Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ហៅ​ឈ្មោះ​ជនល្មើស​មុន និង​ក្រោយ ​កាត់ទោស​ខុស​គ្នា​ដូចម្ដេច​?

Content image - Phnom Penh Post
លោក​មេធាវី ឡោ គីមហ្គេច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​។ រូបថត សហការី

ការ​ហៅ​ឈ្មោះ​ជនល្មើស​មុន និង​ក្រោយ ​កាត់ទោស​ខុស​គ្នា​ដូចម្ដេច​?

ជន​ដែល​មាន​បទល្មើស​ហើយ​ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​ និង​បាន​បញ្ជូន​ទៅ​តុលាការ ហើយ​ជន​នោះ​អាច​ត្រូវ​ឃុំ​ខ្លួន​បណ្តោះអាសន្ន បន្ទាប់មក​ជន​នោះ​ត្រូវ​បាន​តុលាការ​ជំនុំជម្រះ​។

ប៉ុន្តែ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ជន​ដែល​មាន​ទោស​ ឬ​មិន​ទាន់​មាន​ទោស​ត្រូវ​បាន​ហៅ​ឈ្មោះ​ខុសៗ​គ្នា​។ ​

ជុំវិញ​ករណី​នេះ​ភ្នំពេញ​ប៉ុស្តិ៍ បាន​សម្ភាស​លោក ឡោ គីមហ្គេច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ១៦R ផ្លូវ ២៥២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ជន​ណា​ម្នាក់​នៅ​ពេល​សង្ស័យ​ថា​គាត់​បង្ក​បទល្មើស​អ្វី​មួយ​ហើយ​ត្រូវ​នគរបាល​ឃាត់​ខ្លួន បើ​តាម​ច្បាប់​តើ​គេ​ហៅ​បុគ្គល​នោះ​ថា​យ៉ាង​ដូចម្តេច ?

នៅ​ពេល​បុគ្គល​ណា​ម្នាក់​បង្ក​បទល្មើស​ ឬ​ធ្វើឲ្យ​មាន​បទល្មើស​ហើយ​ដែល​ត្រូវ​នគរបាល​យុត្តិធម៌​ឃាត់​ខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ ឬ​នៅ​អធិការដ្ឋាន​នគរបាល​ណា​មួយ បុគ្គល​នោះ​គេ​ហៅ​ថា​ជា​ «​ជនសង្ស័យ​»​។ ​ជនសង្ស័យ​នេះ​ បន្ទាប់ពី​ត្រូវ​នគរបាល​យុត្តិធម៌​កសាង​សំណុំ​រឿង​ហើយ​ត្រូវ​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត-ក្រុង​ដែល​ជន​នោះ​ត្រូវ​បាន​សាកសួរ​ និង​ចោទប្រកាន់​ដោយ​ព្រះរាជអាជ្ញា​ ឬ​ព្រះរាជអាជ្ញារង​។

បន្ទាប់មក​បុគ្គល​នោះ​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​ទៀត​ដើម្បី​សម្រេច​ថា តើ​ត្រូវ​ធ្វើការ​ចោទប្រកាន់ ឬ​មួយ​ត្រូវ​​ឃុំ​ខ្លួន​បណ្តោះអាសន្ន ឬ​ក៏​ដោះលែង​។

នៅ​ពេល​ចៅក្រម​ស៊ើបសួរ​សម្រេច​ចោទប្រកាន់ និង​ឃុំ​ខ្លួន​បណ្តោះអាសន្ន ជន​នោះ​ហៅ​ថា​ជា​ជន​ត្រូវ​ចោទ​។

នៅ​ពេល​ជន​នោះ​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ​ហើយ ហើយ​ត្រូវ​តុលាការ​សម្រេច​ចោទប្រកាន់ តើ​គេ​ហៅ​ជន​នោះ​ថា​ដូចម្តេច​ដែរ​?

ដំណាក់កាល​ចៅក្រម​ស៊ើប​ និង​ដំណាក់កាល​បញ្ជូន​ជន​នោះ​ទៅ​​ជំនុំជម្រះ​គឺ​ដំណាក់កាល​នេះ​គេ​ហៅ​ជន​នោះ​ថា​ជា​ជន​ជាប់ចោទ​ ឬ​ពិរុទ្ធជន​។

ជន​ទាំង​ ២ ​ខាង​លើ​នេះ​សាលក្រម​ ឬ​សាលដីកា​របស់​គាត់​នៅ​មិន​ទាន់​ចូល​ជា​ស្ថាពរ​ទេ នៅ​ពេល​ជន​នោះ​នៅ​តែ​មិន​សុខ​ចិត្ត​ហើយ​គាត់​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ និង​​ទៅ​តុលាការ​កំពូល​ទៀត​។ ជន​ជាប់ចោទ​ ឬ​ពិរុទ្ធជន​នោះ​គេ​មិន​ចាត់​ថា​ពួកគាត់​មាន​ទោស​នៅ​ឡើយ​ទេ ដោយសារ​គាត់​ប្តឹង​លើ​សាលក្រម​ ឬ​សាលដីកា​។ អ៊ីចឹង​សាលក្រម​ ឬ​សាលដីកា​ហ្នឹង​ចាត់​ទុក​ថា​ពួកគេ​នៅ​តែ​មិន​ទាន់​មាន​ទោស​នៅ​ឡើយ​។

តើ​នៅ​ពេល​ណា​ទើប​គេ​ហៅ​ជន​នោះ​ថា​ជា​ទណ្ឌិត​?

បើ​ជន​នោះ​មាន​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​ទើប​គេ​ហៅ​ថា​ទណ្ឌិត​បាន​៕

0

Comments

Please, login or register to post a comment