Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - វេជ្ជបណ្ឌិត​ ពុង ឈីវកេក​៖ ​តើ​ជំនួប​ចរចា​រវាង​​សម្ដេច​ឪ-សម្ដេច​ ហ៊ុន សែន ​ផ្ដើម​ពី​ចំណុច​ណា​?

Content image - Phnom Penh Post
លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក ផ្ដល់​បទសម្ភាស​ដល់​កាសែត​ភ្នំពេញ ប៉ុស្ដិ៍​។ រូបថត កែវ រតនា

វេជ្ជបណ្ឌិត​ ពុង ឈីវកេក​៖ ​តើ​ជំនួប​ចរចា​រវាង​​សម្ដេច​ឪ-សម្ដេច​ ហ៊ុន សែន ​ផ្ដើម​ពី​ចំណុច​ណា​?

កិច្ចសន្ទនា​នយោបាយ​ជា​ប្រវត្តិសាស្ដ្រ​មួយ​បាន​ចាប់​ពី​ឆ្នាំ​ថ្ងៃ​ទី​ ២ ខែ​ធ្នូ ឆ្នាំ​ ១៩៨៧ រវាង​អ្នក​នយោបាយ​កំពូល​ ២ ​រូប​គឺ​សម្ដេចឪ ព្រះនរោត្តម សីហនុ និង​សម្ដេច ហ៊ុន សែន អតីត​ប្រមុខ​ការទូត​កម្ពុជា​ក្នុង​ទសវត្សរ៍​ទី​ ៨០​។

ជា​បន្ដបន្ទាប់​ការ​សន្ទនា​នោះ​បាន​ឈាន​មក​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​រវាង​ភាគី​ជម្លោះ​ទាំងអស់​នៅ​កម្ពុជា​នា​ថ្ងៃ​ទី​ ២៣ ខែ​តុលា ឆ្នាំ ១៩៩១ ​។

ទីបំផុត​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​មួយ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទឹកដី​កម្ពុជា​ក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ​សហប្រជាជាតិ​ (UNTAC) ​នៅ​​ឆ្នាំ​ ១៩៩៣​។ ​

ផ្លែផ្កា​សន្ដិភាព​នេះ​​មាន​ការ​ចូលរួម​មួយ​ចំណែក​​ធំ​ពី​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​។ តើ​លោកស្រី​ជា​នរណា​?

ដោយ​ចំណាយ​ពេល​ជាង​ ១ ​ម៉ោង​ផ្ដល់​កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ថ្លែង​ពី​ប្រវត្តិ​ខ្លះៗ​របស់​គ្រួសារ​លោកស្រី និង​ចំណុច​ចាប់​ផ្ដើម​នៃ​កិច្ចសន្ទនា​នយោបាយ​ «​សីហនុ-ហ៊ុន សែន​»​។ លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក វ័យ ៧៥ ឆ្នាំ​។ ​លោកស្រី​កើត​នៅ​រាជធានី​ភ្នំពេញ​។ អ្នកម្ដាយ​របស់​លោកស្រី​ជា​អ្នកស្រុក​កោះ​សូទិន ខេត្ត​​កំពង់ចាម និង​ឪពុក​ជា​អ្នក​ភ្នំពេញ​។ កាលពី​លោកស្រី មាន​វ័យ​ ៦-៧ ​ឆ្នាំ​ឪពុក​ម្ដាយ​បាន​ផ្លាស់​ទៅ​រស់នៅ​ខេត្ត​ព្រៃវែង​ក៏​បាន​ចូលរៀន​បឋម​សិក្សា​នៅ​ទី​នោះ​។

ប្អូនស្រី​របស់​លោកស្រី​កើត​នៅ​ព្រៃវែង​។ ឥឡូវ​ប្អូនស្រី​រស់នៅ​ស្រុក​បារាំង​មាន​កូន​ ៤ ​នាក់​ចៅ​ជាង​ ១០ ​នាក់​ហើយ​។ លោកស្រី​មាន​ស្វាមី​ជា​ជនជាតិ​បារាំង​ហើយ​មាន​កូន​ចំនួន ​៣ ​នាក់​សុទ្ធ​​តែ​ស្រី​ទៀត​តែ​បាន​ចៅ​ ៦ ​នាក់​​ប្រុស​ ៣ ​នាក់ ស្រី​ ៣ ​នាក់​។

នៅ​ឆ្នាំ​ ១៩៥៨ សម្តេចឪ ព្រះនរោត្តម សីហនុ ទ្រង់​អនុញ្ញាត​ឲ្យ​ស្ត្រី​ចុះ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​​ជូន​ដើម្បី​ធ្វើ​ជា​សមាជិក​រដ្ឋសភា​។ ម្ដាយ​របស់​លោកស្រី​ជា​តំណាងរាស្ដ្រ មណ្ឌល​កណ្ដាល​​នៅក្នុង​សម័យ​សង្គម​រាស្ដ្រនិយម​របស់​ព្រះករុណា​សម្ដេចព្រះ​នរោត្តម សីហនុ ក្នុង​ចុង​ទសវត្សរ៍​ទី​ ៦០​។ ​រីឯ​លោក​ព្រឹទ្ធាចារ្យ ពុង ប៉េងចេង ជា​ឪពុក​របស់​លោកស្រី​បាន​គាំទ្រ​សកម្មភាព​នយោបាយ​របស់​ម្ដាយ​លោកស្រី​យ៉ាង​ពេញលេញ​ និង​​ជំរុញ​ឲ្យ​ស្ត្រី​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​។

លោកស្រី​បាន​ដើរ​តាម​ម្ដាយ​ធ្វើការ​ឃោសនា​រក​សំឡេង​ឆ្នោត​តាំងពី​អាយុ ១៦ ​ឆ្នាំ​ដើម្បី​មើល​របៀប​ឃោសនា​នយោបាយ​របស់​ម្ដាយ​។

Content image - Phnom Penh Post
លោកស្រី ពុង ឈីវកេក ចូលរួម​ដង្ហែ​សម្ដេចម៉ែ​ក្នុង​ពិធី​សង្គម​។ រូបថត សហការី

កាល​នោះ​ ៥៣ ​ភាគរយ​នៃ​អ្នក​ដែល​បាន​បោះឆ្នោត​ជូន​ជំទាវ​តំណាងរាស្ដ្រ​ជា​ស្ដ្រី​។ ​«​ម្តាយ​ខ្ញុំ​គាត់​ថា គាត់​សន្យា​តែ​ពីរ​ទេ​គឺ «​ប្រសិន​ជា​ខ្ញុំ​ជាប់​ឆ្នោត​ខ្ញុំ​នឹង​តស៊ូ​​មតិ​ឲ្យ​ស្ត្រី​ធ្វើការ​បាន​ប្រាក់​ឈ្នួល​ស្មើ​នឹង​បុរស​ដែរ​។ ទី​ពីរ​ពេល​ឈប់​សម្រាក​សម្រាល​កូន​ពីរ​ខែ​អត់​ឲ្យ​កាត់​ប្រាក់ខែ​ទេ​គឺ​ប្រាក់ខែ​នៅ​ពេញ​ ១០០ ភាគរយ​»​។ តាម​ការ​សន្យា​នោះ​ក្រុម​ស្ត្រី​បោះឆ្នោត​ឲ្យ​ម្តាយ​របស់​លោកស្រី​ជាប់​ឆ្នោត​។ សម្តេចឪ​បាន​ចាត់តាំង​លោក​ជំទាវ​តំណាងរាស្ដ្រ​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ដោយ​បាន​អនុវត្ត​ការ​សន្យា​ទាំង​ពីរ​ចំណុច​នោះ​។

ចំណែកឯ​ឪពុក​របស់​លោកស្រី​គឺជា​គ្រូបង្រៀន​តែ​ក្រោយ​មក​បាន​ប្រឡង​ជាប់​ក្លាយ​ជា​អ្នក​ត្រួតពិនិត្យ​ (Inspector) គុណភាព​អប់រំ​ជាតិ​នៅ​ទូទាំង​ប្រទេស​។ ឪពុក​លោកស្រី​ជា​បន្ដបន្ទាប់​បាន​ក្លាយ​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ និង​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខណៈ​ម្ដាយ​លោកស្រី​ប្តូរ​មក​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​។

ជា​កូនស្រី​​ក្នុង​គ្រួសារ​អភិជន​លោកស្រី​ហាក់​ជាប់​និស្ស័យ​ខាង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​មាន​ចំណាប់​អារម្មណ៍​ចំពោះ​សិទ្ធិមនុស្ស និង​សុខុមាលភាព​របស់​មនុស្ស​។ ដូច្នេះ​ហើយ​បាន​ជា​លោកស្រី​ចូល​សិក្សា​វិជ្ជាពេទ្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ ៤ ​ឆ្នាំ និង​បន្ដ​​ ៤ ​ឆ្នាំ​ទៀត​នៅ​ប្រទេស​បារាំង​។

លោកស្រី​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​លោកស្រី​រៀន​ចប់​ហើយ​ក៏​វិល​មក​កម្ពុជា​វិញ​នៅ​​ឆ្នាំ​ ១៩៦៨ ដោយ​បាន​ចូល​ធ្វើការ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ហើយ​បាន​បង្រៀន​នៅ​សាលាពេទ្យ​បាន​​ ៣ ​ឆ្នាំ​។ ​ដល់​ឆ្នាំ​ ១៩៧១ នៅ​ពេល​ប្រទេស​ចាប់ផ្តើម​មាន​សង្គ្រាម​លោកស្រី​ត្រូវ​មាន​ភារកិច្ច​ជូន​ឪពុកម្តាយ​មក​ទីក្រុង​ប៉ារីស​ព្រោះ​ឪពុក​មាន​ជំងឺ​ឈឺ​ក្រពះ​ធ្លាក់​ឈាម​ដែល​បណ្ដាល​ពី​ការ​ស្រេ្ដស​ដោយសារ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កាន់តែ​ធ្ងន់​ទៅៗ​។

លោកស្រី​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា «​នៅ​ក្បែរ​ផ្ទះ​មាន​បាញ់​គ្នា​។ នៅ​ជិត​ផ្ទះ​ខ្ញុំ​មាន​សាលា​មួយ​គេ​យក​ធ្វើ​ជា​បន្ទាយ​ទាហាន​ពេល​ព្រឹក​ឡើង​ខ្ញុំ​ជិះ​ឡាន​ទៅ​ធ្វើការ ឃើញ​​មាន​បងប្អូន​មក​យំ​ស្រែក​ព្រោះ​មាន​ស្លាប់​មាន​អី​ច្រើន ខ្ញុំ​ពិបាក​ចិត្ត​មែនទែន​។ កាល​នោះ​មាន​ឆាក​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ លន់ នល់ និង​អ្នក​គាំទ្រ​សម្តេចឪ​។ សម្តេចឪ​យាង​ទៅ​ប៉េកាំង​លោក​នៅ​តស៊ូ​ដោយ​បង្កើត​រណសិរ្យ​ពី​ក្រៅ​ប្រទេស​ហើយ​ខ្មែរ​ក្រហម​ក៏​នៅ​ក្នុង​នោះ​ដែរ​ជួយ​ប្រយុទ្ធ​ដើម្បី​សម្ដេចឪ​»​។

Content image - Phnom Penh Post
លោកស្រី ពុង ឈីវកេក ជួប​រដ្ឋមន្ត្រី​ការបរទេស​អង់ហ្គោឡា​នៅ​ឆ្នាំ​ ១៩៨៤​។ សហការី

សូម​បញ្ជាក់​ថា​ក្រុម​ចលនា​តស៊ូ​ប្រយុទ្ធ​ដើម្បី​សម្ដេចឪ​បាន​ចាប់​កំណើត​ក្រោយ​ពី​សេនា​ប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចឪ​នៅ​ថ្ងៃ​ទី​​១៨ មីនា ឆ្នាំ​ ១៩៧០​។ លោកស្រី​ថ្លែង​ថា «​យើង​មិន​ដឹង​ថា​ខ្មែរក្រហម​ជា​មនុស្ស​យ៉ាង​ម៉េច​ទេ​គេ​ថា​គេ​ចូល​ជាមួយ​ចលនា​តស៊ូ​វ៉ៃ​ជាមួយ​កម្លាំង​ លន់ នល់ រំដោះ​ប្រទេស​ជូន​សម្តេចឪ​។ ពួក​ខ្ញុំ​ទៅ​ស្រុក​បារាំង​មក​វិញ​អត់​បាន​ទេ​ព្រោះ​កាល​នោះ​របប​សាធារណរដ្ឋ​​ខ្មែរ​បាន​ចោទ​ឪពុក​ និង​ក្រុម​គ្រួសារ​ខ្ញុំ​ថា​ «​ក្បត់ជាតិ​»​។

លោកស្រី​ថ្លែង​ថា​៖ «​ឪពុក​ខ្ញុំ​ក៏​បាន​ផ្ញើ​លិខិត​ពេទ្យ​បញ្ជាក់​ពី​គ្រូពេទ្យ​នៅ​ប្រទេស​បារាំង តែ​ប្អូនប្រុស​របស់​លោក លន់ នល់ គឺ លន់ ណុន មិន​ព្រម​ទទួល ហើយ​ក៏​កាត់ទោស​ឪពុក​ខ្ញុំ​ក្បត់​ជាតិ​។ ខ្ញុំ ប្អូន​ខ្ញុំ​ដែល​មិន​ដឹង​អី​ក៏​មាន​ទោស​ក្បត់​ជាតិ​ដែរ​។ ដូច្នេះ​ចូល​​វិញ​អត់​បាន​ទេ​»​។

មួយ​ឆ្នាំ​ក្រោយ​មក​ឪពុក​របស់​លោកស្រី​បាន​ជា​សះស្បើយ​ពី​​ជំងឺ​តែ​របប​ លន់ នល់ នៅ​តែ​មិន​ឲ្យ​ចូល​ស្រុក​។ ដូច្នេះ​ឪពុក​លោកស្រី​បាន​សម្រេច​ចិត្ត​ទៅ​គាល់​ព្រះករុណា​សម្ដេចឪ​ដែល​គង់​​នៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន​។ កាល​នោះ​លោកស្រី​មិន​បាន​ទៅ​ចិន​ជាមួយ​ឪពុក​ទេ​ព្រោះ​ត្រូវ​រៀន​បន្ថែម​ទៀត​នៅ​បារាំង រហូត​ដល់​ឆ្នាំ​ ១៩៧៣-១៩៧៤ ទើប​លោកស្រី​ទៅ​តាម​ស្វាមី​រស់​នៅ​ប្រទេស​កាណាដា​។

នៅ​ថ្ងៃ​ទី​ ១៧ ខែ​មេសា ឆ្នាំ ១៩៧៥ លោកស្រី​បាន​ហោះ​ពី​ប្រទេស​បារាំង​ទៅ​សួរ​សុខទុក្ខ​ឪពុក​នៅ​ទីក្រុង​ប៉េកាំង​ហើយ​បានឮ​ដំណឹង​ថា​ជា​ថ្ងៃ​ដែល​ខ្មែរ​ក្រហម​ទទួល​បាន​ជ័យជម្នះ​លើ​​របប លន់ នល់​។ កន្លះ​ខែ​ដំបូង​ក្រោយ​ពី​ខ្មែរក្រហម​ចូល​ក្រុង​ភ្នំពេញ​ព្រះករុណា​សម្ដេចឪ​ដែល​គង់​នៅ​ទីក្រុង​ប៉េកាំង​មិន​ទទួល​បាន​ដំណឹង​អ្វី​ទាំងអស់​ពី​​មេដឹកនាំ​ខ្មែរ​ក្រហម​។ ​«​ខ្ញុំ​ចាប់​ភ័យ​ក្នុង​ចិត្ត​ថា​ឪពុក​ខ្ញុំ​គាត់​ចង់​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ​ខ្ញុំ​ចង់​ទៅ​លេង​ស្រុក​ខ្មែរ​មួយ​ខែ​។ ប៉ុន្ដែ​ជាង​មួយ​ខែ​ទៅ​ហើយ​ខ្មែរ​ក្រហម​មិន​បាន​ថ្វាយ​ដំណឹង​អី​ទាំងអស់​មក​សម្តេចឪ យើង​ចាប់​សង្ស័យ​»​។

រយៈពេល​​ ៣ ​ខែ​ដំបូង​សម្ដេចឪ​ និង​ក្រុម​គ្រួសារ​រាជវង្ស​ទទួល​​បាន​ដំណឹង​តែ​ម្ដង​គត់​គឺ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​ក្រុង​ប៉េកាំង​បាន​មក​គាល់​សម្តេច​ដើម្បី​ឲ្យ​ព្រះអង្គ​វាយត្រា​លើ​តេឡេ​ក្រាម​ស្នើសុំ​អាហារ និង​ទឹក​ចូល​មក​ស្ថានទូត​បារាំង​នៅ​កម្ពុជា​។ ពេល​នោះ​មាន​មនុស្ស​ជាង​ ២ ​ពាន់​នាក់​រត់​ចូល​ក្នុង​ស្ថានទូត​បារាំង​នៅ​ភ្នំពេញ​គ្មាន​ទឹក​គ្មាន​អាហារ​ហូប​ទេ​ហើយ​មាន​ស្លាប់​ ២ ​នាក់​គឺ​ម្នាក់​មាន​ជំងឺ​បេះដូង​ និង​ម្នាក់​ទៀត​គឺ​កូនង៉ា​តូច​។ ក្នុង​គ្រា​នោះ​ឪពុក​របស់​លោកស្រី លោកតា ពុង ប៉េងចេង បាន​ព្រាង​លិខិត ហើយ​សម្តេចឪ​ក៏​ស៊ីញ៉េ​លើ​តេឡេក្រាម​នោះ​ផ្ញើ​ទៅ​ ខៀវ សំផន តែ​មិន​មាន​ការ​ឆ្លើយតប​ពី​ ខៀវ សំផន ឡើយ​។

ទាល់តែ​សរសេរ​ទៅ​ទី​ពីរ​បាន​គេ​យក​ទឹក​ឲ្យ​ខ្លះ​ហើយ​ និង​ជ្រូក​រស់​ ៣-៤ ក្បាល​ទុក​ឲ្យ​ពួកគេ​ធ្វើ​ម្ហូប​ដោយ​ខ្លួនឯង​។ ​«​អ្នក​កាសែត​កាណាដា​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​​រាប់អាន​ដូច​បងប្អូន​ក៏​គាត់​នៅក្នុង​ស្ថានទូត​កាណាដា​នៅ​ភ្នំពេញ​ដែរ​។ ​រហូត​ដល់​គេ​ដឹក​គាត់​ទៅ​តាម​ថៃ គាត់​ឈ្មោះ ហ្វ្រង់ស្វ័រ អ៊ីស្ម៊ែរ គាត់​ប្រាប់​ខ្ញុំ​ថា​មួយ​រយៈ​នោះ​គាត់​ស្គម​អស់​ ១៧ គីឡូ ព្រោះ​ក្នុង​ស្ថានទូត​អត់​មាន​អី​ទទួល​ទាន​។ ខ្ញុំ​បាន​ជួប​គាត់​បួន​ខែ​ក្រោយ​គាត់​ប្រាប់​ខ្ញុំ ខ្ញុំ​ក៏​បាន​ជូនដំណឹង​ទៅ​ម្តាយ​ឪពុក​ខ្ញុំ​ថា «​នៅ​ស្រុក​ខ្មែរ អត់​ស្រួល​ហើយ​»​។

រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​ ១៩៧៥ ទើប​បាន​ខ្មែរក្រហម​មក​យាង​​សម្ដេចឪ​មក​ស្រុក​ខ្មែរ​តែ​ម្ដង​។ ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​កូនចៅ​ចូល​ទៅ​ក្រុង​ភ្នំពេញ​វិញ​ទេ​លោក​ចូល​ស្រុក​តែ​ជាមួយ​សម្តេចម៉ែ ម្តាយ​សម្តេចម៉ែ និង​ម្តាយមីង​មួយ​អង្គ និង​អ្នក​បម្រើ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។

ចំណែកឯ​ព្រះអង្គ​ម្ចាស់ សីហមុនី និង​ព្រះអនុជ នរិន្ទ្រពង្ស ក៏​យាង​ចូល​មក​តាម​ក្រោយ​តាមរយៈ តេឡេក្រាម ក្លែងក្លាយ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ខ្មែរក្រហម​ធ្វើ​ឲ្យ​​សម្ដេចឪ និង​សម្ដេចម៉ែ​ភ័យ​​លស់​ព្រលឹង​។ ​«​សម្តេចឪ​សួរ​ថា​ម៉េច​ក៏​ចូល​មក​ព្រះអង្គម្ចាស់​ទាំង​ពីរ​បាន​បង្ហាញ​តេឡេក្រាម​ថា​សម្ដេចឪ​ផ្ញើ​មក​តែ​តាមពិត សម្ដេចឪ​អត់​បាន​ផ្ញើ​ទេ​។ អ៊ីចឹង​ខ្មែរ​ក្រហម​ផ្ញើ​តេឡេក្រាម​ក្លែងក្លាយ​។ ដូច្នេះ​កាន់តែ​ភ័យ​រន្ធត់​​ខ្លាំង​ឡើង​»​។

រីឯ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ឯណេះ​វិញ​ក្រុម​អ្នក​កាសែត អ្នក​ការទូត​សួរ​ឪពុក​លោកស្រី​អំពី​ដំណឹង​ព្រះករុណា​ដែល​បាន​យាង​ចូល​ក្រុង​ភ្នំពេញ​តាម​ការ​យាង​របស់​ខ្មែរក្រហម​។ តែ​អត់​មាន​ដំណឹង​អី​ទាំងអស់​ព្រោះ​ឪពុក​ខ្ញុំ​ធ្វើការ​ជា​ប្រធាន​ខុទ្ទកាល័យ​របស់​សម្តេចឪ​។ សូម្បី​តែ​ភាគី​ចិន​ក៏​មិន​បាន​ជូន​ដំណឹង​អំពី​ស្ថានភាព​សម្ដេចឪ​ដែរ​។ ​ក្រុម​គ្រួសារ​ព្រះញាតិវង្ស​នៅ​ប្រទេស​ចិន​កាល​នោះ​មាន​គ្នា​ប្រហែល​ ៤០-៥០ ​អង្គ​មាន​សម្តេច​​ក្រុម​ព្រះសម្ដេច​ព្រះរៀម​បុប្ផាទេវី ជាដើម​។ ​ព្រះញាតិវង្ស​ទាំង​នោះ​បាន​យាង​ត្រឡប់​ពី​ប្រទេស​បារាំង​ក្នុង​គោលបំណង​ហែហម សម្ដេចឪ​ចូល​ស្រុក​ខ្មែរ​។ ប៉ុន្ដែ​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​ទៅ​ជាមួយ​ពីព្រោះ​ព្រះអង្គ​ទ្រង់​ជ្រាប​ថា​សភាពការណ៍​មិន​ស្រួល​។ ឪពុក​ខ្ញុំ​សួរ​ទ្រង់​ថា​ «​បើ​មិន​ស្រួល​អ៊ឹចឹង​ម៉េច​ក៏​ព្រះអង្គ​យាង​ចូល​? ព្រះករុណា​ឆ្លើយ​ថា​ «​នេះ​ជា​វាសនា​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ចូល​»​។

Content image - Phnom Penh Post

ពី​ខែ​កញ្ញា​ ១៩៧៥ ដល់​ថ្ងៃ​ទី ៥-៦ ខែ​មករា ឆ្នាំ​ ១៩៧៩ មិន​មាន​នរណា​ដឹង​ពី​សុខទុក្ខ​របស់​ព្រះករុណា និង​សម្ដេចម៉ែ​នៅក្នុង​ព្រះបរមរាជវាំង​ទេ​។ «​កាល​នោះ​ខ្ញុំ​នៅ​កាណាដា​ក្តី​នៅ​ប្រេស៊ីល​ក្តី​ឲ្យ​តែ​បាន​ជួប​អគ្គកុងស៊ុល​ចិន ខ្ញុំ​តែងតែ​សួរ​ថា​យ៉ាង​ម៉េច​ហើយ​សម្តេចឪ​? គេ​ចេះ​តែ​ប្រាប់​ខ្ញុំ​ថា «​ធម្មតា​» ហើយ​យើង​អត់​ដឹង​អី​ទាំងអស់​។ ប៉ុន្ដែ​គ្រប់​យ៉ាង​ត្រូវ​បាន​ដឹង​ច្បាស់​ក្រោយ​ពី​ខ្មែរក្រហម​ដឹក​ព្រះករុណា​មក​គង់​ប្រថាប់​នៅ​ក្រុង​ប៉េកាំង និង​យាង​ព្រះអង្គ​ទៅ​ទីក្រុង​ញូវយ៉ក​បង្ខំ​ឲ្យ​ព្រះករុណា​ថ្លែង​សារ​ទៅ​កាន់​ពិភពលោក​នៅឯ​ជំនួប​អង្គការ​សហប្រជាជាតិ​ថា «​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា​»​។

ក្រោយមក​ទៀត​ព័ត៌មាន​វៀតណាម​បាន​ផ្សព្វផ្សាយ​អំពី​គុក​ទួលស្លែង​ទើប​គ្រប់​គ្នា​ស្រឡាងកាំង​បើក​ភ្នែក​គ្រប់​គ្នា​។ «​គួរ​ឲ្យ​ភ័យ​ណាស់​ព្រោះ​តាំងពី​ថ្ងៃ​ ១៧ មេសា​ ១៩៧៥ ខ្ញុំ​អត់​មាន​បាន​ដំណឹង​អី​សោះ​ពី​បងប្អូន​។

មុន​នោះ​យើង​សរសេរ​សំបុត្រ​ទៅវិញ​ទៅមក​មួយ​អាទិត្យ​យ៉ាង​យូរ​សំបុត្រ​ពី​ស្រុក​ខ្មែរ​មក​ដល់​បារាំង​ហើយ ហើយ​លោក អ៊ីស្ម៊ែរ ដែល​ជា​អ្នក​កាសែត​វិញ​ក៏​វាយ​តេឡេក្រាម​មក​ជាប់​រហូត​ដល់​ថ្ងៃ​ ១៧ មេសា ១៩៧៥ ក៏​ដាច់​អស់​រលីង​។ ១៩៧៩ អត់​បាន​ដំណឹង​អី​ទៀត​ដូច្នេះ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ស្លាប់​ហើយ​។ ក្នុង​ខែ​មករា​ឆ្នាំ​ ១៩៧៩ គេ​បាន​ឮ​ដំណឹង​អំពី​ជនភៀសខ្លួន​ខ្មែរ​ទៅ​ដល់​ស្រុក​បារាំង​។ កាល​នោះ​ខ្ញុំ​នៅ​ក្រុង Vancouver ប្រទេស​កាណាដា​។

ស្វាមី​លោកស្រី​ជា​ជនជាតិ​បារាំង​បាន​ស្គាល់​លោក លីតេរ៉ង់ អតីត​ប្រធានាធិបតី​បារាំង​។ កាល​នោះ​លោក​ លីតេរ៉ង់ នៅ​ក្នុង​គណបក្ស​ប្រឆាំង​នា​ឆ្នាំ ១៩៧៥ បោះឆ្នោត​ចាញ់​លោក​អញ្ជើញ​ទៅ Vancouver កាណាដា​។ ​«​ខ្ញុំ​ និង​ស្វាមី​បាន​ទទួល​លោក​នៅ​ផ្ទះ​ពិសា​អាហារ ហើយ​ជម្រាប​លោក​ពី​រឿង​ស្រុក​ខ្មែរ​។ លោក​បាន​សន្យា​ជាមួយ​ខ្ញុំ​មុខ​សហការី និង​ភរិយា​លោក​ថា​បើ​លោក​មាន​សំណាង​បាន​ជាប់ឆ្នោត​នៅ​ឆ្នាំ​ ១៩៨១ ទៅ​ជា​ប្រធានាធិបតី​លោក​សន្យា​ថា​លោក​នឹង​រក​មធ្យោបាយ​គ្រប់​យ៉ាង​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ឡើង​វិញ​»​។

នៅ​ឆ្នាំ​ ១៩៨១ លោក លីតេរ៉ង​ជាប់​មែន​លោក​ចាត់​តាំង​ស្វាមី​លោកស្រី​ទៅ​ប្រទេស​អង់ហ្គោឡា​។ ឆ្នាំ​ ១៩៨២ លោកស្រី​បាន​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់ហ្គោឡា​លោកស្រី ពុង ឈីវកេក បាន​ផ្ដាំ​ថា «​បើ​​កាលណា​លោក​មាន​គណៈប្រតិភូ​ពី​ភ្នំពេញ​សូម​កុំភ្លេច​តេឡេហ្វូន​ឲ្យ​ខ្ញុំ​ជួប​ផង​។ លោក​សន្យា​ជាមួយ​ខ្ញុំ​។ ទេសកាល​អី មុន​ដំណាច់​ឆ្នាំ​ ១៩៨២ លោក​តេឡេហ្វូន​មក​ខ្ញុំ​មែន​សួរ​ថា​ខ្ញុំ​ចង់​ជួប​ទេ​? ​លោក​ថា​គាត់​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​»​។

ចំណុច​ចាប់ផ្ដើម​នៃ​ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង​សម្ដេចឪ​ចាប់ផ្ដើម​នៅ​ប្រទេស​អង់ហ្គោឡា​នេះ​ឯង​។ ​លោកស្រី​បាន​រំឭក​ថា​៖ «​ពេល​ហ្នឹង​ខ្ញុំ​ដឹង​ថា​នៅ​ទី​នោះ​មាន​សហភាព​សូវៀត​ច្រើន​ខ្ញុំ​ដឹង​ថា​ពិតជា​ប្រតិភូ​ពី​ភ្នំពេញ​ទៅ​ទស្សនកិច្ច​»​។

សូម​បញ្ជាក់​ថា ​ប្រទេស​អង់ហ្គោឡា​នៅ​ពេល​នោះ​ទើប​តែ​បាន​ឯករាជ្យ​ឡើងវិញ​ប្រទេស​នេះ​ក៏​​មិន​សូវ​ស្រួល​ដែរ ។ លោកស្រី​បាន​ជួប​លោក ហ៊ុន សែន និង​គណៈប្រតិភូ​របស់​លោក នៅ​​អូតែល​មួយ​ឈ្មោះ​ត្រូពិកាណា​។ កាល​នោះ​មាន​សម្តេច​នាយក​ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​មាន​ឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម ឡុង វិសាលោ ឯកឧត្តម ជុំ ប៊ុនរ៉ុង និង​មាន​ប៉ុន្មាន​នាក់​ទៀត​ដែល​លោកស្រី​មិន​ចាំ​ឈ្មោះ​។

Content image - Phnom Penh Post

ក្នុង​ជំនួប​ដំបូង​នោះ​លោកស្រី​បាន​អញ្ជើញ​គណៈប្រតិភូ​ក្រុង​ភ្នំពេញ​ឲ្យ​ជួប​ស្វាមី​លោក​ស្រី ប៉ុន្ដែ​ប្រទេស​បារាំង​ពេល​នោះ​មិន​ទាន់​ស្គាល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ទេ​។ មុន​នឹង​លា​គណៈប្រតិភូ​លោកស្រី​ប្រថុយ​អញ្ជើញ​ប្រតិភូ​មក​ពិសា​បាយ​នៅ​គេហដ្ឋាន​អគ្គរដ្ឋទូត​បារាំង​។ ពេល​នោះ​ភ័យ​ផង អរផង​... ទៅ​ដល់​ផ្ទះ​គិត​ក្នុង​ចិត្ត​ថា​បើ​គ្រួសារ​លោកស្រី​ទទួល​អត់​បាន តើ​ធ្វើ​ម៉េច​?

នៅ​ឆ្នាំ​ ១៩៨២ ​ប្រទេស​អង់ហ្គោឡា គ្មាន​ភោជនីយដ្ឋាន​ទេ​។ ជា​ភ័ព្វ​សំណាង​ល្អ​មាន​ខ្មែរ​យើង​ម្នាក់ គាត់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ គាត់​មាន​កូន​ផ្ទះ​តូច​មួយ​ហើយ​ជំនួប​ដំបូង​ជាមួយ​​សម្ដេច​ ហ៊ុន សែន គឺ​នៅ​ផ្ទះ​តូច​នោះ​។ ស្វាមី​លោកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ការបទេស​កម្ពុជា​ដឹកនាំ​ដោយ លោក ហ៊ុន សែន តាំងពី​ម៉ោង ៨ ​យប់​ដល់​ម៉ោង​​ ១ ភ្លឺ​។

លោកស្រី​វេជ្ជបណ្ឌិត​ថា​ ពេល​នោះ​បាន​សួរ​ទៅ​សម្ដេច ហ៊ុន សែន ថា​តើ​លោក​ចង់​ជួប​សម្តេច​ឪ​ទេ​? ដើម្បី​រក​សន្តិភាព​កុំ​ឲ្យ​មាន​ការ​វ៉ៃ​គ្នា​ខ្មែរ​ និង​ខ្មែរ​ទេ​? រដ្ឋមន្ត្រី​​ការបរទេស​ដ៏វៃឆ្លាត​នោះ​បាន​​ឆ្លើយ​ថា​ «​ខ្ញុំ​ក៏​ចង់​បាន​សន្តិភាព​ដែរ​»​។ ចាប់ពី​ចំណុច​នោះ​ភាគី​ទាំង​ពីរ​ក៏​បាន​ដូរ​លេខ​តេឡេហ្វូន​គ្នា​។

លោកស្រី​រស់​នៅ​ជាមួយ​ស្វាមី​នៅ​ប្រទេស​អង់ហ្គោឡា​ពី​ ១៩៨២ ដល់ ១៩៨៦ ​។

នៅ​ឆ្នាំ​ ១៩៨៤ លោក​ប្រធានាធិបតី​បារាំង លីតេរ៉ង់ បាន​បញ្ជា​រដ្ឋមន្ដ្រី​ការបរទេស​បារាំង​ឲ្យ​អញ្ជើញ​គណៈប្រតិភូ​ស្រុក​ខ្មែរ​ឲ្យ​មក​ជួប​សម្តេចឪ​ដើម្បី​ឲ្យ​មាន​សន្តិភាព​។ ក្រសួង​ការបរទេស​បារាំង​ជា​អ្នក​ទាក់ទង​ខាង​ភាគី​កម្ពុជា រីឯ​ខាង​លោកស្រី​ជា​អ្នក​ទាក់ទង​ខាង​សម្តេចឪ ទាំង​សង​ខាង​បាន​ព្រមព្រៀង​គ្នា​មក​ជួប​នៅ​ប៉ារីស ប៉ុន្ដែ​ជំនួប​ត្រូវ​ខកខាន​ព្រោះ​សម្តេចឪ​បាន​អវត្តមាន​។ ចាប់ពី​ស្វាមី​របស់​លោកស្រី​បាន​ជួប​សម្ដេច ហ៊ុន សែន មក​លោកស្រី​​អន្ទះសា​ចង់​មក​ទស្សនកិច្ច​កម្ពុជា​​ខ្លាំង​មែនទែន​។

នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ១៩៨៧ លោក​អគ្គរដ្ឋទូត​បារាំង​បាន​មក​ស្រុក​ខ្មែរ​ជា​លក្ខណៈ​ឯកជន​ដើម្បី​សិក្សា​ពី​កម្ពុជា​ហើយ​ត្រឡប់​ទៅ​វិញ​ជាមួយ​ព័ត៌មាន និង​ឯកសារ​ជាច្រើន​ហើយ​ក៏​ចង់​ជួប​សម្តេចឪ​។ ​សម្តេច​ក្រុមព្រះ​ទៅ​ទូល​សម្តេច​​ឪ​ថា​ជួប​បាន​ទេ​? ​លោក​ថា អត់​បាន​ទេ​។ ខ្ញុំ​ចង់​អស់​សង្ឃឹម​តែ​ឪពុក​ខ្ញុំ​ថា​កុំ​ទាន់​អស់​សង្ឃឹម​។

នៅ​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា ឆ្នាំ ១៩៨៧ សម្តេចឪ លោក​យាង​ពី​ប៉េកាំង​ទៅ​ប្រទេស​បារាំង​។ ឪពុក​លោកស្រី បាន​ឲ្យ​លោកស្រី​ទៅ​ស្កាត់​ជួប​សម្ដេចឪ​នៅ​ព្រលាន​យន្តហោះ ក្រុង​ប៉ារីស​ហើយ​ទូល​ទ្រង់​ពី​បំណង ចរចា​រក​សន្ដិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​។ ព្រះករុណា​ទ្រង់​អនុញ្ញាត​ឲ្យ​លោកស្រី និង​ស្វាមី​ជួប​ពិភាក្សា​អំពី​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កញ្ញា ឆ្នាំ​ ១៩៨៧ ​នៅ​ហ្វ៊ែអង់តាដឺន័រ​ដែល​​មាន​អូតែល​មួយ​ល្អ​ណាស់​គេ​ចាត់ទុក​ជា​ផ្ទះ​របស់​រាជវង្សានុវង្ស​។ ​​ហ្វ៊ែអង់តាដឺន័រ​មាន​ចម្ងាយ ១២០ ​គីឡូម៉ែត្រ​ពី​ក្រុង​ប៉ារីស​។

«​ខ្ញុំ​គាល់​ទ្រង់​នៅ​ថ្ងៃ​ទី​ ២៤ ​ពី​ម៉ោង​ ១០ ​ព្រឹក​ដល់​ម៉ោង​ ៤ ​រសៀល​ទ្រង់​សួរ​អី​ ខ្ញុំ​ឆ្លើយ​បាន​។ ទីបំផុត​សម្ដេចឪ​ទ្រង់​អនុញ្ញាត​ឲ្យ​សរសេរ​សំបុត្រ​ទៅ​លោក ហ៊ុន សែន ដើម្បី​ធ្វើ​ជំនួប​ពិភាក្សា​រក​​ដំណោះស្រាយ​ស្រុក​ទេស​»​។

Content image - Phnom Penh Post

លោកស្រី​មាន​ក្ដី​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ផែនការ​ជួប​គ្នា​រវាង​សម្ដេចឪ និង​សម្ដេច ហ៊ុន សែន​។ លោកស្រី​បាន​ព្រាង​លិខិត​គ្រប់​បែប​យ៉ាង​ធ្វើការ​ទាក់ទង​មក​កម្ពុជា​តាមរយៈ​ឯកឧត្តម ចម ប្រសិទ្ធ ដោយ​ត្រូវ​ទូរស័ព្ទ​ឆ្លង​​កាត់​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត​។ ​កាល​នោះ​​ «​សម្តេចឪ​សរសេរ​អីៗ​មក សុទ្ធ​តែ​ជា​ភាសា​បារាំង ខ្ញុំ​មើល​ជា​បារាំង ឯកឧត្តម ចម ប្រសិទ្ធ កត់​ជា​ខ្មែរ​ទៅ​ហើយ​ខាង​ភ្នំពេញ​ផ្ញើ​សំបុត្រ​មក ខ្ញុំ​វាយ​តេឡេក្រាម​ទៅ​សម្តេចម៉ែ​។ ទីបំផុត​អ្នក​នយោបាយ​កំពូល​ទាំង​ពីរ​រូប​បាន​ជួប​គ្នា​​ដំបូង​នៅ​ថ្ងៃ ២ ខែ​ធ្នូ​ឆ្នាំ​ ១៩៨៧ ជា​ប្រវត្តិសាស្ដ្រ​។ យ៉ាង​ហោច​មាន​អ្នក​កាសែត និង​ទូរទស្សន៍​ជាង​ ១០០ ​នាក់​បាន​ចូលរួម​យក​ព័ត៌មាន និង​ផ្សាយ​ប្រាប់​ទៅ​កាន់​ពិភពលោក​។

ក្រោយមក​អ្នក​នយោបាយ​កំពូល​ទាំង​ពីរ​ភាគី​បាន​ជួប​គ្នា​ពីរ​ដង​ទៀត​ខែ​មករា ​១៩៨៨ និង​ខែ​វិច្ឆិកា​ ១៩៨៨ ​។ ក្រោយមក​ទៀត​មាន​កិច្ចប្រជុំ​ផ្លូវការ​នៅ​​ឥណ្ឌូនេស៊ី និង​បាងកក​ប្រទេស​ថៃ​ជា​ហូរហែ​។ «​កាល​ខ្ញុំ​រៀបចំ​មាន​តែ​សម្តេចឪ និង​ខាង​រដ្ឋាភិបាល​ភ្នំពេញ​អត់​មាន​ខ្មែរ​ក្រហម​។ ខ្ញុំ​អត់​ចង់​ដឹង​ពី​ខ្មែរក្រហម​សោះ​។ ដល់​ប្រជុំ​នោះ​គេ​ឲ្យ​ហៅ​ទាំងអស់​។ ខ្ញុំ​មិន​ហ៊ាន​អញ្ជើញ​សម្តេច​ សឺន សាន ខ្លាច​លោក​ខ្មែរ​ក្រហម​ទារ​មក​ដែរ​»​។

ក្រោយមក​លោកស្រី​ជ្រាប​ថា​ខាង​ប្រទេស​អូស្ត្រាលី​ដែល​ជា​អ្នក​ព្រាង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​គឺ​លោក វីលសុន ទទួល​បន្ទុក​ខាង​ឯកសារ​ខ្មែរ​មាន​ការ​ទាក់ទង​ជាមួយ​លោកស្រី​ជាប់​ជានិច្ច​។ ​«​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ខ្ញុំ​ឃើញ​មាន​ខ្មែរក្រហម​នៅ​ក្នុង​ហ្នឹង​ខ្ញុំ​ធ្លាក់​ថ្លើម​ក្ឌុក​។ ប៉ុន្ដែ​គេ​ពន្យល់​ប្រាប់​ខ្ញុំ​ថា​បើ​បោះបង់​ខ្មែរ​ក្រហម​សង្គ្រាម​នៅ​តែ​មាន​។ «​ខ្ញុំ​អស់​សង្ឃឹម​មែនទែន​មិន​ដឹង​ថា​ខ្មែរក្រហម​ចោល​គំនិត​ខូច​ឬ​ក៏​អត់ ទើប​បាន​ជា​មាន​គំនិត​បង្កើត​អង្គការ​លីកាដូ​នៅ​ប៉ារីស​ឆ្នាំ​ ១៩៩១ ​យក​ច្បាប់​បារាំង​ក្នុង​បំណង​តែ​មួយ​គត់​គឺ​តាមដាន​សកម្មភាព​ខ្មែរក្រហម​នៅ​ប៉ារីស​។ លោកស្រី​បាន​បង្កើត​លីកាដូ​ខ្មែរ​នៅ​ឆ្នាំ​ ១៩៩២៕

រាយការណ៍​បន្ថែមៈ តាំង រីនិត្យ​/​សហការ​ផលិត VIDEO គាំ ច័ន្ទរស្មី​, កែវ រតនា​, មាន​ សង្ហារ ដេវីត និង លៀប ទេវិពិទូ​។ សូម​រង់ចាំ​អាន​ភាគ​ ២ សប្ដាហ៍​ក្រោយ

0

Comments

Please, login or register to post a comment