Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Huawei ​សុទិដ្ឋិនិយម​នៅ​កម្ពុជា

Huawei ​សុទិដ្ឋិនិយម​នៅ​កម្ពុជា

20140411_14
លោក Jason Liu អគ្គនាយកផ្នែកនាយកដ្ឋានអាជីវកម្មអតិថិជនរបស់ Huawei នៅកម្ពុជា ហេង ជីវ័ន

ភ្នំពេញៈ ដោយ​សារ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៃ​បច្ចេកវិទ្យា​ពិភពលោក​ពិសេស​ឧស្សាហកម្ម​ទូរស័ព្ទ។ ទូរស័ព្ទ​ទំនើប ឬ​ស្មាតហ្វូន​បាន​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ដោយ​ធ្វើ​ឲ្យ​អតិថិជន​រីករាយ​នឹង​ការ​ប្រើ​ប្រាស់​កម្មវិធី​ជាច្រើន​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ការងារ​ខ្លួន។

Huawei Technologies ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ទូរស័ព្ទ​ចល័ត​ធំ​ជាង​គេ​នៅ ប្រទេស​ចិន និង​ជាប់​លំដាប់​ថ្នាក់​ទីបី​ផ្នែក​ផលិត​ទូរស័ព្ទ​ទំនើប​នៅ​ទូទាំង​ពិភពលោក​បាន​និង​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ កម្ពុជា ចាប់​តាំង​ពី ឆ្នាំ​១៩៩៩ មក។ ក្រុមហ៊ុន​នេះ​បាន​ដាក់​លក់​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន​នៅ​ទីផ្សារ​មួយ​នេះ​កាល​ពី​ឆ្នាំ​មុន។

លោក Jason Liu អគ្គ​នាយក​ផ្នែក​នាយកដ្ឋាន​អាជីវកម្ម​អតិថិជន​របស់​ក្រុមហ៊ុន Huawei Technologies ប្រចាំ កម្ពុជា និង ឡាវ បាន​ផ្តល់​បទសម្ភាស​ដល់ ភ្នំពេញ ប៉ុស្តិ៍ អំពី​ទូរស័ព្ទ​ទំនើប​របស់​ក្រុមហ៊ុន Huawei ដែល​ទើប​តែ​បាន​ដាក់​លក់​នៅ ប្រទេស​កម្ពុជា។

លោក​បាន​ដាក់​លក់​ទូរស័ព្ទ​ទំនើប​របស់​ក្រុមហ៊ុន Huawei នៅ​ទីផ្សារ​នេះ​តាំង​ពី​ឆ្នាំ​ណា​មក? ហេតុ​អ្វី?

យើង​បាន​ចូល​មក​ទីផ្សារ កម្ពុជា នៅ ឆ្នាំ​១៩៩៩ ពោល​គឺ​ជាង ១០ ឆ្នាំ​ហើយ។ ហេតុ​អ្វី​បាន​ជា​យើង​ជ្រើស​រើស​យក ប្រទេស​កម្ពុជា? ជា​បឋម​ខ្ញុំ​សូម​បង្ហាញ​ភាព​ស្មោះ​ត្រង់​ថា ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​យើង​នៅ​ទីនេះ ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់ យើង​មាន​ការ​មមាញឹក​ច្រើន​ជាមួយ​ប្រតិបត្តិករ​បណ្តាញ​ទូរស័ព្ទ​ចល័ត​ក្នុង​ស្រុក ដូចជា ក្រុមហ៊ុន មិត្តហ្វូន ក្រុមហ៊ុន Cellcard និង​ក្រុមហ៊ុន Smart ជាដើម។

ការ​ពិត​អតិថិជន​ក្នុង​ស្រុក​បាន​ទទួល​ស្គាល់​ផលិតផល​របស់​យើង​រួច​ទៅ​ហើយ តែ​ពួក​គេ​ពុំ​ដឹង​ថា វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន Huawei ទេ ដោយ​សារ​យើង​លក់​ផលិតផល​ទាំង​នោះ​ឲ្យ​ប្រតិបត្តិករ ហើយ​ពួក​គេ​ប្រើ​ប្រាស់​ឈ្មោះ​ប្រតិបត្តិករ​ទាំង​នោះ។ តែ​បច្ចុប្បន្ន​ទូរស័ព្ទ​ទំនើប​របស់​យើង​កំពុង​ផ្លាស់​ប្តូរ។ ដូច្នេះ​យើង​ត្រូវ​ផ្តោត​លើ​ទីផ្សារ​សេរី ដែល​មនុស្ស​ជាច្រើន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ម៉ាក​ផលិតផល​ហេតុ​នេះ​ហើយ​កាល​ពី​ឆ្នាំ​មុន​ក្រុមហ៊ុន​យើង​បាន​ចាប់​ផ្តើម​បង្អួត​ម៉ាក​ផលិត​ផល​នៅ​ទីផ្សារ​ខាង​ក្រៅ​ដើម្បី​ឲ្យ​អតិថិជន​បាន​ស្គាល់​ម៉ាក Huawei។

ដោយ​សារ​អ្នក​ជា​ក្រុមហ៊ុន​ទើប​ចូល​ប្រឡូក​ក្នុង​ឧស្សាហកម្ម​ទូរស័ព្ទ​ទំនើប តើ​អ្នក​អាច​ប្រៀប​ធៀប​ផលិតផល​របស់​អ្នក​ទៅ​នឹង​ទូរស័ព្ទ Samsung ម៉ាក LG ទូរស័ព្ទ Iphone ឬ​ទូរស័ព្ទ​ម៉ាក Nokia ដោយ​របៀប​ណា? តើ​អ្នក​មាន​យុទ្ធសាស្រ្ត​អ្វី​ដើម្បី​ប្រកួត​ប្រជែង​នឹង​ទូរស័ព្ទ​ទាំង​នោះ?

ជា​ការ​ពិត​ក្រុមហ៊ុន​យើង​បាន​បំពេញ​ការងារ​យ៉ាង​ល្អ​នៅ​ពេល​នេះ។ Huawei ជា​ក្រុមហ៊ុន​ថ្មី​នៅ កម្ពុជា ហើយ​យើង​បាន​សិក្សា​ពី​ផលិតផល​ទាំង​នោះ​រួច​ហើយ។ យើង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គុណភាព​ពោល​គឺ​គុណភាព​ខ្ពស់​ហើយ​យើង​ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សមត្ថភាព​ផង​ដែរ មាន​ន័យ​ថា គុណភាព​ល្អ តម្លៃ​សមរម្យ។

យើង​ដឹង​ថា មនុស្ស​គ្រប់​គ្នា​ចង់​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប។ ប៉ុន្តែ​អ្នក​ដឹង​ថា ចំណូល​របស់​ពួក​គេ មិន​សូវ​ខ្ពស់​ទេ។ ពួក​គេ​ភាគ​ច្រើន​ពុំ​មាន​លទ្ធភាព​ទិញ​ទូរស័ព្ទ​ទំនើប​គុណភាព​ល្អ និង​មាន​តម្លៃ​ខ្ពស់។ តែ Huawei អាច​ផ្តល់​ទំនិញ​ល្អ មាន​កម្មវិធី​ល្អ មាន​សមត្ថភាព​ខ្ពស់ និង​តម្លៃ​សមរម្យ ដូច្នេះ​យើង​បាន​ផ្តល់​ឱកាស​ដល់​អ្នក​ប្រើ​ប្រាស់​រីករាយ​នៅ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប​និង​រីករាយ​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត។

ដូច្នេះ​ខ្ញុំ​យល់​ថា យើង​កំពុង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​មួយ។ បច្ចុប្បន្ន​នៅ​ទូទាំង​ពិភពលោក​ក្រុមហ៊ុន​យើង​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ទំនើប​ធំៗ ទាំង​បី​នៅ​ក្នុង​ទីផ្សារ។ តែ​នៅ កម្ពុជា យើង​កំណត់​ទិសដៅ​រួច​រាល់​ហើយ​កាល​ពី​ឆ្នាំ​មុន យើង​បាន​វិនិយោគ​យ៉ាង​ច្រើន​ក្នុង​ទីផ្សារ​នេះ​ហើយ​នៅ​ឆ្នាំ​នេះ យើង​នឹង​បន្ត​វិនិយោគ​ទៀត ដូច្នេះ​ទិសដៅ​របស់​យើង​នៅ​ឆ្នាំ​នេះ​នឹង​មាន​ចំណែក​ទីផ្សារ ៦ ឬ ៧ ភាគរយ​ហើយ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត ចំណែក​ទីផ្សារ​របស់​យើង​នឹង​កើន​ឡើង​ដល់ ១០ ភាគរយ។

តើ​អតិថិជន​គោល​ដៅ​របស់​ក្រុមហ៊ុន​លោក​ជា​អតិថិជន​ប្រភេទ​ណា?

ត្រូវ​ហើយ! យើង​ភ្ញាក់​ផ្អើល​ណាស់​ដែល​នៅ កម្ពុជា យើង​មាន​អតិថិជន​ក្មេងៗ​ច្រើន ហើយ​អតិថិជន​គោលដៅ​របស់​ខ្ញុំ​គឺ​ក្រុម​អតិថិជន​វ័យ​ក្មេង ដោយ​សារ​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​វ័យ​ក្មេង​ចូល​ចិត្ត​របស់​ថ្មី ពួក​គេ​ចង់​សាកល្បង​ប្រើ​ប្រាស់​វា ពួក​គេ​ត្រូវ​ការ​បទ​ពិសោធ​ពួក​គេ​ចង់​ដឹង​ពី​ពិភព​ខាង​ក្រៅ ដូច្នេះ​ពួកគេ​ចង់​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប។

តើ​អ្នក​ដឹង​ទេ​ថា ទីផ្សារ​ទូរស័ព្ទ​ទំនើប​នៅ កម្ពុជា មាន​ទំហំ​ធំ​ប៉ុនណា? ហើយ​មាន​និន្នាការ​យ៉ាង​ដូចម្តេច?

ទីផ្សារ កម្ពុជា មាន​តម្រូវ​ការ​ទូរស័ព្ទ​ទំនើប​ប្រមាណ ១ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ហើយ​ខ្ញុំ​ជឿជាក់​ថា នាពេល​អនាគត ទូរស័ព្ទ​ទំនើប​នឹង​ប្រែ​ប្រួល​ខ្លាំង​ជាង​គេ​ដោយ​សារ​តែ​មនុស្ស​ច្រើន​ចង់​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប​ជំនួស​ឲ្យ​ទូរស័ព្ទ​ដៃ​ធម្មតា ដោយ​សារ​ចាប់​តាំង​ពី​ឆ្នាំ​នេះ​ទៅ​ប្រតិបត្តិករ​បណ្តាញ​ទូរស័ព្ទ​ចល័ត​ទាំង​អស់ ដូចជា​ក្រុមហ៊ុន Metphone និង​ក្រុមហ៊ុន Cellcard មាន​បំណង​វិនិយោគ​ថវិកា​យ៉ាង​ច្រើន​លើ​បណ្តាញ 4G ដូច្នេះ​បណ្តាញ​នេះ​ល្អ​ណាស់ ហើយ​ការ​បញ្ជូន​ទិន្នន័យ​ក៏​លឿន​ដែរ ដោយ​សារ​តែ​អ្នក​ប្រើ​ចង់​រីករាយ​នឹង​ការ​ប្រើ​ប្រាស់​បណ្តាញ​នេះ។ ដូច្នេះ​នៅ​ក្នុង​រយៈ​ពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​នឹង​មាន​ការ​ប្រែ​ប្រួល​ខ្លាំង។ បច្ចុប្បន្ន​យើង​អាច​ព្យាករ​បាន​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ធម្មតា គឺ​មាន​ចំនួន​ប្រមាណ ២ ឬ ៣ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា។

ខ្ញុំ​ជឿ​ថា នៅ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ ខាង​មុខ​នេះ អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ធម្មតា​ចំនួន ៨០ ឬ ៩០ ភាគរយ​នឹង​ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប​ដោយ​សារ​ខ្ញុំ​មាន​បទ​ពិសោធ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត ដូចជា នៅ ទីក្រុង​ហុងកុង ជាដើម។

កាល​ពី ៥​ឆ្នាំ មុន ទីក្រុង​ហុងកុង មាន​មនុស្ស​ពាក់​កណ្តាល​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ធម្មតា​តែ​បច្ចុប្បន្ន​ពុំ​មាន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ធម្មតា​ទៀត​ទេ។ មូលហេតុ​ទីមួយ​គឺ​ដោយ​សារ​ពួកគេ​មាន​ប្រាក់​បៀវត្សរ៍​ខ្ពស់ ទី​ពីរ​គឺ​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​តម្លៃ​ថោក​មនុស្ស​គ្រប់​គ្នា​អាច​ប្រើ​ប្រាស់​បាន ហើយ​ទូរស័ព្ទ​ទំនើប​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង និង​មាន​មុខ​ងារ​កាន់​តែ​ច្រើន​ថែម​ទៀត។ ហេតុ​ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ក្នុង​រយៈ​ពេល ៥​ឆ្នាំ ខាង​មុខ​ទៀត ទីផ្សារ​នៅ ប្រទេស​កម្ពុជា នឹង​ល្អ​ប្រសើរ​ច្រើន៕ BP

0

Comments

Please, login or register to post a comment