Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ស្ថាប័ន​ណា​មាន​សិទ្ធិ​ប្ដឹង​ បើ​ដឹង​ថា ​មាន​ការ​ផ្ដន្ទាទោស​មិន​ត្រឹមត្រូវ?

Content image - Phnom Penh Post
លោក អ៊ិន បូផា ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​។ រូបថត សហការី

តើ​ស្ថាប័ន​ណា​មាន​សិទ្ធិ​ប្ដឹង​ បើ​ដឹង​ថា ​មាន​ការ​ផ្ដន្ទាទោស​មិន​ត្រឹមត្រូវ?

នៅក្នុង​ប្រព័ន្ធ​តុលាការ​ បើ​មាន​ករណី​ជន​ជាប់ចោទ​ណា​ម្នាក់​ដែល​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ទាប​ពេក​ ឬ​រក​មិន​ឃើញ​បទល្មើស​តែ​ជាប់​ទោស​នោះ​មន្ត្រី​មាន​សមត្ថកិច្ច​​នៃ​សាលា​ដំបូង​នោះ​អាច​ប្តឹង​មក​តុលាការ​ថ្នាក់​លើ​បាន​។

តើ​ការ​ប្តឹង​តវ៉ា​នេះ​មាន​ប្រយោជន៍​អ្វី​ដល់​ជនជាប់ចោទ​ហើយ​ហេតុ​អ្វី​បាន​ជា​មាន​ការ​ប្តឹង​តវ៉ា​នេះ​ឡើង? ​តើ​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា ឬ ព្រះរាជអាជ្ញារង​ដែល​មាន​សិទ្ធិ​លើ​បណ្តឹង​តវ៉ា​នេះ? ​

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​លោក​ចៅក្រម អ៊ិន បូផា ដែល​​​លោក​គឺជា​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ និង​ក៏​ជា​សាស្ត្រាចារ្យ​នៃ​សាលា​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ផង​ដែរ ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​ ៖

ឧបមាថា​មាន​ជន​ណា​ម្នាក់​ជាប់​ចោទ​រឿង​ជួញ​គ្រឿងញៀន​ហើយ​ត្រូវ​​សាលា​ដំបូង​កាត់​ឲ្យ​ជាប់​ពន្ធនា​គារ​ ៥ ​ឆ្នាំ​។

ក្នុង​ករណី​នេះ​ប្រសិន​បើ​មាន​ការ​មិន​សុខ​ចិត្ត​នឹង​ទណ្ឌកម្ម​នោះ​តើ​អាច​ប្តឹង​ទាស់​មក​សាលា​ឧទ្ធរណ៍​បាន​ទេ​? ​ហើយ​តើ​ព្រះរាជអាជ្ញា ឬ​ចៅក្រម​ដែល​មាន​សិទ្ធិ​ប្តឹង​ពី​រឿង​នេះ?

ករណី​ដែល​ថា​​ជនជាប់ចោទ​​គ្រឿង​ញៀន​ម្នាក់​ត្រូវ​បាន​សាលា​ដំបូង​ចោទ​ប្រកាន់​ និង​ត្រូវ​​ផ្តន្ទាទោស​ចំនួន​​ ៥ ​ឆ្នាំ​ប៉ុន្តែ​ជន​នោះ​មិន​បាន​​ប្តឹង​មក​សាលា​ឧទ្ធរណ៍​ទេ​។​ សួរ​ថា​តើ​ករណី​បែប​នេះ​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា​ជា​អ្នក​ប្តឹង ឬ​យ៉ាង​ណា​​?

ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ករណី​បែប​នេះ​គេ​ហៅ​ថា​ការ​ប្តឹង​តវ៉ា​​ចៅក្រម​​គ្មាន​សិទ្ធិ​ប្តឹង​ទេ​គឺ​​មាន​តែ​ព្រះរាជអាជ្ញា​ទេ​ដែល​ប្តឹង​បាន ​ប៉ុន្តែ​ពេល​ខ្លះ​ព្រះរាជអាជ្ញារង​ជា​អ្នក​ប្តឹង​តាម​ការ​​​បញ្ជា​ពី​ព្រះរាជអាជ្ញា​​។ ​ករណី​នេះ​ព្រះរាជអាជ្ញារង​គ្មាន​សិទ្ធិ​ប្តឹង​ដោយ​ឯកឯង​បាន​ទេ​ ប្រសិន​​បើ​គ្មាន​​បញ្ជា​ពី​ព្រះរាជអាជ្ញា​នោះ។

នៅ​ពេល​មាន​ពាក្យ​បណ្តឹង​តវ៉ា​បែប​នេះ តើ​ចាំបាច់​​ត្រូវ​មាន​​ចុះ​​ហត្ថលេខា​ទេ​?

ការ​ធ្វើ​ពាក្យ​បណ្តឹង​នេះ​ចាំបាច់​​ត្រូវ​​មាន​​ចុះហត្ថលេខា​ពី​ព្រះរាជអាជ្ញា​តែ​បើ​គ្មាន​ចុះ​ហត្ថលេខា​ពី​ព្រះរាជអាជ្ញា​ទេ​​បណ្តឹង​តវ៉ា​នោះ​មិន​អាច​​ចាត់​ទុក​ជា​បណ្តឹង​ត្រឹមត្រូវ​តាម​ច្បាប់​បាន​ទេ​។ ​

ម្យ៉ាង​ទៀត​ពាក្យ​បណ្តឹង​របស់​​ព្រះរាជអាជ្ញា​ហ្នឹង​​កាល​ណា​​ប្តឹង​ពី​​រឿង​ហ្នឹង​គឺ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ្វី​ផ្សេង​ទេ ​ប៉ុន្តែ​ពាក់ព័ន្ធ​​តែ​ម្យ៉ាង​គត់​គឺ​ការ​បង្កើន​ទោស​ដល់​ជនជាប់ចោទ​។​ មាន​ន័យ​ថា​បើ​ចៅក្រម​​គាត់​ដាក់​​គុក​ជន​នោះ​ ៥ ​ឆ្នាំ​ហើយ​ព្រះរាជអាជ្ញា​នោះ​មិន​សុខ​ចិត្ត​​គាត់​ប្តឹង​មក​តុលាការ​ថ្នាក់​លើ​​ដូចជា​ទាមទារ​​ឲ្យ​បន្ថែម​ទោស​ ៦ ​ឆ្នាំ​អ៊ីចឹង​ទៅ​។ ​

តែ​បើ​ជនជាប់ចោទ​ខ្លួនឯង​គាត់​ប្តឹង​គឺ​​ប្តឹង​សុំ​បន្ធូរបន្ថយ​ទោស​ករណី​នេះ​វា​​ខុស​​គ្នា​អ៊ីចឹង​។ ​គ្រាន់​តែ​ខុស​គ្នា​ត្រង់​ថា​ជន​ជាប់ចោទ​ប្តឹង​សុំ​បន្ធូរ​បន្ថយ​ទោស​ ឯ​ព្រះរាជអាជ្ញា​ប្ដឹង​សុំ​ឲ្យ​បន្ថែម​ ឬ​លើក​​លែង​ទោស​​។

ករណី​ប្តឹង​មក​តុលាការ​​ថ្នាក់​លើ​​នេះ​ភាគច្រើន​ត្រូវ​តែ​បន្ថែម​ទោស​​ឬ​យ៉ាង​ណា​?

ករណី​នេះ​វា​មិន​អាស្រ័យ​​លើ​អ្នក​ប្តឹង​មកពី​ក្រោម​ទេ​ជួនកាល​​បើ​តុលាការ​ថ្នាក់​លើ​មើល​ឃើញ​ថា​មាន​ទោស​​ក៏​សម្រេច​ទៅ​តែ​បើ​​គ្មាន​ទោស​ទេ​តុលាការ​ក៏​លើក​លែង​បទ​ចោទ​ទៅ​។ ​ព្រោះ​យុត្តាធិការ​ហ្នឹង​ខុសៗ​គ្នា​អត់​មាន​តាម​តែ​​អ្នក​ក្រោម​ទេ​។ ​និយាយ​រួម​ទៅ​​ឯករាជ្យ​​ដាច់​ដោយ​ឡែក​ពី​គ្នា​។

គេ​យល់​ថា​ជន​ជាប់ចោទ​ពេល​ជំនុំ​ជម្រះ​​នៅ​សាលា​ដំបូង​តែ​​មួយ​ទេ​​ហើយ​ការ​សម្រេច​សេចក្តី​​ក៏​នៅ​ក្នុង​សាលា​ដំបូង​ដែរ​។ ​ប៉ុន្តែ​​ហេតុអ្វី​បាន​ជា​មាន​នីតិ​វិធី​​ដែល​​​ព្រះរាជអាជ្ញា​ត្រូវ​ប្តឹង​តវ៉ា​ទៀត​?

រឿង​នេះ​មកពី​ព្រះរាជអាជ្ញា​គាត់​អាច​មើល​ឃើញ​ថា​ចៅក្រម​នោះ​គាត់​ដាក់​ទោស​​ទាប​ពេក​។​

បើ​ដាក់​ទោស​ទាប​ពេក​គាត់​មិន​ពេញ​ចិត្ត​​គឺ​​គាត់​អាច​សុំ​ប្តឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​ឲ្យ​គេ​អនុវត្ត​​ទោស​​ច្រើន​ជាង​​ការ​ដាក់​ទោស​​នៅ​​តុលាការ​​ជាន់​ទាប​នេះ​ទី​ ១ ​។ ​ទី​ ២ ​គាត់​អាច​​មើល​ឃើញ​​ថា​​វា​​អត់​មាន​បទល្មើស​ទេ​ប៉ុន្តែ​គាត់​ក៏​អាច​មាន​សិទ្ធិ​​ប្តឹង​តវ៉ា​​ទៅ​​តុលាការ​​ថ្នាក់​លើ​ដែរ​ប្រសិន​បើ​​ចៅក្រម​គាត់​ដាក់​ទោស​​ទៅ​លើ​ជន​នោះ​ខ្ពស់​ពេក​។

ករណី​នេះ​ប្រសិន​បើ​​ជន​ជាប់ចោទ​ត្រូវ​ជំនុំជម្រះ​នៅ​សាលា​ឧទ្ធរណ៍​ហើយ​​ត្រូវ​បាន​ឧទ្ធរណ៍​ដាក់​ទោស​​ទាប​ដដែល​ តើ​ព្រះរាជអាជ្ញា​នៅ​​សាលា​ឧទ្ធរណ៍​អាច​ប្តឹង​តវ៉ា​បាន​ដែរ​​ទេ​?

ករណី​នេះ​ព្រះរាជអាជ្ញា​ក៏​អាច​​ប្តឹង​តវ៉ា​​បន្ត​ទៅ​​តុលាការ​​កំពូល​ទៀត​​បាន​ដូច​គ្នា​។

ទាក់ទង​​នឹង​ការ​ប្តឹង​តវ៉ា​នេះ​ដែរ​ប្រសិន​បើ​ព្រះរាជអាជ្ញា​ដែល​ធ្លាប់​ចូល​​ជំនុំជម្រះ​ក្តី​ជន​នោះ​ តើ​គាត់​អាច​ប្តឹង​បាន​ទេ​? ​ហើយ​ចំពោះ​ការ​ប្តឹង​តវ៉ា​នេះ តើ​ពេល​សាលក្រម ឬ​សាលដីកា​ចូល​ជា​ស្ថាពរ​អាច​ប្តឹង​បាន​ឬ​ទេ?

ចំពោះ​​ព្រះរាជអាជ្ញា​​ដែល​​គាត់​ធ្លាប់​ចូលរួម​​​ជំនុំជម្រះ​រឿង​នោះ​ដែរ​គឺ​គាត់​មាន​​សិទ្ធិ​អាច​ប្តឹង​តវ៉ា​​ពី​ជន​ជាប់​ចោទ​នោះ​បាន​។ ​រីឯ​ការ​ប្តឹង​តវ៉ា​គឺ​គេ​​ធ្វើ​​បាន​លុះត្រា​​តែ​សាលក្រម​​ ឬ​សាលដីកា​មិន​ទាន់​ចូល​​ជា​ស្ថាពរ​៕

0

Comments

Please, login or register to post a comment