Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ជា សិរី៖ ខ្ញុំ​រីករាយ​នឹង​លាលែង​បើ​ខ្ញុំ​មិន​អាច​ធ្វើ​បាន

ជា សិរី៖ ខ្ញុំ​រីករាយ​នឹង​លាលែង​បើ​ខ្ញុំ​មិន​អាច​ធ្វើ​បាន

20140328_13
លោក ស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជាក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍ ម៉ៃ វីរៈ

ភ្នំពេញៈ វិស័យ​ហិរញ្ញវត្ថុ​របស់ កម្ពុជា មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ វិស័យ​ហិរញ្ញវត្ថុ​នេះ​បាន​និង​កំពុង​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចាក់​បញ្ចូល​សាច់​ប្រាក់​ទៅ​ក្នុង​សេដ្ឋកិច្ច។ ស្ថាប័ន​អន្តរជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​កំណើន​ខ្លាំង​នៃ​វិស័យ​ហិរញ្ញវត្ថុ​នេះ ហើយ​បាន​ស្នើ​ឲ្យ​ធនាគារ​ជាតិ​គួរ​តែ​មាន​វិធានការ​ដើម្បី​ចៀសវាង​ហានិភ័យ​នៅ​ក្នុង​រយៈ​ពេល​វែង។ ក្នុង​បទសម្ភាស​ជាមួយ​អ្នក​យក​ពត៌មាន ភ្នំពេញ ប៉ុស្តិ៍ នៅ​សប្តាហ៍​នេះ លោក​ស្រី ជា សិរី អគ្គ​នាយក​ធនាគារ​ជាតិ រៀបរាប់​ពី​ស្ថានភាព​ទូទៅ​នៃ​វិស័យ​ហិរញ្ញវត្ថុ កម្ពុជា។

តើ​ស្ថានភាព​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ដំណើរការ​យ៉ាង​ណា​ហើយ​នា​ពេល​បច្ចុប្បន្ន?

វិស័យ​ធនាគារ​យើង​នា​ពេល​បច្ចុប្បន្ន​នេះ យើង​សង្កេត​ឃើញ​ថា រីក​ចម្រើន​ច្រើន។ ជា​ទូទៅ​ប្រាក់​បញ្ញើ​កើន​ឡើង​ប្រហែល ៣០ ភាគរយ​ក្នុង​មួយ​ឆ្នាំ។ បញ្ញើ​កើន​ឡើង​មាន​ន័យ​ថា ប្រជាជន​មាន​ភាព​ទុក​ចិត្ត​លើ​វិស័យ​ធនាគារ​ជាង​មុន។ កាល​ពី​ឆ្នាំ​ទៅ​បើ​ទោះ​បី​យើង​ជួប​បញ្ហា​បោះឆ្នោត​បញ្ហា​បាតុកម្ម យើង​នៅ​ឃើញ​ប្រាក់​បញ្ញើ​បាន​កើន​ឡើង ១២,៥ ភាគរយ។ និន្នាការ​ដែល​ប្រជាជន​យើង​យក​លុយ​មក​ដាក់​ក្នុង​ធនាគារ​មាន​ច្រើន។ ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ផ្លូវ​ការ​មាន​ន័យ​ថា វិស័យ​យើង​រីកចម្រើន​ឥណទាន​យើង​ក៏​កើន​ឡើង។ លទ្ធភាព​រក​ប្រាក់​កម្ចី​នៅ កម្ពុជា មាន​ភាព​ងាយ​ស្រួល​ដោយ​សារ​ថា ទីមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​យើង​មាន​នៅ​ក្នុង​ស្រុក​នៅ​ស្ទើរ​គ្រប់​កន្លែង​ក្នុង​ប្រទេស។ ទី​ពីរ​ការ​ឲ្យ​ខ្ចី​របស់​យើង​មាន​ភាព​ងាយ​ស្រួល។

មាន​ប្រជាជន​មាន​គណនី​ធនាគារ​ចំនួន ២,៣ លាន​នាក់​នៃ​ប្រជាជន ១៤ លាន​នាក់​តែ​យើង​អាច​ធ្វើ​ឲ្យ​ប្រជាជន​កាន់​តែ​ច្រើន​មាន​គណនី​ធនាគារ។ បើ​បាន ១០ លាន​នាក់​ក្នុង​ចំណោម ១៤ លាន​នាក់​មាន​គណនី​ជា​រឿង​ល្អ។ បច្ចុប្បន្ន​ធនាគារ​ពាណិជ្ជ​គាត់​នៅ​តែ​តំបន់​ប្រជុំជន​ធំៗ​ទេ គាត់​មិន​ចង់​ទៅ​ជនបទ​ទេ។ យើង​អាច​ជំរុញ​តាម​រយៈ​តម្រូវការ​ទីផ្សារ​ខ្លះ​និង​តាម​រយៈ​វិធានការ​រដ្ឋបាល។

វិស័យ​ហិរញ្ញវត្ថុ​របស់​យើង​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ​ទេ ដោយ​សារ​ប្រទេស​យើង​ចាប់​ផ្តើម​ឡើង​ក៏​ក្រោយ​គេ​ដែរ។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា យើង​អន់​ជាង​គេ​ប៉ុន្មាន​ទេ។ យើង​ដើរ​ក្រោយ​គេ​តែ​យើង​ដើរ​លឿន។

នៅ ឆ្នាំ​២០១៣ យើង​សង្កេត​ឃើញ​ថា ការ​ផ្តល់​ឥណទាន​មាន​ការ​កើន​ឡើង​ដល់​ទៅ ២៥ ភាគរយ​ខណៈ​អត្រា​នៃ​ប្រាក់​សន្សំ​កើន​ត្រឹម ១២,៥ ភាគរយ​ប៉ុណ្ណោះ តើ​នេះ​អាច​បង្ក​ជា​ហានិភ័យ​ទេ ហើយ​តើ​ធនាគារ​ជាតិ​មាន​វិធានការ​រឹត​បន្តឹង​ការ​ផ្តល់​ប្រាក់​កម្ចី​ដែរ​ឬ​ទេ?

តាម​ពិត​ទៅ​ធនាគារ​មិន​ចាំ​បាច់​ត្រូវ​ការ​ទទួល​បាន​ប្រាក់​បញ្ញើ​ដើម្បី​ផ្តល់​ឥណទាន​នោះ​ទេ។ គេ​មាន​ទុន​ខ្លួន​គេ ហើយ​គេ​ខ្ចី​ពី​ទីផ្សារ​ហិរញ្ញវត្ថុ។ គេ​អត់​យក​ប្រាក់​បញ្ញើ​របស់​អតិថិជន​ឲ្យ​ខ្ចី​ទេ។ តែ​នៅ​ស្រុក​យើង​ធនាគារ​ភាគ​ច្រើន​នោះ គាត់​ប្រើ​ប្រាក់​បញ្ញើ​ដើម្បី​ផ្តល់​ឥណទាន​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ។

កំណើន​ឥណទាន​នេះ​សមស្រប​នឹង​កំណើន​សេដ្ឋកិច្ច​របស់​យើង។ ពេល​ដែល​សេដ្ឋកិច្ច​កើន​ឡើង​នោះ​ត្រូវ​ការ​ដើម​ទុន​ដើម្បី​យក​ទៅ​វិនិយោគ។ យើង​ឃើញ​មាន​កំណើន​ខ្ពស់​តែ​សួរ​ថា យើង​កើន​ពី​មូលដ្ឋាន​ប៉ុន្មាន? យើង​ត្រូវ​ស្គាល់​ថា យើង​ជា​ប្រទេស​ដែល​ទើប​តែ​ងើប​ឡើង យើង​ត្រូវ​ការ​ទុន​ដើម្បី​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ទុន​នោះ​គឺ​បាន​ពី​ធនាគារ​នោះ​ឯង។

តើ​លោក​ស្រី​យល់​យ៉ាង​ណា​អំពី​សេចក្តី​រាយការណ៍​ដែល​ថា លោក​ស្រី​ប្រើ​ទំនាក់​ទំនង​របស់​ឪពុក​ដើម្បី​ទទួល​បាន​តំណែង​ថ្នាក់​ដឹក​នាំ​នេះ?

«វា​មិន​មាន​ជា​រឿង​ថ្មី​ទេ។ ខ្ញុំ​ទុក​ឲ្យ​អ្នក​ដែល​ធ្វើ​ការ​ជាមួយ​ខ្ញុំ​ក្នុង​វិស័យ​នេះ​ជា​អ្នក​វាយតម្លៃ​ចុះ​ថា តើ​ខ្ញុំ​មាន​សមត្ថភាព​និង​ស័ក្តិសម​សម្រាប់​ខ្ញុំ​ឬ​អត់? ខ្ញុំ​គិត​ថា​វា​ចៀស​មិន​រួច​ទេ។ ការ​ពិត​នៅ​តែ​ជា​ការ​ពិត។ ខ្ញុំ​ជា​កូន​របស់​ទេសាភិបាល​ខ្ញុំ​មិន អាច​បដិសេធ​បាន​ទេ។ ប៉ុន្តែ​សំខាន់​ការងារ​ដែល​ខ្ញុំ​មាន​នៅ​លើ​តុ តើ​ខ្ញុំ​ធ្វើ​បាន​ឬ​អត់? សំខាន់​អ្នក​ដែល​គេ​ធ្វើការ​ជាមួយ​ខ្ញុំ​គេ​ទទួល​ស្គាល់​សមត្ថភាព​ខ្ញុំ​ឬ​អត់? ថា​តើ​ខ្ញុំ​អាច​ជួយ​ស្ថាប័ន​របស់​ខ្ញុំ​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​ឬ​អត់? បើ​ខ្ញុំ​ធ្វើ​មិន​បាន​ទេ ខ្ញុំ​នឹង​គិត​ថា ខ្ញុំ​មិន​ស័ក្តិសម​នឹង​តំណែង​នេះ​ហើយ​ខ្ញុំ​នឹង​លើស​ពី​រីករាយ លាលែង​ពី​តំណែង​នេះ។ ខ្ញុំ​ទុក​ឲ្យ​អ្នក​វិនិច្ឆយ​ទៅ​ចុះ។ របាយ​ការណ៍​នោះ មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​សប្បាយ​ចិត្ត​បើ​សហសេវិក​របស់​ខ្ញុំ​និយាយ​ថា ការងារ​ដែល​ខ្ញុំ​ធ្វើ​ទៅ​មិន​អាច​ទទួល​យក​បាន ឬ​ការ​ដែល​ខ្ញុំ​មក​កាន់​តំណែង​នេះ​នឹង​ធ្វើ​ឲ្យ​រារាំង ឬ​ខកខាន​ដល់​ការងារ ព្រោះ​ខ្ញុំ​ធ្វើ​ការ​ជាមួយ​ពួក​គាត់ ហើយ​ពួក​គាត់​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ទទួល​ការ​វិនិច្ឆយ​របស់​គាត់​ចំពោះ​ខ្ញុំ»។

ឥណទាន​បម្រើ​ដល់​វិស័យ​អចលន​ទ្រព្យ​មាន​ការ​កើន​ឡើង​ក្នុង ឆ្នាំ​២០១៣ តើ​អាច​បង្ក​ជា​វិបត្តិ​ហិ​ញ្ញវត្ថុ​ទេ?

ឥឡូវ​មាន​និន្នាការ​រស់​នៅ​ឯករាជ្យ​ពី​ឪពុក​ម្តាយ ផ្នត់​គំនិត​ដែល​ចង់​មាន​ផ្ទះ​សម្បែង​ខ្លួន​ឯង អាច​ធ្វើ​ទៅ​បាន ព្រោះ​យើង​មាន​ធនាគារ​គេ​ឲ្យ​ខ្ចី​។ គេ​ថា​ឥណទាន​ដើម្បី​ទិញ​ផ្ទះ​កើន​ខ្លាំង។ អ្វី​ដែល​យើង​ត្រូវ​បារម្ភ​នោះ គឺ​អតិថិជន​បាន​ឥណទាន​ទិញ​ផ្ទះ​សម្រាប់​លក់​ចេញ​ទៅ​វិញ។ អ៊ីចឹង​នៅ​ពេល​ដែល​តម្លៃ​ផ្ទះ​នោះ​ធ្លាក់​ចុះ​គាត់​នឹង​សុខ​ចិត្ត​ឲ្យ​ធនាគារ​រឹបអូស​ហើយ។

យើង​មិន​សូវ​ភ័យ​ទេ​នៅ​ពេល​ឥណទាន​ដល់​វិស័យ​អចលន​ទ្រព្យ​កើន​ឡើង។ អ្វី​ដែល​ត្រូវ​សួរ​ថា គាត់​ទិញ​សម្រាប់​នៅ​ឬ​ក៏​សម្រាប់ Speculate (ការ​កេង​ចំណេញ​ទីផ្សារ)។ ប្រសិន​បើ​គាត់​ទិញ​សម្រាប់​នៅ​នេះ​គឺជា​រឿង​ល្អ។ តាម​ការ​សង្កេត អតិថិជន​ភាគ​ច្រើន​ទិញ​ដើម្បី​នៅ។

ពី​ឆ្នាំ​មុន​នេះ​ដែរ យើង​ឃើញ​មាន​ធនាគារ​ច្រើន​បាន​ផ្លាស់​ប្តូរ​ភាគទុនិក តើ​ចលនា​បែប​នេះ​ជា​ឥទ្ធិពល​វិជ្ជមាន​ឬ​អវិជ្ជមាន​សម្រាប់​វិស័យ​ធនាគារ?

ការ​ផ្លាស់​ប្តូរ​ភាគទុនិក​នេះ​មិន​មាន​ឥទ្ធិពល​អ្វី​ទេ​ដល់​វិស័យ​ធនាគារ។ វា​អាស្រ័យ​លើ​ភាគទុនិក​ដែល​ចូល​មក​ថ្មី​ជា​នរណា? ប្រសិន​បើ​ភាគទុនិក​ទាំង​នោះ​គេ​ខ្លាំង យើង​ត្រូវ​តែ​អរ​ទៅ។ ភាគ​ច្រើន​ធនាគារ​ដូច​ជា UBC និង SBC សុទ្ធ​តែ​ជា​ធនាគារ​លំដាប់​នៅ​ប្រទេស​របស់​គេ​ដែរ។ យើង​កក់ក្តៅ​នៅ​ពេល​ធនាគារ​គេ​មក​ស្រុក​យើង ព្រោះ​មាន​ន័យ​ថា គេ​សិក្សា​ពី​ស្រុក​យើង​រួច​អស់​ហើយ​មុន​នឹង​គេ​ចូល​មក។ ធនាគារ​ទាំង​នេះ​បើ​មាន​រឿង​អី គេ​មិន​ងាយ​រត់​ចោល​ទេ ព្រោះ​គេ​ត្រូវ​រក្សា​តម្លៃ​កេរ្តិ៍​ឈ្មោះ។ យើង​មាន​ភាព​ទុក​ចិត្ត​ព្រោះ គេ​ប្រយ័ត្ន​ប្រយែង​ណាស់។ ឧទាហរណ៍ បើ​ធនាគារ «ក» មាន​ភាគទុនិក​មក​ពី​ធនាគារ​បរទេស​ស្រាប់​តែ​មាន​បញ្ហា អ៊ីចឹង​ធនាគារ​ដែល​នៅ​ស្នាក់ការ​កណ្តាល​នោះ​មិន​ទុក​ឲ្យ​ធនាគារ​ជា​សាខា​មាន​បញ្ហា​នោះ​ទេ គេ​ច្បាស់​ជា​ជួយ​ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​គេ។

តាម​ពិត​ទៅ​យើង​ឃើញ​ធនាគារ​បរទេស​ច្រើន​ចូល​យើង​គួរ​សប្បាយ​ចិត្ត។ មិន​មាន​ប្រទេស​ណា​ដែល​ទើប​តែ​ងើប​ពី​សង្រ្គាម​ទាក់​ទាញ​ធនាគារ​បរទេស​ដូច កម្ពុជា ទេ។

ក្នុង​ឆ្នាំ​នេះ ធនាគារ​ជាតិ​គ្រោង​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ធនាគារ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដែរ​ឬ​ទេ? តើ​កម្ពុជា ត្រូវ​ការ​ធនាគារ​ច្រើន​បែប​នេះ​ឬ​ទេ?

ការ​ដែល​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ធនាគារ​មួយៗ​គឺ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​លើ​ការ​ស្នើ​សុំ​របស់​គាត់។ ប្រសិន​បើ​ការ​ចូល​មក​ទីផ្សារ​របស់​គាត់​បន្ថែម​តម្លៃ និង​ជម្រើស​ផលិតផល​សម្រាប់​អតិថិជន យើង​នឹង​ស្វាគមន៍​គាត់។ វា​ផ្តល់​ប្រយោជន៍​ដល់​អតិថិជន​ទៅ​វិញ​ទេ ដែល​ទទួល​បាន​ការ​ប្រាក់​ច្រើន។ វា​អាស្រ័យ​ទៅ​លើ​តម្រូវការ​ទីផ្សារ។ យើង​ពិបាក​និយាយ​ថា សម្រាប់​ទីផ្សារ កម្ពុជា ត្រូវ​ការ​ធនាគារ​ចំនួន ១០ ឬ ២០ ណាស់។ វា​មិន​មាន​ការ​សិក្សា​ណា​ដែល​និយាយ​ថា យើង​ត្រូវ​ការ​ធនាគារ​ប៉ុណ្ណឹង​គ្រប់​គ្រាន់​នោះ​ទេ។

ធនាគារ​ពាណិជ្ជ ៣៧ ហើយ​តែ​គាត់​មិន​ទៅ​ផ្តល់​សេវា​ឲ្យ​ប្រជាជន​យើង​តាម​ជនបទ។ យើង​និយាយ​ថា នេះ​ជា​ការ​ប្រកួត​ប្រជែង​ដោយ​សេរី​ទីមួយ​គឺ​ឲ្យ​គាត់​ប្រកួត​ប្រជែង​គ្នា បើ​អ្នក​ឯង​ទៅ​មិន​រួច​អ្នក​ឯង​ដក​ខ្លួន​ចេញ។ នេះ​ហៅ​ថា​យន្តការ​ទីផ្សារ។

តួនាទី​របស់​ធនាគារ​ជាតិ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ដក​ខ្លួន​របស់​គាត់​ធ្វើ​ទៅ​ដោយ​រលូន​មិន​មាន​ការ​រំខាន​ដល់​អ្នក​ដាក់​ប្រាក់​បញ្ញើ ហើយ​មិន​បង្ក​ហានិភ័យ​អ្វី​ទាំងអស់​ក្នុង​ប្រព័ន្ធ​ធនាគារ។

យើង​មិន​ដឹង​ថា តើ កម្ពុជា ត្រូវ​ការ​ធនាគារ​ប៉ុន្មាន​នោះ​ទេ។ ធនាគារ​មុន​នឹង​ដាក់​ទុន​គាត់​ដឹង​ច្បាស់​ថា តើ​អាច​រក​ប្រាក់​ចំណេញ​បាន​ដែរ​ឬ​ក៏​អត់? ជា​រឿយៗ គឺ​យើង​ក៏​លើក​ទឹក​ចិត្ត​ដែរ​ថា ប្រសិន​បើ​ធនាគារ​មួយ​មិន​មាន​ទុន​ច្រើន​ដូច​ធនាគារ​ដែល​ទើប​តែ​ចូល​មក ឬ​ក៏​គាត់​ជា​ធនាគារ​ធំ​ដែរ ប៉ុន្តែ​ដៃគូ​ប្រជែង​របស់​គាត់​គេ​មាន​ទុន​ធំ​ជាង​គាត់ គឺ​យើង​ស្នើ​ឲ្យ​គាត់​សហការ​ជាមួយ​គ្នា​ដើម្បី​ប្រជែង​ជាមួយ​ធនាគារ​ដែល​ធំ​ជាង។

ស្ថាប័ន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ច្រើន ប៉ុន្តែ​ការ​ផ្តល់​កម្ចី​នៅ​តែ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ដោយ​សារ​ការ​ខ្ចី​ទុន​ពី​ក្រៅ​ប្រទេស​ពួក​គាត់​ក៏​កំពុង​ស្វែង​រក​ការ​ខ្ចី​ទុន​ពី​ធនាគារ​ពាណិជ្ជ​ដែរ ប៉ុន្តែ​មិន​មាន​ទ្រព្យ​បញ្ចាំ តើ​ធនាគារ​ជាតិ​មាន​យន្តការ​សម្រួល​ដល់​ពួក​គាត់​ដែរ​ឬ​ទេ?

វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ដែល​កើន​ឡើង​ច្រើន ព្រោះ​មាន​ការ​ផ្លាស់​ប្តូរ​ពី​ការ​ផ្តល់​ឥណទាន​ក្រៅ​ផ្លូវ​ការ​ដែល​មិន​មាន​យន្តការ​ផ្លូវ​ច្បាប់​ណា​ដែល​ធានា​ការពារ​អតិថិជន ភាសា​សាមញ្ញ​គឺ​ការ​ចង​ការ​នោះ​ឯង។ ការ​ពិត​ទៅ បើ​មីក្រូ​ហិរញ្ញវត្ថុ​ទៅ​ខ្ចី​ឥណទាន​ពី​ធនាគារ​ខាង​ក្រៅ​ស្រុក​ត្រូវ បង់​ការ​ប្រាក់​តិច​ជាង​ការ​ខ្ចី​ពី​ធនាគារ​នៅ​ក្នុង​ស្រុក។ បើ​ទោះ​បី​ជា​គាត់​ត្រូវ​បង់​ពន្ធ​ពេល​សង​ចេញ​ទៅ​វិញ​មែន ប៉ុន្តែ​បើ​ទូទាត់​ទៅ អត្រា​ការ​ប្រាក់​នៅ​តែ​ថោក​ជាង។ ធនាគារ​ពាណិជ្ជ​នៅ​ក្នុង​ស្រុក​ក៏​ខ្វះ​ទុន​ដែរ។ ធនាគារ​ភាគ​ច្រើន​នៅ​មិន​ទាន់​មាន​ភាព​ស៊ី​ជម្រៅ​លើ​ការ​ទទួល​របាយ​ការណ៍​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ក្នុង​ការ​ផ្តល់​ឥណទាន។ គាត់​ធ្លាប់​តែ​ឲ្យ​ខ្ចី​ដោយ​ដាក់​ទ្រព្យ​បញ្ចាំ។ គាត់​មិន​ធ្លាប់​ឲ្យ​ខ្ចី​តាម​រយៈ Cash Flow lending ត្រូវ​មើល​ទៅ​លំហូរ​សាច់​ប្រាក់​ជា​ទៀងទាត់​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ហើយ​មួយ​ទៀត​យើង​អាច​ថា ប្រព័ន្ធ​ច្បាប់​យើង​មិន​ទាន់​មាន​សម្រាប់​អនុវត្ត​ទៅ​លើ​កិច្ចសន្យា​និង​លំហូរ​សាច់​ប្រាក់​ហ្នឹង។ អ៊ីចឹង​ត្រូវ​ការ​ឲ្យ​ធនាគារ​ពង្រឹង​សមត្ថភាព​របស់​គាត់​ឲ្យ​កាន់​តែ​ខ្ពស់​ជាង​មុន​ឯ​ចំណែក​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​គាត់​ត្រូវ​ប្រឹង​ប្រែង​បន្ថែម​ទៀត។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ យើង​សង្កេត​ឃើញ​ធនាគារ​ភាគ​ច្រើន​បាន​ផ្តល់​កម្ចី​ឲ្យ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ច្រើន​ជាង​មុន។ ឥឡូវ​នេះ ធនាគារ​ពាណិជ្ជ​ចាប់​ផ្តើម​គិត​ថា ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ជា​វិស័យ​មាន​តម្លាភាព​ដែល​គាត់​អាច​ទុក​ចិត្ត​បាន៕

0

Comments

Please, login or register to post a comment