Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្វែងយល់​​ ការ​គ្រោង​ធ្វើ​វិសោធនកម្ម​ ច្បាប់​ស្តីពី​ការងារ

Content image - Phnom Penh Post
លោក ម៉ាន់ សេងហាក់ ​អនុប្រធាន​សហជីព​សេរីកម្មករ​​​។ រូបថត សហការី

ស្វែងយល់​​ ការ​គ្រោង​ធ្វើ​វិសោធនកម្ម​ ច្បាប់​ស្តីពី​ការងារ

ក្រសួង​ការងារ​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​កម្មការិនី​ក្នុង​រយៈពេល ២ សប្តាហ៍​ម្តង។

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​ ម៉ាន់ សេងហាក់ អនុប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម៖

១-ថ្មីៗ​នេះ​ លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ​បាន​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដើម្បី​ឲ្យ​កម្មករ​បើក​ប្រាក់​ឈ្នួល ២ សប្តាហ៍​ម្តង​ហើយ​ប្រាក់​បំណាច់​ត្រូវ​ទូទាត់ ១ ឆ្នាំ​ម្តង។ តើ​លោក​យល់​ឃើញ​បែប​ណា​ដែរ?

ជាទូទៅ​យើង​ឃើញ​ថា​ច្បាប់​ស្តីពី​ការងារ​ហ្នឹង គេ​តម្រូវ​ឲ្យ​បើក​ប្រាក់​ឈ្នួល​យ៉ាង​ហោច​ក្នុង ១ ខែ​ម្តង ឬ​ក៏ ២ ដង​ក្នុង​មួយ​ខែ​រួច​ទៅ​ហើយ ប៉ុន្តែ​កន្លង​មក​មិន​ត្រូវ​បាន​អនុវត្ត​ទេ។

ច្បាប់​ស្តីពី​ការងារ​គេ​តម្រូវ​ឲ្យ​ហើយ​ក៏​ប៉ុន្តែ​ការ​អនុវត្ត​មិន​ត្រូវ​បាន​អនុវត្ត​បើក​ប្រាក់​ឈ្នួល​តាម​ច្បាប់​ឲ្យ​បាន ១ ខែ ២ ដង​ទេ​គឺ​នៅ​តែ​បើក​ក្នុង ១ ខែ​ម្តង​ដដែល។ ទាក់ទង​នឹង​ប្រាក់​បំណាច់ ១ ឆ្នាំ​បើក​ម្តង​នេះ ប្រសិន​បើ​ខាង​ក្រសួង​ការងារ​មាន​ឆន្ទៈ និង​អនុវត្ត​ច្បាប់​ស្តីពី​ការងារ​ឲ្យ​បាន​ប្រសើរ​នោះ យើង​ឃើញ​ថា​ វា​ល្អ។ ប៉ុន្តែ​ការ​អនុវត្ត​កន្លង​មក​វា​នៅ​តែ​ដដែល​ពោល​គឺ​ក្រសួង​ការងារ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ទេ។

បើ​តាម​លោក​យល់​ថា​តើ​មូលហេតុ​អ្វី​ដែល​ក្រសួង​ការងារ​មិន​បាន​អនុវត្ត​ចំពោះ​ការ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ក្នុង ១ ខែ ២ ដង​នេះ?

បើ​តាម​ច្បាប់​តម្រូវ​ឲ្យ​បើក​ប្រាក់​ឈ្នួល ២ ដង​ក្នុង ១ ខែ ប៉ុន្តែ​កន្លង​មក​ដោយសារ​តែ​ការ​មិន​បាន​អនុវត្ត​ច្បាប់​គឺ​បណ្តែតបណ្តោយ​នៅ​តែ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ១ ខែ​ម្តង​ដដែល និង​នៅ​តែ​មាន​ការ​យឺតយ៉ាវ​ទៀត។ ប៉ុន្តែ​កន្លង​មក​នៅ​តាម​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​មាន​ការ​យឺតយ៉ាវ​ដែល​ធ្វើ​ឲ្យ​រោងចក្រ​គេចវេះ​ពី​ការ​បើក​ប្រាក់​ខែ​នេះ​ដល់​កម្មករ។ រីឯ​ខាង​ក្រសួង​ការងារ​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ករណី​ហ្នឹង​ទេ។

បើ​តាម​លោក​មើល​ឃើញ​ថា​តើ​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់ដេរ​នេះ​បណ្តាល​មកពី​ខាង​ក្រសួង ឬ​មកពី​ខាង​រោងចក្រ​កាត់ដេរ?

បញ្ហា​នេះ​ជាទូទៅ​គឺ​គួប​ផ្សំ​គ្នា បើ​ច្បាប់​មាន​ហើយ​ក្រសួង​ជា​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​តែ​ដាក់​ឲ្យ​ខាង​រោងចក្រ​កាត់ដេរ​អនុវត្ត​ ប៉ុន្តែ​ក្រសួង​ការងារ​ហាក់បី​ដូចជា​យឺតយ៉ាវ​ក្នុង​ការ​ជំរុញ​ទៅ​ខាង​រោងចក្រ​ឲ្យ​អនុវត្ត​ច្បាប់​ និង ហាក់​បណ្តែត​បណ្តោយ។ មាន​ន័យ​ថា​មិន​យក​ចិត្ត​ទុកដាក់​ហើយ​ទាល់តែ​មាន​បញ្ហា​ទើប​ក្រសួង​ការងារ​យក​ចិត្ត​ទុកដាក់​ក្នុង​ករណី​ហ្នឹង។

ចុះ​បើ​ច្បាប់​បាន​ចែង​រួច​ហើយ​ថា​ក្នុង ១ ខែ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២ ដង ហេតុអ្វី​បាន​ជា​ក្រសួង​ការងារ​ចង់​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ទៀត?

ទាក់ទង​រឿង​ធ្វើ​វិសោធនកម្ម​ហ្នឹង យើង​ឃើញ​ថា​វា​អាច​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​ស្តីពី​ការងារ។ ពីព្រោះ​ច្បាប់​ស្តីពី​ការងារ​ហ្នឹង​មាន​ការ​បកស្រាយ​មិន​ច្បាស់លាស់​ដោយ​មាន​អ្នក​ខ្លះ​បកស្រាយ​ផ្សេង និង​ខ្លះ​បកស្រាយ​ផ្សេង។ ដូច​ករណី​មាត្រា ៧៧ និង​មាត្រា ៧៣ ដែល​ទាក់ទង​នឹង​កិច្ចសន្យា​កំណត់ និង​កិច្ចសន្យា​មិន​កំណត់​ដែល​មាន​ការ​បកស្រាយ​ផ្សេង​គ្នា។ ដូចជា​ករណី​កិច្ចសន្យា​មិន​កំណត់​ក្នុង​ច្បាប់​បកស្រាយ​ថា​មិន​ឲ្យ​កម្មករ​ធ្វើការ​លើស​ពី ២ ឆ្នាំ​ទេ ប៉ុន្តែ​ការ​បកស្រាយ​ហ្នឹង​វា​បញ្ច្រាស់​គ្នា​មាន​ន័យ​ថា​សង្គម​ស៊ីវិល​បកស្រាយ​ផ្សេង​ពី​រដ្ឋាភិបាល។ អ៊ីចឹង​ហើយ​ទើប​លោក​រដ្ឋមន្រ្តី អ៊ិត សំហេង លោក​ចង់​ធ្វើ​វិសោធនកម្ម​ឲ្យ​ច្បាប់​ដែល​មាន​មាត្រា​ខ្លះ​ត្រូវ​ធ្វើ​វិសោធនកម្ម ៤,១០ មាត្រា​អ៊ីចឹង​ទៅ​ដើម្បី​ឲ្យ​ច្បាស់​ទាំងអស់​គ្នា។

អ៊ីចឹង​កន្លង​មក​មាន​ន័យ​ថា​បកស្រាយ​ព្រួលៗ​ឬ?

បាទ កន្លង​មក​មាន​ន័យ​ថា​ហៃ​អើៗ​តាម​គ្នា ព្រោះ​ច្បាប់​ហ្នឹង​គេ​បើក​ទូលាយ​ទេ ប៉ុន្តែ​អ្នក​អនុវត្ត​ច្បាប់​គឺ​គាត់​បកស្រាយ​ផ្ទុយ​គ្នា។

ដូច​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា​នៅ​មាត្រា ៧៣ ស្តីពី​កិច្ចសន្យា​កំណត់​គឺ​ធ្វើ​មិន​ឲ្យ​លើស​រយៈពេល​ពី ២ ឆ្នាំ ប៉ុន្តែ​ច្បាប់​គេ​ចង​ទុក​គឺ​ធ្វើការ​ប៉ុន្មាន​ដង​ក៏ដោយ គឺ​មិន​ឲ្យ​លើស​ពី​រយៈពេល ២ ឆ្នាំ​ទេ។ ព្រោះ​កាលណា​លើស​ពី ២ ឆ្នាំ​ទៅ គេ​ចាត់​ទុក​ថា​ជា​កិច្ចសន្យា​មិន​កំណត់​តែ​អ្នក​បកស្រាយ​ច្បាប់​យល់​ថា​កិច្ចសន្យា​នោះ​ធ្វើ​ម្តង​មិន​ឲ្យ​លើស​ពី ២ ឆ្នាំ ហើយ​អាច​ធ្វើការ​បាន​រហូត។ យើង​ឃើញ​ហើយ​ជួនកាល​ខាង​អាជ្ញា​កណ្តាល​កាត់​មក​ផ្សេង​ខុស​ពី​ការ​បកស្រាយ​ច្បាប់៕

...(សូម​រង់ចាំ​អាន​ភាគបន្ត​នៅ​សប្តាហ៍​ក្រោយ)

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ