Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ទឹករ៉ែ អូគូលែន កំពុង​កសាង​ស្លាក​យីហោ​របស់​ខ្លួន

ទឹករ៉ែ អូគូលែន កំពុង​កសាង​ស្លាក​យីហោ​របស់​ខ្លួន

20140509_14
លោក Jacques Marcille អគ្គនាយកក្រុមហ៊ុន អូគូលែន សហការី

ភ្នំពេញៈ ទឹក​បរិសុទ្ធ «អូគូលែន» ជា​ទឹក​បរិសុទ្ធ​ជាតិ​រ៉ែ​ក្នុង​ស្រុក​ដំបូង​របស់ កម្ពុជា ដែល​បាន​បើក​ដំណើរការ​នៅ ខេត្ត​សៀមរាប កាល​ពី​ដើម​ឆ្នាំ​មុន។ អូ គូលែន ក្នុង​ដប​មាន​ចំណុះ ១,៥ លីត្រ​មាន​តម្លៃ​ប្រហែល ០,៨ ដុល្លារ​ធៀប​នឹង​ទឹក​គ្មាន​ជាតិ​រ៉ែ​ដែល​មាន​តម្លៃ​ប្រហែល​នឹង ០,៥ ដុល្លារ។ លោក Jacques Marcille អគ្គ​នាយក​ក្រុមហ៊ុន​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពី​ភាព​ខុស​គ្នា​នៃ​ការ​វេច​ខ្ចប់ និង​យុទ្ធសាស្ដ្រ​ឆ្ពោះ​ទៅ​មុខ​របស់​ក្រុមហ៊ុន។

ម៉ាក​ទឹក​បរិសុទ្ធ​ជាច្រើន​ដែល​គេ​ប្រទះ​ឃើញ​នៅ​តាម​ផ្សារ​ទំនើប ឡាក់គី និង​ផ្សារ​ផ្សេង​ទៀត សុទ្ធ​តែ​ជា​ទំនិញ​នាំ​ចូល​មែន​ទេ តើ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ទេ​លើ​តម្លៃ?

មាន​ការ​ប្រកួត​ប្រជែង​ច្រើន​ណាស់ ជា​ពិសេស​នៅ​តាម​ទីផ្សារ​ទំនើប​ធំៗ ដោយ​មាន​យីហោ​ទឹក​បរិសុទ្ធ​បរទេស​ភាគ​ច្រើន​បាន​នាំ​ចូល​មក​ពី​អឺរ៉ុប ហើយ​មួយ​ចំនួន​នាំ​ចូល​មក​ពី វៀតណាម និង ថៃ។ មាន​យីហោ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ផង​ដែរ ដែល​មិន​មែន​ជា​ទឹក​បរិសុទ្ធ​មាន​ជាតិ​រ៉ែ​ធម្មជាតិ។ ទឹក​បរិសុទ្ធ​ទាំង​នោះ​បាន​ដាក់​យីហោ​ជា «ទឹក​ពិសា​បរិសុទ្ធ» ហើយ​មិន​មាន​ជាតិ​រ៉ែ​ធម្មជាតិ​នោះ​ទេ។

តើ​ប្រជាជន​ចំណាយ​លើ​អ្វី​ដែល​ពួក​គេ​ចង់​បាន ឬ​ថា​ពួក​គេ​កំពុង​មាន​ការ​យល់​ខុស​ឬ?

ដៃគូ​ប្រកួត​ប្រជែង​របស់​យើង​ជា​ទឹក​បរិសុទ្ធ​ជាតិ​រ៉ែ​ដែល​នាំ​ចូល​មាន​គុណភាព​ល្អ។ តាម​ពិត​គ្មាន​ទឹក​បរិសុទ្ធ​ណា​ល្អ​ប្រសើរ​ជាង​ទឹក​បរិសុទ្ធ​ផលិត​ក្នុង​ស្រុក​របស់​យើង «អូ គូលែន» នោះ​ទេ​ទាក់​ទង​ទៅ​នឹង​សមាសភាព​សារធាតុ​រ៉ែ​នោះ។ យីហោ​ទឹក​បរិសុទ្ធ​បរទេស​មួយ​ចំនួន​មាន​ជាតិ​ហ្គាស ឬ​បន្ថែម​សារធាតុ​កាបូន​ឌីអុកស៊ីត។ យើង​មិន​ផលិត​ទឹក​មាន​ជាតិ​ហ្គាស​នៅ​ឡើយ​ទេ។ ខ្ញុំ​ផ្ទាល់​យល់​ឃើញ​ថា ការ​លក់​ទឹក​បរិសុទ្ធ​ដប​មាន​ជាតិ​រ៉ែ​ចំណុះ ១,៥ លីត្រ​ក្នុង​តម្លៃ​ជាង ២ ដុល្លារ​ក្នុង​មួយ​ដប​គឺ​ថ្លៃ​ខ្លាំង​ណាស់ ហើយ​និយាយ​ឲ្យ​ត្រង់​ទៅ​គួរ​ឲ្យ​អស់​សំណើច។

តើ​ការងារ​អ្វី​ដែល​បាន​ចាប់​ផ្ដើម​ឲ្យ​មាន​ការ​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង?

ការងារ​ដ៏​លំបាក​ដំបូង​គឺ​ការ​ស្វែង​រក​ផែនទី​ភូមិសាស្ដ្រ​ច្បាស់​លាស់​ដើម្បី យល់​ដឹង​ពី​បរិស្ថាន​របស់ ភ្នំ​គូលែន ដែល​មាន​ទីតាំង​នៅ​ក្នុង ខេត្ត​សៀមរាប។ ទី២ យើង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ក្រុមហ៊ុន​ដែល​អាច​ខួង​ដល់​ជម្រៅ​ស្រទាប់​ដី​ភក់ ដោយ​សារ​តែ​វា​ត្រូវ​ការ​ភាព​ជាក់​លាក់ និង​ឧបករណ៍​មាន​តម្លៃ​ខ្ពស់​ដើម្បី​ធ្វើ​ការងារ​នេះ។ និយាយ​ឲ្យ​អស់​ទៅ​ខ្ញុំ​ត្រូវ​ការ​រយៈ​ពេល​ប្រហែល ១ ឆ្នាំ​ក្នុង​ការ​ស្វែង​រក​ប្រភព​ទឹក អូ គូលែន។ ទោះ​បី​ជា​យ៉ាង​ណា យើង​ត្រូវ​បាន​ជួយ​ដោយ​ប្រជាជន​ដែល​បាន​ស្គាល់​តំបន់​នេះ រួម​មាន​លោក Pierre Gubri មក​ពី​អង្គការ​ទឹក​ស្អាត (NGO Water for All) នៅ កម្ពុជា និង​មិត្តភក្តិ​ជា​អ្នក​ភូមិសាស្ដ្រ​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​គំនិត​ផ្តួច​ផ្តើម​ដំបូង​ដើម្បី​រក​ប្រភព​ទឹក​មាន​ជាតិ​រ៉ែ​កម្ពុជា បាន​មក​ពី​លោក Bernard Forey ជា​អ្នក​ផលិត​ទឹក​ជាតិ​រ៉ែ​ធម្មជាតិ La Vie របស់ ប្រទេស​វៀតណាម។

ចុះ​តម្លៃ​វិញ​យ៉ាង​ម៉េច​ដែរ?

នៅ​អឺរ៉ុប​ដើម្បី​ទទួល​បាន​សិទ្ធិ​ឲ្យ​គេ​ហៅ​ថា «ទឹក​បរិសុទ្ធ​រ៉ែ​ធម្មជាតិ» អ្នក​ចាំបាច់​ត្រូវ​ច្រក​ទឹក​នៅ​នឹង​ប្រភព​របស់​វា​តែ​ម្តង។ តាម​ពិត​ភាព​ងាយ​ស្រួល​របស់​យើង​តម្រូវ​ឲ្យ​មាន​ថាមពល​ច្រើន​ដើម្បី​ផលិត​ផ្ទាល់​នៅ​ទីតាំង​ជើង ភ្នំ​គូលែន។ រាល់​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​ដាច់​ឆ្ងាយ​ពី​គេ​ដូច​នោះ​នឹង​ចៀស​មិន​ផុត​ពី​ការ​ចំណាយ​ច្រើន​ទេ។ ការ​វិនិយោគ​នេះ​មាន​តម្លៃ​តិច​ជាង ៨ លាន​ដុល្លារ​អាមេរិក។

តើ​មាន​គម្រោង​ពង្រីក​អាជីវកម្ម​ដែរ​ឬ​ទេ?

គោល​បំណង​របស់​យើង​គឺ​ដើម្បី​ក្លាយ​ជា​យីហោ​ទឹក​រ៉ែ​ធម្មជាតិ​លេខ ១ នៅ កម្ពុជា និង​ថែម​ទាំង​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​ជិត​ខាង​ទៀត​ផង។ ច្បាស់​ណាស់​មាន​ប្រភព​ទឹក​ដែល​មិន​បាន​ប្រើ​ប្រាស់​ជាច្រើន​នៅ កម្ពុជា ប៉ុន្តែ​ប្រភព​ទឹក​ជាច្រើន​ទាំង​នេះ​មិន​មាន​ជាតិ​រ៉ែ​នោះ​ទេ។ ប្រភព​ទឹក​មួយ​ចំនួន​មាន​កម្រិត​សារធាតុ​អាស៊ីត PH ខ្លាំង​ណាស់៕ PB

0

Comments

Please, login or register to post a comment