Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អេស៊ីលីដា ពង្រីក​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ដៃ

Content image - Phnom Penh Post
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា។ គាំ ច័ន្ទរស្មី

អេស៊ីលីដា ពង្រីក​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ដៃ

កាលពី​សប្ដាហ៍​មុន​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ផ្សាយ​អំពី​ប្រវត្តិ និង​សាវតារ​សង្ខេប​របស់​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​បុគ្គល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​ធនាគារ​នេះ​តាមរយៈ​អត្ថបទ និង​វីដេអូ​ក្នុង​គេហទំព័រ www.postkhmer.com និង ហ្វេសប៊ុក​របស់​ភ្នំពេញ​ប៉ុស្ដិ៍។

ថ្ងៃ​នេះ​លោក​អ្នក​នឹង​បាន​ស្វែងយល់​ពី​ទស្សនៈ និង​ចក្ខុវិស័យ​របស់​ធនាគារ​អេស៊ីលីដា​នៅ​ថ្ងៃ​អនាគត។ បរិបទ​ថ្មី​នៅ​ទូទាំង​សកលលោក​គឺ​បដិវត្តន៍​បច្ចេកវិទ្យា​ដែល​បាន​ហូរចូល​កម្ពុជា​ផង​ដែរ។ គោលដៅ​ចម្បង​របស់​ធនាគារ​អេស៊ីលីដា​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​មុខ​គឺ​ការ​ផ្ដល់​សេវាហិរញ្ញវត្ថុ​រហ័ស​ទាន់​ចិត្ត​តាមរយៈ​ទូរស័ព្ទ​ដៃ (Smart Phone )។

ពលរដ្ឋ​កម្ពុជា​ភាគច្រើន​បាន​និង​កំពុង​ផ្សារ​ភ្ជាប់​ជីវិត​របស់​ខ្លួន​ជាមួយ​នឹង​ទូរស័ព្ទ​ដៃ​ហេតុនេះ​នាពេល​អនាគត​ដ៏ខ្លី សេវាកម្ម​ថ្មី​មួយ​នឹង​ត្រូវ​ណែនាំ​ឲ្យ​អតិថិជន​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​ពេលវេលា​ទៅ​កាន់​ទីស្នាក់ការ ឬ​សាខា​របស់​ធនាគារ។ លើស​ពី​នេះ​ អេស៊ីលីដា ចង់​ក្លាយ​ជា​ធនាគារ​តំបន់​ដោយ​ធ្វើការ​ពង្រីក​ខ្លួន​តាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ហើយ​ធនាគារ​នេះ​នឹង​ពង្រីក​សេវា​របស់​ខ្លួន​តាម​បណ្តាញ​អេឡិចត្រូនិក តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​ដែល​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រើ​សេវា​ហិរញ្ញវត្ថុ​បាន​គ្រប់​ទីកន្លែង​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស។

លោក​ថ្លែង​ថា៖ «នៅ​ថ្ងៃ​ខាង​មុខ​យើង​លែង​ត្រូវការ​កន្លែង​ធំ (Office) ដើម្បី​ទុក​ឯកសារ​ទៀត​ហើយ​គឺ​មាន​ជា​ឯកសារ​អេឡិចត្រូនិក យើង​នឹង​ប្រើ​ធនធាន​មនុស្ស​តិច​តែ​ធ្វើការ​បាន​ច្រើន»។

លោក ចាន់នី បាន​ថ្លែង​ទៀត​ថា​នា​បច្ចុប្បន្ន​នេះ​អ្វី​ដែល​គួរ​ឲ្យ​មាន​មោទនៈ​គឺ​កម្ពុជា​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​លឿន​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ព្រម​ទាំង​មាន​ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ច្រើន​គួរ​ឲ្យ​កត់សម្គាល់។

លោក​ថ្លែង​ថា៖ «យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​មាន​កម្មវិធី​ទូរស័ព្ទ​ចល័ត​ប្រើ​មុន​គេ សូម្បី​តែ​អាមេរិក​ដែល​មាន​សេវា​ហិរញ្ញវត្ថុ​ល្អ​ជាង​គេ​នៅ​លើ​លោក​ក៏​មិន​ទាន់​បាន​ប្រើប្រាស់​លឿន​រហ័ស​ដូច​យើង​ដែរ។ យើង​មាន​ការ​ផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ​រហ័ស​ជាង​គេ»។

អេស៊ីលីដា បាន​ក្លាយ​ជា​ធនាគារ​កម្ពុជា​កំពូល​តែ​មួយ​គត់​ក្នុង​ចំណោម​កំពូល​ធនាគារ​ទាំង ១០០ នៅក្នុង​តំបន់​អាស៊ី។ ធនាគារ​នេះ​បាន​និង​កំពុង​ផ្ដល់​ការងារ​ឲ្យ​បុគ្គលិក​ខ្មែរ​សរុប​ចំនួន ១២៣០០ នាក់​ និង​មាន​អតិថិជន​ជាង ២ លាន​នាក់។ ចាប់​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៦ អេស៊ីលីដា បាន​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​ជាង ២១៤ លាន​ដុល្លារ​អាមេរិក។

នៅ​ឆ្នាំ ២០១៦ ធនាគារ​អេស៊ីលីដា​ព្រម​ទាំង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំងអស់​មាន​ចំណូល​ជាង ១២៦ លាន​ដុល្លារ។ ឆ្នាំ ២០១៧ នេះ អេស៊ីលីដា គ្រោង​រក​ប្រាក់​ចំណេញ ១៣៤ លាន​ដុល្លារ​អាមេរិក។ កំណើន​ប្រាក់​ចំណេញ​ជា​មធ្យម​ពី ១០ ទៅ ២០ ភាគរយ។ ធនាគារ​នេះ​អាច​រក្សា​បាន​ជា​ធនាគារ​លំដាប់​លេខ ១ ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក​លើ​គុណភាព​សេវា ទំហំ​ទ្រព្យសកម្ម និង​ចំណេញ​ច្រើន​ជាង​គេ។

លោក​បញ្ជាក់​ថា៖ «យើង​រំពឹង​ថា​យើង​នឹង​ទទួល​លេខ ១ រហូត​តាមរយៈ​ការ​រក្សា​ប្រាក់​ចំណូល។ តាមធម្មតា​លេខ​ ១ ពិបាក​ថែរក្សា យើង​ត្រូវ​តែ​រក្សា​គុណភាព។ ចំនួន​បុគ្គលិក​ការិយាល័យ​ជា​រឿង​បន្ទាប់​បន្សំ​ទេ ប៉ុន្តែ​ប្រាក់​ចំណេញ​ គុណភាព​សេវា គុណភាព​ទ្រព្យ​សកម្ម ជា​គោលការណ៍​សំខាន់​ហើយ​ក៏​ត្រូវ​មាន​គុណភាព​បុគ្គលិក​ផង​ដែរ»។

កម្ពុជា​បាន​បើក​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំង។ វត្តមាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​គឺជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច។

លោក ចាន់នី ថ្លែង​ថា៖ «ប្រទេស​យើង​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ទង់ ៧ ភាគរយ។ ធនាគារ​គឺជា​ប្រភព​ទុន​ដើម្បី​ធ្វើការ​អភិវឌ្ឍ គ្មាន​ការ​អភិវឌ្ឍ​ណា​មួយ​ដែល​មិន​មាន​ប្រភព​ទុន​ទេ»។

ការ​រីកចម្រើន​នៃ​អាជីវកម្ម​ហិរញ្ញវត្ថុ​បាន​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ការ​ប្រែប្រួល​ដែរ។ ពលរដ្ឋ​បាន​ប្ដូរ​ពី​ការ​ជិះ​ម៉ូតូ​ជជុះ មក​ជិះ​ម៉ូតូ​ថ្មី​វិញ។ កសិផល​របស់​កសិករ​មាន​បរិមាណ​ច្រើន​ជាង​មុន។ ទាំងនេះ​អាច​និយាយ​បាន​ថា​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​ដើរ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​បន្ត​លូតលាស់។

លោក ចាន់នី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ កន្លង​មក ​ប្រជាពលរដ្ឋ​មាន​រអ៊ូរទាំ រឿង​ការ​ខាតបង់​វត្ថុបញ្ចាំ​ជាមួយ​គ្រឹះស្ថាន​មួយ​ចំនួន។ ប៉ុន្ដែ​ពេល​ខ្លះ​អ្នក​ខ្ចី​បំណុល​ខ្លួនឯង បាន​លង់​ខ្លួន​ជំពាក់​អ្នក​ចង​ការ​ប្រាក់​គ្មាន​ច្បាប់​តាម​សហគមន៍​របស់​គាត់​វ័ណ្ឌក ហើយ​ទើប​មក​រក​គ្រឹះស្ថាន​យក​ទៅ​ដោះ​បំណុល។

លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​ដែល​មក​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដូច​អ្នក​ជំងឺ​មក​រក​ពេទ្យ​អ៊ីចឹង គឺ​ចង់​ជា​ពី​ជំងឺ។ អ្នក​ខ្លះ​ឈឺ​ធ្ងន់​ហើយ​មក​ជួប​ដុកទ័រ​រួច​ក៏​ស្លាប់ យើង​ក៏​គិត​ថា​ដុកទ័រ​នោះ​មិន​ពូកែ។

យ៉ាង​ណា​មិញ អ្នក​ខ្ចី​បុល​នោះ​ អ្នក​ខ្លះ​ជំពាក់​អ្នក​ចង​ការ​ប្រាក់​រ៉ាំរ៉ៃ​ហើយ​ទើប​មក​រក​មីក្រូហិរញ្ញវត្ថុ។ ប៉ុន្ដែ​យ៉ាង​ហោច​ណាស់ ក៏​មីក្រូហិរញ្ញវត្ថុ​បាន​ត្រឹម​តែ​ពន្យារពេល​ការ​លក់​ដី​របស់​គាត់ តែ​គាត់​មក​អស់​ត្រឹម​មីក្រូហិរញ្ញវត្ថុ​នេះ»។

ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​ដល់​ពលរដ្ឋ អេស៊ីលីដា តែង​បង្រៀន​អំពី​ការ​គ្រប់គ្រង​អាជីវកម្ម​ជាមុន ដើម្បី​ដឹង​លទ្ធភាព​អ្នក​ខ្ចី​ប្រាក់​ទៅ​ធ្វើ​អាជីវកម្ម។ អេស៊ីលីដា ជា​ញឹកញាប់​បាន​វាយតម្លៃ​ជីវភាព​ប្រជាជន​តាម​ទំហំ និង​ភាព​រីកចម្រើន​នៃ​វត្តអារាម។ ប្រសិន​បើ​វត្តធំ ស្អាត នោះ​មាន​ន័យ​ថា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត មាន​ជីវភាព​ធូរធារ។ មាន​កត្តា​ជាច្រើន​ទៀត​សម្រាប់​ការ​វាយតម្លៃ​ដោយ​មាន​ការ​ចូលរួម​របស់​ក្រុម​អាជ្ញាធរ​ជាដើម។

លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​ស៊ើប​ពី​ប្រវត្តិ​របស់​គាត់​ដូចជា​គាត់​លេង​ល្បែង ឬ​ហូប​សុរា​ជា​ប្រចាំ​ឬ​យ៉ាង​ណា? ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អេស៊ីលីដា​បាន​ជោគជ័យ​ព្រោះ​យើង​បាន​ទទួល​ព័ត៌មាន​ពី​មេភូមិ មេឃុំ ពី​ការ​រក​ទទួល​ទាន​ក្នុង​ភូមិ»។

កន្លង​មក​ប្រមុខ​រដ្ឋាភិបាល​សម្ដែង​ការ​ព្រួយបារម្ភ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ជំពាក់​លុយ​រដ្ឋ ហើយ​គេ​អាច​ខឹង​នឹង​រដ្ឋ។

លោក​ថា៖ «អតិថិជន​ដែល​គាត់​ច្រឡំ​ប្រហែល​ជា​គាត់​មិន​ចង់​ប្រើ​ពាក្យ​ថា​ខ្ចី​លុយ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ វា​វែង​ពេក​សម្រាប់​គាត់»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ស្នើ​ឲ្យ​ដូរ​និមិត្តសញ្ញា​ថ្មី បាន​ប៉ះពាល់​លើ​ប្រាក់​ចំណាយ​ដែល​មិន​គ្រោង​ទុក​ជាង ៣ លាន​ដុល្លារ។ ធនាគារ​នេះ​បាន​ដោះ​ផ្លាក​សញ្ញា​ដែល​មាន​រូប​ហង្ស​ចេញ ជំនួស​និមិត្តសញ្ញា​ថ្មី​ថា «អេស៊ីលីដា»៕

រាយការណ៍​បន្ថែម​ដោយៈ តាំង រីនិត្យ/ផលិត VIDEO ដោយៈ គាំ ច័ន្ទរស្មី, កែវ រតនា, មានសង្ហារ ដេវីត និង លៀប ទេវិពិទូ

0

Comments

Please, login or register to post a comment