Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - នីតិវិធី​ច្បាប់​​ ពេល​ដៃគូ​អាជីវកម្ម​ជំពាក់​លុយ

Content image - Phnom Penh Post
លោក មេធាវី យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្ដី​ជនក្រីក្រ​នៃ​គណៈមេធាវី​។ រូបថត គឹម សារុំ

នីតិវិធី​ច្បាប់​​ ពេល​ដៃគូ​អាជីវកម្ម​ជំពាក់​លុយ

ចំពោះ​ដៃគូ​ធ្វើ​អាជីវកម្ម​នៅ​ពេល​ពាក់ព័ន្ធ​លុយ​ភាគី​ម្ខាង​ទៀត ហើយ​មិន​សង​ ឬ​គ្មាន​លទ្ធភាព​សង​ទៅ​ម្ចាស់​បំណុល តើ​ករណី​នេះ​ម្ចាស់​បំណុល​គួរ​ធ្វើ​យ៉ាង​ម៉េច​ហើយ​ភាគី​ជា​កូន​បំណុល​គួរ​ត្រូវ​ដោះស្រាយ​ជា​សំណង​យ៉ាង​ម៉េច​ទៅ​ម្ចាស់​បំណុល​។ ​

ជុំវិញ​បញ្ហា​នេះ ​ភ្នំពេញ ​ប៉ុស្តិ៍ ​បាន​សម្ភាស​ជាមួយ​ លោក​មេធាវី យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ឧទាហរណ៍​ថា​បុគ្គល​ម្នាក់​ជំពាក់​ប្រាក់​គេ និង​ត្រូវ​ម្ចាស់​បំណុល​ទារ តែ​គាត់​មិន​ព្រម​សង​ហើយ​ម្ចាស់​បំណុល​គំរាម​ថា​បើ​គាត់​មិន​សង​លុយ​ត្រូវ​បិទ​អាជីវកម្ម​។ ករណី​នេះ​ប្រសិន​បើ​ម្ចាស់​បំណុល​បិទ​អាជីវកម្ម កូន​បំណុល​ហើយ​សួរ​ថា កូន​បំណុល​អាច​រួច​ខ្លួន​បាន​ទេ​?

ទាក់ទង​នឹង​ការ​បិទ​អាជីវកម្ម​វា​ទាក់ទង​នឹង​លិខិត​អនុញ្ញាត​ ឬ​អាជ្ញាប័ណ្ណ​ដែល​ជា​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ណា​មួយ​វា​សុទ្ធ​តែ​ទាក់ទង​នឹង​ផ្លូវ​ច្បាប់​។ ចំពោះ​ថា​ ករណី​គេ​បិទ​អាជីវកម្ម​របស់​កូន​បំណុល​ណា​មួយ​លុះ​ណា​តែ​គេ​រកឃើញ​ថា​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​ណា​មួយ​នោះ​គាត់​ធ្វើ​ខុស​ច្បាប់​។ អាហ្នឹង​អ្នក​ដែល​គេ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​នោះ​គឺ​មាន​សិទ្ធិ​បិទ​។ អាហ្នឹង​យើង​និយាយ​ពី​ការ​បិទ​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​។

ករណី​មួយ​ទៀត​ការ​បិទ​ក្រុមហ៊ុន ឬ​អាជីវកម្ម​ណា​មួយ​នោះ​គឺ​ធ្វើ​ឡើង​តាម​ផ្លូវ​តុលាការ​។ ​មាន​ន័យ​ថា​ភាគី​ម្ខាង​ទៀត​អាច​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​តុលាការ​​ដើម្បី​សុំ​បិទ​អាជីវកម្ម​នោះ​មួយ​រយៈ​សិន​ដោយ​គេ​យល់​ថា អាជីវកម្ម​នោះ​ធ្វើ​មិន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​។

ករណី​ការ​បិទ​ជំនួញ​ណា​មួយ​នោះ មិន​សំដៅ​លើ​ក្រុមហ៊ុន​ធំៗ​ទេ​គឺ​សិប្បកម្ម​អាជីវកម្ម​ក៏​បាន​ដែរ​។ ឧទាហរណ៍​ថា​សិប្បកម្ម​មួយ ផលិត​ទឹកកក​ក៏​ប៉ុន្តែ​សិប្បកម្ម​នោះ​គាត់​មិន​គោរព​ទៅ​តាម​លក្ខខណ្ឌ​ការ​ធ្វើ​អាជីវកម្ម​គឺ​អាច​បញ្ជា​ឲ្យ​ផ្អាក​បណ្តោះ​អាសន្ន​សិន ឬ​បិទ​តែ​ម្តង​។

ករណី​មួយ​ទៀត​វា​មាន​ពាក់ព័ន្ធ​នឹង​រឿង​បុគ្គល​ដូច​ករណី​ជំពាក់​លុយកាក់​គេ​ហើយ​គាត់​មិន​ព្រម​សង​គេ​គឺ​អាច​បិទ​អាជីវកម្ម​នោះ​បាន ប្រសិន​បើ​យើង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​នោះ​។

ឧទារហណ៍​ថា​ម្ចាស់​អាជីវកម្ម​នោះ​គាត់​ជំពាក់​ប្រាក់​គេ​មិន​សង​គឺ​ម្ចាស់​បំណុល​នោះ​អាច​ប្តឹង​ទៅ​តុលាការ​ដើម្បី​ឲ្យ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​មួយ​បង្គាប់​ឲ្យ​ផ្អាក​បណ្តោះអាសន្ន​។

សំណួរ​សួរ​ថា ​ចុះ​បើ​នៅ​ពេល​គេ​បិទ​អាជីវកម្ម​ទៅ តើ​កូន​បំណុល​នោះ​នឹង​រួច​ខ្លួន​ទេ​?

បញ្ហា​នេះ​គឺ​កូន​បំណុល​នោះ​មិន​រួច​ខ្លួន​ទេ ការ​ជំពាក់​លុយ​គេ​គឺ​សំណង​នៅ​តែ​សង​ជំពាក់​នៅ​តែ​ជំពាក់​ដដែល ចំពោះ​ការ​បិទ​អាជីវកម្ម​នោះ​គឺ​គ្រាន់តែ​ជា​ការ​ទប់ស្កាត់​សកម្មភាព​មិន​ឲ្យ​បន្ត​តែ​ប៉ុណ្ណោះ​។

បញ្ហា​នេះ​អាច​ជា​ការ​ដាក់​ពិន័យ​ដែល​មាន​ន័យ​ថា​បើ​យើង​នៅ​បន្ត​សកម្មភាព​ហេតុអ្វី​បាន​ជា​គ្មាន​ប្រាក់​សង​គេ​។ នេះ​និយាយ​ពី​ការ​ជំពាក់​លុយ​កាក់​ទាក់ទង​នឹង​កិច្ចសន្យា​ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​ជាដើម​។

ករណី​នេះ​ប្រសិន​បើ​គាត់​គ្មាន​ប្រាក់​សង​ទៅ​ម្ចាស់​បំណុល​តើ​កូន​បំណុល​នោះ​អាច​មាន​ទោស​ដែរ​ទេ​?

បើ​យើង​និយាយ​ពី​រឿង​ទាក់ទង​នឹង​កិច្ចសន្យា​ជំពាក់​លុយ​កាក់​គ្នា​គឺ​កូន​បំណុល​អត់​មាន​ទោស​ទេ ប៉ុន្តែ​គេ​អាច​រឹបអូស​អាជីវកម្ម​រឹបអូស​ទ្រព្យសម្បត្តិ​ដើម្បី​ទូទាត់​សង​ម្ចាស់​បំណុល​ជា​​សំណង​។

ទាក់ទង​នឹង​ទោស​ព្រហ្មទណ្ឌ បើ​យើង​ពិនិត្យ​ទាក់ទង​នឹង​រឿង​ជំពាក់​បំណុល​ដែល​មិនមែន​ជា​លក្ខណៈ​ឆបោក​អី​ទេ​អាហ្នឹង​គឺ​ស្ថិត​ក្នុង​រឿង​រដ្ឋប្បវេណី​។ ​

រឿង​រដ្ឋប្បវេណី​គឺ​គេ​អត់​និយាយ​ពី​រឿង​ទោស​ព្រហ្មទណ្ឌ​ទេ​គេ​និយាយ​ពី​រឿង​សំណង​បើ​យើង​អត់​លុយ​សង​គេ​ទេ​គឺ​គេ​រឹបអូស​យក​ទ្រព្យសម្បត្តិ ដើម្បី​យក​ទៅ​លក់​ឡាយឡុង​សង​ម្ចាស់​បំណុល​។ រឿង​បែប​នេះ​មួយ​រយ​ភាគរយ​គឺ​គ្មាន​ទោស​ព្រហ្មទណ្ឌ​ទេ​នេះ បើ​រឿង​នោះ​ជា​រឿង​រដ្ឋប្បវេណី​សុទ្ធសាធ​។

ចុះ​បើ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​រឹបអូស​ដល់​ពេល​លក់​ឡាយឡុង​ទៅ​វា​អត់​គ្រប់​បំណុល​នោះ តើ​គេ​ធ្វើ​យ៉ាង​ម៉េច​?

ករណី​នេះ​យើង​មាន​ទ្រឹស្តី​មួយ​ចែង​ថា បើ​អ្នក​នោះ​ក្បាល​គាត់​ត្រងោល តើ​មាន​ចៃ​មកពី​ណា​​ដូច្នេះ​គេ​ទុក​ឲ្យ​គាត់​ដុះ​សក់​សិន​ក្រែងលោ​បុគ្គល​នោះ​មាន​ចៃ​។

មាន​ន័យ​ថា បើ​បុគ្គល​នោះ​អស់​ត្រឹម​លក់​ទ្រព្យសម្បត្តិ​ហើយ​តើ​ឲ្យ​គាត់​ទៅ​រក​លុយ​មកពី​ណា​ទៀត​។ បើ​យក​គាត់​ទៅ​ដាក់​ពន្ធនាគារ​ក៏​អត់​មាន​អី​ទៀត​ដែរ​ប៉ុន្តែ​រឿង​រដ្ឋប្បវេណី​គឺ​អត់​មាន​បង្ខំ​ដាក់​គុក​បាន​ទេ​ច្បាប់​ហាមឃាត់​។ ​គេ​ឲ្យ​រឹបអូស​តែ​ទ្រព្យសម្បត្តិ​ទេ​បើ​អស់​ត្រឹម​ណា​គឺ​ទុក​សិន​ដើម្បី​ទុក​ឲ្យ​បុគ្គល​នោះ រក​លុយ​បន្ត​ទៀត​សិន​។

ករណី​នេះ​បើ​ម្ចាស់​បំណុល​មិន​សុខចិត្ត ហើយ​ប្តឹង​ទៅ​តុលាការ​តើ​បាន​ទេ​?

តុលាការ​គឺជា​ស្ថាប័ន​សម្រាប់​ដោះស្រាយ​រក​យុត្តិធម៌​បើ​ភាគី​ម្ខាង​មិន​សុខចិត្ត​ទេ​គឺ​គាត់​ត្រូវ​ប្តឹង​ទៅ​តុលាការ ថា​តើ​គេ​មក​រឹបអូស​យក​ទ្រព្យសម្បត្តិ​តើ​វា​ត្រឹមត្រូវ​ដែរ​ឬ​អត់​? អាហ្នឹង​ហើយ​ដែល​ត្រូវ​តុលាការ​ដោះស្រាយ​ព្រោះ​ធម្មតា​អ្នក​ជំពាក់​លុយ​មួយ​ចំនួន​គាត់​ថា​គាត់​បាន​សងលុយ​ខ្លះ​ទៅ​ម្ចាស់​បំណុល​ហើយ​ចុះ​ហេតុអ្វី​បាន​ជា​គាត់​ទារ​ទាំង​ដើម​ទាំង​ការ​ទៀត​។ បើ​គាត់​មិន​សុខ​ចិត្ត​បែប​នេះ​គាត់​ត្រូវ​ប្តឹង​ទៅ​តុលាការ​។

ប៉ុន្តែ​គោលការណ៍​រឹបអូស​នេះ​មិនមែន​អ្វីៗ​ឲ្យ​តែ​កូនបំណុល​នោះ​មាន​សូម្បីតែ​ខោអាវ​ក៏​រឹបអូស​ដែរ​ទេ​គឺ​គេ​មាន​គោលការណ៍​គេ​ដែរ​។ រឿង​របស់​ផ្ទាល់​ខ្លួន​​របស់​ជា​ទីសក្ការៈ​គោរព​បូជា​ឧទាហរណ៍​ដូចជា​ព្រះ​ដែល​មាន​​តម្លៃ​រាប់ម៉ឺន​ដុល្លារ​គឺ​រឹបអូស​មិន​បាន​ទេ​នៅ​ក្នុង​ច្បាប់​គេ​ហាម​។

ប៉ុន្តែ​បញ្ហា​អស់​ទាំងនេះ​មាន​តែ​​តុលាការ​ទេ​ដែល​ជា​អ្នក​សម្រេច​។ ​ប៉ុន្តែ​បើ​កូន​បំណុល​នោះ​មាន​ដី​ ឬ​មាន​អចលនទ្រព្យ​នៅ​កន្លែង​ណា​គឺ​នៅ​ពេល​ម្ចាស់​បំណុល​ដឹង​គឺ​អាច​ប្តឹង​ទៅ​តុលាការ ដើម្បី​រឹបអូស​បាន​រហូត​ដល់​នៅ​បរទេស​គឺ​ធ្វើ​តាមរយៈ​ច្បាប់​បរទេស​៕

0

Comments

Please, login or register to post a comment