ជាទូទៅ ប្រសិន​បើ​ភាគី​ណាមួយ​មាន​ទំនាស់​ ឬ​វិវាទ​គ្នា​ក្នុង​រឿង​អ្វី​មួយ​នោះ ភាគី​នោះ​តែងតែ​ប្តឹង​ភាគី​ម្ខាង​ទៀត​ដើម្បី​ឲ្យ​ច្បាប់​រក​ខុស​ត្រូវ​ជូន​ខ្លួន​។ ​ជុំវិញ​ការ​ធ្វើ​ពាក្យ​បណ្តឹង​ ឬ​ក៏​ការ​ប្តឹង​អាច​ធ្វើ​ទៅ​បាន​នោះ​ជា​នីតិវិធី​តើ​អ្នក​មាន​ជម្លោះ​គួរ​ធ្វើ​ដោយ​វិធី​ណា​ខ្លះ​?

ដើម្បី​បាន​ជ្រាប​ពី​ចំណុច​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​​ជាមួយ​លោក​ កែវ វ៉ាន្នី ជា​មេធាវី​នៅ​ការិយាល័យ​មេធាវី​យុត្តិធម៌​អាស៊ី​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ២៥០ ផ្លូវ​លេខ​ ៣១BT ​ភូមិ​សន្សំ​កុសល​ ២ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ឧទាហរណ៍​ថា​ពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ភូមិ​មួយ​គាត់​មាន​ទំនាស់​ជាមួយ​ភាគី​ម្ខាង​ទៀត​ហើយ​គាត់​ចង់​ប្តឹង​។ ​ពេល​នោះ​គាត់​ត្រូវ​ប្តឹង​នៅ​កន្លែង​ណា​? ហើយ​ពាក្យ​បណ្តឹង​គួរ​សរសេរ​ខ្លួន​គាត់​ ឬ​ទៅ​កន្លែង​ទទួល​បណ្តឹង​នោះ​? ​តើ​ពាក្យ​បណ្តឹង​តម្រូវ​ឲ្យ​គាត់​សរសេរ​ដៃ​ ឬ​វាយ​កុំព្យូទ័រ​?

នៅ​ក្នុង​ករណី​នេះ​យើង​ខ្ញុំ​សន្មត និង​កំណត់​ថា​វា​ជា​រឿង​ក្តី​រដ្ឋប្បវេណី​មិនមែន​ជា​រឿង​ក្តី​ព្រហ្មទណ្ឌ​ទេ​។ នៅ​ក្នុង​រឿង​ក្តី​រដ្ឋប្បវេណី​គេ​អាច​ដោះស្រាយ​ជាមួយ​គ្នា​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ដោយ​មិន​ចាំបាច់​តែ​ក្នុង​ប្រព័ន្ធ​តុលាការ​ទេ​។

ដូច្នេះ​ដើម​ចោទ​អាច​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដូចជា ភូមិ និង​ឃុំ-សង្កាត់​ដើម្បី​ដោះស្រាយ និង​សម្រប​សម្រួល​មិន​ទៅ​អង្គ​នគរបាល​​ ឬ​កងរាជ​អាវុធហត្ថ​ទេ​។

ចំពោះ​ពាក្យ​បណ្តឹង​យើង​អាច​សរសេរ​ដោយ​ខ្លួនឯង​ក៏​បាន​មិន​ចាំបាច់​តែ​ទៅ​យក​គំរូ​ពី​កន្លែង​ទទួល​ប្តឹង​នោះ​ទេ សំខាន់​គឺ​យើង​អាច​ដឹង​របៀប​សរសេរ​ខ្លះ ហើយ​រៀបរាប់​រឿង​ហេតុ​ឲ្យ​អស់​សេចក្តី ប៉ុន្តែ​ប្រសិន​បើ​កន្លែង​ទទួល​ប្តឹង​នោះ​មាន​គំរូ​ស្រាប់​ជា​ការ​ងាយស្រួល​សម្រាប់​យើង​។ ពាក្យ​បណ្តឹង​អាច​សរសេរ​ដោយ​ដៃ​ក៏​បាន​​ ឬ​វាយ​កុំព្យូទ័រ​ក៏​បាន​។

ប្រសិន​បើ​គាត់​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល តើ​នេះ​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ជួយ​សម្រុះ​សម្រួល​​ឲ្យ​ភាគី​ត្រូវ​គ្នា​វិញ​ ឬ​ក៏​ត្រូវ​បញ្ជូន​បន្ដ​ទៅ​កាន់​តុលាការ​?

ដូច​បាន​បញ្ជាក់​ជូន​ខាង​លើ​ប្រសិន​បើ​រឿង​ក្តី​នេះ​ជា​រឿងក្តី​រដ្ឋប្បវេណី​មិនមែន​ជា​រឿងក្តី​ព្រហ្មទណ្ឌ​ទេ​គេ​អាច​ដោះស្រាយ​ជាមួយ​គ្នា​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ដោយ​មិន​ចាំបាច់​តែ​ក្នុង​ប្រព័ន្ធ​តុលាការ​ទេ​គឺ​ដើម​ចោទ​អាច​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដូចជា​ភូមិ​ឃុំ​សង្កាត់​ដើម្បី​ដោះស្រាយ​ និង​សម្រប​សម្រួល​មិន​ទៅ​អង្គ​នគរបាល​ ឬ​កងរាជ​អាវុធហត្ថ​​ទេ​។

ប៉ុន្តែ​បើ​ភាគី​មិន​ទទួល​យក​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ភូមិ​ឃុំ​សង្កាត់​ទេ​គេ​អាច​ស្នើ​ឲ្យ​បញ្ជូន​រឿង​ក្តី​នេះ​ទៅ​អាជ្ញាធរ​ស្រុក​ខេត្ត​រួច​អាច​បន្ត​ទៅ​តុលាការ​ទៀត​បាន​។

ជា​គោលការណ៍​តើ​មាន​បណ្តឹង​ណា​ខ្លះ​ដែល​ចាត់​ថា​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​អាច​ដោះស្រាយ​បាន និង​បណ្តឹង​ណា​ខ្លះ​ត្រូវ​បញ្ជូន​មក​តុលាការ​?

ប្រសិន​បើ​រឿងក្តី​នេះ​ជា​រឿង​​ក្តី​រដ្ឋប្បវេណី​ទោះ​ជា​រឿង​ប្រភេទ​អ្វី​ក៏ដោយ​មិនមែន​ជា​រឿង​ក្តី​ព្រហ្មទណ្ឌ​គេ​អាច​ដោះស្រាយ និង​សម្រប​សម្រួល​របស់​អាជ្ញាធរ​ភូមិ​ឃុំ សង្កាត់ ស្រុក និង​ខេត្ត​បាន​។ ​ចុង​ក្រោយ​បើ​ភាគី​មិន​ទទួល​​យក​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ភូមិ​ឃុំ​សង្កាត់​ស្រុក​ និង​ខេត្ត​ទៀត​គេ​អាច​ទៅ​តុលាការ​បាន​។ ​ចំពោះ​រឿង​ក្តី​លែងលះ​មាន​ន័យ​ថា​បើ​ប្តី​ប្រពន្ធ​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​ចាំបាច់​ត្រូវ​ទៅ​តុលាការ​ដើម្បី​លែងលះ​។

ប្រសិន​បើ​បណ្តឹង​នោះ​មក​ដល់​តុលាការ​តើ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទើប​ខាង​តុលាការ​ចាត់ការ​ឲ្យ​ ឬ​ក៏​មិន​កំណត់​ពេល​ទេ​? ​ហើយ​អ្នក​ប្តឹង​ត្រូវ​បង់​ប្រាក់​ទេ​?

បើ​ពាក្យ​បណ្តឹង​ដល់​តុលាការ​ហើយ​ភាគី​អ្នក​ប្តឹង​ ឬ​ហៅ​ថា​ដើមចោទ​ត្រូវ​បង់ពន្ធ​ដាក់​ពាក្យ​ប្តឹង​។ ​ចំពោះ​តម្លៃ​វា​អាស្រ័យ​លើ​ប្រភេទ​នៃ​បណ្តឹង​ ឬ​កម្មវត្ថុ​នៃ​ការ​ទាមទារ​។

​ជា​គោលការណ៍​ទូទៅ​តុលាការ​ត្រូវ​កោះហៅ​ភាគី​ទាំង​សង​ខាង​ជួប​តទល់​គ្នា​ជា​លើក​ទី​មួយ​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ​បន្ទាប់ពី​បាន​ដាក់​ពាក្យ​ប្តឹង​។

ចំពោះ​អ្នក​ប្តឹង​នៅ​តុលាការ​នេះ​គេ​ហៅ​ថា​ដើមបណ្តឹង​ ឬ​ហៅ​ថា​យ៉ាង​ម៉េច​? ​ឯ​ភាគី​ម្ខាង​ទៀត​ហៅ​ដូច​ម៉េច​ដែរ​?

ចំពោះ​ភាគី​អ្នក​ប្តឹង​គេ​ហៅថា​ដើម​ចោទ​។ ​ចំណែកឯ​អ្នក​ដែល​ត្រូវ​គេ​ប្តឹង​ហៅថា ចុង​ចម្លើយ​។

តើ​ការ​ប្តឹង​មក​តុលាការ​អាច​ធ្វើ​បាន​គ្រប់​រឿង​ឬ​យ៉ាង​ណា​?

ជា​ការ​ពិត​ណាស់​ជា​គោលការណ៍​គ្រប់​រឿង​ក្តី​ទាំងអស់​អាច​ប្តឹង​មក​តុលាការ​ដោយ​ផ្ទាល់​បាន​ទាំងអស់​ដោយ​មិន​ចាំបាច់​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ទេ លើកលែង​តែ​រឿង​ក្តី​ខ្លះ​​ច្បាប់​ ឬ​បទដ្ឋាន​គតិយុតិ្ត​មួយ​ចំនួន​តម្រូវ​ឲ្យ​ដោះស្រាយ និង​សម្រប​សម្រួល​នៅ​អាជ្ញាធរ​ ឬ​ស្ថាប័ន​​ពិសេស​ណា​មួយ​ជា​មុន​សិន​មុន​​នឹង​បញ្ជូន​ទៅ​តុលាការ​៕