ក្នុង​ការ​ជំនុំ​ជម្រះក្តី​ជន​ជាប់ចោទ​​ ឬ​ជន​ត្រូវ​ចោទ​តាម​ច្បាប់​នៅ​ក្នុង​បទ​ចោទ​ខ្លះ​តម្រូវ​ឲ្យ​មាន​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ និង​ខ្លះ​មិន​បាច់​មាន​មេធាវី​ក៏​បាន​។ ​

ដើម្បី​បាន​ជ្រាប​ថា​បទ​ចោទ​ណា​តម្រូវ​ឲ្យ​មាន​មេធាវី​ ឬ​គ្មាន​មេធាវី​នោះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​បណ្ឌិត ឡុង ដារ៉ា មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​អប់រំ និង​ផ្សព្វផ្សាយ​ច្បាប់​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

តើ​ការ​ជម្រះ​ក្តី​បែប​ណា​ត្រូវការ​មេធាវី​ក្នុង​អង្គ​សវនាការ​ហើយ​ការ​ជម្រះ​ក្តី​បែប​ណា​ដែល​មិន​ត្រូវការ​មេធាវី ? ហេតុ​អ្វី ?

តាម​ច្បាប់​ការ​ជំនុំ​ជម្រះ​ក្តី​ក្នុង​រឿង​ព្រហ្មទណ្ឌ ជនល្មើស ដើមណ្តឹង​រដ្ឋប្បវេណី ឬ ជន​រងគ្រោះ​ដាច់​ខាត​ត្រូវ​តែ​មាន​មេធាវី​សម្រាប់​ការពារ​ក្តី​ឲ្យ​ខ្លួន​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ក្នុង​ពេល​សវនាការ​ចៀសវាង​ការ​​មិន​យល់​អំពី​នីតិវិធី​នៅ​ក្នុង​ពេល​សវនាការ និង​មិន​យល់​អំពី​ចម្លើយ​របស់​ខ្លួន​ជា​ភ័ស្តុតាង​ដោះ​បន្ទុក និង​ភ័ស្តុតាង​ដាក់​​បន្ទុក​។

ម្យ៉ាង​ទៀត​មេធាវី​មាន​សិទ្ធិ​ផ្តល់​យោបល់​ដល់​កូនក្តី​ខ្លួន​ឲ្យ​ឆ្លើយ ឬ មិន​ឆ្លើយ​តាម​គោលការណ៍​ច្បាប់ ហើយ​មាន​សិទ្ធិ​​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជូន​តំណាង​អយ្យការ និង​ក្រុមប្រឹក្សា​ជំនុំជម្រះ​ស្តាប់​អំពី​អង្គហេតុ និង​អង្គ​ច្បាប់​ក្នុង​សំណុំ​រឿង​ដើម្បី​ពិចារណា​ និង​ផ្តល់​ភាព​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ជូន​កូនក្តី​ខ្លួន ហើយ​មេធាវី​ម្នាក់ៗ​ក៏​ត្រូវ​បញ្ចេញ​ទេពកោសល្យ​របស់​ខ្លួន​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារ​កូនក្តី​តាម​ផ្លូវ​ច្បាប់ និង​គោរព​ក្រមសីលធម៌​នៃ​វិជ្ជាជីវៈ​មេធាវី​។

ប៉ុន្តែ​ក្នុង​ករណី​បទល្មើស​តូចតាច​ ឬ​គ្មាន​លទ្ធភាព​ពឹងពាក់​មេធាវី​ក៏​អាច​សុំ​សិទ្ធិ​ការពារ​ដោយ​ខ្លួនឯង​បាន​ដែរ ។

តើ​ការ​ជំនុំជម្រះ​ក្តី​មួយ​ដែល​មាន​មេធាវី និង​ករណី​គ្មាន​មេធាវី​ធ្វើ​ឲ្យ​ពិរុទ្ធជន​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ជម្រះ​ក្តី​ខុស​គ្នា​ដែរ​ទេ ? ព្រោះ​ពិរុទ្ធជន​ខ្លះ​មិន​ចេះ​និយាយ​ដោះ​បន្ទុក​។

ការ​ពឹងពាក់​មេធាវី​ (​ច​ ២) ដើម្បី​ការពារ​ក្តី​ឲ្យ​ខ្លួន​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ​ចាប់ពី​ដំណាក់កាល​ស៊ើបសួរ​ដល់​ដំណាក់កាល​ជំនុំ​ជម្រះ​អាច​មាន​ផលប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ជន​ជាប់ចោទ​ព្រោះ​ថា​រាល់​ឯកសារ និង​វត្ថុតាង​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​ចោទប្រកាន់​របស់​ជនរងគ្រោះ និង​តំណាង​អយ្យការ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ និង​ចៅក្រម​ជំនុំជម្រះ​កូនក្តី​ត្រូវ​ដឹង​អំពី​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ ឬ​មិន​បាន​ប្រព្រឹត្ត​លើ​ជនរងគ្រោះ​តាមរយៈ​មេធាវី​របស់​ខ្លួន ។

ដើម្បី​បង្ហាញ​មេធាវី ឬ សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ពិនិត្យ និង​ពិចារណា​អំពី​សក្ខីកម្ម​ដែល​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ​សំណុំ​រឿង​ថា តើ​ការ​ប្តឹង​ចោទប្រកាន់​មក​លើ​កូនក្តី​ខ្លួន​មាន​ភ័ស្តុតាង​ពិតប្រាកដ គ្រប់គ្រាន់​ដែរ​ឬ​ទេ ?

ចំណុច​នេះ​ហើយ​ជា​ផលប្រយោជន៍​ធំធេង​ណាស់​សម្រាប់​ជន​ជាប់ចោទ​គ្រប់​រូប​ដែល​បង្ហាញ​ពី​ឆន្ទៈ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​លើ​អំពើ​ល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ ឬ​មិន​បាន​ប្រព្រឹត្ត​ដើម្បី​សំណូមពរ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ ឬ​បន្ធូរបន្ថយ​ទណ្ឌកម្ម​តាម​ផ្លូវ​ច្បាប់ ។

ការ​សារភាព​មិនមែន​ជា​ការ​ទទួល​ស្គាល់​នូវ​អំពើ​ល្មើស​របស់​ខ្លួន​តែ​ម្យ៉ាង​នោះ​ទេ​។ ​ចម្លើយ​សារភាព​ជា​ចម្លើយ​ដែល​តុលាការ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពិចារណា​យ៉ាង​ហ្មត់ចត់​ព្រោះ​ថា​ចម្លើយ​សារភាព​របស់​ជន​ជាប់ចោទ​តាម​ច្បាប់​វា​មិនមែន​ជា​ភ័ស្តុតាង​ដាក់​បន្ទុក​ ឬ​ភ័ស្តុតាង​ដាក់​បន្ទុក​លើ​ជន​ជាប់ចោទ​នោះ​ឡើយ​។

ប្រសិន​បើ​ចម្លើយ​សារភាព​មិន​ស៊ី​ចង្វាក់​អំពី​អង្គហេតុ​នៃ​បទល្មើស​ ឬ​ភ័ស្តុតាង​ចម្បង​នៃ​អំពើ​ល្មើស​នោះ​ទេ​មាន​ន័យ​ថា​ចម្លើយ​សារភាព​មិន​បាន​ការ ឬ​ចម្លើយ​សារភាព​មិន​ត្រឹមត្រូវ​។

ឧទាហរណ៍​៖ ជន​ម្នាក់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​សោះ​ហើយ​ត្រូវ​បាន​ឆ្លើយ​សារភាព​ដើម្បី​ទទួល​កំហុស​ជំនួស​ជន​ម្នាក់​ទៀត​ដែល​ជា​ជនល្មើស​ពិតប្រាកដ​ឲ្យ​រួច​ខ្លួន​ដោយ​ទទួល​ផលប្រយោជន៍​អ្វី​មួយ​ជា​កម្រៃ​តបស្នង​ពី​ជនល្មើស​ ឬ​សាច់ញាតិ​ជនល្មើស​។

ប្រសិន​បើ​ក្នុង​ករណី​នេះ​តុលាការ​ផ្តន្ទាទោស​ជនជាប់ចោទ​ដែល​បាន​សារភាព​នោះ​មែន​តាម​ច្បាប់​ជនល្មើស​ពិតប្រាកដ​នឹង​រស់​ក្រៅ​សំណាញ់​ច្បាប់​ជា​ពុំ​ខាន​ហើយ​ការ​កាត់ទោស​នេះ​នឹង​មាន​វិប្បដិសារី​​ទៅ​ថ្ងៃ​ក្រោយ​ជា​ពុំ​ខាន​សម្រាប់​ចៅក្រម​ជំនុំជម្រះ​។

តើ​មេធាវី​មាន​ផលប្រយោជន៍​បែប​ណា​ដល់​កូន​ក្តី​ហើយ​ហេតុ​អ្វី​ភាគ​ច្រើន​រាល់​ការ​ជម្រះ​ក្តី​តែង​តម្រូវ​មាន​មេធាវី ?

តាម​ច្បាប់ និង​ការ​បកស្រាយ (​ច​ ២,ច​ ៣) យើង​សុំ​បញ្ជាក់​ថា​វិជ្ជាជីវៈ​មេធាវី​ជា​វិជ្ជាជីវៈ​មួយ​សេរី និង​ឯករាជ្យ​ដើម្បី​ពង្រឹង​​វិស័យ​យុត្តិធម៌​នៅ​ក្នុង​សង្គម មាន​ន័យ​ថា​ស្ថាប័ន​មេធាវី ជា​ស្ថាប័ន​មួយ​មិន​ទទួល​គំនាប​ផ្នែក​នយោបាយ ឬ ស្ថិត​ក្រោម​អំណាច​នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ ឬ​អំណាច​តុលាការ​ឡើយ ។

ដូច្នេះ​ការ​ចូលរួម​របស់​មេធាវី​ធ្វើឲ្យ​ស្ថាប័ន​តុលាការ និង​មន្ត្រី​នគរបាល​យុត្តិធម៌​នាំ​គ្នា​គោរព​​ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​​ក្នុង​ពេល​បំពេញ​កិច្ច​ក្នុង​នីតិវិធី​​តាម​ដំណាក់កាល​នីមួយៗ​ដែល​កំណត់​ក្នុង​ក្រម​ព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ករណី​ដែល​មន្ត្រី​តុលាការ ឬ មន្ត្រី​នគរបាល​យុត្តិធម៌​អនុវត្ត​ខុស​តួនាទី​ផ្ទុយ​ពី​ច្បាប់ មេធាវី​មាន​សិទ្ធិ​ប្តឹង​សុំ​មោឃភាព​​នីតិវិធី​នោះ​ភ្លាម​។ ឧទាហរណ៍ ៖ ​ការ​ចុះ​ឆែកឆេរ អនុវត្ត​តាម (​មាត្រា ៩១ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​) ការ​ឃាត់​ខ្លួន (​មាត្រា ៩៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​) ។​ល និង ល​។

តើ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​អាច​ជម្រះ​កំបាំង​មុខ​ជន​ជាប់ចោទ​បាន​ក្នុង​ករណី​បទល្មើស​បែប​ណា ?

តាម​ច្បាប់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​អាច​ជំនុំជម្រះ​កំបាំង​មុខ​ជន​ជាប់ចោទ​បាន​គ្រប់​ករណី​ទាំងអស់ ប្រសិន​បើ ៖

-បទឧក្រិដ្ឋ ឬ បទមជ្ឈិម ហើយ​ជនជាប់ចោទ​រត់​គេច​ខ្លួន​បាត់​រក​មិន​ឃើញ ។

-ជន​ជាប់ចោទ​ទទួល​ដីកា​ហើយ មិន​ចូល​ខ្លួន​តាម​ពេលវេលា​កំណត់​របស់​តុលាការ ។

-ជន​ជាប់ចោទ​សុំ​មិន​ចូល​ខ្លួន​ក្នុង​ពេល​សវនាការ​ដោយ​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ស្នើសុំ​។

-ជន​ជាប់ចោទ​ផ្តល់​សិទ្ធិ​ឲ្យ​មេធាវី​ការពារ​ខ្លួន​នៅ​ពេល​ជំនុំជម្រះ​កំបាំង​មុខ​ខ្លួន ។

ប៉ុន្តែ​ជា​គោលការណ៍​ច្បាប់​បទល្មើស​ឧក្រិដ្ឋ​ទោះបី​ជន​ជាប់ចោទ​មិន​ចូល​ក៏ដោយ ចាំបាច់​ត្រូវ​មាន​មេធាវី​ការពារ​សិទ្ធិ​ចូលរួម​ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ឲ្យ​ជន​ជាប់ចោទ​តាម​ផ្លូវ​ច្បាប់ (​មាត្រា ៩៨ , ៣០១ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​) ។

ក្រោយ​ក្រុម​ប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​កំបាំង​មុខ​ជន​ជាប់ចោទ​ហើយ​ប្រកាស​សាលក្រម តើ​ជន​ជាប់ចោទ​នោះ​អាច​ប្តឹង​ឲ្យ​ជម្រះ​ម្តង​ទៀត​បាន​ទេ ?

ក្រោយ​ពេល​ជំនុំជម្រះ​រួច​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ត្រូវ​តែ​ប្រកាស​សាលក្រម​ដោយ​កំបាំង​មុខ​ជន​ជាប់ចោទ​ហើយ​បញ្ចូន​សាលក្រម​ ឬ​សាលដីកា​ទៅ​ជន​ជាប់ចោទ​ដើម្បី​ទុក​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ប្តឹង​ទាស់​ ឬ​ប្តឹង​ឧទ្ធរណ៍​តាម​ច្បាប់​ (​មាត្រា ៣៦២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​) ។

ដូច្នេះ​ខ្ញុំ​សូម​រំឭក​ថា​៖ ​គ្រប់​ដីកា​ ឬ​សាលក្រម​ ឬ​សាលដីកា​ទាំងអស់​របស់​តុលាការ ជន​ដែល​ពាក់ព័ន្ធ​ ឬ​សាច់ញាតិ​ជន​ជាប់ចោទ​ត្រូវ​តែ​ទទួល​ទុក​តាម​ច្បាប់ ហើយ​យក​ឯកសារ​ទាំង​នោះ​ដើម្បី​ស្វែងរក​ការ​ពន្យល់ និង​បកស្រាយ​អំពី​អ្នក​ច្បាប់​។ ចៀសវាង​ការ​គេចវេះ​មិន​ទទួល​ដីកា​ ឬ​​សាលក្រម​ទាំង​នោះ​បណ្តាល​ឲ្យ​​បាត់បង់​ផលប្រយោជន៍​របស់​ខ្លួន​ដោយ​ប្រការ​ណា​មួយ​នោះ​ជាយថាហេតុ ៕