ជានីតិវិធីក្នុងប្រព័ន្ធតុលាការជនជាប់ចោទត្រូវបានតុលាការផ្តន្ទាទោសទៅតាមប្រភេទនៃបទល្មើស ក៏ប៉ុន្តែទោសទណ្ឌនោះជនជាប់ចោទពេលខ្លះក៏ត្រូវតុលាការសម្រេចឲ្យមានការព្យួរទោសមួយផ្នែកដែរ។
ជុំវិញបញ្ហានេះចង់ដឹងថាតើការព្យួរទោសនេះមានន័យយ៉ាងណានោះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក យុង ផានិត អនុប្រធាននាយកដ្ឋានការពារក្តីជនក្រីក្រនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូចតទៅ ៖ ដូចមេ្ដចដែលហៅថា ទោសព្យួរ? តើទោសព្យួរនេះមានន័យដូចម្តេចដែរ?
ការព្យួរទោសគឺជាផ្នែកមួយក្នុងរបបនៃការប្រកាសទោសដែលចៅក្រមបានផ្តល់ស្ថានសម្រាលទោសឲ្យជនជាប់ចោទ។
បើតាមអត្តន័យ និងខ្លឹមសារអំពីការព្យួរទោសនេះ បើយោងតាមមាត្រា ៩៦ នៃក្រមព្រហ្មទណ្ឌបានចែងថាតុលាការប្រកាសទោសដោយផ្អែកទៅលើស្ថានទម្ងន់ទោស និងកាលៈទេសៈនៃបទល្មើសទៅលើបុគ្គលិកលក្ខណៈនៃជនជាប់ចោទទៅលើសភាពផ្លូវចិត្តទៅលើធនធាន និងបន្ទុកទៅលើមូលហេតុព្រមទាំងទៅលើកិរិយាមាយាទរបស់ជនល្មើសក្រោយពេលប្រព្រឹត្តបទល្មើសជាអាទិ៍ចំពោះជនរងគ្រោះ។
ផ្អែកតាមមាត្រានេះមុននឹងប្រកាសទោសលើជនជាប់ចោទណាម្នាក់ចៅក្រមក្រៅពីត្រូវស្វែងយល់ពីភ័ស្តុតាងដាក់បន្ទុកឲ្យលើសពីវិមតិសង្ស័យចៅក្រមត្រូវស្វែងយល់ពីភ័ស្តុតាងទាក់ទងទៅនឹងស្ថានទម្ងន់ទោស និងស្ថានសម្រាលទោស។
ចំពោះការព្យួរទោសគឺជារបបនៃការប្រកាសទោសមួយដែលចៅក្រមបានផ្តល់ស្ថានសម្រាលទោសឲ្យជនជាប់ចោទ។ អត្ថន័យនៃការព្យួរទោសគឺមានន័យថាព្យួរការអនុវត្តមូលទោសទាំងស្រុង ឬមួយផ្នៃក។
យោងមាត្រា ១០៤ នៃក្រមព្រហ្មទណ្ឌចែងថានៅក្នុងលក្ខខណ្ឌដែលមាននៅក្នុងផ្នែកនេះតុលាការអាចបង្គាប់ថាត្រូវព្យួរការអនុវត្តនូវមូលទោស។ ចំពោះរបបនៃការព្យួរទោសបើយោងមាត្រា ១០៥ ចែងថាដើម្បីអនុវត្តបទប្បញ្ញត្តិស្តីពីការព្យួរទោសត្រូវគិតតែអំពីការផ្តន្ទាទោសជាស្ថាពរខាងបណ្តឹងអាជ្ញាប៉ុណ្ណោះ។
ចំពោះការព្យួរទោសនេះដែរអាចដំណើរការនីតិវិធីបានទៅលើបទអ្វីខ្លះ?
បើតាមប្បញ្ញត្តិមាត្រា ១០៦ ចែងថាក្នុងករណីដែលមានការចោទប្រកាន់ពីបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះការព្យួរទោសធម្មតាអាចត្រូវផ្តល់ឲ្យបានប្រសិនបើជនជាប់ចោទមិនទាន់មានការផ្តន្ទាទោសជាស្ថាពរឲ្យជាប់ពន្ធនាគារក្នុងរយៈពេល៥ (ប្រាំ) ឆ្នាំមុនអំពើល្មើស។ ចំពោះមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌដដែលនេះក៏បានប្បញ្ញត្តិដែរថាការព្យួរទោសធម្មតាត្រូវអនុវត្តទៅលើទោសដូចតទៅនេះ ៖
១-ទោសដាក់ពន្ធនាគារកាលបើទោសដែលប្រកាសនោះតិចជាង ឬស្មើនឹង ៥ (ប្រាំ) ឆ្នាំ។
២-ទោសពិន័យជាប្រាក់។
ឧទាហរណ៍ថានៅក្នុងការជំនុំជម្រះក្តីក្នុងសវនាការជនជាប់ចោទម្នាក់ត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ១០ ឆ្នាំ ប៉ុន្តែជននោះប្តឹងមកសាលាឧទ្ធរណ៍ហើយត្រូវសាលាឧទ្ធរណ៍ឲ្យអនុវត្តទោសក្នុងពន្ធនាគារ ៨ ឆ្នាំសល់ ២ ឆ្នាំព្យួរ។ ឧបមាថាជនជាប់ចោទនោះអនុវត្តទោសក្នុងពន្ធនាគារគ្រប់ ៨ ឆ្នាំហើយដោយឡែកនៅសល់ទោសព្យួរ ២ ឆ្នាំទៀត តើគាត់ត្រូវបានដោះលែងពីពន្ធនាគារទេបើទោស ២ ឆ្នាំត្រូវព្យួរហើយនោះ? ឬក៏ចាំគ្រប់ ២ ឆ្នាំទៀតទើបតុលាការចេញដីកាដោះលែង?
ពាក់ព័ន្ធការព្យួរទោសនេះជាការឆ្លើយតបនឹងសំណួរខាងលើខ្ញុំសូមឆ្លើយថា បើតុលាការប្រកាសទោស ១០ ឆ្នាំហើយទោសនោះត្រូវដាក់ពន្ធនាគារ ៨ ឆ្នាំឯទោសព្យួរ ២ ឆ្នាំទៀតត្រូវព្យួរមានន័យថានៅពេលដែលជនជាប់ចោទអនុវត្តទោសក្នុងពន្ធនាគារ ៨ ឆ្នាំចប់ហើយ ហើយនៅសល់ទោសព្យួរ ២ ឆ្នាំទៀតក៏នឹងត្រូវដោះលែងជនជាប់ចោទនោះពីពន្ធនាគារដែរ។ ការដោះលែងជនជាប់ចោទពីពន្ធនាគារដោយសាររបបនៃការព្យួរទោសគឺមានអត្ថន័យ ២ ផ្សេងគ្នាដាច់ស្រឡះ។ ព្រោះថាការព្យួរទោសគឺតុលាការរកឃើញថាមានភ័ស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាជនជាប់ចោទបានប្រព្រឹត្តបទល្មើសដូចព្រះរាជអាជ្ញាចោទប្រកាន់ហើយតែពេលប្រកាសទោស តុលាការរកឃើញពីស្ថានសម្រាលទោស ដូចនេះតុលាការប្រកាសព្យួរទោសហើយទោសដែលប្រកាសនោះមិនអនុវត្តនៅក្នុងពន្ធនាគារទេ។
តើទោសព្យួរនេះស្មើនឹងការដោះលែងឲ្យនៅក្រៅឃុំដែរទេ?
ចំពោះការដោះលែងឲ្យនៅក្រៅឃុំគឺជានីតិវិធីមួយដែលតុលាការកំពុងធ្វើការស៊ើបអង្កេត៕