Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្វែងយល់​ពី​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការងារ (តចប់)

Content image - Phnom Penh Post
លោក ស ម៉ូរ៉ា ប្រធាន​សហជីព​ចំណី​អាហារ​​។ រូបថត សហការី

ស្វែងយល់​ពី​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការងារ (តចប់)

កាលពី​សប្តាហ៍​មុន​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ភាគ​ទី ២ ទាក់ទង​នឹង​សហព័ន្ធ​សហជីព​ចំណី​អាហារ​​ភេសជ្ជៈ​ និង​សេវាកម្ម​កម្ពុជា​ដែល​ជា​ស្ថាប័ន​ធ្វើការ​លើ​កម្មករ​​សំណង់​ ស្រ្តី​បម្រើ​សេវា​កម្សាន្ត​ និង​ក្រុម​កម្មករ​ដែល​ធ្វើការ​តាម​ក្រុមហ៊ុន​ផលិត​ចំណី​អាហារ​។

ប៉ុន្តែ​ក្រុម​កម្មករ​ទាំង​នេះ​មិន​ត្រូវ​បាន​ថៅកែ​យក​ច្បាប់​ស្តីពី​ការងារ​អនុវត្ត​ទៅ​លើ​ពួកគេ​ឡើយ​។

បញ្ហា​នេះ​ត្រូវ​បាន​លោក សម៉ូរ៉ា ប្រធាន​សហជីព​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​ពន្យល់​ថា​បណ្ដាល​មក​ពី​អំពើ​ពុករលួយ​​ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​មកលើ​កម្មករ​ខ្លួន​ឯង​ជា​​ហេតុ​ធ្វើ​ឲ្យ​ថៅកែ​ ឬ​ម្ចាស់​រោងចក្រ​មិន​គោរព​ច្បាប់​កម្ពុជា​ ឬ​ធ្វើអ្វី​ស្រេច​តែ​នឹង​ចិត្ត​។

នៅ​ពេល​នេះ​សូម​អាន​ភាគ​បញ្ចប់​ដូច​តទៅ​៖

ដើម្បី​ឲ្យ​មាន​តម្លាភាព​ក្នុង​ការងារ​ និង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​ពី​សំណាក់​ថៅកែ តើ​លោក​គិត​ថា​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ធ្វើ​បែប​ណា​?

យើង​ចង់​ឲ្យ​មាន​ការ​ចូលរួម​ឲ្យ​បាន​ពេញលេញ​ពី​គ្រប់​ភាគី​មាន​ន័យ​ថា​ទាំង​ភាគី​សហជីព​ភាគី​និយោជក ក៏​ដូចជា​ភាគី​ផ្នែក​រដ្ឋាភិបាល​។​

បញ្ហា​នេះ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ច្បាប់​ស្តីពី​សហជីព​ព្រោះ​ច្បាប់​នេះ​មើល​ទៅ​មិន​អនុញ្ញត​ឲ្យ​គ្រប់​ភាគី​ចូលរួម​បាន​ពេញលេញ​ទេ​ក្នុង​ការ​លើក​ឡើង​នូវ​បញ្ហា​ដើម្បី​ឲ្យ​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​ការ​កែប្រែ​លក្ខខណ្ឌ​ការងារ​ដល់​បងប្អូន​កម្មករ​និយោជិត​។ ​

ត្រង់​នេះ​ហើយ​ដែល​ជា​ឧបសគ្គ​ដោយសារ​តែ​ខ្វះ​ការ​ចូលរួម​ពី​គ្រប់​ភាគី​។ ​ដូច​គ្នា​នេះ​ដែរ​ខាង​​រដ្ឋាភិបាល​គួរ​តែ​បង្កើន​យន្តការ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​។​ ពិសេស​ជាង​នេះ​គឺ​ការ​ចុះ​ធ្វើ​អធិការកិច្ច​នៅ​តាម​បណ្តាស​ហគ្រាស​នៅក្នុង​វិស័យ​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​ខាង​ដើម​។​

ប្រសិន​ជា​អធិការកិច្ច​ហ្នឹង​ធ្វើ​​មិន​បាន​ដិតដល់​មិន​មាន​ប្រព័ន្ធ​​ក្នុង​ការ​ជំរុញ​ការងារ​ទេ​ហើយ​យន្តការ​ត្រូវ​តែ​ផ្តល់​ឱកាស​កុំ​ឲ្យ​មាន​អំពើ​ពុករលួយ​ការិយាល័យ​ធិបតេយ្យ​។​

ខ្ញុំ​ចេះ​តែ​បារម្ភ​ថា​ បើ​សិន​ជា​សិទ្ធិ​សេរីភាព​របស់​កម្មករ​ត្រូវ​បាន​រឹតត្បិត​ហើយ​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ​​តើ​ស្ថានការណ៍​វា​នឹង​ទៅ​ជា​យ៉ាង​ណា​។ យើង​ធ្លាប់​មាន​បទពិសោធ​រឿង​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់​ដេរ​កន្លង​មក​វា​ផ្ទុះ​ចេញ​ជា​កូដកម្ម​ បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជា​ដើម​ហ្នឹង​ដោយសារ​តែ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​យន្តការ​មិន​ល្អ​ធ្វើឲ្យ​ការ​ដោះស្រាយ​វិវាទ​របស់​កម្មករ​មិន​ល្អ​។​ អ៊ីចឹង​ក្នុង​ស្ថានភាព​ពេល​នេះ​ក៏​ដូច​គ្នា​ដែរ​បើ​សិន​បញ្ហា​ផ្សេងៗ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​ដោយ​យន្តការ​មាន​ប្រសិទ្ធភាព​ទេ​ខ្ញុំ​​បារម្ភ​​ថា​ក្នុង​ពេល​អនាគត​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​ខាង​មុខ​វា​នឹង​កើត​ចេញ​ទៅ​ជា​រឿង​ធំ​ដោយសារ​តែ​ច្បាប់​ក្នុង​សង្គម​យើង​ខ្វះ​​ចន្លោះ​។

តើ​ក្រុមហ៊ុន​មាន​ចេញ​សំណង​ដល់​កម្មករ​ទេ បើ​កម្មករ​ជួប​គ្រោះថ្នាក់​ក្នុង​ម៉ោង​ការងារ?

ជាទូទៅ​​បើ​យើង​ពិនិត្យ​លើ​ក្រុមហ៊ុន​ដែល​មាន​ទំហំ​ការងារ​តូច​ល្មម​គឺ​ហាក់​ដូចជា​គាត់​មិន​បាន​ខ្វល់ខ្វាយ​ទៅ​លើ​បញ្ហា​សុខភាព​សុវត្ថិភាព​របស់​កម្មករ​ទេ។

ក្រុមហ៊ុន​មួយ​ចំនួន​មិន​បាន​ទាំង​ចុះ​​ក្នុង​បញ្ជី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ផង​នៅ​ពេល​មាន​ហានិភ័យ​គ្រោះថ្នាក់​ផ្សេងៗ​​ដែល​កើតឡើង​លើ​កម្មករ​របស់​គាត់​ កម្មករ​តែង​ទទួល​​បាន​ការ​ជួយ​តិចតួច។ ​​

ជាក់ស្តែង​យើង​ឃើញ​កន្លងមក​ជា​ញឹកញយ​កម្មករ​តែងតែ​ជួប​បញ្ហា​គ្រោះថ្នាក់​ហើយ​​គាត់​ត្រូវ​បាន​បាត់បង់​អត្ថប្រយោជន៍​​ច្រើន​បើ​​ទោះ​ជា​ថៅកែ​បាន​សង​ និង​ជួយ​ជា​ថ្លៃ​ព្យាបាល​ក្តី​។​ អ្នក​ខ្លះ​ប្រសិន​ជា​គាត់​ត្រូវ​បាត់បង់​ជីវិត​ហើយ​បើ​គាត់​ជា​អ្នក​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ចៅ​ទាំង​មូល​ទៀត​នោះ​អ៊ីចឹង​គ្រួសារ​គាត់​នឹង​ប្រឈម​បញ្ហា​​ច្រើន​​​។ ​តែ​បើ​ថៅកែ​​​​​បាន​ចុះ​ក្នុង​បញ្ជី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​វិញ​ចង់​មិន​ចង់​ក៏​ថៅកែ​នោះ​មាន​ការ​ទទួល​ខុសត្រូវ​មួយ​ចំណែក​​ដែរ​។​

ប៉ុន្តែ​សហព័ន្ធ​សហជីព​របស់​យើង​ព្យាយាម​ជំរុញ​ខ្លាំងក្លា​ឲ្យ​ក្រុមហ៊ុន​ចុះ​បញ្ជី​របប​សន្តិសុខ​សង្គម​។​ ​តែ​បើ​ក្រុមហ៊ុន​ធំ​ស្រាប់​គឺ​យើង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​មួយ​ស្តីពី​សុវត្ថិភាព​ក្នុង​ការងារ​។​ ដូច​ខ្ញុំ​បាន​លើក​ឡើង​ហើយ​ថា​បើ​ក្រុមហ៊ុន​នោះ​ជា​ប្រភេទ​ក្រុមហ៊ុន​ធំ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដល់​កម្មករ​​។

តើ​ការ​ចុះ​បញ្ជី​​ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​តម្រូវ​ឲ្យ​មាន​កម្មករ​ចំនួន​ប៉ុន្មាន​នាក់​ទើប​ចុះ​បាន?

ជាទូទៅ​ច្បាប់​កំណត់​ថា​ចាប់​ពី​ ៨ ​នាក់​ឡើង​ទៅ​គឺ​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តីពី​ការងារ​​។​ មាន​ន័យ​ថា​ក្រុមហ៊ុន​ដែល​ជួល​បុគ្គលិក​ចាប់ពី​ ៨ ​នាក់​ឡើង​ទៅ​គឺ​គាត់​ត្រូវ​តែ​ទៅ​ចុះ​ក្នុង​បញ្ជី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។

តើ​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​ខ្លះ​មិន​ព្រម​ចុះ​បញ្ជី​នៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម?

បញ្ហា​នេះ​មកពី​កត្តា​ពីរ​យ៉ាង​គឺ​កត្តា​ទី​ ១ កម្រិត​នៃ​ការ​ផ្សព្វផ្សាយ​ការ​ណែនាំ​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៅ​មាន​កម្រិត​ហើយ​ថៅកែ​ក៏​នៅ​មាន​ការ​យល់ដឹង​មាន​កម្រិត​ស្តីពី​ច្បាប់​ការងារ​​ផង​ដែរ​។

បញ្ហា​នេះ​គឺ​គាត់​គេច​ពី​កាតព្វកិច្ច​បង់​ពន្ធ​តែ​ម្តង​​ព្រោះ​បើ​គាត់​ចុះ​ក្នុង​បញ្ជី​ គាត់​ត្រូវ​បង់​ពន្ធ​រាល់​​ខែ​។​ មាន​ន័យ​ថា​រដ្ឋ​បាន​បាត់បង់​ចំណូល​ដែរ​ តែ​អ្នក​ដែល​បាត់បង់​ប្រយោជន៍​ច្រើន​ជាង​គេ​គឺ​កម្មករ​ពេល​ដែល​គាត់​ជួប​គ្រោះថ្នាក់​។

តើ​កម្មករ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​រួម​ចំណែក​អ្វី​ខ្លះ​ដល់​សេដ្ឋកិច្ច​ជាតិ​?

បើ​យើង​ក្រឡេក​មើល​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​បច្ចុប្បន្ន​ក្រៅពី​វិស័យ​កាត់ដេរ​គឺ​វិស័យ​សេវាកម្ម​នេះ​ក៏​ជា​វិស័យ​មួយ​ដែល​បាន​​​ជួយ​សេដ្ឋកិច្ច​ជាតិ​ខ្លាំង​ដែរ​ពិសេស​វិស័យ​សំណង់​គឺ​ធំ​មែន​ទែន​។ ​

ការ​ចែករំលែក​ក្នុង​ការ​ជួយ​​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​របស់​ផ្នែក​នេះ​បាន​ជួយ​​ទៅ​ដល់​ចំណូល​​ GDP ពី​ ២៥ ទៅ​ ៣០ ​ភាគរយ​គឺ​មាន​ទំហំ​ច្រើន​បន្ទាប់ពី​វិស័យ​កសិកម្ម​ និង​វិស័យ​កាត់ដេរ​៕

0

Comments

Please, login or register to post a comment