ជាមួយ​នឹង​គោលនយោបាយ​ថ្មី​មាន​ឈ្មោះ​ថា «​ស​ ៥» សម្រាប់​ដាក់​ចូលរួម​ប្រកួត​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​អាច​ឈ្នះ​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​បាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​បង្កើត​ឡើង​ដោយ​បណ្តុំ​បញ្ញវន្ត​ល្បីៗ​​ មកពី​ស្ថាប័ន​សង្គម​ស៊ីវិល​បាន​បង្ហាញ​នូវ​មូលដ្ឋានគ្រឹះ​ដ៏សំខាន់​មួយ​ដែល​អាច​រុញ​គណបក្ស​នេះ​ទៅ​រក​ជ័យជម្នះ​បាន​តាមរយៈ​ការ​បោះឆ្នោត​នា​ឆ្នាំ​ ២០១៨ ​នេះ នោះ​គឺ​លុះត្រា​តែ​ប្រជាពលរដ្ឋ​ដែល​ចង់​មាន​ការ​ផ្លាស់ប្តូរ​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​ច្រើន បើ​មិន​ដូច្នេះ​ទេ​បក្ស​កាន់​អំណាច​នៅ​តែ​អាច​គ្រប់គ្រង​ខ្សែ​ក្រវាត់​បន្ត​និរន្តរភាព​អំណាច​របស់​ខ្លួន​បាន​ដដែល​។

នៅ​ពេល​បាត់​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​ប្រទេស​ដែល​ជា​បក្សប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា​របស់​លោក​ កឹម សុខា ដែល​កំពុង​ជាប់ឃុំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (​គបម​) ​ដឹកនាំ​ដោយ​លោក​ យ៉េង វីរៈ លោក​បណ្ឌិត​ យ៉ង សាំងកុមារ លោក​បណ្ឌិត​ សាម អ៊ីន ​...​ដែល​ជា​បណ្តុំ​បញ្ញវន្ត និង​ជា​អតីត​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ហាក់​ដូចជា​បាន​ហក់​មក​ដណ្តើម ចំណាត់ថ្នាក់​ជា​បក្ស​ប្រឆាំង​ធំ​ទី​ ១ ​វិញ​ក្រោយ​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ទម្ងន់​ប្រហាក់​ប្រហែល​គ្នា​នឹង​បក្ស​កាន់​អំណាច​សម្រាប់​ការ​ប្រកួត​បោះឆ្នោត​ជាតិ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨​។

ទោះបី​ជា គបម រំពឹង​ថា​ខ្លួន​អាច​ដណ្តើម​យក​ចំណាត់​ថ្នាក់​របស់​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ក្លាយ​ជា​គូប្រជែង​នឹង​បក្ស​កាន់​អំណាច​ក៏ដោយ ប៉ុន្តែ​គណបក្ស​ដែល​ទើប​តែ​មាន​អាយុ​ជាង​ ១ ​ឆ្នាំ​នេះ​មិន​ចង់​ឲ្យ​បាត់​វត្តមាន​បក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ដោយ​គណបក្ស​វ័យក្មេង​នេះ​ចាត់​ទុក​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សង្វៀន​នយោបាយ​គឺជា​ការ​បង្គ្រប់​ឲ្យ​មាន​មុំ​ ៣ ​ទល់​នឹង​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ស័ក្តិសម​ជាង​គណបក្ស​នយោបាយ​ឯទៀតៗ​ដើម្បី​ប្រកួត​គ្នា​តាម​​បែប​ប្រជាធិបតេយ្យ និង​រក​ដំណោះស្រាយ​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​។

តាមរយៈ​កិច្ចសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​ ៨ មករា នៅឯ​ទីស្នាក់ការ​ធំ​របស់​គណបក្ស​នេះ​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ដែល​មាន​ទីធ្លា​ធំ​ហ៊ុមព័ទ្ធ​ដោយ​ច្បារ​ដំណាំ និង​ដើមឈើ​តូចធំ​តាម​បរិយាកាស​នៃ​ធម្មជាតិ​លោក​បណ្ឌិត​ សាម អ៊ីន អ្នក​នាំពាក្យ គបម បាន​បង្ហាញ​នូវ​គោលនយោបាយ​ដែល​មាន​ឈ្មោះ​ថា​ «​ស​៥» ​ដើម្បី​ត្រៀម​ឃោសនា​រក​សំឡេង​គាំទ្រ​ចូលរួម​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​។ គោលនយោបាយ​ «​ស​៥» ​នោះ​គឺ ១ សេដ្ឋកិច្ច ២ សុខាភិបាល ៣ សិក្សាធិការ ៤ សង្គមកិច្ច និង ៥ សេវាសាធារណៈ​ល្អ​។

លោក​ សាម អ៊ីន ថ្លែង​ថា​៖ «​សេណារីយោ​ដែល​មិន​ល្អ​ដែល​អាក្រក់​បំផុត​នោះ គឺ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្តូរ គាត់​អត់​ទៅ​បោះឆ្នោត អ៊ីចឹង​ពេល​ហ្នឹង​គឺ​យើង​នឹង​បណ្តែត​បណ្តោយ​ឲ្យ​ជោគវាសនា​ប្រទេស​ជាតិ​របស់​យើង ជោគ​វាសនា​ខ្លួន​យើង ជោគ​វាសនា​ក្រុម​គ្រួសារ​យើង​គឺ​ឲ្យ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​គាត់​ទៅ​បោះឆ្នោត ហើយ​ភាគ​ច្រើន​ប្រជាពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​ហ្នឹង ភាគច្រើន​គាត់​គាំទ្រ​គណបក្ស​ប្រជាជន​»​។

លោក​បន្ថែម​ថា​៖ «​ហើយ​បើ​យើង​អ្នក​ចង់​បាន​ការ​ផ្លាស់ប្តូរ​យើង​មិន​ទៅ​បោះឆ្នោត​គឺជា​ហានិភ័យ​មួយ​ខ្ពស់​ណាស់​ដែល​យើង​បណ្តោយ​ឲ្យ​គណបក្ស​ប្រជាជន​ទទួល​បាន​សំឡេង​ឆ្នោត​នៅ​ក្នុង​រដ្ឋសភា​ហ្នឹង​លើស​ពី​ ២ ​ភាគ​ ៣ ដែល​គាត់​អាច​ឈាន​ទៅ​កែ​រដ្ឋធម្មនុញ្ញ​ស្រេច​តែ​ចិត្ត​បាន​តាមរយៈ​សំឡេង​ឯកបក្ស​»​។

បើ​តាម​លោក​ សាម អ៊ីន សេណារីយោ ដែល គបម ចង់​បាន​ដើម្បី​ប្រយុទ្ធ​នឹង​គណបក្ស​កាន់​អំណាច និង​ទប់ស្កាត់​គណបក្ស​នេះ​មិន​ឲ្យ​បាន​សំឡេង​ ៥០ ​ភាគរយ​បូក​នឹង​ ១ ដើម្បី​បង្កើត​ច្បាប់​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល និង​រំលាយ​គណបក្ស​នយោបាយ​បាន​ងាយស្រួល​នោះ​គឺ​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​។

បើ​កាលណា​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន​គឺ​សំឡេង​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​ក៏​មាន​ច្រើន​ដែរ ដូច្នេះ​ហើយ​វា​ជា​រនាំង​រាំង​ខ្ទប់​មិន​ឲ្យ​បក្ស​កាន់​អំណាច​កើន​សំឡេង​ ៥០%+១ ដើម្បី​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​បាន​ឡើយ​។

លោក​ សាម អ៊ីន ថ្លែង​ថា​៖ «​សេណារីយោ ដែល​ល្អ​បំផុត​គឺ​យើង​យក​ឈ្នះ​គណបក្ស​ប្រជាជន​តែ​ម្តង​។ អ៊ីចឹង​យើង​គិត​ថា​វា​អាស្រ័យ​ទៅ​នឹង​ការ​ចូលរួម និង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​។ យើង​នឹង​ធ្វើ​យុទ្ធនាការ​មួយ​ដើម្បី​ជំរុញ លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ហើយ​នឹង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្តូរ​ហ្នឹង​គឺ​គាត់​ត្រូវ​តែ​សម្រេច​ចិត្ត​ទៅ​បោះឆ្នោត​ចៀសវាង​គាត់​សម្រេច​ចិត្ត​ខឹង​ហើយ​គាត់​មិន​ទៅ​បោះឆ្នោត យើង​គិត​ថា​គាត់​នឹង​ធ្វើ​កំហុស​មួយ​ហើយ​គឺ​គាត់​ប្រគល់​សិទ្ធិ​អំណាច​ធំ​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​ដែល​អាច​បាន​សំឡេង​លើស​ពី​ ២ ​ភាគ​ ៣ ដែល​គ្រោះថ្នាក់​សម្រាប់​ប្រទេស​កម្ពុជា​របស់​យើង​»​។

ក្នុង​វិស័យ​នៃ​គោលនយោបាយ​ទាំង​ ៥ ​របស់ គបម បើ​ប្រៀបធៀប​នឹង​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មាន​ចំណុច​ប្រហាក់​ប្រហែល​គ្នា​ច្រើន​ក្នុង​ទិសដៅ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ជាតិ​តាមរយៈ​គោលនយោបាយ​នេះ​។

ប៉ុន្តែ​នៅ​ក្នុង​ចំណុច​ «​ស​៤» ​របស់ គបម គឺ​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ត្រង់​ថា គបម មាន​លទ្ធភាព​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ចាស់​ជរា​អាយុ​ចាប់ពី​ ៦៥ ​ឆ្នាំ​ឡើង​ទៅ​គឺ គបម ផ្តល់​ជូន​នូវ​ទឹកប្រាក់​ចំនួន​ ១៥ ​ម៉ឺន​រៀល​ក្នុង​ ១ ​ខែ និង​ស្ត្រី​សម្រាល​កូន​នឹង​ទទួល​បាន​នូវ​ទឹកប្រាក់​ ៥០ ​ម៉ឺន​រៀល​ពី​រដ្ឋាភិបាល​។ ឯ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លទ្ធភាព​ផ្តល់​ជូន​ចាស់ជរា​នូវ​ទឹកប្រាក់​ត្រឹម​ ៤ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​ខែ​។

លោក សាម អ៊ីន ថ្លែង​ថា​៖ «​យើង​មាន​គោលនយោបាយ​ថា​នឹង​បញ្ជូន​អ្នក​ជំនាញ​កសិកម្ម​ ៥ ​ពាន់​នាក់​ទៅ​ធ្វើការ​ជួយ​កសិករ​ផ្នែក​ទឹក ផ្នែក​ទុន​ទីផ្សារ ដើម្បី​ឲ្យ​កសិករ​អាច​ដាំ​ដំណាំ​ដែល​យល់ដឹង​ពី​បច្ចេកទេស​កសិកម្ម ហើយ​គាត់​យល់​ដឹង​ពី​ទីផ្សារ​។ អ៊ីចឹង​កសិករ​យើង​នឹង​ក្លាយ​ជា​កសិករ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​នឹង​កសិករ​ប្រទេស​ជិត​ខាង​ដូចជា​ប្រទេស​ថៃ​ប្រទេស​វៀតណាម​»​។

ដោយ​មើល​ឃើញ​បច្ចុប្បន្ន​បន្លែ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​មិនមែន​ជា​បន្លែ​មាន​លក្ខណៈ​ធម្មជាតិ​នោះ​តាម​អ្នក​នាំ​ពាក្យ​គណបក្ស​នេះ​គឺ​វា​អាច​កើតឡើង​ដោយសារ​កសិករ​ខ្មែរ​មិន​មាន​សមត្ថភាព​ ឬ​ជំនាញ​កសិកម្ម​ដាំដុះ​គ្រប់គ្រាន់ ដូច្នេះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​មាន​ថ្នាក់ដឹកនាំ​ជា​អ្នក​ជំនាញ​កសិកម្ម​ផង​ដែរ​នោះ​គឺ​លោក​បណ្ឌិត​ យ៉ង សាំងកុមារ រដ្ឋាភិបាល​នឹង​បញ្ជូន​គ្រូ​ជំនាញ​កសិកម្ម​ ៥ ​ពាន់​នាក់​ឲ្យ​ទៅ​ជួយ​កសិករ​ផ្នែក​ដាំដុះ​។

បើ​តាម​លោក​ សាម អ៊ីន វិស័យ​សុខាភិបាល និង​សិក្សាធិការ​គឺ​រដ្ឋាភិបាល​ដឹកនាំ​ដោយ គបម នឹង​ពង្រឹង​គុណភាព និង​សេវា​ឲ្យ​បាន​ល្អ និង​ស្មើភាព​គ្នា​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដើម្បី​ទទួល​បាន​សេវា​ថែទាំ​សុខភាព ដោយ​បង្កើត​ប្រព័ន្ធ​ធានា​រ៉ាប់រង​ទូទៅ​ហើយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់​ថ្លៃ​តែ​ ៥០០ ​រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​ខែ​ដើម្បី​បាន​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​មាន​គុណភាព​ខ្ពស់​។

ដោយឡែក ​វិស័យ​សិក្សាធិការ រដ្ឋាភិបាល​របស់ គបម នឹង​រៀបចំ​ឲ្យ​មាន​កម្ចី​សម្រាប់​យុវជន​ដែល​មាន​សមត្ថភាព​រៀន ប៉ុន្តែ​មិន​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ទៀត​ដោយ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ខ្ចី​ក្នុង​ ១ ​ឆ្នាំ​ ៥ ​លាន​រៀល​ដើម្បី​ឲ្យ​ពួកគេ​អាច​បន្ត​ការ​សិក្សា​បាន​ខ្ពស់ និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​តាម​សមត្ថភាព​របស់​ពួកគេ​។

លោក ​សាម អ៊ីន បញ្ជាក់​ថា​៖ «​អ៊ីចឹង​យើង​គិត​ថា​ដើម្បី​រុញ​ឲ្យ​ប្រទេស​កម្ពុជា​ហ្នឹង​មាន​ការ​រីក​លូតលាស់​ខ្លាំង​គឺ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រឿង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ហើយ​យើង​ត្រូវ​ធ្វើ​ម៉េច​សម្រួល​បរិយាកាស​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​ជាតិ​ឲ្យ​បាន​ខ្លាំង ហើយ​តួនាទី​សំខាន់​របស់​រដ្ឋាភិបាល​របស់​មន្ត្រីរាជការ​ធ្វើ​ម៉េច​ធានា​ឲ្យ​មាន​ការ​ជួយ​រុញ​ឲ្យ​មាន​ការ​លូតលាស់​សេដ្ឋកិច្ច​ជាតិ​ជាជាង​ការ​ជួយ​បន្ទុច​បង្អាក់​»​។

ការ​បន្ទុច​បង្អាក់​គឺ​លោក​សំដៅ​ទៅ​លើ​ការ​រៀបចំ​ប្រព័ន្ធ​រដ្ឋបាល​មួយ​ដោយ​ប្រព្រឹត្ត​អំពើ​ពុករលួយ​សុំ​លុយ​ក្រៅ​ផ្លូវការ​មាន​ច្រើន​កន្លែង​នៅ​ពេល​មាន​ការ​សុំ​ច្បាប់​បង្កើត​ក្រុមហ៊ុន​អ្វី​មួយ​៕

សូម​រង់ចាំ​អាន​ភាគ​បន្ត​សប្តាហ៍​ក្រោយ