Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ខ្លឹមសារ​នៃ​សាលក្រម និង​សាល​ដីកា​ដូច​គ្នា​ឬ​ទេ?

Content image - Phnom Penh Post
លោក​សាស្ត្រាចារ្យ អ៊ិន បូផា។ រូបថត សហការី

តើ​ខ្លឹមសារ​នៃ​សាលក្រម និង​សាល​ដីកា​ដូច​គ្នា​ឬ​ទេ?

នៅពេល​ដែល​​មាន​ការ​ជំនុំជម្រះ​​ទៅ​​លើ​ជន​ជាប់​ចោទ​ណា​ម្នាក់​ពី​តុលាការ​ជាន់​ទាប​ជន​នោះ​ទទួល​​បាន​សេចក្តី​សម្រេច​ពី​ការ​វិនិច្ឆ័យ​ទោស​ដែល​ហៅ​ថា​ «​សាលក្រម​»​។ ចំពោះ​នៅ​​តុលាការ​ជាន់​ខ្ពស់​វិញ​ហៅ​ថា​ «​សាលដីកា​»​។​

ដូច្នេះ​​ពាក្យ​ថា​សាលក្រម​ និង​សាលដីកា​នេះ​មាន​ខ្លឹមសារ​ដូច​គ្នា​ដែរ​ឬ​ទេ​? ​ហើយ​​ហេតុ​អ្វី​បាន​​ជា​មាន​ការ​បែងចែក​ឲ្យ​មាន​ជា​សាលា​ដំបូង​ សាលា​ឧទ្ធរណ៍​​ និង​តុលាការ​កំពូល​ក្នុង​ការ​​ជំនុំ​ជម្រះ​ក្តី​? ​​ដើម្បី​បាន​ជ្រាប​ចំពោះ​ពាក្យ​ថា​សាលក្រម​ និង​សាលដីកា និង​ការ​បែងចែក​ពី​​ភាព​ខុស​គ្នា​រវាង​សាលា​ដំបូង​សាលា​ឧទ្ធរណ៍​ និង​តុលាការ​កំពូល​យ៉ាង​ណា​​នោះ​ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​សម្ភាស​លោក​ចៅក្រម អ៊ិន បូផា ដែល​​​លោក​គឺជា​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង និង​ក៏​ជា​សាស្ត្រាចារ្យ​នៃ​សាលា​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ផង​ដែរ ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​នេះ ៖

ហេតុ​អ្វី​មាន​ការ​​ប្រើ​ពាក្យ​ថា​សាលក្រម​នៅ​សាលា​​ដំបូង​? ​និង​ប្រើ​ពាក្យ​ថា​សាលដីកា​នៅ​សាលា​ឧទ្ធរណ៍​ និង​នៅ​តុលាការ​កំពូល​?

សាលក្រម​ និង​សាលដីកា​មាន​ខ្លឹមសារ​តែ​មួយ​គឺ​ «សេចក្តី​វិនិច្ឆ័យ​» មាន​ន័យ​​ថា​ជា​សេចក្តី​សម្រេច​របស់​តុលាការ​​ដូច​គ្នា​។ ​ប៉ុន្តែ​ពាក្យ​សាលក្រម​គេ​ប្រើ​ក្នុង​យុត្តាធិការ​ថ្នាក់​ទាប​​ហៅថា​សាលា​ដំបូង​រីឯ​សាលដីកា​គេ​ប្រើ​​ក្នុង​យុត្តាធិការ​ថ្នាក់​ខ្ពស់​ (​មាន​សាលា​ឧទ្ធរណ៍ ​និង​តុលាការ​កំពូល​)​។

ហេតុ​អ្វី​បាន​​ជា​មាន​ការ​​បែងចែក​រវាង​ពាក្យ​ថា​​សាលក្រម​ និង​សាលដីកា​នេះ​?

ការ​បែងចែក​សាលក្រម​ និង​សាលដីកា​​នេះ​មាន​លក្ខណៈ​​ខុស​គ្នា​ពីព្រោះ​ថា​កាល​ណា​គេ​និយាយ​ពី​សាលក្រម​គឺ​​គេ​ដឹង​ភ្លាម​ថា​ជា​សេចក្តី​វិនិច្ឆ័យ​របស់​សាលា​ដំបូង​ ឬ​តុលាការ​ជាន់​ទាប រីឯ​កាល​ណា​គេ​និយាយ​អំពី​សាលដីកា​នោះ​មាន​ន័យ​ថា​ជា​សេចក្តី​វិនិច្ឆ័យ​​ដោយ​តុលាការ​ជាន់​ខ្ពស់​ (​សាលា​ឧទ្ធរណ៍ ឬ​តុលាការ​កំពូល​) ​ដោយសារ​តែ​មាន​ការ​មិន​ពេញ​ចិត្ត​របស់​ភាគី​​ដែល​សាលា​ជាន់​ទាប​បាន​វិនិច្ឆ័យ​។

មូលហេតុ​ដែល​​មាន​ការ​ប្រើប្រាស់​ពាក្យ​ «​សាលដីកា» នេះ​ជា​សញ្ញាណ​ប្រាប់​ថា​ភាគី​បាន​តវ៉ា​ចំពោះ​ការ​សម្រេច​សេចក្តី​របស់​តុលាការ​ជាន់​ទាប​។

តើ​ពាក្យ​ថា​សាលក្រម​ និង​សាលដីកា​នេះ​វា​មាន​​តម្លៃ​ស្មើ​គ្នា​ដែរ​ទេ​?

ពាក្យ​​សាលក្រម​ និង​សាលដីកា​នេះ​មាន​តម្លៃ​ជា​សេចក្តី​​សម្រេច​ដូច​គ្នា​នៅ​ពេល​ចូល​ជា​ស្ថាពរ​ពីព្រោះ​​តុលាការ​​ធ្វើ​​ការ​វិនិច្ឆ័យ​​ទៅ​លើ​អង្គហេតុ​។

ហេតុ​អ្វី​ត្រូវ​បែងចែក​ឲ្យ​មាន​សាលា​ដំបូង សាលា​ឧទ្ធរណ៍​ និង​តុលាការ​កំពូល​?

មូលហេតុ​ដែល​បង្កើត​ឲ្យ​មាន​សាលា​ដំបូង​ និង​សាលា​ជាន់ខ្ពស់​ (ឧទ្ធរណ៍ និង​កំពូល​) ​នេះ​ដោយសារ​តែ​ការ​សម្រេច​សេចក្តី​ ឬ​ការ​វិនិច្ឆ័យ​សេចក្តី​របស់​តុលាការ​​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​ភ័ស្តុតាង​ ឬ​អង្គហេតុ​។ ​

ចៅក្រម​ធ្វើ​សេចក្តី​សម្រេច​តាម​ការ​យល់​ឃើញ​ទៅ​​លើ​ខ្លឹមសារ​នៃ​អង្គហេតុ​​ដោយ​សេរី ​(​ការ​ទទួល​ខុស​ត្រូវ​) ​តាម​ឆន្ទានុសិទ្ធិ​ចំពោះ​ច្បាប់​សារធាតុ​ប៉ុន្តែ​បើ​ចៅក្រម​មាន​ការ​យល់​ឃើញ​ចំពោះ​​អង្គហេតុ​នៃ​សំណុំ​រឿង​ដែល​ខ្លួន​ធ្វើការ​សម្រេច​នោះ​មិន​ត្រូវ​បាន​​ទទួល​យក​ដោយ​តម្លាភាព​ពី​ភាគី​ (​ពោល​​ការ​យល់​ដឹង​របស់​ចៅក្រម​នៅ​មាន​កម្រិត​) ​នោះ​ភាគី​ប្តឹង​តវ៉ា​ទៅ​តុលាការ​ជាន់ខ្ពស់​ដែល​មាន​ដល់​ទៅ​ពីរ​ថ្នាក់​សម្រាប់​ធ្វើការ​វិនិច្ឆ័យ​ឡើង​វិញ​ចំពោះ​អង្គហេតុ​ដែល​ចៅក្រម​ជាន់ទាប​បាន​វិនិច្ឆ័យ​ (​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​តម្រូវ​ឲ្យ​មាន​សមត្ថភាព​ជាក់លាក់​ចំពោះ​ចៅក្រម​នៃ​តុលាការ​ជាន់​ខ្ពស់​ និង​មាន​ឯករាជភាព​​នៃ​យុត្តាធិការ​ក្នុង​ការ​​ធ្វើ​សេចក្តី​សម្រេច​)​។

តើ​សាលា​ដំបូង​អាច​ហៅថា​តុលាការ​ដំបូង​ និង​តុលាការ​ឧទ្ធរណ៍​បាន​ទេ​?

អាច​ហៅ​តុលាការ​បាន​តាម​ភាសា​​​និយាយ​ប៉ុន្តែ​តាម​ច្បាប់​ដែល​បាន​បញ្ញតិ្ត​គឺ​ប្រើ​ពាក្យ​ថា​សាលា​ដំបូង​ និង​សាលា​ឧទ្ធរណ៍៕

0

Comments

Please, login or register to post a comment