ ច័ន្ទរស្មី

លឺ ឡាយស្រេង៖ ហ៊្វុនស៊ិនប៉ិច ខ្ទេច​ដូច​កែវ​បែក

កើត​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​នៅ​ឆ្នាំ ១៩៣៥ ជា​ខ្មែរ​សែចិនឆៅ​ដែល​ឪពុកម្ដាយ​របស់​លោក​ជា​អ្នក​ភៀស​ខ្លួន​មកពី​ខេត្ត​សាន់ធូ ប្រទេស​ចិន​ក្នុង​ហេតុផល​រត់​គេច​ពី​គ្រោះ​ទុរភិក្ស និង​សង្គ្រាម​នៅ​ប្រទេស​ចិន។

អាយុ​បាន ៦ ខែ​ម្តាយ​របស់​លោក​បាន​នាំ​ត្រឡប់​ទៅ​រស់នៅ​ស្រុក​ចិន​ហើយ​អាយុ ៥ ឆ្នាំ ទើប​ត្រឡប់​មក​កម្ពុជា​វិញ។

លោក​មាន​ខ្សែ​ជីវិត​កម្សត់​ក្រីក្រ​តាំង​តែ​វ័យ​កុមារ​ព្រម​ទាំង​បាន​រស់នៅ​ឆ្លង​កាត់​របប​ដឹកនាំ​ប្រទេស​ចំនួន ៥ នៅ​កម្ពុជា​ក្នុង​ឆាក​ជីវិត​ជាង​ ៨ ទសវត្សរ៍​របស់​លោក។ លោក​បាន​ដឹង និង​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ព្រឹត្តិការណ៍​ជាច្រើន​ទាំង​ក្នុង​ពេល​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម និង​ប្រទេស​ជាតិ​មាន​សន្ដិភាព។ នេះ​ជា​ខ្សែ​ជីវិត​របស់​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង វ័យ ៨២ ឆ្នាំ។

លោក លឺ ឡាយស្រេង បាន​រៀន​ចប់​ឌីប្លូម​នៅ​ខេត្ត​កំពង់ស្ពឺ​ក៏​បាន​មក​រៀន​នៅ​ភ្នំពេញ​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ ១៩៥៤។ ចាប់​តាំង​ពី​មក​ភ្នំពេញ​លោក​មិន​សូវ​បាន​ទៅ​រៀន​ទេ​ព្រោះ​រវល់​ការងារ​រក​ប្រាក់​ចិញ្ចឹម​ក្រពះ។ ប៉ុន្ដែ​ជីវភាព និង​ការងារ​របស់​លោក​មាន​ការ​ប្រែប្រួល​កាន់តែ​ប្រសើរ​ឡើង។

ចប់​ពី​ឆ្នាំ ១៩៥៧ លោក លឺ ឡាយស្រេង បាន​ប្រឡង​ចូល​សាលា​ដែក (សាលា​វិជ្ជាជីវៈ​ឫស្សីកែវ)។ ឆ្នាំ ១៩៦២ ក៏​បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក។ រៀន​ចប់​ឆ្នាំ ១៩៦៦ បាន​ត្រឡប់​មក​វិញ​បាន​ធ្វើ​នាយក​ចាត់ការ​ទូទៅ​នៅ​រោងចក្រ​ស្ករត្នោត​នៅ​កំពង់ស្ពឺ។

លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ជា​អ្នក​នយោបាយ​ចូល​និវត្តន៍​មួយ​រូប​ដែល​បាន​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ផង និង​ពាណិជ្ជកម្ម​ផង។

ក្នុង​ទសវត្សរ៍​ទី ៨០ លោក​បាន​ចូលរួម​ចលនា​តស៊ូ​នៅ​ជាយដែន​ថៃ​ដឹកនាំ​ដោយ​អតីត​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ។ លោក​ជា​សមាជិក​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។ លោក​ព្រឹទ្ធាចារ្យ​ធ្លាប់​ធ្វើ​តំណាងរាស្ដ្រ​ក្នុង​ឆ្នាំ ១៩៧២ នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​ ក្រោម​ការ​ដឹកនាំ​របស់​សេនាប្រមុខ លន់ នល់ ផង​ដែរ។

លោក​ព្រឹទ្ធាចារ្យ​រូប​នេះ​ជា​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​ជា​រដ្ឋមន្ដ្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជា​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន និង​ជាប់​ឆ្នោត​ជា​តំណាងរាស្ដ្រ​ខេត្ត​កំពង់ស្ពឺ​ក្រោយ​ការ​បោះឆ្នោត​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ (UNTAC) ឆ្នាំ ១៩៩៣។

ដើម្បី​បុព្វហេតុ​ស្នេហា​ជាតិ​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បាន​បោះបង់​កូន​ប្រុស​ស្រី​ ២ នាក់ ឲ្យ​ពួកគេ​រស់នៅ​យ៉ាង​លំបាក​ឯកា​នៅ​ឯ​បរទេស​ក្នុង​ពេល​លោក​ចូលរួម​ចលនា​តស៊ូ​នៅ​ព្រំដែន​ថៃ និង​ធ្វើ​នយោបាយ​នៅ​ក្នុង​កម្ពុជា។

អ្នក​នយោបាយ​ចូល​និវត្តន៍​រូប​នេះ​បាន​ចំណាយ​ពេល​ជិត​ពីរ​ម៉ោង​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​អំពី​ប្រវត្តិ​ជីវិត​ផ្ទាល់​ខ្លួន និង​ជីវិត​នយោបាយ​ដែល​លោក​បាន​ហែល​ឆ្លង​ឧបសគ្គ​រាប់​មិន​អស់​ក្នុង​សមរភូមិ​ប្រយុទ្ធ​ដោយ​អាវុធ​នៅ​ទល់​ដែន​ថៃ និង​សមរភូមិ​នយោបាយ​ប្រើ​ស្លាប​ប៉ាកកា​នៅ​ក្នុង​ប្រទេស។

Content image - Phnom Penh Post
លោក លឺ ឡាយស្រេង ថ្វាយ​បង្គំ​អតីត​ព្រះមហាវីរក្សត្រ។ សហការី

លោក លឺ ឡាយស្រេង បាន​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​ក្នុង​ទសវត្សរ៍​ទី ៧០ ក្នុង​របប​លោក​សេនា​ប្រមុខ លន់ នល់ ហើយ​លោក​បាន​ដឹង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ ១៩៧០។

លោក​បាន​រំឭក​ព្រឹត្តិការណ៍​ខ្លះៗ​នាពេល​នោះ​ថា​នៅ​ឆ្នាំ ១៩៧០ នោះ​ស្ថានភាព​ប្រទេស​ជាតិ​មិន​ល្អ​សង្គ្រាម​វៀតណាម​ បាន​ផ្ទុះ​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក​ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម។ ព្រះករុណា សម្ដេច ព្រះនរោត្ដម សីហនុ ព្រះប្រមុខ​រដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​យាង​ទៅ​ប្រទេស​បារាំង​ព្រះអង្គ​បាន​អនុញ្ញាត​ឲ្យ​កងទ័ព​វៀតណាម (ពួក​វៀតកុង) ចូល​មក​បោះ​ជំរំ និង​ដាក់​សម្ភារ​ពេទ្យ និង​សម្ភារ​សឹក​ផ្សេង​ទៀត​នៅ​ខេត្ត​ស្វាយរៀង និង​កំពង់ចាម។ សហរដ្ឋ​អាមេរិក​បាន​ឃើញ​ដូច្នោះ​ក៏​ទម្លាក់ [គ្រាប់បែក] នៅ​ត្រង់​ជំរំ​របស់​ពួក​វៀតកុង។ នេះ​បើ​តាម​ការ​ពន្យល់​ពី​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង។

លោក​បញ្ជាក់​ថា «នៅ​ឆ្នាំ ១៩៧០ ខណៈ​ដែល​ព្រះកូណា សម្ដេច ព្រះនរោត្តម សីហនុ ទ្រង់​បាន​យាង​ទៅ​បារាំង​មាន​យន្តហោះ​ដឹក​ថ្នាំពេទ្យ​មួយ​គ្រឿង​បាន​ចុះចត​នៅ​ពោធិ៍ចិនតុង (ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ)។ បញ្ហា​ត្រង់​ថា​ពេល​នោះ​ទ្រង់​សិរីមតៈ (ព្រះញាតិវង្ស) មិន​អនុញ្ញាត​ឲ្យ​ដឹក​ថ្នាំពេទ្យ​ទាំង​នោះ​មក​ឲ្យ​ពួក​វៀតកុង ដែល​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​ខ្មែរ​ទេ ការណ៍​នេះ​បណ្ដាល​ឲ្យ​មេដឹកនាំ​ក្រុង​ហាណូយ (វៀតណាម) ឆេះ​ដុំ​ហើយ​ទូរស័ព្ទ​ទៅ​ព្រះករុណា»។

លោក​បាន​បន្ថែម​ថា «ព្រះករុណា​លោក​ក៏​ខ្ញាល់​ខ្លាំង​ដោយ​គិត​ថា​ទ្រង់ សិរីមតៈ និង​សេនាប្រមុខ លន់ នល់ ប្រឆាំង​នឹង​ទ្រង់​ ព្រះអង្គ​ខ្ញាល់​ខ្លាំង​ណាស់​រហូត​ដល់​ថា​មក​វិញ​ច្បាស់​ជា​កាត់​ក្បាល​អ្នក​ទាំង​ពីរ​ជា​មិន​ខាន។ ហេតុ​នេះ​ក្រុម​លោក លន់ នល់ មាន​ការ​ភ័យខ្លាច​ក៏​ទៅ​គាល់​ព្រះមហាក្សត្រិយានី កុសុមៈ នារីរ័ត្ន ជា​មាតា​របស់​សម្ដេច​ព្រះករុណា នរោត្តម សីហនុ ដែល​ទ្រង់​សោយរាជ្យ​បល្ល័ង្ក​កាល​នោះ​ហើយ​សុំ​អង្វរ​ឲ្យ​ទ្រង់​ជួយ​រក​ដំណោះស្រាយ។ ទ្រង់​សិរីមតៈ​ក៏​បាន​បញ្ជូន​បេសកជន​ទៅ​ជួប​ចរចា​សុំ​យាង​ព្រះករុណ​ឲ្យ​យាង​ត្រឡប់​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​មក​មាតុ​ប្រទេស​វិញ។ ប៉ុន្ដែ​ការ​ចរចា​បរាជ័យ​និយាយ​គ្នា​ស្តាប់​មិន​បាន ព្រះអង្គ​ក៏​ជិះ​យន្តហោះ​ទៅ​ប្រទេស​រុស្ស៊ី។ បន្ទាប់​មក​ព្រះអង្គ​បាន​យាង​ទៅ​ប្រទេស​ចិន​ទៀត។

គណៈប្រតិភូ​លោក លន់ នល់ បាន​មក​វិញ​ទាំងអស់​សង្ឃឹម​ហើយ​និយាយ​ថា៖ «ស្តាប់​គ្នា​មិន​បាន​ទេ។ បើ​និយាយ​ស្តាប់​គ្នា​មិន​បាន​មាន​តែ​ទម្លាក់​ហើយ»។ ដូច្នេះ​នៅ​ថ្ងៃ ទី ១៨ ខែ​មីនា​ឆ្នាំ ១៩៧០ ក្រុម​សេនា​ប្រមុខ លន់ នល់ ក៏​ប្រកាស​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ​ទៅ។ ពេល​នោះ​ស្ថានភាព​ក្នុង​ប្រទេស​មាន​សភាព​ច្របូកច្របល់។ ដូច្នេះ​រឿង​សម្តេចឪ​បាន​ចប់​ត្រឹម​ឆ្នាំ ១៩៧០ ថ្ងៃ​ទី​ ១៨ មីនា​នោះ​ទៅ។ បើ​តាម​លោក លឺ ឡាយស្រេង លោក លន់ នល់ គ្មាន​ចេតនា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះករុណា​ទេ។ «ខ្ញុំ​គិត​ថា​អចេតនា​ទេ! ព្រោះ​យាង​ទ្រង់​មក​ទ្រង់​មិន​ព្រម​មក​វិញ»។

ព្រឹទ្ធាចារ្យ ឡាយស្រេង ហាក់​មាន​មនោសញ្ចេតនា​យ៉ាង​ខ្លាំង​ជាមួយ​ព្រះរាជវង្ស និង​គណបក្ស​រាជានិយម​ ហ៊្វុនស៊ិនប៉ិច ដោយសារ​លោក​ធ្លាប់​រស់នៅ​សិក្សា​រៀនសូត្រ និង​ធ្វើការ​ក្នុង​របប​សង្គមរាស្ដ្រ​និយម​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច ព្រះមុខរដ្ឋ នរោត្តម សីហនុ យ៉ាង​សុខសាន្ដ សន្ដិភាព និង​សង្គម​ជាតិ​មាន​សណ្ដាប់ធ្នាប់​ល្អ​ក្នុង​ទសវត្សរ៍​ទី ៦០។ នេះ​ជា​មូលហេតុ​មួយ​ដែល​លោក​ចូលរួម​ក្នុង​ចលនា​តស៊ូ​នៅ​ជាយដែន​ថៃ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក​ជា​បុគ្គល​ដែល​មាន​ភាព​ស្និទ្ធស្នាល គោរព និង​បម្រើ​ព្រះករុណា​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​ពេល​លោក​យាង​ទៅ​សហរដ្ឋ​អាមេរិក។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យុគសម័យ​សម្តេចឪ ជា​យុគសម័យ​សន្តិភាព​ប្រជាជន​យើង​មិន​ដែល​វេទនា​មិន​ដែល​ខ្វះ​ស៊ី ខ្វះ​អី​នោះ​ទេ។ និយាយ​រឿង​ត្រី​ប្រហុក​វិញ​ខ្មែរ​យើង​ពី​ដើម​អត់​ត្រី ប្រហុក​មិន​បាន។ សម័យ​ហ្នឹង​សម្បូរ​សប្បាយ​ណាស់។ កាល​សម័យ​នោះ​អ្នក​ជិះ​ឡាន​រដ្ឋ​គ្មាន​សិទ្ធិ​ទៅ​ឈប់​នៅ​មុខ​បារ៍ បន ឬ​កន្លែង​ផឹកស៊ី​ទេ។ នេះ​ជា​ច្បាប់​របស់​រាជការ​មិន​ឲ្យ​មាន​អ្នក​ណា​ប្រើ​ឡាន​រដ្ឋ​ជិះ​ប៉ាតណា​ប៉ាតណី​ដូច​ឥឡូវ​ទេ»។

ព្រះកិត្តិនាម​សម្ដេចឪ​ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រើប្រាស់​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​ក្នុង​ពេល​បោះឆ្នោត​ឆ្នាំ ១៩៩៣។

លោក ឡាយស្រេង បាន​មាន​ប្រសាសន៍​ថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​គុណ​បំណាច់​ធំធេង​ចំពោះ​ជាតិ​មាតុភូមិ។ ហ៊្វុនស៊ិនប៉ិច បាន​ចូលរួម​នាំ​កម្ពុជា​ចេញ​ពី​ភាព​ងងឹត​មក​រក​ភាព​ភ្លឺ​ដោយ​ចេញ​ផុត​ពី​ភាព​អាណានិគម​ជិះជាន់​ដោយ​បរទេស និង​ឈាន​ទៅ​រក​ការ​គ្រប់គ្រង​ប្រទេស​ដោយ​ខ្មែរ​ខ្លួនឯង។ ប៉ុន្ដែ​គួរ​ឲ្យ​ស្ដាយ​ដែល​គណបក្ស​រាជានិយម​មួយ​នេះ​បាន​ចុះ​ខ្សោយ និង​បរាជ័យ​ទាំង​ស្រុង​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ មូលហេតុ​នៃ​ការ​ចុះ​ខ្សោយ​របស់​គណបក្ស​ហ្វុនស៊ិនប៉ិច...មកពី​អ្នក​ដឹកនាំ​គ្មាន​ព្រហ្មវិហារធម៌ ។ លោក​បាន​ហៅ​សមាជិក​ហ៊្វុនស៊ិនប៉ិច​មក​ពី​ខាង​ក្រៅ​ប្រទេស​ថា «ជា​ក្រុម​ដែល​បំផ្លាញ​ហ៊្វុនស៊ិនប៉ិច»។

Content image - Phnom Penh Post
ព្រឹទា្ធចារ្យ លឺ ឡាយស្រេង (ជួរ​មុខ​ឆ្វេង) ថត​អនុស្សាវរីយ៍​ជាមួយ​សម្ដេចឪ សម្ដេចម៉ែ ឆ្នាំ ២០០៤។ សហការី

បើ​តាម​លោក លឺ ឡាយស្រេង មាន​ហេតុផល​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​គណបក្ស​រាជានិយម ហ៊្វុនស៊ិនប៉ិច ចុះ​ខ្សោយ និង​ទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាច្រើន​អាណត្តិ​ជា​បន្ដបន្ទាប់។

លោក​បាន​ប្រៀបធៀប​ថា «សម្តេច​ក្រុមព្រះ​រាល់​ថ្ងៃ​ដូចជា​ដើមឈើ​ជិត​ក្ស័យ​អ៊ីចឹង​គ្មាន​ផ្លែ​ទេ។ រឿង​វា​អ៊ី​ចេះ​ទេ…ទស្សន​វិស័យ និង​ចក្ខុវិស័យ​ត្រូវ​តែ​យុត្តិធម៌​ហើយ​ធំ​បំផុត​គឺ​កុំ​មាន​ការ​លោភលន់។ សម្រាប់​ខ្ញុំ​វិញ​លុយ​គឺជា​ក្រដាស​ ងាប់​ទៅ​គេ​មិន​ដែល​យក​លុយ​ដាក់​ចូល​មឈូស​ទៅ​ជាមួយ​ឯណា? ខ្ញុំ​រស់​យ៉ាង​សប្បាយ​ចិត្ត។ មេទ័ព​ពូកែ​ដឹកនាំ​ទ័ព​ទៅ [ច្បាំង] ដូច​ខ្ញុំ ខ្ញុំ​យក​តែ [ទាហាន] ៦០-១២០ នាក់​ក៏​ឈ្នះ​ដែរ។ បើ​ទោះ​ជា​មាន​ទ័ព​រាប់ពាន់​នាក់​ក៏ដោយ​តែ​បើ​មេទ័ព​មិន​កើត ងាប់​ទាំងអស់​ហ្នឹង។ អារឿង​ហ្នឹង​អ៊ីចឹង»។

ការ​ដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ​បាន​ធ្វើឲ្យ​ឧត្តមសេនីយ៍​ដែល​ធ្លាប់​ស្មោះត្រង់​ជាមួយ​លោក​បាន​ដើរ​ចេញ​ពី​លោក។ ប្រៀប​ដូច​ត្រី​មិន​ដែល​ចង់​នៅ​ក្នុង​ទឹកក្តៅ​ទេ ត្រី​ចង់​នៅ​ក្នុង​ទឹក​ត្រជាក់ បើ​យើង​ធ្វើ​ល្អ គេ​នៅ​ហើយ។ បើ​គេ​មិន​នៅ យើង​មិន​ល្អ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកតា លឺ ឡាយស្រេង។

បើ​ទោះបី​ជា​លោក​បាន​ដើរ​ចេញ​ពី​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ក៏ដោយ ក៏​លោក​នៅ​តែ​មាន​មនោសញ្ជេតនា គោរព​ស្រឡាញ់​រាប់អាន​ជាមួយ​សមាជិក​រាជវង្ស​ទាំងអស់​ដែរ។ «ខ្ញុំ​ចែក​ដាច់។ ប្តី និង​ប្រពន្ធ បើ​ប្រពន្ធ​ធ្វើ​ខុស ប្តី​អត់​មាន​រឿង​ទេ។ ឪពុក និង​កូន បើ​កូន​ធ្វើ​ខុស ឪពុក​អត់​មាន​រឿង​ទេ។ ខ្ញុំ​ចែក​ការ​ដឹកនាំ​នយោបាយ​ជាមួយ​នឹង​មនោសញ្ចេតនា។ ខ្ញុំ​ជាមួយ​សម្តេច​ក្រុមព្រះ បើ​ខ្ញុំ​ជួប​ទ្រង់ លឺ ឡាយស្រេង ម្នាក់​នេះ​នឹង​ថ្វាយ​បង្គំ​លុតជង្គង់​ដល់​ដី ពិសេស​សម្តេច​ក្រុមព្រះ​ពីព្រោះ​លោក​ជា​ក្សត្រ ប៉ុន្ដែ​បើ​ថា​ឲ្យ​ខ្ញុំ​ទទួល​ថា​លោក​ជា​មេដឹកនាំ​ល្អ ខ្ញុំ​អត់​ទទួល​ទេ»។

ភាព​កម្សោយ​របស់​អ្នក​ដឹកនាំ​គណបក្ស​ហ្វុនស៊ិនប៉ិច​នោះ​បាន​នាំ​ប្រទេស​ឈាន​ទៅ​រក​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ថ្ងៃ​ទី ៦-៧ កក្កដា ១៩៩៧។ «រឿង​ហ្នឹង​ខ្ញុំ​សុំ​និយាយ​អ៊ី​ចេះ។ ថ្ងៃ​ទី ៤ ខែ​កក្កដា​ម៉ោង ៣ កន្លះ​គេ​ទូរស័ព្ទ​មក​ខ្ញុំ​ថា៖ «បង! មក​ជុំ​គ្នា​អស់​ហើយ​នៅ​តាំងក្រសាំង។ មាន​ការ​ធំ​ហើយ បែប​ចង់​វ៉ៃ​គ្នា​ហើយ។ យើង​ត្រូវការ​បង​ឯង​ព្រោះ​បងឯង​ធ្លាប់​ណែនាំ​យើង​ខ្ញុំ​កន្លង​មក»។ ខ្ញុំ​ក៏​ទៅ។ ម៉ោង ៥ កន្លះ​ខ្ញុំ​ទៅ​ដល់​បន្ទាយ​តាំងក្រសាំង​ហ្នឹង​ឃើញ​កាំភ្លើង​សេរីកុសល​យក​ពី​ខ្មែរ​ក្រហម​ហ្នឹង​គរ​នៅ​ពេញ​ផ្ទះ​មួយ​ហ្នឹង។ ខ្ញុំ​សួរ​គេ​ថា៖ «កាំភ្លើង​ហ្នឹង​យក​មក​ធ្វើអី?»។ រឿង​អ៊ី​ចេះ! រឿង​កាល​នោះ​មាន​ពីរ​មិនមែន​មាន​តែ​មួយ​ទេ។ រឿង​ហ្នឹង​មកពី​យើង​ដែរ»។

លោក ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បាន​ពន្យល់​ថា​កាល​នោះ​ក្រុម​ការពារ​សម្ដេច​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​រាយការណ៍​បែប​ចាក់រុក​ថា​សម្ដេច ហ៊ុន សែន មាន​អង្គរក្ស ១ ៨០០ នាក់​ដូច្នេះ​សម្តេច​ក្រុមព្រះ​ត្រូវ​រក​អង្គរក្ស​ឲ្យ​បាន​ប៉ុណ្ណឹង​ដែរ​ដើម្បី​មាន​តុល្យភាព​អំណាច​ជាមួយ​សម្តេច ហ៊ុន សែន ដែល​យក​អង្គរក្ស​ចេញ​ពី​ទាហាន។ ក្នុង​ហេតុផល​នោះ​ហើយ​ដែល​ក្រុម​ហ៊្វុនស៊ុនប៉ិច​បាន​នាំ​ចូល​អាវុធ​ខុស​ច្បាស់​ធ្វើឲ្យ​សម្ដេច ហ៊ុន សែន ទ្រាំ​លែង​បាន​ក៏​មាន​ការ​ផ្ទុះ​អាវុធ​នៅ​ថ្ងៃ​ទី ៥-៦ កក្កដា ១៩៩៧ នោះ​ទៅ។ ម្យ៉ាង​ទៀត​សម្តេច ហ៊ុន សែន មើល​ឃើញ​ថា ហ៊្វុនស៊ិនប៉ិច មាន​ចំណុច​ខ្សោយ​ក៏​គ្រញេច​តែ​ម្ដង​ទៅ។ ក្រោយ​ថ្ងៃ​វាយប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ស្មោះត្រង់​របស់​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​កងកម្លាំង​របស់​សម្ដេច​ក្រុមព្រះ​បាន​បណ្ដាល​ឲ្យ​មន្ដ្រី​ និង​កងកម្លាំង​ស្មោះត្រង់​នឹង​ភាគី​ហ៊្វុនស៊ិនប៉ិច​ស្លាប់ និង​របួស​យ៉ាង​ច្រើន។

លោក​នៅ​ចាំ​ថា ​នៅ​ក្នុង​បន្ទាយ​តាំងក្រសាំង​ជាយ​ក្រុង​ភ្នំពេញ មិន​មាន​អាវុធ និង​កងទ័ព​ច្រើន​ទេ។ «យប់​នោះ​ខ្ញុំ​នៅ​ហ្នឹង​តើ។ ខ្ញុំ​ទៅ​ដល់​ជំរំ​នៅ​ម៉ោង ៥-៦ ល្ងាច​ហើយ​ឃើញ​លោក ជា ឈុត និង​មេអង្គភាព ក-៥ ឃួត យឿន និង​ ម៉ៅ ប៊ុនថន។ ខ្ញុំ​ប្រាប់​ទៀត​ណា​ថា​កុំ! ពួកឯង​មាន​តែ​ប៉ុណ្ណឹង​ទេ ដឹកនាំ​ចង់​វ៉ៃ​គ្នា​យ៉ាង​ម៉េច អត់​មាន​ទ័ព​នឹង​ដៃ​ផង។ ខ្ញុំ​សួរ​ អាឆៃ (ញឹក ប៊ុនឆៃ) «ឯណា​ទ័ព​ឯង?» វា​ថា​អត់មាន! ហើយ​បន្ទាយ​តាំងក្រសាំង​មាន​តែ​របង​ព័ទ្ធ​ជិត​មាន​តែ​ទ្វារ​មួយ​ទ្វារ​ក្រោយ​ក៏​អត់​មាន​ដែរ។ ខ្ញុំ​បាន​ប្រាប់​ថា «កុំ​ធ្វើ​អ៊ីចឹង។ ខ្ញុំ​ថា បើ​ចង់​ធ្វើ​អ៊ីចឹង​នៅ​ភ្នំពេញ​ស្រួល​តើ ស្លៀក​តែ​ខោអាវ​ស៊ីវិល ព័ទ្ធ​គ្រប់​តែ​ផ្លូវ​ទៅ»។

លោក​ថ្លែង​ថា «ទីបំផុត​បរាជ័យ​ហើយ អាឆៃ (ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ) ដើរ​ទៅ​ដល់​ព្រំដែន​ហើម​ជើង​ទាំង​គូ។ ខ្ញុំ​បាន​រស់​ដោយសារ​ខ្ញុំ​ចេះ​គិត»។

Content image - Phnom Penh Post
លោក លឺ ឡាយស្រេង តំណាង​សម្ដេច​ក្រុម​ព្រះ​នៅ​ឆ្នាំ ១៩៩៧។ ការី

ចប់​ថ្ងៃ ៥-៦ ថ្ងៃ​ទី ៧ កក្កដា លោក លឺ ឡាយស្រេង បាន​ឡើង​យន្តហោះ​ទៅ​ក្រុង​បាងកក​ហើយ​ទៅ​អូរស្មាច់​ហៅ​ពួក​ហ្នឹង (តំណាង​ខ្មែរក្រហម) មក​ជំនុំ។ លោក​បញ្ជាក់​ថា «ទ័ព​អូស្មាច់ ឆ្នាំ ១៩៩៧ នេះ​ខ្ញុំ​អ្នក​រៀប​តើ! ចាយ​លុយ​អស់​ច្រើន​ណាស់។ ទៅ​ហៅ ឃិន យៀន និង​តាស៊ូ (មេទ័ព​ខ្មែរ​ក្រហម) ដើម្បី​សុំ​ជំនួយ។ ខ្ញុំ​ទៅ​ដល់​អូរស្មាច់ អាឆៃ (ញឹក ប៊ុនឆៃ) នៅ​ភ្នំ​ក្រវាញ​នៅ​ឡើយ​ទេ។ ខ្ញុំ​ប្រមូល​រៀបចំ​ (ទ័ព) ឡើង​វិញ​ដោយ​ខ្វះ​គ្រាប់​ទៅ​ខ្ចី​តាម៉ុក​ពីរ​ឡាន​ហើយ​ខ្ចី​អង្ករ​ប៉ុន្មាន​ឡាន​ផង​ដែរ​តែ​មិន​បាន​ពឹង​ទ័ព​ខ្មែរក្រហម​វ៉ៃ​ទេ។

ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បាន​បញ្ជាក់​ថា​ទោះបី​ជា​រឿងរ៉ាវ​ទាំង​ឡាយ​ត្រូវ​បាន​ដោះស្រាយ​មែន​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំង​មូលនា​បច្ចុប្បន្ន​នេះ​បាន​បែក​ខ្ទេច​ដូចជា​កែវ​បែក។ «រាល់​ថ្ងៃ​នៅ​សល់​តែ​អំបែង​ហ៊្វុនស៊ិនប៉ិច​តែ​ប៉ុណ្ណោះ»។

ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មិន​គ្រាន់​តែ​បាន​មើល​ឃើញ​បញ្ហា​នៅ​កម្ពុជា​កាលពី​អតីតកាល​ទេ​តែ​លោក​អាច​យល់​ដឹង​អំពី​របៀបរបប​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ផង​ដែរ។ «ខ្ញុំ​សុំ​ជម្រាប​ថា​សម្តេច ហ៊ុន សែន ធ្វើការ​ដឹកនាំ​បាន​ល្អ​ណាស់​ក៏​ប៉ុន្តែ​ជុំវិញ​លោក​អត់​ល្អ​ទេ។ ខ្ញុំ​ធ្លាប់​ជម្រាប​លោក [ហ៊ុន សែន] ថា​រដ្ឋមន្រ្តី​មួយ​ចំនួន​សុទ្ធ​តែ​ពួក​អាឈ្លើង​ជញ្ជក់​តែ​ឈាម​ខ្លួនឯង​ទេ»។

លោក​ថ្លែង​ថា «ជា​ច្បាប់​ធម្មជាតិ អ្នក​កាន់​អំណាច​យូរ​មើល​មិន​ឃើញ​កំហុស​អ្នក​នៅ​ក្បែរ​ខ្លួន​ទេ ទោះបី​មើល​ឃើញ​ក៏​ធ្វើ​មើល​មិន​ឃើញ​ដែរ។ មូលហេតុ​គឺ​លោក​ត្រូវការ​អ្នក​គាំទ្រ​ក្នុង​អំណាច»។

លោក លឺ ឡាយស្រេង បាន​ប្រដូច​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ទៅ​នឹង​អ្នក​ចាប់​បាល់​ដ៏ចំណាន​ម្នាក់​នៅ​ក្នុង​ក្រុម​អ្នក​ទាត់​មិន​ពូកែ។ «លោក ហ៊ុនសែន ជា​អ្នក​ចាំ​ហ្គោន​ដ៏ពូកែ​ខាង​ចាប់​បាល់​ ប៉ុន្តែ​អ្នក​លេង​ក្នុង​ក្រុម​លោក​មិន​ពូកែ​ចាប់​យូរ​ទៅ​គង់​តែ​ហត់​ហើយ​គេ​ស៊ុត​តាម​ចិត្ត»។ មន្រ្តី​ខិលខូច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យំ​សោក​រាល់​ថ្ងៃ​ទឹកភ្នែក ទឹកសំបោរ និង​បំផ្លាញ​ឈើ​ខ្ទេច​អស់។ អនាគត​ព្រៃឈើ​នៅ​កម្ពុជា​មិន​មាន​សញ្ញា​ល្អ​ទេ​ត្រី​ក៏​អស់​រលីង​យួន​នៅ​ពេញ​ទឹក រ៉ែ​ក៏​ខ្ទេច។

លោក​ថ្លែង​ថា​ «ប្រសិន​ជា​លោក​នាយក​រដ្ឋមន្រ្តី​ដឹកនាំ​ពីរ​អាណត្តិ​ទៀត​ជីវភាព​ពលរដ្ឋ​ក្រ​ទៅៗ​តែ​ម្តង។ ឥឡូវ​គ្រឿង​ញៀន​កំពុង​ហៀរ​ទៅ​ដល់​ភ្នំស្រង់ អត់​ការ​ធ្វើ ជំពាក់​ធនាគារ​រត់​ចោល​ស្រុក។ សង្គម​បែប​នេះ​សម្តេច​ដោះស្រាយ​មិន​រួច​ទេ។ សុំទោស​ផង​សម្តេច​អើយ! ព្រោះ​ខ្ញុំ​ជម្រាប​ត្រង់ៗ។ ខ្ញុំ​ធ្វើការ​ជាមួយ​លោក​ខ្ញុំ​គោរព​លោក​ណាស់»៕

រាយការណ៍​បន្ថែមៈ តាំង រីនិត្យ/សហការ​ផលិត VIDEO ដោយ គាំ ច័ន្ទរស្មី, កែវ រតនា, មានសង្ហារ ដេវីត និង លៀប ទេវិពិទូ

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ