Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ការ​ធ្វើ​កិច្ចសន្យា ​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ ?

Content image - Phnom Penh Post
លោក មេធាវី ផូ សុធាផល នាពេល​កន្លង​មក​។ រូបថត សហការី

តើ​ការ​ធ្វើ​កិច្ចសន្យា ​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ ?

នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ឬ​ធ្វើ​អាជីវកម្ម​អ្វី​មួយ បើ​កាលណា​ភាគី​ពីរ​ ឬ​ច្រើន​បាន​ស្រុះស្រួល​ ឬ​ឯកភាព​លើ​រឿង​អ្វី​មួយ​ដូច​ជា ការ​ផ្ទេរ​ទ្រព្យ​រវាង​គ្នា​ ឬ​បង្កើត​កែប្រែ​ ឬ​រំលត់​កាតព្វកិច្ច​វិញ គេ​តែងតែ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​ជាមួយ​គ្នា​ដោយ​មាន​ការ​ដឹងឮ​ពី​អាជ្ញាធរ​ ឬ​អ្នក​ច្បាប់ និង​សាក្សី​ជាដើម​។ ​ប៉ុន្តែ​ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ត្រូវ​បំពេញ​។

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ជួប​សម្ភាស​ជាមួយ​លោក​ ផូ សុធាផល ជា​មេធាវី និង​ជា​សមាជិក​ក្រុម​ការងារ​ស្រាវជ្រាវ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​នៃ​គណៈមេធាវី​ (​អនុ​ក្រុម​ការងារ​វិស័យ​ពាណិជ្ជកម្ម​) ​និង​ជា​សារការី​នៃ​មន្ទីរ​សារការី​នីតិនិរន្តរ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

តើ​អ្វី​ជា​កិច្ចសន្យា​?

កិច្ចសន្យា​គឺជា​កិរិយា​ដែល​បុគ្គល​ពីរ​នាក់​ ឬ​ច្រើន​នាក់​មាន​ឆន្ទៈ​ត្រូវ​គ្នា​ព្រម​បង្កើត​កែប្រែ​ ឬ​រំលត់​កាតព្វកិច្ច​។

កិច្ចសន្យា​មាន​អានុភាព​ដោយសារ​សំណើ និង​ស្វីការ​ត្រូវ​គ្នា​។

ពាក្យ​ថា​ស្វីការ​មាន​ន័យ​ថា​ការ​សំដែង​ឆន្ទៈ​ដែល​បុគ្គល​ម្នាក់​បាន​បញ្ចេញ​ការ​យល់​ព្រម​របស់​ខ្លួន​ចំពោះ​សំណើ​ដែល​បុគ្គល​ដទៃ​បាន​ស្នើ​មក​ខ្លួន​ដើម្បី​បង្កើត​កិច្ចសន្យា​។

តើ​កិច្ចសន្យា​ផ្ទេរ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ត្រូវ​បំពេញ​លក្ខខណ្ឌ​អ្វី​ខ្លះ​?

បន្ថែម​លើ​លក្ខខណ្ឌ​តម្រូវ​ឲ្យ​សំណើ និង​ស្វីការ​ត្រូវ​គ្នា​កិច្ចសន្យា​ដែល​ភាគី​ម្ខាង​ទទួល​ករណីយកិច្ច​ធ្វើ​អនុប្បទាន​ ឬ​ធ្វើ​លទ្ធកម្ម​នូវ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​នឹង​មាន​អានុភាព​លុះត្រា​តែ​បាន​ធ្វើ​លិខិត​យថាភូត​។

ពាក្យ​ថា​អនុប្បទាន​មាន​ន័យ​ថា​ការ​ផ្ទេរសិទ្ធិ​ ឬ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ណា​ម្នាក់​ដែល​ជា​អនុប្បទាយី​ទៅ​ឲ្យ​បុគ្គល​ម្នាក់​ទៀត​ដែល​ជា​អនុប្បទានិក​។​ ចំណែកឯ​ពាក្យ​ថា​លទ្ធកម្ម​មាន​ន័យ​ថា​ការ​ទទួល​បាន​ឬ​ការ​បាន​​ឡើង​ជា​ម្ចាស់​សិទ្ធិ​នៃ​វត្ថុ​ណា​មួយ​​ដោយ​ការងារ​របស់​ខ្លួន​ក្តី​ដោយ​ទិញ​ ឬ​ដោយ​ដូរ​ក្តី​។

តើ​លិខិត​យថាភូត​នៃ​កិច្ចសន្យា​ផ្ទេរ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​មាន​​ន័យ​ដូចម្តេច​?

លិខិតយថាភូត​ដែល​កំណត់​ជា​លក្ខខណ្ឌ​សម្រាប់​កិច្ចសន្យា​ផ្ទេរ​ ឬ​ទទួល​កម្មសិទ្ធិ​លើ​អចលនវត្ថុ​សំដៅ​លើ​លិខិត​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយសារ​ការី​ ឬ​លិខិត​ឯកជន​ដែល​សារការី​ចុះ​និទ្ទេស​ថា​លិខិត​នោះ​មាន​ភាព​ត្រឹមត្រូវ​​តាម​ច្បាប់​​ ឬ​លិខិត​ដែល​មន្ត្រី​មាន​សមត្ថកិច្ច​ធ្វើ​ឡើង​ដើម្បី​ធ្វើ​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​។

តើ​ការ​ផ្ទេរ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ត្រូវ​បង់​ពន្ធដារ​ដែរ​ឬ​ទេ​?

ការ​ផ្ទេរ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ​ដែល​ហៅ​ថា​ពន្ធ​ប្រថាប់​ត្រា ដែល​អត្រាពន្ធ​បច្ចុប្បន្ន​នេះ​គឺ​ ៤% ​នៃ​តម្លៃ​អចលនវត្ថុ​ចំពោះ​ការ​ផ្ទេរ​កម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​​ជា​សំណង់​ ឬ​/​និង​ដី​ឬ​ការ​ដាក់​ភាគហ៊ុន​ជា​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន​។ ​ពន្ធ​ប្រថាប់ត្រា​ត្រូវ​បាន​លើកលែង​ ឬ​អនុគ្រោះ​បន្ធូរបន្ថយ​ក្នុង​ករណី​ពិសេស​មួយ​ចំនួន​។

តើ​ការ​លើកលែង​ពន្ធ​ប្រថាប់​ត្រា​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ករណី​​ណា​ខ្លះ​?

ពន្ធ​ប្រថាប់ត្រា​ត្រូវ​បាន​លើកលែង​ដូច​ខាង​ក្រោម​៖

(១) ​ការ​ទទួល​កម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់កាប់​ដី​ក្នុង​លក្ខណៈ​សម្បទាន​ពី​រាជរដ្ឋាភិបាល​ ឬ​សម្រាប់​ជា​ប្រយោជន៍​សេដ្ឋកិច្ច​ ឬ​សង្គមកិច្ច​ពី​ដី​ឯកជន​របស់​រដ្ឋ​ដល់​ជនក្រីក្រ​ដែល​ខ្វះខាត​ដី​សម្រាប់​​សង់​លំនៅដ្ឋាន​ ឬ​/​ និង​ធ្វើ​កសិឧស្សាហកម្ម​ ឬ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​។

(២) ​ការ​ទទួល​កម្មសិទ្ធិ​ ឬ​សិទ្ធិ​​កាន់កាប់​អចលនទ្រព្យ​ក្នុង​រង្វង់​ញាតិ​រួម​មាន​៖

(​ក​) ​ការ​ធ្វើ​សន្ត​កម្ម​រវាង​ឪពុក​ម្តាយ​បង្កើត និង​កូន​បង្កើត​​រវាង​ប្តី និង​ប្រពន្ធ និង​រវាង​យាយ​​តា​បង្កើត និង​ចៅ​បង្កើត និង​ពី​ឪពុ​កម្តាយ​ទៅ​ឲ្យ​កូន​បង្កើត​ និង​កូនប្រសា​ដែល​ជា​សហព័ទ្ធ​របស់​កូន​បង្កើត​នោះ​ដើម្បី​ជា​ទ្រព្យសម្បត្តិ​រួម​ក្នុង​អំឡុង​ពេល​អាពាហ៍ពិពាហ៍​។

(​ខ​) ​ការ​ធ្វើ​ប្រទានកម្ម​លើក​ទី​មួយ​រវាង​ឪពុកម្តាយ​បង្កើត​ និង​កូនបង្កើត​រវាង​ប្តី និង​ប្រពន្ធ​ និង​រវាង​យាយ​តា​បង្កើត និង​ចៅ​បង្កើត​ពី​ឪពុកម្តាយ​ទៅ​ឲ្យ​កូន​បង្កើត និង​កូនប្រសា​ដែល​ជា​សហព័ទ្ធ​របស់​កូនបង្កើត​នោះ​ដើម្បី​ជា​ទ្រព្យសម្បត្តិ​រួម​ក្នុង​អំឡុង​ពេល​អាពាហ៍ពិពាហ៍​ និង​ពី​យាយ​តា​ទៅ​ឲ្យ​ចៅ​បង្កើត​ និង​ចៅ​ប្រសា​ដែល​ជា​សហព័ទ្ធ​របស់​ចៅ​បង្កើត​នោះ​ដើម្បី​ជា​ទ្រព្យសម្បត្តិ​រួម​ក្នុង​អំឡុង​ពេល​អាពាហ៍ពិពាហ៍​។

តើ​ការ​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ករណី​ណា​ខ្លះ​?

ការ​ផ្ទេរ​កម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​រវាង​ឪពុក​ម្តាយ​ក្មេក​​ និង​កូនប្រសា និង​រវាង​បងប្អូន​បង្កើត និង​បងប្អូន​បង្កើត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដក​ចេញ​ពី​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំនួន​ពីរ​​រយ​លាន​រៀល​ចំពោះ​ការ​ធ្វើ​សន្តតិកម្ម និង​ចំនួន​មួយរយ​លាន​រៀល​ចំពោះ​ការ​ធ្វើ​ប្រទានកម្ម​។

ការ​ធ្វើ​ប្រទានកម្ម​អចលនទ្រព្យ​ដដែល​ចាប់​ពី​លើក​ទី​ពីរ​​តទៅ​រវាង​ឪពុកម្តាយ​បង្កើត​ និង​កូន​បង្កើត​រវាង​ប្តី និង​ប្រពន្ធ​រវាង​យាយ​តា​បង្កើត និង​ចៅ​បង្កើត​ពី​​ឪពុកម្តាយ​ទៅ​ឲ្យ​កូន​បង្កើត​ និង​កូនប្រសា​ដែល​ជា​សហព័ទ្ធ​របស់​​កូនបង្កើត​នោះ​ដើម្បី​ជា​ទ្រព្យសម្បត្តិ​រួម​ក្នុង​អំឡុង​ពេល​អាពាហ៍ពិពាហ៍និង​ពី​យាយ​តា​ទៅ​​ឲ្យ​ចៅ​បង្កើត និង​ចៅ​ប្រសា​ដែល​ជា​សហព័ទ្ធ​របស់​ចៅ​បង្កើត​នោះ​ដើម្បី​ជា​ទ្រព្យសម្បត្តិ​រួម​ក្នុង​អំឡុង​ពេល​អាពាហ៍ពិពាហ៍​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដក​ចេញ​ពី​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់​ត្រា​ចំនួន​មួយរយ​លាន​រៀល​។

តើ​ភាគី​ណា​ជា​អ្នក​មាន​កាតព្វកិច្ច​ត្រូវ​បង់​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធ​លើ​អចលនវត្ថុ​?

ពន្ធ​ប្រថាប់​ត្រា​ត្រូវ​ប្រមូល​ពី​អ្នក​ទទួល​កម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​ផ្ទេរ​នោះ​។

ឯកសារ​ពិគ្រោះ​៖

- ​ក្រម​រដ្ឋប្បវេណី​ដែល​ប្រកាស​​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ នស​/ ​រកម ​/០៥១១/០០៧

- ​ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រម​រដ្ឋប្បវេណី​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស/-​រកម​/១២០៧/០៣០ ​ចុះ​ថ្ងៃ​ទី​ ០៨ ​ខែ​ធ្នូ​ឆ្នាំ​ ២០០៧​។

- ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០១៧ ​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/១២១៦/០១៩ ​ចុះ​ថ្ងៃ​ទី​ ១៤ ខែ​ធ្នូ ឆ្នាំ ២០១៦​។

- ​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​ ០៤ ស-សរ ចុះ​ថ្ងៃ​ទី​ ១០ ខែ​មករា ឆ្នាំ​ ២០១៦ ស្តីពី​ការ​លើក​លែង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​​រវាង​ឪពុក​ម្តាយ​បង្កើត និង​កូន​បង្កើត​រវាង​ប្តី និង​ប្រពន្ធ និង​រវាង​យាយតា​បង្កើត និង​ចៅ​បង្កើត​។

- ​អនុក្រឹត្យ​លេខ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ២៧ ​អនក្រ.បក​ចុះ​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៧ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការ​លើកលែង និង​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​។

- ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លេខ​ ៥០៧ ​សហវ.ប្រក​ចុះ​ថ្ងៃ​ទី​ ២៦ ខែ​មេសា ឆ្នាំ​ ២០១៧ ស្តីពី​ការ​ប្រមូល​ពន្ធ​ប្រថាប់ត្រា​។

- ​សន្ទានុក្រម​ផ្នែក​រដ្ឋប្បវេណី​រៀបចំ​ដោយ​គណៈកម្មការ​បណ្ឌិត្យ​សភា​ទទួល​បន្ទុក​អនុម័ត​ពាក្យ​ច្បាប់​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ​ ២០០៧៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ