Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Lim៖ ភាគី​ម្ខាង​មិន​អាច​ចេញ​ទាំង​មាន់​ទាំង​ទឹក​ស៊ីអ៊ីវ​ទេ

Lim៖ ភាគី​ម្ខាង​មិន​អាច​ចេញ​ទាំង​មាន់​ទាំង​ទឹក​ស៊ីអ៊ីវ​ទេ

20140516_12
លោក Lim Andre អគ្គនាយកក្រុមហ៊ុន Global (Cambodia) Trade Development ក្នុងពេលផ្ដល់បទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍ ហេង ជីវ័ន

ភ្នំពេញៈ បទ​ពិសោធ​ប្រហែល ៨​ឆ្នាំ ក្នុង​ការ​ផ្ដល់​សេវា​រថយន្ត​តាក់ស៊ី​នៅ​រាជធានី​ភ្នំពេញ ហើយ​ក៏​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រយៈ​ពេល​មួយ​ខែ​ពី​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ដំណើរការ​សេវា​រថយន្ត​ក្រុង​សាធារណៈ​នៅ​ភ្នំពេញ។ លោក Lim Andre អគ្គ​នាយក​ក្រុមហ៊ុន Global (Cambodia) Trade Development ជា​ក្រុមហ៊ុន​គ្រប់​គ្រង​ដោយ​វិនិយោគិន​ចិន​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ អំពី​ផែនការ​ពាណិជ្ជកម្ម​ជាមួយ​សាលា​រាជធានី និង​មូលហេតុ​ដែល​ពួក​គេ​ដក​ខ្លួន​ចេញ។

ដោយ​មាន​ការ​គាំទ្រ​ពី JICA សាលា​រាជធានី​ភ្នំពេញ​បាន​ផ្ដើម​ដំណើរការ​សេវា​រថយន្ត​ក្រុង​សាធារណៈ​ជា​លើក​ទី​ពីរ​កាល​ពី ខែ​កុម្ភៈ បន្ទាប់​ពី​ការ​បរាជ័យ​លើ​សេវា​នេះ​ជា​លើក​ដំបូង​ពី ឆ្នាំ​២០០២។ តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​បញ្ហា​នេះ?

បាទ! ទីក្រុង​របស់​យើង​ពិត​ជា​ចាំបាច់​ត្រូវ​មាន​សេវា​រថយន្ត​ក្រុង​សាធារណៈ​ដោយ​សារ​វា​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​ទាំង​រដ្ឋាភិបាល និង​ប្រជាជន​ព្រោះ​វា​អាច​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាជន​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ការ​កក​ស្ទះ​ចរាចរណ៍ការ​បំពុល​បរិស្ថាន​និង​ផាសុកភាព។​ល​។

បើ​អ្នក​សម្លឹង​មើល​ទៅ​ទីក្រុង​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​ភាគ​ច្រើន​មាន​ផ្ដល់​សេវា​រថយន្ត​ក្រុង​សាធារណៈ។ ទោះ​បី​បច្ចុប្បន្ន​យើង​ផ្ដល់​សេវា​មួយ​ខ្សែ​ជាមួយ​នឹង​រថយន្ត​ក្រុង ចាស់ៗ​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ប្រសិន​បើ​សាលា​រាជធានី​ភ្នំពេញ​ផ្ដល់ [សេវា] នេះ​គួរ​តែ​ដំណើរការ​វា​ឲ្យ​រលូន​ជាមួយ​នឹង​រថយន្ត​ក្រុង​ថ្មី​ដោយ​មាន​ដំណើរការ​ជាច្រើន​ខ្សែ​ដើម្បី​ពង្រីក​សេវា​ដល់​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ហើយ​កុំ​ចេះ​តែ​ធើ្វ​លេងៗ​នោះ!

អ្នក​ជា​ក្រុមហ៊ុន​ឯកជន​តែ​មួយ​គត់​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​កាន់​កាប់​បន្ទាប់​ពី​គម្រោង​របស់ JICA រយៈ​ពេល​មួយ​ខែ​មក។ ហេតុ​អ្វី​បាន​ជា​អ្នក​ឈប់​ដំណើរការ?

ពិត​ហើយ​បន្ទាប់​ពី JICA យើង​ទទួល​បាន​ការ​អនុញ្ញាត​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​នេះ ប៉ុន្តែ​ដោយ​សារ​តែ​លក្ខខណ្ឌ​នៃ​ការ​ស្នើ​សុំ​របស់​ខ្ញុំ​មិន​បាន​បញ្ចប់​នៅ​ឡើយ ដូច​នេះ​យើង​គិត​ថា​យើង​មិន​អាច​បន្ត​អាជីវកម្ម​របស់​យើង​បាន​ទេ ដោយ​សារ​អាជីវកម្ម​បែប​នេះ គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​នោះ​ទេ ដោយសារ​វា​មិន​អាច​រក​ប្រាក់​ចំណេញ​បាន។

តាម​ពិត​យើង​ដឹង​ថា យើង​នឹង​ខាត​បង់​នៅ​ក្នុង​អាជីវកម្ម​នេះ ប៉ុន្តែ​យើង​មាន​ទំនុក​ចិត្ត​និង​ជឿជាក់​លើ​ខ្លួន​យើង​គិត​ថា ថ្ងៃ​ណា​មួយ​វា​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​ការ​ខាតបង់​ទៅ​រក​ការ​រួច​ដើម​ហើយ​បន្ទាប់​មក​អាច​រក​ប្រាក់​ចំណេញ​បាន​នៅ​ក្នុង​រយៈ​ពេល​ពី ៥ ដល់ ១០ ឆ្នាំ​ក្រោយ អ៊ីចឹង​ហើយ​យើង​ចង់​ដឹង​ពីអ្វី​ដែល​សាលា​រាជធានី​ភ្នំពេញ​ផ្ដល់​ដល់​យើង​នូវ​ការ​លើក​ទឹក​ចិត្ត​ណា​មួយ​ដល់​ក្រុមហ៊ុន​យើង​ដែល​យើង​បាន​ស្នើ​សុំ​តាំង​ពី​លើក​មុន។

ឧទាហរណ៍ «មាន​ពិធី​ជប់​លៀង​មួយ​អ្នក​ចេញ​មាន់ និង​អ្នក​ផ្សេង​ទៀត​ចេញ​ទឹក​ស៊ីអ៊ីវ​ដើម្បី​សប្បាយ​រីករាយ​ជាមួយ​គ្នា ប៉ុន្តែ​បើ​យើង​ឲ្យ​ភាគី​ម្ខាង​ចេញ​ទាំង​មាន់ និង​ទឹក​ស៊ីអ៊ីវ ដូច្នេះ​វា​មិន​អាច​ទៅ​រួច​ទេ។ ដូច្នេះ​ហើយ យើង​បាន​សម្រេច​ចិត្ត​លែង​ដំណើរការ​អាជីវកម្ម​នេះ ហើយ​យើង​មិន​ចង់​បន្ត​ទៀត​ទេ»។

តើ​នេះ​មិន​មែន​ដោយ​សារ​តែ​មាន​ការ​ចោទ​ថា​ការ​ជ្រើសរើស​ក្រុមហ៊ុន​អ្នក​ធ្វើ​ឡើង​ដោយ​មិន​មាន​តម្លាភាព​មែន​ទេ?

ខ្ញុំ​គិត​ថា​វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ។ មាន ៧ ក្រុមហ៊ុន​ហើយ​សាលា​រាជធានី​ភ្នំពេញ​បាន​ជម្រុះ​ចោល​ម្ដង​មួយៗ​ហើយ​បន្ទាប់​មក​សល់​តែ​ក្រុមហ៊ុន​ពីរ​គត់ នៅ​ចុង​ក្រោយ សាលា​ក្រុង​បាន​ជ្រើស​រើស​យក​យើង​ហើយ​អាជីវកម្ម​បែប​នេះ​គឺ​បើក​ចំហ​ដល់ (ក្រុមហ៊ុន​ផ្សេង​ទៀត) អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​វា​នោះ​ទេ ដោយ​សារ​តែ​ពួក​គេ​ដឹង​ថា អាជីវកម្ម​នេះ​មិន​មែន​ជា​អាជីវកម្ម​គួរ​ឲ្យ​ទាក់​ទាញ​នោះ​ទេ វា​មិន​មែន​ជា​រ៉ែ​មាស​នោះ​ទេ។ ប្រសិន​បើ​នរណា​ម្នាក់​និយាយ​ថា វា​មិន​មាន​តម្លាភាព គឺ​ខុស។

រាល់​ក្រុមហ៊ុន​ណា​ក៏​ដោយ​មក​ពី​ក្នុង​ស្រុក​ឬ​ក្រៅ​ប្រទេស​ដែល​ចង់​ដំណើរការ​អាជីវកម្ម​នេះ ពួក​គេ​គួរ​តែ​ប្រើ​ប្រាស់​រថយន្ត​ម៉ាក​ថ្មី មិន​គិត​ប្រាក់​ពី​មនុស្ស​ចាស់​មាន​អាយុ ៧០​ឆ្នាំ មនុស្ស​ពិការ កូន​ក្មេង បញ្ចុះ​តម្លៃ​ដល់​និស្សិត​និង​កម្មករ​រោងចក្រ​កាត់ដេរ។ តើ​នរណា​ហ៊ាន​ធ្វើ?

ដូច្នេះ​មូលហេតុ​ដែល​អ្នក​បញ្ឈប់​គម្រោង​នេះ​ដោយ​សារ​តែ​សាលា​រាជធានី​មិន​ផ្ដល់​ឧបត្ថម្ភធន​មែន​ទេ?

ទេ! យើង​មិន​ចង់​ស្នើ​សុំ​ឲ្យ​សាលា​រាជធានី​ផ្ដល់​ការ​ឧបត្ថម្ភធន​ដល់​យើង​នោះ​ទេ ប៉ុន្តែ​យើង​គ្រាន់​តែ​ស្នើ​សុំ​ពួកគេ​ឲ្យ​ជួយ​ត្រង់​ចំណុច​មួយ​ចំនួន​ពិត​ហើយ វា​ដូចជា ការ​ឧបត្ថម្ភធន មិន​មែន​សម្រាប់​រយៈ​ពេល​វែង​នោះ​ទេ គ្រាន់​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​អ៊ីចឹង ខ្ញុំ​មាន​មាន់ អ្នក​មាន​ទឹក​ស៊ីអ៊ីវ​ដូច្នេះ​នេះ​គឺ​ដូច​ជា​ការ​លើក​ទឹក​ចិត្ត។ បើ​ធ្វើ​ដោយ​មិន​មាន​ការ​លើក​ទឹក​ចិត្ត យើង​មិន​ចង់​ធ្វើ​វា​ទេ។ ឲ្យ​អ្នក​ផ្សេង​ទៀត​ធ្វើ​វា​ចុះ។

តាម​រយៈ​ផែនការ​របស់​អ្នក​បើ​អ្នក​ទទួល​បាន​ការ​គាំទ្រ​ពី​សាលា​រាជធានី​ភ្នំពេញ តើ​អ្វី​ដែល​អ្នក​នឹង​បន្ត​ធ្វើ​វា?

ខ្ញុំ​បាន​រៀបចំ​ផែនការ​ចាប់​តាំង​ពី ៣ ឆ្នាំ​មុន។ រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​មិន​ផ្លាស់​ប្តូរ​អ្វី​ទាំង​អស់។ ដូច​ដែល​យើង​បាន​លើក​ឡើង​នៅ​ក្នុង​ផែនការ​អាជីវកម្ម​របស់​យើង​ក្នុង​រយៈ​ពេល ១០ ខែ​បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​យើង​នឹង​មាន​ចំនួន ៨ ខ្សែ​ត្រូវ​ដំណើរការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ប្រសិន​បើ​យើង​មិន​អាច​ធ្វើ​បាន​ទេ សាលា​រាជធានី​អាច​ដក​យក​អាជ្ញាប័ណ្ណ​របស់​យើង​វិញ​បាន។

បើ​ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន ខ្ញុំ​គិត​ថា មិន​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​អាច​ធ្វើ​បាន​នោះ​ទេ ដោយ​សារ​តែ​ខ្ញុំ​មាន​ទំនុក​ចិត្ត ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា ឧស្សាហកម្ម និង​ស្ថាន​ការណ៍​នៅ​ទី​នេះ​អ៊ីចឹង​ហើយ​ខ្ញុំ​ហ៊ាន​និយាយ​ថា ដូច​នោះ។ ខ្ញុំ​អាច​ដំណើរការ​អាជីវកម្ម​នេះ​បាន ហើយ​ខ្ញុំ​មិន​យក​អាជ្ញាប័ណ្ណ​ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ទេ។ ខ្ញុំ​ធ្វើ​ដូច​នេះ​ដោយ​សារ​តែ​ខ្ញុំ​ចង់​ទទួល​បាន​ជោគជ័យ​ជាមួយ​អាជីវកម្ម​នេះ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ។ តែ​ដោយ​គ្មាន​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​មាន​អារម្មណ៍​ចង់​ធ្វើ​វា​ទេ។

តាម​រយៈ​ផែនការ ខ្ញុំ​នឹង​នាំ​ចូល​រថយន្ត​ក្រុង​មាន​យីហោ​កម្រិត​ស្ដង់ដារ​ថ្មីៗ ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​មនុស្ស​និង​ដើម្បី​លម្អ​សោភណភាព​រាជធានី​ភ្នំពេញ ខ្ញុំ​មិន​ដំណើរការ​ជាមួយ​នឹង​រថយន្ត​ក្រុង​ចាស់ៗ​នេះ​ទេ ខ្ញុំ​មិន​ចង់​ប្រើ​ប្រាស់​រថយន្ត​ក្រុង​ជជុះ​នោះ​ទេ។ ខ្ញុំ​គ្រោង​នឹង​នាំ​ចូល​រថយន្ត​ក្រុង​ចំនួន ៣២០ គ្រឿង​ដើម្បី​ប្រតិបត្តិការ​ចំនួន ៨ ខ្សែ។ យើង​នៅ​តែ​មើល​ឃើញ​ថា ពេល​នេះ​សាលា​រាជធានី​នៅ​តែ​ប្រតិបត្តិការ​ដោយ​ខ្លួន​ឯង។

តើ​លោក​គិត​ថា​នឹង​ទទួល​បាន​ជោគជ័យ​ទេ?

ខ្ញុំ​មិន​អាច​អត្ថាធិប្បាយ​បាន​ទេ​ចំពោះ​បញ្ហា​នេះ​។ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ជឿជាក់​លើ​ផែនការ​អាជីវកម្ម​របស់​ខ្ញុំ។ និយាយ​អ៊ីចឹង ខ្ញុំ​ចង់​ឲ្យ [សាលា​រាជធានី​ភ្នំពេញ] ផ្ដល់​សេវា​រថយន្ត​ក្រុង​ច្រើន​ខ្សែ​ថែម​ទៀត​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​ចង់​ប្រើ​ប្រាស់​សេវា​នេះ។

ខ្ញុំ​បាន​ដំណើរការ​រយៈ​ពេល​មួយ​ខែ​តែ​ប៉ុណ្ណោះ។ មុន​នេះ​នៅ​ពេល​ខ្ញុំ​មិន​បាន​ដំណើរការ​សេវា​នេះ ខ្ញុំ​មិន​មាន​សុទិដិ្ឋនិយម​នោះ​ទេ​ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ធ្វើ​វា ខ្ញុំ​ពិត​ជា​មាន​សុទិដ្ឋិនិយម​នៅ​ក្នុង​ឧស្សាហកម្ម​ដែល​ខ្ញុំ​អាច​ដំណើរការ​វា។

វា​មិន​ដូច​ជា​អ្នក​ផ្សេង​ទៀត​គេ​និយាយ​នោះ​ទេ យើង​គ្រាន់​តែ​ប្រតិបត្តិការ​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ ហើយ​ខាត​បង់​បន្ទាប់​មក​រត់​ចោល​នោះ​ទេ។

និយាយ​អ៊ីចឹង​បន្ទាប់​ពី JICA បាន​ប្រតិបត្តិការ​រយៈ​ពេល​មួយ​ខែ ហើយ​បន្ទាប់​មក​ខ្ញុំ​បាន​ដំណើរការ​រយៈ​ពេល​មួយ​ខែ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ទទួល​បាន​របៀប​ថ្មី​ដែល​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​អ្វី​ដែល​ខ្ញុំ​បាន​គិត ប៉ុន្តែ​ដោយ​សារ​តែ​មាន​បញ្ហា​តិច​តួច​ខ្ញុំ​មិន​ចង់​ធ្វើ​វា​ទេ។

តើ​អ្នក​មាន​ផែនការ​ដើម្បី​ចរចា​ជា​ថ្មី​ឬ​ក៏​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ជា​ថ្មី​ដែរ​ឬ​ទេ?​បើ​សាលា​រាជធានី​យល់​ព្រម​ជួយ​តើ​អ្នក​យល់​យ៉ាង​ណា​ដែរ?

ពិត​ហើយ​ខ្ញុំ​នឹង​គិត​អំពី​វា​ជា​ថ្មី។ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​ខ្ញុំ​បិទ​គម្រោង​នេះ​រួច​ហើយ៕ PB

0

Comments

Please, login or register to post a comment