Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សង្ឃពោធិ ពូ តុងហាវ៖ វិបស្សនា​ជា​វិថី​នាំ​មនុស្ស​រកឃើញ​សុខ​ក្នុង​ផ្លូវ​ចិត្ត

Content image - Phnom Penh Post
ភិក្ខុសង្ឃ​ពោធិ ពូ តុងហាវ ព្រះជន្ម ៩៧ វស្សា​គង់​នៅ​កុដិ​លេខ​ ១៣ វត្ដ​ឧណ្ណាលោម​។ រូបថត សហការី

សង្ឃពោធិ ពូ តុងហាវ៖ វិបស្សនា​ជា​វិថី​នាំ​មនុស្ស​រកឃើញ​សុខ​ក្នុង​ផ្លូវ​ចិត្ត

នៅ​សល់​តែ​ ៣ វស្សា​ទៀត​ប៉ុណ្ណោះ​ព្រះតេជគុណពោធិ ពូ តុងហាវ ​​នឹង​​មាន​ព្រះជន្ម ១ សតវត្សរ៍​ខណៈ​ពេល​នេះ​ព្រះអង្គ​មាន​ព្រះជន្ម​ ៩៧ ​វស្សា​​។ ​ការ​រក្សា​បាន​នូវ​ព្រះជន្ម​យឺនយូរ​ជិត​ ១ សតវត្សរ៍​នេះ​គឺជា​កុសល​ផលបុណ្យ​ដ៏ប្រពៃ​។ ព្រះអង្គ​ជា​​បណ្ណាល័យ​រស់​របស់​​មនុស្ស​​ជំនាន់​ក្រោយ​ព្រោះ​ព្រះសង្ឃ​អង្គ​នេះ​បាន​ឆ្លង​កាត់​របប​​នយោបាយ​ស្ទើរ​គ្រប់​ជំនាន់​​​​​​នៅ​​កម្ពុជា​រាប់​តាំងពី​សម័យ​អាណានិគម​បារាំង​រហូត​​មក​ទល់​នឹង​សម័យ​តេជោ​នា​ពេល​​​​​បច្ចុប្បន្ន។

ឆាក​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​មាន​ដំណើរ​ និង​ប្រវត្ដិ​ខុសៗ​គ្នា​តាម​​​កាល​ និង​បរិយាកាស​ផ្សេងៗ​គ្នា។​ប៉ុន្ដែ​ប្រវត្តិ​ និង​បេសកកម្ម​ជីវិត​​​របស់​ព្រះតេជគុណ​ពោធិ ពូ តុងហាវ មាន​លក្ខណៈ​ស្រដៀង​នឹង​មនុស្ស​ម្នា​ទូទៅ​ខ្លះ និង​ខុស​ពី​អ្នក​ផង​ទាំង​ពួង​​ខ្លះ។​ ទោះ​ជា​យ៉ាង​ណា​នៅក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​កុដិលេខ ១៣ វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មីៗ​នេះ​ព្រះអង្គ​បាន​មាន​សង្ឃដីកា​ស្ដីពី​ប្រវត្តិ​ត្រួសៗ​ថា​ «អាត្មា​ជា​កូន​អ្នក​ចម្ការ​​សុទ្ធសាធ​កើត​នៅ​ឆ្នាំ ១៩១៩ នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។ ដោយសារ​ជីវភាព​អ្នក​ចម្ការ​លំបាក​លំបិន​ក្នុង​ការ​រក​ប្រាក់​ដើម្បី​​សិក្សា​លោក​បាន​សម្រេច​ចិត្ត​បួស​រៀន​នៅ​តាម​វត្ត​ជាច្រើន​ដូចជា​​វត្ត​ ពិជ័យសាគរ វត្ត​ទឹកវិល​នៅក្នុង​ស្រុក​កំណើត​របស់​លោក​ហើយ​បន្ដ​យក​វត្ដ​ព្រះពុទ្ធ​មាន​បុណ្យ វត្តលង្កា​ជា​ទី​សំណាក់​អាស្រ័យ​ដើម្បី​សិក្សា​រៀនសូត្រ​បាលី​ក្នុង​ឋានៈ​ជា​សង្ឃ។ ក្រោយ​មក​ដោយ​គិត​ថា​សិក្សា​បាលី​ពិបាក​រក​ការងារ​ធ្វើ​លោក​បាន​សឹក​ពី​ព្រះផ្នួស​ដើម្បី​បាន​សិក្សា​ភាសា​បារាំង»។

ព្រះអង្គ​បាន​រំឭក​ថា​កុមារ​ជា​កូន​អ្នក​ចម្ការ​ជាទូទៅ​មិន​សូវ​មាន​ឱកាស​ចេញ​​ពី​ភូមិ​ស្រុក​មក​​​រៀនសូត្រ​ទេ។ ប៉ុន្ដែ​លោក​បាន​សម្រេច​​ចិត្ត​​​ប្រឆាំង​​នឹង​​ជំនឿ​របស់​អ្នក​ស្រុក​ដែល​ជឿ​ថា​ការ​រៀនសូត្រ ឬ​ធ្វើ​ជំនួញ​លុះត្រា​មាន​ពូជ ឬ​ជា​កូន​កាត់​ចិន​ ឬ​បើ​ធ្វើការ​រាជការ​ត្រូវ​មាន​ពូជ​ផង​ដែរ​។ លោក​មាន​បងប្អូន​បង្កើត​ប្រុស​ស្រី​ចំនួន​ ៩ ​នាក់​ហើយ​លោក​ជា​​កូន​ច្បង​បង្អស់​ក្នុង​គ្រួសារ​។ ការ​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​ការ​​សិក្សា​ទី​បំផុត​ជីវិត​របស់​មនុស្ស​ម្នាក់​​ដែល​​តស៊ូ​រៀនសូត្រ​ពិតជា​ទទួល​​​បាន​ជោគជ័យ​ដូច​សេចក្ដី​ប្រាថ្នា។​ នៅ​រាជធានី​ភ្នំពេញ​លោក ​ពូ តុងហាវ មាន​​ឱកាស​បាន​​ចូល​រៀន​នៅ​​សាលាវិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដែល​ជា​​វិទ្យាល័យ​បង្កើត​ដំបូង​នៅ​ស្រុក​​ខ្មែរ។ ក្នុង​ចំណោម​សិស្ស​ ៣ ​ពាន់​នាក់​គេ​ចម្រាញ់​យក​​តែ​សិស្ស​ ១២០ នាក់​ប៉ុណ្ណោះ​​ដែល​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​លោក​ផង​ដែរ។

ពេល​ធំ​ពេញវ័យ​លោក​បាន​​រៀបការ​នៅ​ក្នុង​ឆ្នាំ ១៩៥១ ​នៅ​ខេត្ត​ក្រចេះ។ ឪពុក​ក្មេក​របស់​លោក​ជា​ចៅហ្វាយ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​។ ​លោក ពូ តុងហាវ និង​ភរិយា​បាន​ប្រសូត​កូនស្រី​ប្រុស​ចំនួន ១០ នាក់។ ការងារ​ក្នុង​រាជការ​ដំបូង​របស់​លោកតា​ជា​​បាឡាត់​ស្រុក (អភិបាល​រងស្រុក) ​នៅ​​ខេត្ត​កំពត​ហើយ​​បាន​ផ្លាស់​មក​ធ្វើ​​កុំមីសៀ​ប៉ូលិស (នាយ​ប៉ូលិស) ​​នៅ​ខេត្ត​សៀមរាប និង​ជា​នាយក​ពន្ធនាគារ​ប្រចាំ​ខេត្ត​សៀមរាប​​។ ក្រោយ​មក​ក៏​ផ្លាស់​ពី​​នោះ​​​មក​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ ៥ ឆ្នាំ​ក្រោយ​មក​លោក​​បាន​ផ្លាស់​លំនៅ​មក​រស់នៅ​ទីក្រុង​​ភ្នំពេញ​ធ្វើការ​នៅ​ខុទ្ទកាល័យ​​សាលា​រាជធានី​។ នៅក្នុង​សម័យ​សង្គម​រាស្រ្ដនិយម​នៃ​អតីត​ព្រះមហាវីរក្សត្រ សម្ដេច​ព្រះបាទ ព្រះនរោត្តម សីហនុ លោក​ត្រូវ​បាន​រាជការ​តែងតាំង​ជា​អភិបាល​ខេត្ត​ស្វាយរៀង និង​អភិបាល​ខេត្ត​កំពង់ធំ​ដែល​មាន​សិទ្ធិ​ត្រួតត្រា​ខេត្ត​បាត់ដំបង និង​ពោធិ៍សាត់ និង​ប៉ៃលិន​ផង​ដែរ។

ជីវភាព​ជា​អ្នក​រាជការ​ជំនាន់​នោះ​ជា​ជីវិត​រីករាយ​ប្រាក់​ខែ​គ្រប់គ្រាន់ និង​មាន​សេចក្ដី​ថ្លៃថ្នូរ។ ​ជា​អកុសល​ថ្ងៃ​ទី​ ១៨ មីនា ឆ្នាំ ១៩៧០ សេនា​ប្រមុខ​លន់ នល់ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រមុខរដ្ឋ​សម្ដេច ព្រះសីហុន។ សង្គ្រាម​បាន​កើតឡើង​​ពាសពេញ​ផ្ទៃ​ប្រទេស​។ ឆ្នាំ​ ១៩៧៤ លោក​បាន​ចេញ​ទៅ​​ប្រទេស​បារាំង​ដើម្បី​បំពេញ​បេសកកម្ម​មួយ​ដោយ​លោក​ និង​ភរិយា​គិត​ថា​នឹង​នាំ​យក​​​កូនៗ​របស់​លោក​ទៅ​រស់នៅ​ និង​សិក្សា​ក្នុង​ប្រទេស​ជឿនលឿន​នេះ​។

ជា​មហាអកុសល​មាន​តែ​កូនៗ​ ៦ នាក់​ប៉ុណ្ណោះ​ដែល​មាន​វាសនា​បាន​ចេញ​ពី​កម្ពុជា​រីឯ​ភរិយា និង​កូនប្រុស​ស្រី​ចំនួន​​ ៤ នាក់​ទៀត​មិន​បាន​ចាកចេញ​ដែល​បណ្ដាល​ឲ្យ​ពួកគេ​ស្លាប់​ក្រោម​ស្នាដៃ​ពួក​ខ្មែរ​ក្រហម​យ៉ាង​វេទនា​ទាំងអស់​គ្នា​នៅ​​ខេត្ត​កំពង់ចាម។ នេះ​ហើយ​ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​អតីតអភិបាល​ខេត្ត​ពី​សង្គម​ចាស់​បោះបង់​ជីវភាព​ជា​អភិជន​ទៅ​សង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា​ដោយ​បូជា​ទាំង​កម្លាំង​កាយ​ ចិត្ត និង​ទ្រព្យសម្បត្តិ​ដើម្បី​បួស​​ជា​លើក​ទី​ពីរ​នៅ​ប្រទេស​​ឥណ្ឌា​ក្នុង​​វត្ថុ​បំណង​សង​គុណ​ឪពុក​ម្ដាយ និង​វត្ត​អារាម និង​ព្រះសង្ឃ​គ្រប់​អង្គ​ដែល​ធ្លាប់​បាន​លះបង់​ដើម្បី​លោក​កាលពី​លោក​នៅ​កុមារ​។ រាល់​ថ្ងៃ​លោក​នៅ​សល់​កូន​​ ៦ នាក់​នៅ​​អាមេរិក​​ ៤ ​នាក់​ និង​នៅ​ភ្នំពេញ​ ២ នាក់​។

ដោយសារ​ក្ដី​ឈឺចាប់​ក្នុង​ចិត្ត​ពន់ពេក​ចំពោះ​ការ​បាត់បង់​ភរិយា និង​កូនៗ​ជា​ទីស្រឡាញ់​លោក​បាន​សម្រេច​បួស​ជា​សាមណេរ​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ដើម​ពោធិ​ព្រឹក​ជា​ទី​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ធ្លាប់​ត្រាស់​​ដឹង។ ព្រះពុទ្ធ​សាសនា​ជា​សាសនា​ល្អ​​លេខ ១ ​​​លើ​លោក​ប្រសិន​​ពុទ្ធ​សាសនិក​ទាំង​ឡាយ​ប្រណិប័តន៍​តាម​ត្រឹមត្រូវ។ តាម​ការ​កត់សម្គាល់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នៅ​ស្រុក​ខ្មែរ​ភាគ​ច្រើន​ចេះ​​ចាំ​​មាត់​នូវ​ពុទ្ធឱវាទ​តែ​មិន​បាន​យក​ការ​ចេះ​ចាំ​នោះ​មក​អនុវត្ត​ទេ​។ «រៀន​តែ​ថា​តែ​​មិន​​បាន​ធ្វើ។ រៀន​តែ​ទ្រឹស្តី​តែ​មិន​​មាន​ការ​អនុវត្ត។ មាត់​ថា​មិន​​សម្លាប់ៗ​តែ​អនុវត្ត​«មិន​សម្លាប់» វា​​​អត់​មាន​។ ផល​ដែល​ទទួល​បាន​លើ​ការ​អនុវត្ត​មិន​​សម្លាប់​ជីវិត​មនុស្ស​សត្វ​មិនមែន​ត្រឹម​តែ​ថា​នោះ​ទេ‍‍។​​ ព្រះពុទ្ធ​សាសនា​បើ​សិន​គ្រាន់​តែ​​ថា​អ្នក​​ឯង​មិន​ធ្វើ​ (ប្រតិបត្តិ) អត់​​​​បាន​ការ​អី​សោះ​អាត្មា​បាន​​ដឹង​យ៉ាង​នេះ​ដោយសារ​តែ​បាន​រៀន​​វិបស្សនា​ជាមួយ​គ្រូ»។​ បើ​ការ​យល់​ដឹង​ព្រះតេជគុណ​សង្ឃ​ពោធិ ពូ តុងហាវ វិបស្សនា​ជា​វិជ្ជា​តែ​មួយ​គត់​ដែល​អាច​នាំ​មនុស្ស​មាន​ទុក្ខ​កង្វល់​ទាំង​ឡាយ​បាន​សុខ​ក្នុង​ចិត្ត​ហើយ​វិបស្សនា​នេះ​ធ្វើឲ្យ​មនុស្ស​​មាន​ចិត្ត​បរិសុទ្ធ​ហើយ​ខ្លាច​នូវ​អំពើ​បាប​ទាំង​ឡាយ​ទាំង​ពួង។

ព្រះតេជគុណ​បាន​មាន​សង្ឃដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា «បំណង​ធំ​បំផុត​ក្នុង​​ជីវិត​របស់​អាត្មា​គឺ​ការ​ជួយ​ឲ្យ​ប្រជាជន​ខ្មែរ​​ចូលរួម​ធ្វើ​វិបស្សនា​ចំពោះ​​​លោកតា​ផ្ទាល់​អត្ថន័យ​នៃ​​ជីវិត​គឺ​ធ្វើ​អ្វី​​ដែល​អស់​ទុក្ខ​នោះ​​ហើយ​​ជា​អ្វី​ដែល​​សំខាន់​បំផុត។ អ្នក​ដែល​ធ្វើ​វិបស្សនា​ហើយ​នឹង​ក្លាយ​ជា​មនុស្ស​ថ្មី​មាន​សន្ដាន​ចិត្ត​ល្អ​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «សង្គម​បច្ចុប្បន្ន​កូន​ខ្មែរ​​យើង​កំពុង​តែ​វីវក់​នឹង​សម្ភារនិយម​រឿង​ឡាន រឿង​លុយ​គឺជា​ការ​ខុស​ឆ្គង។ មនុស្ស​​ទាំងអស់​នឹក​យល់​ថា​អញ​មាន​លុយ សុខ​សប្បាយ​ហើយ​ប៉ុន្តែ​គ្មាន​ទេ! មាន​លុយ​កើត​ទុក្ខ​វិញ​ទេ។ អាត្មា​បើក​ចំហ​​ទាំងអស់​រាល់​ថ្ងៃ​នេះ​បើ​នរណា​មក​ធ្វើ​វិបស្សនា​បើ​ថា​ក្រ​អាត្មា​ឲ្យ​លុយ​ទៀត។ អាត្មា​បន់​ឲ្យ​តែ​ធ្វើ​ព្រោះ​ធ្វើ​នេះ​វា​ឲ្យ​សុខ​សម្បើម​ណាស់។ អ្នក​មិន​ចេះ​អក្សរ​ក៏​ធ្វើ​បាន​ដែរ។ ឥឡូវ​និយាយ​រឿង​មួយ​អាត្មា​បើ​ចុះ​បាន​ចុះ​ទៅ​អ្នក​​ដែល​ផើម​ហើយ​កូន​កើត​មក​គឺជា​អតីត​ជាតិ​បុត្រ​ទាំងអស់។ ដោយសារ​តែ​ចិត្ត​របស់​គាត់​​​ស្អាត។ អា​អស់​ហ្នឹង​នរណា​ឲ្យ​យើង? ខ្លួន​យើង​​ឲ្យ​ខ្លួន​យើង»!

ព្រះអង្គ​បាន​ពន្យល់​ថា​និស្ស័យ​មនុស្ស​ក្រ​តែងតែ​ទាញ​​ទៅ​ជួប​តែ​​អ្នក​​ក្រ​ដូច​គ្នា​និស្ស័យ​​មនុស្ស​ល្ងង់​វា​នឹង​ទាញ​​ទៅ​រក​ជួប​តែ​អ្នក​ល្ងង់​​ដូច​គ្នា​។ អ្នក​មាន​និស្ស័យ​បុណ្យ​ដោយ​​​បាន​សាង​អំពើ​​ល្អ​គេ​​គង់​​តែ​ជួប​មនុស្ស​​ល្អ​ដូច​គ្នា​ដែល​​នាំ​គ្នា​រក​សេចក្ដី​​សុខ​ដោយ​ការ​មិន​ប្រព្រឹត្ត​នូវ​អំពើ​បាបកម្ម​ផ្សេងៗ។ ​​«រាល់​​ថ្ងៃ​នេះ​អាត្មា​ពេញ​ចិត្ត​គឺ​នឹង​វិបស្សនា​នេះ​តែ​ម្តង​គឺ​ល្អ​លេខ​មួយ​តែ​ម្តង។

បើ​តាម​សេចក្ដី​ពន្យល់​​អំពី​វិបស្សនាធម្ម​សិក្សា​ដែល​ដក​ស្រង់​ចេញ​​ពី​​សៀវភៅ​អ្នកស្រី​ សាយ ហ៊ាង ជា​​​កូន​ប្រសា​របស់​​សង្ឃពោធិ ពូ តុងហាវ​ បាន​សរសេរ​ដោយ​ដក​ស្រង់​ប្រវត្តិ​វិបស្សនា​របស់​សង្ឃអង្គ​នេះ​ថា​​នៅ​ឆ្នាំ ១៩៨០ លោកតា​​បាន​ចូល​​ធ្វើ​វិបស្សនាកម្មដ្ឋាន​ជាមួយ​លោកគ្រូ ហ្គោឥនកា ជនជាតិ​ឥណ្ឌា​ចំនួន​​ពីរ​លើក​នៅ​​រដ្ឋ​កាលីហ្វ័រនីញ៉ា​សហរដ្ឋ​អាមេរិក។​ នៅ​ឆ្នាំ ១៩៨១ លោកតា​បាន​និមន្ត​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ដើម្បី​វិបស្សនា​​ជាមួយ​លោកគ្រូ ហ្គោឥនកា ម្ដង​ទៀត​។ ដោយ​បាន​យល់​ច្បាស់​ និង​​ជ្រះថ្លា​ចំពោះ​ព្រះធម៌​លោកតា​បាន​​សម្រេច​ចិត្ត​បួស​ជា​សាមណេរ​នៅ​ឆ្នាំ ១៩៨៣ ក្នុង​គោល​បំណង​តបស្នង​សង​គុណ​ម្ដាយ​បើ​ទោះ​ជា​លោក​ឈាន​ចូល​វ័យ ៦២ ឆ្នាំ​ក៏ដោយ​​។ លោក​​​​​បាន​បួស​ក្រោម​ដើម​ពោធិ​ដែល​​ជា​ទីតាំង​ព្រះពុទ្ធ​បាន​ត្រាស់ដឹង​ព្រះធម៌​ស្ថិត​នៅ​ពុទ្ធគយា​ក្នុង​​ប្រទេស​ឥណ្ឌា។ ដូច្នេះ​ហើយ​ទើប​លោកតា​ត្រូវ​បាន​គេ​ដាក់​នាម​ថា «ភិក្ខុសង្ឃ​ពោធិ»​។

នៅ​ឆ្នាំ ១៩៩២ ព្រះអង្គ ពូ តុងហាវ ត្រូវ​បាន​តែងតាំង​​ជា​គ្រូវិបស្សនា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។​ នៅ​ចុង​ឆ្នាំ​ ១៩៩២​ ដដែល​ព្រះសង្ឃ​ពោធិ ពូ តុងហាវ ​បាន​បើក​វគ្គ​ធម្មសិក្សា​វិបស្សនា​នៅ​​វត្ត​ស្វាយពពែ​ជា​លើក​ដំបូង។ ក្រោយ​មក​ទៀត​លោកតា​ក៏​បាន​ជាវ​ដី​នៅ​ស្រុក​កំណើត​កសាង​មជ្ឈមណ្ឌល​វិបស្សនា​នៅ​ស្រុក​កោះធំ​ខេត្ត​កណ្កាល​ដែល​​បាន​ដាក់​ឈ្មោះ​ថា «កម្ពុជា​អន្ដរជាតិ​វិបស្សនា​មជ្ឈមណ្ឌល»។

ធម៌​ និង​វិជ្ជា​វិបស្សនា​នេះ​មិន​ថា​ជាតិសាសន៍​ណា វណ្ណៈ​ណា​មាន​​ជំនឿ​អ្វី ឬ​មាន​ឋានៈ​អ្វី​នៅ​ក្នុង​សង្គម​ណា​នោះ​ឡើយ​ពួកគេ​សុទ្ធសឹង​តែ​អាច​​សិក្សា​ធម៌ និង​​វិធី​ធ្វើ​វិបស្សនា​បាន​ទាំងអស់​ដើម្បី​​បាន​ជា​គ្រឿង​​ដុត​​​កម្លោច​​តណ្ហា​សេចក្តី​សៅហ្មង​សេចក្តី​ភ័យខ្លាច​សេចក្ដី​ខឹង​ក្រោធ​ជាដើម​។​ កម្មវិធី​ធម្មសិក្សា​វិបស្សនា​មាន​រយៈពេល​ ១០ ថ្ងៃ​ដែល​បង្រៀន​ដោយ​​លោកគ្រូ វិបស្សនា​ជា​អ្នកដឹកនាំ​ និង​តម្រូវ​ឲ្យ​សិស្ស​ខិតខំ​តាំង​សមាធិ​ធ្វើ​ចិត្ត​ឲ្យ​បាន​មូល​ល្អ​ទីបំផុត​កើន​នូវ​បញ្ញា​ដោយ​​ការ​គិត​ត្រូវ និង​ជម្រុះ​ចេញ​នូវ​សេចក្ដី​ទុក្ខ​ទាំងឡាយ​ទាំង​ពួង​ដែល​មាន​នៅ​ក្នុង​ចិត្ត​ជាយូរ​មក​ហើយ។ គោលដៅ​វិបស្សនា​គឺ​ការ​ស្វែងរក​សេចក្តី​សុខ​ក្នុង​ចិត្ត​រីករាយ​នឹង​ការ​ធ្វើ​នូវ​កុសលកម្ម​ទាំង​ឡាយ​ដែល​ជា​ប្រយោជន៍​ជួយ​ដល់​មនុស្ស និង​សត្វ​ផង​គ្នា។​ «វិបស្សនា​គឺជា​បំណង​ធំ​បំផុត​នៃ​ជីវិត​របស់​​អាត្មា អាត្មា​សប្បាយ​ចិត្ត​លេខ​​ ១ ​​​ដែល​​បាន​ស្គាល់​វិបស្សនា​នេះ។ ទាំងអស់​គ្នា​កន្លែង​នេះ​ហើយ​ដែល​អាច​រក​ (ក្តី​សុខ) ​ឲ្យ​ខ្លួនឯង»៕

រាយការណ៍​បន្ថែម​ដោយ តាំង រីនិត្យ/ សហផលិត​ VIDEO ដោយ គាំ ច័ន្ទ រស្មី, កែវ ​រតនា,ជា វណ្ណារ័ត្ន,ហម ស្រីនិច និង មាន សង្ហាដេវីត

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ