Search

Search form

លោក​ ឌឹម សុវណ្ណារុំ​៖ ​ប្រទេស​ដទៃ​ទៀត​បន្ត​ជួយ​មាន​ន័យ​ថា​ គជប ​ធ្វើការ​មិន​អាក្រក់​ពេក​ទេ

Content image - Phnom Penh Post
លោក​ ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ គ.ជ.ប. ផ្តល់​បទសម្ភាស​ដល់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​ ២៨ ធ្នូ​។ រូបថត រតនា

លោក​ ឌឹម សុវណ្ណារុំ​៖ ​ប្រទេស​ដទៃ​ទៀត​បន្ត​ជួយ​មាន​ន័យ​ថា​ គជប ​ធ្វើការ​មិន​អាក្រក់​ពេក​ទេ

មួយ​រយៈពេល​កន្លង​ទៅ​នេះ​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហាក់​ដូចជា​មិន​ខ្វល់​នឹង​ការ​ដក​ខ្លួន​ឈប់​ផ្តល់​ជំនួយ​ពី​សំណាក់​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​សម្រាប់​ដំណើរការ​បោះឆ្នោត​នោះ​ឡើយ ខណៈ​ដែល​មហាមិត្ត​ចិន​បាន​ហក់​ចូល​មក​ជំនួស និង​ជប៉ុន​នៅ​តែ​បន្ត​ផ្តល់​ជំនួយ​ជា​រហូត​មក​នេះ​ស្របពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គ.ជ.ប.) ​ក៏​បាន​ប្រកាស​ដែរ​ថា​ខ្លួន​នៅ​តែ​រក្សា​ជំហរ​ឯករាជ្យ​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដោយសារ​មាន​លទ្ធភាព​គ្រប់គ្រាន់​តាមរយៈ​ជំនួយ​ពី​ប្រទេស​ផ្សេងៗ​ទោះបី​សហភាព​អឺរ៉ុប​ព្យួរ​ជំនួយ​ក៏ដោយ​។

ដោយ​ថ្លែង​ស្រដៀង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឆ្លើយតប​នឹង​ការ​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​ពី​សំណាក់​សហគមន៍​អន្តរជាតិ នៅ​ពេល​ដែល​ការ​បោះឆ្នោត​មួយ​មិន​មាន​គូប្រកួត​ទម្ងន់​ប្រហាក់​ប្រហែល​គ្នា​ចូលរួម​ហើយ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ការ​បោះឆ្នោត​នោះ​មិន​ឯករាជ្យ និង​យុត្តិធម៌​លោក​ ឌឹម សុវណ្ណារុំ ក្នុង​នាម​អ្នក​នាំពាក្យ គ.ជ.ប. ក៏​បាន​បង្ហាញ​នូវ​ជំហរ​មិន​ខ្វល់​ចំពោះ​ការ​មិន​ទទួល​ស្គាល់​នោះ​ដោយ​លោក​នៅ​តែ​សង្កត់​ធ្ងន់​លើ​ការ​បំពេញ​តួនាទី​ដោយ​ផ្អែក​លើ​នីតិវិធី​របស់ គ.ជ.ប. ដែល​បាន​ចែង​ហើយ​ថា​កម្ពុជា​មាន​លទ្ធភាព​រៀបចំ​ការ​បោះឆ្នោត​ដោយ​ខ្លួនឯង​តាំងពី​ឆ្នាំ​ ១៩៩៨ ​មក​ហើយ ដូច្នេះ​មិន​មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​សម្រាប់​ប្រទេស​មួយ​នេះ​ទេ​។ កម្ពុជា​ធ្វើការ​មិនមែន​សម្រាប់​ផ្គាប់​ចិត្ត​អ្នក​ណា​ឡើយ​ពោល​គឺ​កម្ពុជា​ធ្វើការ​ដើម្បី​ខ្លួនឯង​។

ទាក់ទង​នឹង​ការ​ព្យួរ​ជំនួយ​ពី​សហគមន៍​អឺរ៉ុប​នេះ​ក៏​មិន​បាន​ធ្វើឲ្យ​មាន​ឧបសគ្គ​រាំងស្ទះ​ដល់​ដំណើរការ​របស់ គ.ជ.ប. ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ដោយសារ​ថា ក្រៅ​ពី​ប្រទេស​ចិន ជប៉ុន ដែល​បាន​និង​កំពុង​ជួយ គ.ជ.ប ក៏​នៅ​មាន​ប្រទេស​មហាអំណាច​រុស្ស៊ី​រង់ចាំ​ត្រៀម​ជួយ​ដល់​ដំណើរ​ការ​បោះឆ្នោត​នេះ​ដែរ​។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ២៨ ខែ​ធ្នូ​អ្នក​នាំពាក្យ គ.ជ.ប. លោក​ ឌឹម សុវណ្ណារុំ បញ្ជាក់​ថា​៖ «​យើង​ត្រូវ​តែ​ធានា​ឲ្យ​បាន​ [​នូវ​ទំនុក​ចិត្ត​]​។ អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើ​ហើយ​កាលពី​លទ្ធផល [​បោះឆ្នោត​ឃុំ​សង្កាត់​] ដែល​យើង​ទទួល​បាន​កាលពី​ថ្ងៃ​ទី​ ៤ ខែ​មិថុនា​ហ្នឹង​យើង​នៅ​តែ​រក្សា ហើយ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត​»​។

លោក​ ឌឹម សុវណ្ណារុំ ថ្លែង​ថា​៖ «​មាន​ពី​ណា គេ​មិន​ជួយ គ.ជ.ប. ដោយសារ​រឿង​នយោបាយ ឬ​ក៏​ការ​ដែល​គេ​មិន​ជួយ គ.ជ.ប. នេះ​ដោយសារ គ.ជ.ប. ធ្វើ​ការងារ​ខ្លួន​មិន​បាន​ល្អ​។ ២ ​ហ្នឹង ជា​ [​សំណួរ​?] ត្រូវ​ពិចារណា​។ ប៉ុន្តែ​នៅ​ប្រទេស​មហាអំណាច​ដទៃ​ទៀត រុស្ស៊ី ជប៉ុន និង​ចិន​នៅ​តែ​បន្ត​ជួយ​។ មាន​ន័យ​ថា គ.ជ.ប. ធ្វើការ​របស់​គេ​វា​មិន​ទៅ​អាក្រក់​អី​ពេក​ឯណា ហើយ​អ្នក​ជំនាញ​នៅ​សហគមន៍​អឺរ៉ុប​គេ​ក៏​ទទួល​ស្គាល់​ការងារ​របស់ គ.ជ.ប. ដែរ​»​។

ទោះបី​ជា​មាន​ការ​រិះគន់​ថា គជប ដែល​មាន​សមាសភាព​ថ្មី​ ៣ ​រូប​មកពី​គណបក្ស​នយោបាយ​ចម្រុះ​នឹង​មិន​អាច​ផ្តល់​ភាព​យុត្តិធម៌​បាន​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​នេះ​ដូច​គ្នា​នឹង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​ក៏​ដោយ ប៉ុន្តែ​សមាជិក​នៃ​ស្ថាប័ន​កំពូល​មួយ​នេះ​នៅ​តែ​អះអាង​ថា​ខ្លួន​នឹង​ឈរ​លើ​ជំហរ​ច្បាស់លាស់​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នេះ​ដែល​អាច​ទទួល​យក​បាន​ដូច​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អ៊ីចឹង​ដែរ​។

លោក​ ឌឹម សុវណ្ណារុំ បន្ថែម​ថា​៖ «​អនុវត្ត​ទៅ​តាម​ហ្នឹង​ទៅ​ហើយ​យើង​ធានា​ថា ការ​បោះឆ្នោត​នឹង​ទទួល​បាន​ជោគជ័យ​ដូច​ដែល​យើង​ធ្លាប់​បាន​ធ្វើ​។ បើ​យើង​ធ្លាប់​ធ្វើ​ជោគជ័យ​រឿង​អី​យើង​ធ្វើ​បរាជ័យ វា​គ្រាន់​តែ​មាន​មនុស្ស​ ២-៣ ​នាក់​ចេញ​ទៅ​អ្នក​ថ្មី​មក​ជំនួស​គោលការណ៍​នៅ​ដដែល​អ្នក​ដឹកនាំ​ដដែល​មនុស្ស​ធ្វើ​កិច្ចការ​នៅ​ដដែល អ្នក​ជំនាញ​នៅ​ដដែល អ្នក​ច្បាប់​នៅ​ដដែល តើ​រឿង​អី​យើង​ធ្វើ​មិន​កើត​»​។

ដើម្បី​ធានា​ពី​ការ​ផ្តល់​ទំនុក​ចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​លោក​ ឌឹម សុវណ្ណារុំ ដែល​អតីត​ក៏​ជា​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​ដែរ​នោះ បាន​បង្ហាញ​អំពី​ចក្ខុវិស័យ​ ៧ ​ចំណុច​របស់ គ.ជ.ប. ដែល​លោក​ថា​ ​អាច​ផ្តល់​នូវ​ការ​ជឿជាក់​អំពី​ដំណើរការ​ឆ្ពោះ​ទៅ​មុខ​នៃ​នីតិវិធី​របស់​ខ្លួន​ក្នុង​ការ​បំពេញ​តួនាទី​ជា​អ្នក​រៀបចំ​ការ​បោះឆ្នោត​ដោយ​រលូន​ដើម្បី​ធ្វើ​យ៉ាង​ណា​គេច​ឲ្យ​ផុត​ពី​បញ្ហា​ចៀសវាង​ពេល​បោះឆ្នោត​ហើយ​ចេញ​លទ្ធផល​ស្រាប់​តែ​មាន​ក្រុម​ខ្លះ​ឆ្លៀត​ឱកាស​យក​លទ្ធផល​ឆ្នោត​ទៅ​ធ្វើ​អ្វី​ផ្សេងៗ​។ ចក្ខុវិស័យ​ ៧ ​ចំណុច​នោះ​រួម​មាន ឯករាជភាព អព្យាក្រឹតភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវៈ និង​ភាព​ជា​អ្នក​បម្រើ សេវា​ដែល​ទាំង​ ៧ ​ចំណុច​នេះ​គឺជា​គោលការណ៍​របស់ គ.ជ.ប.។

លោក​ថ្លែង​ថា​៖ «​ទាំងអស់​គ្នា​​នាំ​គ្នា​ធ្វើ​កិច្ចការ​ហ្នឹង​។ អា​ ៧ ​ចំណុច​ហ្នឹង​ហើយ ដែល​ជា​ត្រីវិស័យ​បាន​យក​មក​អនុវត្ត​កន្លង​មក​ធ្វើឲ្យ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ខែ​មិថុនា ឆ្នាំ​ ២០១៧ កន្លង​ទៅ​នេះ​ទទួល​បាន​ជោគជ័យ​ហើយ​យើង​បន្ត​អនុវត្ត​គោលការណ៍​របស់​យើង​បន្ត​អនុវត្ត​ទស្សនវិស័យ​របស់​យើង​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ថ្ងៃ​ទី​ ២៥ កុម្ភៈ ឆ្នាំ​ ២០១៨ ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨»​។

ជុំវិញ​ថា គ.ជ.ប. មិន​ឯករាជ្យ​ហើយ​ការ​បោះឆ្នោត​នោះ​មិន​ស្រប​ច្បាប់​ទេ​ដោយសារ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ​លោក​ ឌឹម សុវណ្ណារុំ ហាក់​ដូចជា​មិន​ចាប់​អារម្មណ៍​នឹង​ការ​លើក​ឡើង​នេះ​ទេ​។

លោក​ចង្អុល​ទៅ​ចក្ខុវិស័យ​ទាំង​ ៧ ​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ​ដោយ​បង្ហាញ​ថា គ.ជ.ប. មាន​ឯករាជភាព​របស់​ខ្លួន​ក្នុង​ការ​បំពេញ​តួនាទី​ជា​អាជ្ញាកណ្តាល​ព្រោះ​ថា​ស្ថាប័ន​កំពូល​មួយ​នេះ​មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​រលូន​បាន បើ​ទោះបី​មិន​មាន​សមាសភាព​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម ហើយ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ឈប់​ផ្តល់​ជំនួយ​ឲ្យ​ក៏ដោយ​។

លោក​ថ្លែង​ថា​៖ «​ម៉េច​ក៏​បាន​ធ្វើ​បុរេវិនិច្ឆ័យ​អ៊ីចឹង​។ ម៉េច​ក៏​បាន​វាយតម្លៃ​ទៅ​លើ​ស្ថាប័ន​ជាតិ​ដ៏កំពូល​មួយ​យ៉ាង​ដូច្នេះ​។ អាហ្នឹង​មិន​អាច​វាយតម្លៃ​អ៊ីចឹង​បាន​ទេ​។ រឿង​ប្រជាធិបតេយ្យ​មិនមែន​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប​មក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​ប្រទេស​ដទៃ​យក​មក​ប្រៀបធៀប​គ្នា​បាន​ទេ​។ ដូច្នេះ​កម្ពុជា​មាន​ផ្លូវ​របស់​ខ្លួន ដែល​ត្រូវ​ដើរ មិនមែន​ដើរ​ចាំបាច់​គេ​ញាក់​ត្រូវ​ធ្វើ​ចេះ ត្រូវ​ធ្វើ​ចុះ​អត់​ទេ​»​។

ភាព​ខុស​គ្នា​រវាង គ.ជ.ប ចាស់ និង​ថ្មី​នៅ​ត្រង់​ថា​ស្ថាប័ន​ចាស់​មាន​សមាសភាព​មក​ពី​គណបក្ស​នយោបាយ​ចំនួន​ ២ គឺ​សមាជិក​ ៤ ​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឯ​ ៤ ​រូប​ទៀត​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ដ៏ធំ​របស់​លោក​ កឹម សុខា ដែល​កំពុង​ជាប់​ពន្ធនាគារ​។ ដោយ​ឡែក​សមាជិក​ ១ ​រូប​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បុគ្គល​អព្យាក្រឹត និង​ឯករាជ្យ​នោះ​ត្រូវ​បាន​ជ្រើស​ចេញ​ពី​សង្គម​ស៊ីវិល​។

លោក ឌឹម សុវណ្ណារុំ៖ កម្ពុជា​មាន​ផ្លូវ​របស់​ខ្លួន​ដែល​ត្រូវ​ដើរ

ប៉ុន្តែ​សម្រាប់ គ.ជ.ប. ថ្មី​គឺ​មាន​សមាសភាព​មកពី​គណបក្ស​នយោបាយ​ចំនួន​ ៣ ​បក្ស​ក្រោយ​ពី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ហើយ​សមាជិក​ ៣ ​រូប​ក្នុង​ចំណោម​ ៤ ​រូប​មកពី​បក្ស​នេះ​បាន​លាលែង​។

ដើម្បី​ប៉ះប៉ូវ​នៅ​កន្លែង​ទំនេរ​ពី​ការ​លាលែង​ស្ថាប័ន​នេះ​ត្រូវ​បាន​បំពេញ​វិញ​ដោយ​សមាជិក​ចំនួន​ ៣ ​រូប​ដែល​ត្រូវ​បាន​ជ្រើស​ចេញ​ពី​គណបក្ស​នយោបាយ​ចំនួន​ ២ ​ដែរ​ក្នុង​ចំណោម​ ៣ ​ដើម្បី​បង្គ្រប់​នឹង​សមាជិក​មកពី​គណបក្ស​កាន់​អំណាច​ក្រោយ​ពី​គណបក្ស​ចំនួន​ ៣ ​នេះ​ទទួល​បាន​ចំណែក​នៃ​អាសនៈ​របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​នោះ​។ ក្នុង​នោះ​មាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គណបក្ស​សញ្ជាតិ​កម្ពុជា​។

ឆ្លើយ​នឹង​សំនួរ ថា​តើ គ.ជ.ប ​នឹង​អនុវត្ត​តាម​នីតិវិធី​យ៉ាងម៉េច​ក្នុង​នាម​អាជ្ញាកណ្តាល​សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​បន្ត​ទៀត​នោះ ប្រសិន​បើ​ចេញ​លទ្ធផល​ក្រោយ​ការ​បោះឆ្នោត​មាន​ការ​តវ៉ា​ដូច​ការ​បោះឆ្នោត​អាណត្តិ​មុនៗ​ទៀត​។

លោក​ ឌឹម សុវណ្ណារុំ បាន​បញ្ជាក់​ថា​៖ «​យើង​មាន​បទពិសោធ​ការងារ​ដែល​យើង​ទទួល​បាន​ជោគជ័យ​កន្លង​មក​ហើយ​យើង​ត្រូវ​តែ​បន្ត​ដើរ​នៅ​លើ​ផ្លូវ​ហ្នឹង​ទៀត​ហើយ​បើ​សិន​ជា​យើង​ដើរ​នៅ​តាម​ផ្លូវ​ហ្នឹង​គឺ​មិន​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ហ្នឹង​ទេ​»​។

លោក​អះអាង​ថា​៖ «​ការ​ដើរ​តាម​ផ្លូវ​តាម​អី មិនមែន​ចេះ​តែ​នឹក​ឃើញ​ដើរ​ឯណា​។ គេ​មាន​មាគ៌ា គេ​មាន​ត្រីវិស័យ គេ​មាន​ការ​ចង្អុល​បង្ហាញ​»​។

ស្ថិត​ក្នុង​វ័យ ​៤៨ ​ឆ្នាំ​លោក​ ឌឹម សុណ្ណារុំ បាន​ឆ្លងកាត់​ការងារ​ច្រើន​ប្រភេទ​ជាង​ ២០ ​ឆ្នាំ​កន្លង​មក​ហើយ​មុន​ក្លាយ​ជា​អ្នក​នាំពាក្យ គ.ជ.ប. កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​នេះ​។

លោក សុវណ្ណារុំ ធ្លាប់​ប្រឡូក​ក្នុង​សមរភូមិ​ស្លាប​ប៉ាកា ឬ​ក៏​ជា​អ្នក​កាសែត​អាជីព​តាំង​ពី​ឆ្នាំ​ ១៩៩៥ រហូត​ដល់​​ ២០០៩ និង​ធ្វើ​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​ព្រម​ទាំង​ជា​អ្នក​ផលិត​កម្មវិធី​ផ្សេងៗ​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន​បម្រើការ​ឲ្យ​ស្ថាប័ន​ទូរទស្សន៍​ជាតិ មុន​ពេល​ក្លាយ​ជា​អ្នក​នាំពាក្យ​។

បើ​តាម​លោក​ សុវណ្ណារុំ ការ​ក្លាយ​ជា​អ្នក​កាសែត និង​ជា​អ្នក​នាំពាក្យ វា​អាច​កើតឡើង​ដោយ​ការ​ប៉ង​ប្រាថ្នា​របស់​លោក​ផង​សម្រាប់​អាជីព​ជា​អ្នក​កាសែត និង​ក៏​ជា​ចៃដន្យ​ផង​ដែរ​សម្រាប់​ការងារ​ជា​អ្នក​នាំ​ពាក្យ​ព្រោះ​ថា​តាមរយៈ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ចំណេះដឹង​ផ្នែក​ភាសា​បារាំង​បាន​រុញ​ឲ្យ​លោក​មក​ដល់​ចំណុច​មួយ​នេះ​។

មុន​ហក់​ចូល​មក​កាន់​តួនាទី​ជា​អ្នក​នាំពាក្យ គ.ជ.ប. លោក​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​នាំពាក្យ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ជិត​ ៩ ​ឆ្នាំ និង​ធ្វើ​ជា​សាស្ត្រាចារ្យ​ផ្នែក​អ្នក​នាំ​ពាក្យ​ផង​ដែរ​។

ងាក​ទៅ​រក​ការសិក្សា​លោក​ ឌឹម សុវណ្ណារុំ បាន​ទៅ​សិក្សា​ផ្នែក​សារព័ត៌មាន​នៅ​ប្រទេស​បារាំង​នា​ឆ្នាំ​ ១៩៩៤ និង​ចុង​ក្រោយ​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​យុទ្ធសាស្ត្រ និង​ការទូត​ជាន់​ខ្ពស់​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នា​ឆ្នាំ​ ២០០៤-២០០៥​។

បច្ចុប្បន្ន​លោក​ក៏​កំពុង​សិក្សា​បន្ត​យក​កម្រិត​បណ្ឌិត​ផ្នែក​នីតិ អន្តរជាតិ​សាធារណៈ​។

ហ៊ី តេងសាន ជា​ឈ្មោះ​កុមារា​ម្នាក់​ជា​កូន​ទី​ ២ ក្នុង​ចំណោម​បងប្អូន​ ៣ ​នាក់​មាន​ឪពុក​ឈ្មោះ​ ហ៊ី តុង ដែល​ជា​អតីត​ចាងហ្វាង​សាលា​បឋមសិក្សា​ទូទាំង​ខេត្ត​កំពង់ធំ​កាលពី​ជំនាន់​សង្គម​រាស្ត្រនិយម និង​ធ្លាប់​ឈរ​ឈ្មោះ​ជា​អ្នក​តំណាងរាស្ត្រ​ផង​ដែរ និង​ម្តាយ​ជា​អាជីវករ​។

ហ៊ី តេងសាន ជា​កុមារកំព្រា​ឪពុក​តាំងពី​អាយុ​ ២ ​ឆ្នាំ​ហើយ​ក្រោយ​មក​កុមារ​ឈ្មោះ​ ហ៊ី តេងសាន បាន​ប្រែ​ក្លាយ​មក​ជា​ឈ្មោះ​ ឌឹម សុណ្ណារុំ ចាប់​តាំង​ពី​របប​ខ្មែរក្រហម​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ លោក ឌឹម សុណ្ណារុំ មាន​គ្រួសារ និង​កូន​ ៣ ​នាក់​ក្នុង​បន្ទុក​៕

អត្ថបទគួរចាប់អារម្មណ៍