Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បណ្តឹង​ទាស់ បណ្តឹង​ឧទ្ធរណ៍ បណ្តឹង​សារទុក្ខ និង​បណ្ដឹង​សើរើ

លោក ឡោ គីមហ្កិច មេធាវី​នៃ​ការិយាល័យ​មេធាវី អិល-អេស-អ។
លោក ឡោ គីមហ្កិច មេធាវី​នៃ​ការិយាល័យ​មេធាវី អិល-អេស-អ។ រូប សហការី

បណ្តឹង​ទាស់ បណ្តឹង​ឧទ្ធរណ៍ បណ្តឹង​សារទុក្ខ និង​បណ្ដឹង​សើរើ

លោក ឡោ គីមហ្កិច ជា​មេធាវី​នៃ​ការិយាល័យ​មេធាវី អិល-អេស-អ (កម្ពុជា) មាន​ទីតាំង​នៅ​ផ្ទះ​លេខ ១៦A ផ្លូវ ២៥២ ក្នុង សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ និង​ជា​សមាជិក​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ ជុំវិញ​ការ​ធ្វើ​បណ្តឹង​ទាស់, បណ្តឹង​ឧទ្ធរណ៍, បណ្តឹង​សារ​ទុក្ខ និង​បណ្ដឹង​សើរើ ដោយ​ផ្អែក​លើ​ការ​កំណត់​ដោយ​ច្បាប់​ជា​ធរមាន​នៅ​កម្ពុជា ដែល​មាន​ខ្លឹមសារ​ជា​អាទិ៍​ដូច​ខាង​ក្រោម៖

ដូច​មេ្ដច​ហៅ​ថា បណ្តឹង​ទាស់, បណ្តឹង​ឧទ្ធរណ៍, បណ្តឹង​សារ​ទុក្ខ​និង​បណ្ដឹង​សើរើ តើ​បណ្តឹង​ទាំង​នេះ​ធ្វើ​ឡើង​នៅ​ពេល​ណា? នៅ​កន្លែង​ណា? ធ្វើ​ឡើង​ដើម្បី​អ្វី?

ដែល​ហៅ​ថា បណ្តឹង​ទាស់​គឺជា​បណ្ដឹង​ដែល​ធ្វើ​ឡើង​ដើម្បី​ឲ្យ​តុលាការ​ដែល​បាន​សម្រេច​សេចក្ដី​រួច​ហើយ​មក​ជម្រះ សេចក្ដី​សា​ឡើង​វិញ​ម្ដង​ទៀត។ មូល​ហេតុ​ដែល​មាន​បណ្ដឹង​ទាស់​ទៅ​លើ​សាល​ក្រម​ឬ សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ព្រោះ​ពេល​ជំនុំ​ជម្រះ គឺជន​ជាប់​ចោទ ដើម​បណ្ដឹង​រដ្ឋប្បវេណី ឬ​តំណាង​ស្រប​ច្បាប់ អវត្តមាន​ឬ​មិន​បាន​ដឹង​ពីការ​ជំនុំ​ជម្រះ​លើ​រឿង​ក្ដី​នេះ (មាត្រា ៣៦២, ៤០៩ ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៧)។

បណ្ដឹង​ទាស់ៈ បណ្ដឹង​ទាស់​អាច​ធ្វើ​ឡើង​បាន​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ បន្ទាប់​ពី​បាន​ទទួល​សាល​ក្រម សាល​ដីកា ឬ​បាន​ដឹង​យ៉ាង​ពិត​ប្រាកដ (មាត្រា ៣៦៥, ៣៦៨, ៤០៩, ៤១២ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៧)។ បណ្ដឹង​ទាស់​អាច​ធ្វើ​ឡើង​បាន​ដោយ​ដាក់​ពាក្យ​បណ្ដឹង​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ ដាក់​នៅ​ការិយាល័យ​ក្រឡា​បញ្ជី​នៃ​តុលាការ​ដែល​បាន​ប្រកាស​សាល​ក្រម ឬ​សាល​ដីកា, នៅ​ចំពោះ​មុខ​ព្រះ​រាជ​អាជ្ញា, អង្គភាព​នគរបាល​ឬ​កង​រាជ​អាវុធហត្ថ ឬ​នៅ​ចំពោះ​មុខ​ប្រធាន​ពន្ធនាគារ​ឬ​មណ្ឌល​ឃុំ​ខ្លួន (មាត្រា ៣៦៦,៤១០ ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៧)។

បញ្ជាក់ៈ ចំពោះ​តុលាការ​កំពូល​ពុំ​មាន​បណ្ដឹង​ទាស់​ទេ ព្រោះ​សាល​ដីកា​ដែល ប្រកាស​រួច​ត្រូវ​ចូល​ជា​ធរមាន​ភ្លាម។

-បណ្ដឹង​ឧទ្ធរណ៍ៈ បណ្ដឹង​ឧទ្ធរណ៍​ធ្វើ​ឡើង​នៅ​ពេល​ដែល​ព្រះ​រាជ​អាជ្ញា ជន​ជាប់​ចោទ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឬ​តំណាង​ស្រប​ច្បាប់​មិន​សុខ​ចិត្ដ​ចំពោះ​សាលក្រម​ដែល​បាន​សម្រេច​សេច​ក្ដី (មាត្រា ៣៧៣ ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៧)។ រយៈ​ពេល​ប្ដឹង​ឧទ្ធរណ៍​មួយ​ខែ (មាត្រា ៣៨១, ៣៨២ ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៧)។

-បណ្ដឹង​សារ​ទុក្ខៈ បណ្ដឹង​សារ​ទុក្ខ​ធ្វើ​ឡើង​នៅ​ពេល​ដែល​អគ្គ​ព្រះ​រាជអាជ្ញា​ជន​ជាប់​ចោទ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ឬ​តំណាង​ស្រប​ច្បាប់​មិន​សុខ​ចិត្ដ​ចំពោះ​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ (មាត្រា ៤១៧ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៧)។

រយៈ​ពេល​ធ្វើ​បណ្ដឹង​សារ​ទុក្ខ​មួយ​ខែ (មាត្រា ៤២០ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៧)។

-បណ្ដឹង​សើរើៈ បណ្តឹង​សើរើ គឺជា​បណ្ដឹង​តវ៉ា​មួយ​ប្រឆាំង​ទៅ​នឹង​សាល​ក្រម​ឬ​សាល​ដីកា​ដែល​បាន​ចូល​ជា​ស្ថាពរ (មាត្រា ៤៤៣ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៧)។

អ្នក​ដែល​ធ្វើ​បណ្ដឹង​សើរើ​បាន​គឺ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្ដិធម៌ ទណ្ឌិត​ឬ​អ្នក​តំណាង​ស្រប​ច្បាប់​សហព័ទ្ធ ឪពុក​ម្ដាយ​កូន និង​ជា​ទូទៅ​ជន​ណា​ដែល​មាន​ប្រយោជន៍​ខាង​សម្ភារ​ឬ​ខាង​ផ្លូវ​ចិត្ដ​ក្នុង​ការ​លុប​បំបាត់​ទណ្ឌកម្ម​នេះ។ បណ្ដឹង​សើរើ​អាច​ធ្វើ​បាន​នៅ​តុលាការ​កំពូល។ បណ្ដឹង​ទាស់​បណ្ដឹង​ឧទ្ធរណ៍ បណ្ដឹង​សារ​ទុក្ខ បណ្ដឹង​សើរើ ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ស្រប​ច្បាប់។

តើ​នរណា​ខ្លះ មាន​សិទ្ធិ​ប្ដឹង​ទាស់ ឬ​ប្ដឹង​ជួស​ជន​ជាប់​ចោទ​បាន​ហើយ​ក្នុង​ន័យ​ច្បាប់​បក​ស្រាយ​បែប​ណា​ដែរ?

អ្នក​ដែល​មាន​សិទ្ធិ​ប្ដឹង​ទាស់​ឬ​ប្ដឹង​ជំនួស​ពិរុទ្ធ​ជន​បាន​គឺ ពិរុទ្ធ​ជន​ខ្លួន​ឯង, មេធាវី​, ឪពុក, ម្ដាយ​ឬ​អាណា​ព្យាបាលៈ ១- ពិរុទ្ធ​ជន​ជា​នីតិជន (មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង) អាច​ប្ដឹង​បាន​ដោយ​ខ្លួន​ឯង​ឬ​ពឹង​អ្នក​តំណាង​ឲ្យ​ប្ដឹង​ជំនួស (អ្នក​តំណាង​ស្រប​ច្បាប់​គឺ​មេធាវី)។ ២- ពិរុទ្ធ​ជន​ជា​អនីតិជន (មាន​អាយុ ១៤​ឆ្នាំ ឡើង​ដល់ ១៨​ឆ្នាំ) អ្នក​ដែល​អាច​ប្ដឹង​ទាស់​បាន​មាន ឪពុក, ម្ដាយ, អាណា​ព្យាបាល​ឬ​មេធាវី​ដែល​មាន​ការ​ផ្ទេរ​សិទ្ធិ​ពី​ឪពុក ម្ដាយ អាណា​ព្យាបាល។

ការ​បក​ស្រាយ​តាម​ន័យ​ច្បាប់​គឺថា៖ ១- ពិរុទ្ធជន​ជា​នីតិជន​អាច​ប្ដឹង​ដោយ​ខ្លួន​ឯង ឬ​មាន​សិទ្ធិ​ពឹង​មេធាវី​ឲ្យ​ប្ដឹង​ជំនួស ព្រោះ​ថា​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កំណត់​វ័យ​នីតិភាព​ពោល​គឺ​អាយុ ១៨ ឆ្នាំ​ឡើង​ព្រោះ​ថា អាយុ​នេះ​អាច​មាន​ការ​គិត​ពិចារណា​បាន​ត្រឹម​ត្រូវ​ទៅ​លើ​សកម្មភាព​របស់​ខ្លួន។

២- ពិរុទ្ធជន​ជា​អនីតិជន​ចាប់​ពី​អាយុ ១៤​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ គឺ​អ្នក​តំណាង​ស្រប​ច្បាប់​របស់​គាត់​ជា​អ្នក​ប្ដឹង​ជំនួស​ឬ​អ្នក​តំណាង​នោះ​ផ្ទេរ​សិទ្ធិ​ឲ្យ​អ្នក​តំណាង​ស្រប​ច្បាប់​ប្ដឹង​ជំនួស​បន្ដ​ទៀត​បាន។

(មាត្រា ៩៦ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៧)។

មូល​ហេតុ​បាន​ជា​ពិរុទ្ធ​ជន​ជា​អនីតិជន​មិន​អាច​ប្ដឹង​ដោយ​ខ្លួន​ឯង​បាន ព្រោះ​គាត់​ពុំ​ទាន់​មាន​សមត្ថភាព​តាម​ផ្លូវ​ច្បាប់ នៅ​ឡើយ។

មូល​ហេតុ​អ្វី​បាន​ជា​ច្បាប់​ចែង ឲ្យ​មាន​ការ​ប្ដឹង​ជំទាស់ ឬ ប្ដឹង​ជំនួស?

មូល​ហេតុ​ដែល​ច្បាប់​ចែង​ឲ្យ​មាន​ការ​ប្ដឹង​ជំទាស់​ឬ​ប្ដឹង​ជំនួស ព្រោះ​ថា ច្បាប់​ត្រូវ​បាន​ធានា​រក្សា​សិទ្ធិ​ដល់​ជន​ជាប់​ចោទ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​នៅ​ចំពោះ​មុ​ខយុត្តាធិការ​តុលាការ។

តើ​ការ​ប្ដឹង​នេះ​មាន​ផល​ប្រយោជន៍​បែប​ណា​ដល់​ជន​ជាប់​ចោទ?

កាល​ណា​បណ្ដឹង​ជំទាស់​ត្រូវ​បាន​ធ្វើ​ឡើង​នោះ សាល​ក្រម​ឬ​សាល​ដីកា ដែល​បាន​សម្រេច​ត្រូវ​ចាត់​ទុក​ជា​អត់​បាន​ការ ហើយ​តុលាការ​ដដែល​នោះ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​សា​ជា​ថ្មី​ឡើង​វិញ។

តើ​ព្រះ​រាជអាជ្ញា និង​អគ្គ​ព្រះ​រាជអាជ្ញា អាច​ប្ដឹង​បដិសេធ​លើ​សាល​ក្រម​ឬ​សាល​ដីកា​បាន​ដែរ​ឬ​យ៉ាង​ណា?

ព្រះ​រាជ​អាជ្ញា​អាច​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ដោយ​មិន​សុខ​ចិត្ដ លើ​សាល​ក្រម​សាលា​ដំបូង​ខេត្ត-ក្រុង​បាន។ ចំណែក​អគ្គ​ព្រះ​រាជអាជ្ញា​អាច​ប្ដឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍។ ជា​ឧទាហរណ៍៖

១- ជន​ជាប់​ចោទ​ត្រូវ​មាន​ទោស​ក្នុង​បទ​ឧក្រិដ្ឋ​ដែល​ច្បាប់​បាន​កំណត់​ទោស​ពី ៣ ឆ្នាំ​ទៅ ១០ ឆ្នាំ​ហើយ​តុលាការ​នៃ​សាលា​ដំបូង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ៥ ឆ្នាំ តែ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​មិន​សុខ​ចិត្ដ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍។ សាលា​ឧទ្ធរណ៍​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ទាំង​មូល។ ២- ជន​ជាប់​ចោទ​ត្រូវ​មាន​ទោស​ក្នុង​បទ​ឧក្រិដ្ឋ ដែល​ច្បាប់​បាន​កំណត់​ទោស​ដាក់​ពន្ធនាគារ​ពីបី​ឆ្នាំ​ទៅ​ដប់​ឆ្នាំ តែ​ត្រូវ​សាលា​ដំបូង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ៩​ឆ្នាំ តែ​ត្រូវ​ជន​ជាប់​ចោទ​ប្ដឹង​ឧទ្ធរណ៍។ ពេល​ជម្រះ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​កែ​ប្រែ​ទណ្ឌកម្ម​ទោស​ពីដាក់​ពន្ធនាគារ ៩​ឆ្នាំ មក ៤ ឆ្នាំ​វិញ​ក្នុង​ករណី​នេះ៖ ក- អគ្គ​ព្រះ​រាជអាជ្ញា​មិន​សុខ​ចិត្ដ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​បាន​ប្ដឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល។ ខ- ពិរុទ្ធ​ជន​ឬ​តំណាង​ស្រប​ច្បាប់ មិន​សុខ​ចិត្ដ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​បាន​ប្ដឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល។ តែ​ដោយ​សំណុំ​រឿង​មាន​ច្រើន តុលាការ​កំពូល​មិន​ទាន់​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះ​រយៈ​ពេល​បួន​ឆ្នាំ បាន​មក​ដល់។

ដោយ​យោង​តាម​សាល​ដីកា របស់​សាលា​ឧទ្ធរណ៍​ដែល​បាន​ដល់​ថ្ងៃ​កំណត់​ផុត​ទោស។ ក្នុង​ករណី​នេះ​តើ​មន្រ្ដី​ពន្ធនាគារ​អាច​ដោះ​លែង​ពិរុទ្ធ​ជន​នោះ​បាន​ទេ?

អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍​មាន​សិទ្ធិ​ប្ដឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​បាន។ ក- ចំពោះ​បណ្ដឹង​សារ​ទុក្ខ​របស់​អគ្គ​ព្រះ​រាជអាជ្ញាៈ មន្រ្ដី​ពន្ធនាគារ​មិន​អាច​ដោះ​លែង​ពិរុទ្ធ​ជន​បាន​ទេ ទាល់​តែ​មាន​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ឬ​ដល់​កំណត់​ទោស​របស់​សាលា​ដំបូង​ទើប​អាច​ដោះ​លែង​ពិរុទ្ធ​ជន​នោះ​បាន។ ខ- ចំពោះ​បណ្ដឹង​សារទុក្ខ​របស់​ពិរុទ្ធ​ជន​ឬ​អ្នក​តំណាង​ស្រប​ច្បាប់ៈ មន្រ្ដី​ពន្ធនាគារ​ដោះ​លែង​ពិរុទ្ធ​ជន​នោះ​បាន។

បញ្ជាក់ៈ - បណ្ដឹង​ធ្វើ​ឡើង​ដោយ​ព្រះ​រាជអាជ្ញា​ឬ​អគ្គ​ព្រះ​រាជអាជ្ញា ទណ្ឌកម្ម​អាច​ត្រូវ​បាន​តុលាការ​សម្រេច​បន្ថែម​ឬ​បន្ថយ​ទណ្ឌកម្ម​ទោស។

- បណ្ដឹង​ធ្វើ​ឡើង​ដោយ​ពិរុទ្ធជន​ឬ​អ្នក​តំណាង​ស្រប​ច្បាប់​តុលាការ​សម្រេច​ទណ្ឌកម្ម​នៅ​ដដែល ឬ​បន្ថយ (មិន​សម្រេច​ដំឡើង​ទណ្ឌកម្ម​ឡើយ)៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ