នៅ​ក្នុង​ប្រព័ន្ធតុលាការ បើ​ជន​ជាប់ចោទ​ណា​ម្នាក់​ត្រូវ​បាន​ផ្តន្ទាទោស​តិច​នៅ​តុលាការ​ថ្នាក់​ក្រោម​នោះ​នឹង​មាន​ការ​ជំទាស់​ដោយ​ព្រះរាជអាជ្ញា​ចំពោះ​ទណ្ឌកម្ម​ទោស​នោះ​ក្នុង​បំណង​ឲ្យ​សាលា​ឧទ្ធរណ៍​បន្ថែម​ទោស​លើ​ជន​ជាប់ចោទ​នោះ​ទៀត​។

ជុំវិញ​បញ្ហា​នេះ​ចង់​ដឹង​ថា​មាន​ន័យ​យ៉ាង​ណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖

ឧបមា​ថា មាន​ជន​ម្នាក់​ជាប់ចោទ​ជួញដូរ​គ្រឿងញៀន​ហើយ​​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ៣ ​ឆ្នាំ​ ប៉ុន្តែ​ទណ្ឌកម្ម​ទោស​នេះ​ត្រូវ​ព្រះរាជអាជ្ញា​ប្តឹង​តវ៉ា​ព្រោះ​យល់​ថា ការ​ផ្តន្ទាទោស​នោះ​តិច​ពេក​។ សួរ​ថា​ហេតុអ្វី​បាន​ជា​ព្រះរាជអាជ្ញា​មាន​សិទ្ធិ​ប្តឹង​?

ចំពោះ​ករណី​នេះ​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ព្រះរាជអាជ្ញា​ជា​ម្ចាស់​បណ្តឹងអាជ្ញា ហើយ​បើ​គាត់​ជា​ម្ចាស់​បណ្តឹងអាជ្ញា​គាត់​ត្រូវ​តែ​ឃ្លាំ​មើល​ការ​កាត់ក្តី​របស់​ចៅក្រម​ថា តើ​ត្រឹមត្រូវ​ទៅ​​តាម​ច្បាប់​ដែរ​ឬ​អត់ធន់​ល្មម​នឹង​ទណ្ឌកម្ម​ឬ​អត់​? បើ​មើល​​ទៅ​ឃើញ​ថា ការ​ដាក់​ទណ្ឌកម្ម​នោះ​មិន​ធន់​ល្មម​ទេ​គឺ​គាត់​មាន​សិទ្ធិ​ប្តឹង​ជំទាស់​ព្រោះ​គាត់​ជា​ម្ចាស់​បណ្តឹងអាជ្ញា​។

បើ​យោង​មាត្រា​ ២ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ចែង​ថា​បណ្តឹង​​អាជ្ញា​មាន​គោលបំណង​ពិនិត្យ​អត្ថិភាព​នៃ​បទល្មើស​បង្ហាញ​ឲ្យ​ឃើញ​ពិរុទ្ធភាព​នៃ​ជនល្មើស​ និង​ផ្តន្ទាទោស​ជន​នេះ​តាម​ច្បាប់​កំណត់​។

ព្រះរាជអាជ្ញា​គឺជា​ម្ចាស់​បណ្តឹង​អាជ្ញា​ដែល​បើ​តាម​មាត្រា​ ៣ ​នៃ​ក្រម​ដដែល​ក៏​បាន​ចែង​ដែរ​ថា​បណ្តឹង​អាជ្ញា​អនុវត្ត​ទៅ​លើ​បុគ្គល​គ្រប់រូប​ទាំង​រូបវន្តបុគ្គល​ទាំង​នីតិបុគ្គល​ដោយ​ឥត​ប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរ​ភេទ​ភាសា​ជំនឿ​សាសនា​និន្នាការ​នយោបាយ​ដើម​កំណើត​ជាតិ​ឋានៈ​សង្គម​ធនធាន​ ឬ​ស្ថានភាព​ឯទៀត​ឡើយ​។ ​

ករណី​ដូច​គ្នា​នេះ​ដែរ​បើ​តាម​មាត្រា​ ៤ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ដដែល​ចែង​ថា បណ្តឹង​អាជ្ញា​ត្រូវ​អនុវត្ត​ក្នុង​នាម​នៃ​ផលប្រយោជន៍​ទូទៅ​ដោយ​អយ្យការ​។ អយ្យការ​ធ្វើការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ និង​សុំ​ឲ្យ​អនុវត្ត​ច្បាប់​នៅ​ចំពោះ​មុខ​យុត្តាធិការ​ស៊ើបសួរ​ និង​យុត្តាធិការ​ជំនុំជម្រះ​។

នៅក្នុង​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេតុអ្វី​បាន​ជា​ចៅក្រម​មិន​មាន​សិទ្ធិ​ប្តឹង​តវ៉ា​ដូច​ព្រះរាជអាជ្ញា​?

ចៅក្រម​មាន​តួនាទី​ជា​អ្នក​សម្រេច​ក្តី​ជា​អ្នក​រក​យុត្តិធម៌​ឲ្យ​គេ អ៊ីចឹង​គាត់​មិនមែន​ជា​ភាគី​ (​ជម្លោះ​ ឬ​វិវាទ​) ​ទេ​។ ​បើ​គាត់​មិនមែន​ជា​ភាគី​ណា​មួយ​គាត់​ក៏​មិន​អាច​ប្តឹង​នរណា​ម្នាក់​បាន​ដែរ​នៅ​ក្នុង​សំណុំ​រឿង​មួយ​។ ប៉ុន្តែ​ឧទាហរណ៍​ថា​បើ​គាត់​នៅ​សុខៗ​ហើយ​គេ​មក​វាយ​គាត់​នោះ​គាត់​ត្រូវ​ប្តឹង​ជន​នោះ​ហើយ​ពេលនោះ​គាត់​ក្លាយ​ទៅ​ជា​ភាគី​វិញ​ម្តង​។

ឧបមា​ថា​សំណុំ​រឿង​ដែល​ព្រះរាជអាជ្ញា​ប្តឹង​នោះ​ត្រូវ​សាលា​ឧទ្ធរណ៍​លើក​យក​មក​ជំនុំជម្រះ​ ប៉ុន្តែ​ជន​ជាប់ចោទ​អវត្តមាន​ក្នុង​អង្គ​សវនាការ​។ ​សួរ​ថា​បើ​ជន​ជាប់ចោទ​មិន​បង្ហាញ​ខ្លួន​តើ​បាន​ទេ​? ហើយ​បើ​បង្ហាញ​ខ្លួន​តើ​ការ​ឆ្លើយ​បំភ្លឺ​នោះ​តុលាការ​អាច​យក​ជា​ការ​បាន​ដែរ​ទេ បើ​ជន​នោះ​មិនមែន​ជា​ម្ចាស់​បណ្តឹង​ទាស់​ផង​នោះ​?

បើ​ភាគី​ណា​មួយ​ប្តឹង​ហើយ​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ភាគី​ម្ខាង​ទៀត​គឺ​ភាគី​ម្ខាង​ទៀត​នោះ​ត្រូវ​តែ​តវ៉ា​ហើយ​មាន​អំណះ​អំណាង​​ ដើម្បី​ដោះសា​ដោយ​ស្រប​ជាមួយ​នឹង​ភ័ស្តុតាង​។ ​ដូច​ការ​លើក​ឡើង​ខាង​លើ​ថា ជនជាប់ចោទ​ម្នាក់​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ ៣ ​ឆ្នាំ​ តែ​ព្រះរាជអាជ្ញា​មិន​សុខ​ចិត្ត​ប្តឹង​ជំទាស់​មក​សាលាឧទ្ធរណ៍​។ ​

រឿង​នេះ​បើ​ព្រះរាជអាជ្ញា​អត់​សុខ​ចិត្ត ហើយ​ខាង​ជនជាប់ចោទ​គាត់​សុខ​ចិត្ត​ គឺ​បាន​ន័យ​ថា​ជន​ជាប់ចោទ​សុខចិត្ត​ទទួល​យក​ទណ្ឌកម្ម​ទោស​នោះ​។ ​ជួនកាល​ទាំង​ព្រះរាជអាជ្ញា​ទាំង​ជនជាប់ចោទ​សុខចិត្ត​ទាំងអស់​គ្នា​ ឬ​មិន​​សុខចិត្ត​ទាំងអស់​គ្នា ព្រោះ​ថា​ជនជាប់ចោទ​គាត់​ថា​គាត់​គ្មាន​កំហុស​ទេ អ៊ីចឹង​ការ​ដាក់​ទោស​គាត់​ ៣ ​ឆ្នាំ​គាត់​ត្រូវ​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​។ រីឯ​ព្រះរាជអាជ្ញា​វិញ​យល់​ថា រឿង​នេះ​ជន​ជាប់ចោទ​ប្រព្រឹត្ត​ហើយ​ហេតុអ្វី​ក៏​ដាក់ទោស​គាត់​តិច​ហើយ​គាត់​ក៏​ប្តឹង​ឧទ្ធរណ៍​ដែរ​។

នៅ​ក្នុង​សវនាការ​បើ​ជន​នោះ​​ឆ្លើយ​បំភ្លឺ​ដើម្បី​ដោះ​បន្ទុក តើ​តុលាការ​យក​ជា​ការ​បាន​ទេ​ បើ​​សំណុំ​រឿង​នោះ​ព្រះរាជអាជ្ញា​ជា​អ្នក​ប្តឹង​?

រឿង​នេះ បើ​ទោះ​ជា​ជន​ជាប់ចោទ​មិន​ប្តឹង​មក​សាលា​ឧទ្ធរណ៍ ប៉ុន្តែ​គាត់​មក​ឆ្លើយ​បំភ្លឺ​ពី​អង្គហេតុ​នៃ​រឿង​របស់​គាត់​។

សម្រាប់​រឿង​នេះ​បើ​ជនជាប់ចោទ​ចូល​ឆ្លើយ​បំភ្លឺ​តុលាការ​អាច​យក​ចម្លើយ​របស់​គាត់​ទៅ​ផ្ទៀងផ្ទាត់​មើល​ថា​តើ​នៅពេល​ដែល​ចៅក្រម​គាត់​ផ្តន្ទាទោស​ ៣ ​ឆ្នាំ​ហ្នឹង​សម​ហេតុ​សម​ផល​​ឬ​អត់​? ដូច្នេះ​ចៅក្រម​ត្រូវ​រក​មូល​ហេតុថា ហេតុអ្វី​បាន​ជា​ជនជាប់ចោទ​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ ៣ ​ឆ្នាំ​។ ​ពេល​នោះ​ចៅក្រម​មើល​សាលក្រម​របស់​ជនជាប់ចោទ​នោះ​ថា តើ​ជា​ការ​ផ្តល់​ស្ថាន​សម្រាល​ទោស​ឬ​យ៉ាង​ណា​?

ការ​ផ្តល់​ស្ថាន​សម្រាល​មាន​ ២ ​ករណី​ទី​​ ១ ​គឺ​កាលៈទេសៈ​នៃ​បទល្មើស​។ ​មាន​ន័យ​ថា អ្នក​ប្រព្រឹត្ត​នោះ​ដោយសារ​គាត់​ឃ្លាន​ពេក​ដោយសារ​គេ​ពង្វក់​គាត់​​ឲ្យ​ញៀន​ថ្នាំ ហើយ​ក្រោយ​មក​​គេ​ប្រើ​គាត់​ឲ្យ​លក់​ថ្នាំញៀន​។

អ៊ីចឹង​គាត់​ជា​ជនរងគ្រោះ​ដែរ​ទេ​។ អ៊ីចឹង​ចៅក្រម​ពេល​គាត់​ពិនិត្យ​មើល​សំណុំ​រឿង​ទៅ​ឃើញ​ថា​ជន​ជាប់ចោទ​នេះ​ពី​មុន​ជា​ជនរងគ្រោះ​ដែរ​ទេ​។ តែ​បើ​គ្នា​មិន​បាន​យក​ថ្នាំ​ទៅ​លក់​ឲ្យ​គេ​ទេ​នឹង​ត្រូវ​ប្រកាច់​អ៊ីចឹង​ទៅ​។

ក្នុង​ន័យ​ស្ថាន​សម្រាល​ទោស​ខ្លះ​ទៀត​ដូចជា ប្រពន្ធ​ជន​នោះ​ឈឺ​ធ្ងន់ ហើយ​បើ​គាត់​មិន​យក​ថ្នាំ​ទៅ​លក់​តាម​បញ្ជា​គេ​ទេ គាត់​អត់​មាន​លុយ​ព្យាបាល​​ប្រពន្ធ​គាត់​។ ​នេះ​ជា​កាលៈទេសៈ​​នៃ​បទល្មើស​ដែល​នាំ​ឲ្យ​ចៅក្រម​ផ្តល់​ស្ថាន​សម្រាល​ទោស​៕