បណ្តឹងសើរើ គឺជាបណ្តឹងមួយដែលមាននៅក្នុងនីតិវិធីនៃការអនុវត្តក្នុងប្រព័ន្ធច្បាប់ ដែលជនជាប់ចោទអាចប្តឹងសើរើឡើងវិញបាន។
ដើម្បីជ្រាបថា នីតិវិធីនៃការអនុវត្តបណ្តឹងសើរើនេះយ៉ាងណានោះ ភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសជាមួយលោកមេធាវី ឡោ គីមហ្គេច នៃក្រុមមេធាវីអាស៊ានអន្តរជាតិ ដែលមានអាសយដ្ឋានផ្ទះលេខ ១៦R ផ្លូវ ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញដែលមានខ្លឹមសារដូចខាងក្រោម៖
ដូចម្តេចដែលហៅថាបណ្តឹងសើរើ?តើបណ្តឹងនេះជនជាប់ចោទធ្វើបាននៅពេលណា ?
បណ្តឹងសើរើនេះបានន័យថា ជនជាប់ចោទដែលត្រូវតុលាការផ្តន្ទាទោសហើយសាលក្រមឬសាលដីការបស់គាត់ចូលជាស្ថាពរនៅពេលនោះជនជាប់ចោទនោះអាចប្តឹងសើរើបាន។
បើតាមមាត្រា ៤៤៣ បានចែងថា បណ្តឹងសើរើគឺជាផ្លូវតវ៉ាមួយប្រឆាំងនឹងសាលក្រម និងសាលដីកាស្ថាពរហើយដែលមានអាជ្ញាអស់ជំនុំ។សភាពេញអង្គនៃតុលាការកំពូលមានសមត្ថកិច្ចលើបណ្តឹងសើរើ។
តើបណ្តឹងសើរើមាននៅក្នុងក្រមណាខ្លះ?
បណ្តឹងសើរើមាននៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមនីតិវិធីរដ្ឋប្បវេណី។ ចំពោះនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ បណ្តឹងសើរើតាមបញ្ញត្តិមាត្រា ៤៤៤ ចែងថា បណ្តឹងសើរើអាចត្រូវធ្វើបាននៅក្នុងរឿងព្រហ្មទណ្ឌទោះបីតុលាការដែលបានសម្រេចនោះជាតុលាការណាក៏ដោយ និងទោះបីទោសដែលបានប្រកាសនោះជាទោសអ្វីក៏ដោយ។
ដើម្បីឲ្យជនជាប់ចោទអាចប្តឹងសើរើបាន តើច្បាប់ត្រូវកំណត់ឲ្យអនុវត្តតាមនីវិធីបែបណាខ្លះ?
ជនជាប់ចោទអាចអនុវត្តបណ្តឹងសើរើនេះតាមផ្លូវច្បាប់បានលុះណាតែមានភ័ស្តុតាងណាថ្មីដូចក្នុង មាត្រា ៤៤៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា បណ្តឹងសើរើរឿងក្តីអាចធ្វើបានតែនៅក្នុងករណីដូចតទៅប៉ុណ្ណោះ
១-កាលណាក្រោយពីការផ្តន្ទាទោសពីបទមនុស្សឃាតមានលេចតម្រុយយ៉ាងគ្រប់គ្រាន់ដែលអនុញ្ញាតឲ្យគិតថាជនរងគ្រោះនោះនៅរស់រានមានជីវិតនៅឡើយ។
២-កាលណាជនជាប់ចោទ២នាក់ត្រូវបានផ្តន្ទាទោសចំពោះបទល្មើសដដែលនោះដោយការផ្តន្ទាទោសទាំង២នេះមិនចុះសម្រុងគ្នាទេ។
៣-កាលណាសាក្សីណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើសធ្វើជាសាក្សីដោយក្លែងប្រឆាំងនឹងជនជាប់ចោទ។
៤-កាលណាមានអង្គហេតុថ្មីឬលិខិតឬភ័ស្តុតាងថ្មីដែលនាំឲ្យគេសង្ស័យលើពិរុទ្ធភាពនៃទណ្ឌិត។
មាត្រា ៤៤៦ បុគ្គលដែលអាចប្តឹងសើរើរឿងក្តីសិទ្ធិប្តឹងសុំឲ្យសើរើរឿងក្តីជាសិទ្ធិរបស់ ៖
១-រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
២-ទណ្ឌិត ឬ អ្នកតំណាងស្របច្បាប់ប្រសិនបើទណ្ឌិតនេះជាអសមត្ថជន
៣-សហព័ន្ធឪពុកម្តាយកូននិងជាទូទៅជនណាដែលមានប្រយោជន៍ខាងសម្ភារ ឬ ខាងផ្លូវចិត្តក្នុងការលុបបំបាត់ទណ្ឌកម្មនេះក្នុងករណីដែលទណ្ឌិតបានទទួលមរណភាពឬបាត់ខ្លួន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មុននឹងទៅប្តឹងតុលាការកំពូលអាចសុំដល់អគ្គព្រះរាជអាជ្ញាដែលមានសមត្ថកិច្ចខាងដែនដីឲ្យធ្វើការស្រាវជ្រាវបន្ថែម។
តើបណ្តឹងសើរើនេះជនជាប់ចោទអាចប្ដឹងបាននៅតុលាការថ្នាក់ណាខ្លះ ?
បណ្តឹងសើរើនេះជនជាប់ចោទអាចប្ដឹងបាននៅសាលាដំបូងរាជធានី ខេត្ត-ក្រុង សាលាឧទ្ធរណ៍ និងនៅតុលាការកំពូលពោលគឺបើជនជាប់ចោទមានសាលក្រមស្ថាពរនៅតុលាការណា គឺគាត់អាចប្តឹងសើរើឡើងវិញនៅតុលាការនោះ។
បើតាមបញ្ញត្តិមាត្រា ៤៤៧ បង្ហាញថា ពាក្យប្តឹងសុំសើរើត្រូវចុះក្នុងបញ្ជីដោយក្រឡាបញ្ជីនៃតុលាការកំពូល។
សំណុំរឿងនៃបណ្តឹងសើរើអាចពិនិត្យមើលបាននៅការិយាល័យក្រឡាបញ្ជីនៃតុលាការកំពូលដោយអ្នកប្តឹងសុំសើរើ និងមេធាវីរបស់ខ្លួន។ មេធាវីអាចចម្លងសំណុំរឿងនេះបាន។
កាលណាបណ្តឹងសុំសើរើ បានធ្វើដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សំណុំរឿងអាចពិនិត្យមើលបានដោយទណ្ឌិត និងមេធាវីរបស់ខ្លួន។ ក្នុងករណីទណ្ឌិតបាត់ខ្លួនសំណុំរឿងអាចត្រូវពិនិត្យមើលបានដោយសហព័ន្ធឪពុកម្តាយឬកូនរបស់ខ្លួនបាន។
នៅក្នុងមាត្រា ៤៤៨ ក៏មានចែងដែរថា រយៈពេលក្រឡាបញ្ជីផ្តល់ដំណឹងដល់ដើមបណ្តឹងថា ខ្លួនមានរយៈពេល ៣០ ថ្ងៃ (សាមសិបថ្ងៃ)ថ្ងៃដើម្បីបំពេញពាក្យប្តឹងរបស់ខ្លួន។ ជាលក្ខណៈពិសេសរយៈពេលនេះអាចពន្យារបានដោយប្រធានតុលាការកំពូល។
ផុតរយៈពេលនេះប្រធានតុលាការកំពូលចាត់តាំងចៅក្រមរបាយការណ៍ម្នាក់។ កាលណារបាយការណ៍ធ្វើរួច ហើយសំណុំរឿងត្រូវបញ្ជូនទៅអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។ អគ្គព្រះរាជអាជ្ញាធ្វើដីកាសន្និដ្ឋានជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៣០ (សាមសិបថ្ងៃ)ថ្ងៃ។
ទោះយ៉ាងណា បើតាមមាត្រា ៤៤៩ ចែងថា សភាព្រហ្មទណ្ឌនៃតុលាការកំពូលដែលបានទទួលពាក្យប្តឹងសើរើអាចសម្រេចព្យួរការអនុវត្តទោសបានប្រសិនបើមានមូលហេតុច្បាស់លាស់ ៕