Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​សំណង់​នៅ​តែ​ប្រឈម​​​គ្រោះ​ថ្នាក់​ខ្ពស់

កម្មករ​សំណង់​នៅ​តែ​ប្រឈម​​​គ្រោះ​ថ្នាក់​ខ្ពស់

121018_04b
កម្មករសំណង់ ប្រឈមនឹងគ្រោះថ្នាក់រឹតតែច្រើន ជាពិសេសនៅកន្លែងខ្ពស់ៗ ម៉េង គឹមឡុង

ភ្នំពេញៈ បច្ចុប្បន្ន​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គម្រោង​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​រីក​ដុះ​ដាល​កាន់​តែ​ច្រើន​ឡើងៗ​ជា​ប្រចាំ​គ្រប់​ទី​កន្លែង​ទាំង​អស់​ដោយ​ជា​មធ្យម​ការងារ​នេះ​ត្រូវ​ការ​កម្លាំង​ពលកម្ម​មិន​តិច​ជាង​៣ម៉ឺន​នាក់​ឡើយ​ក្នុង​១​ថ្ងៃ​ខណៈ​បញ្ហា​ទាក់​ទង​សុវត្ថិ​ភាព​កម្មករ​ហាក់​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​។

លោក​សុខ​សុវណ្ណដេត​ប្រធាន​សហព័ន្ធ​កម្មករ​សំណង់​កម្ពុជា​បាន​និយាយ​ថា​បច្ចុប្បន្ន​កម្មករ​សំណង់​ដែល​ធ្វើ​ការ​ប្រកប​ដោយ​សុវត្ថិ​ភាព​ត្រឹម​ត្រូវ​មាន​ចំនួន​តិច​ណាស់​ព្រោះ​ពួក​គេ​ធ្វើ​ការ​មិន​ដែល​ឃើញ​មាន​ពាក់​មួក​សុវត្ថិភាព​ឬ​ខ្សែ​ក្រវាត់​សុវត្ថិ​ភាព​ឡើយ​ជា​ពិសេស​នៅ​ពេល​ធ្វើ​ការ​ងារ​នៅ​ទី​ខ្ពស់ៗ​។​លោក​បាន​បន្ត​ថា​ក្រុម​ហ៊ុន​អ្នក​ម៉ៅ​ការ​សំណង់​ភាគ​តិច​ណាស់​ដែល​ឲ្យ​កម្មករ​របស់​ខ្លួន​ប្រើ​ប្រាស់​ឧបករណ៍​ការ​ពារ​សុវត្ថិភាព​នៅ​កន្លែង​ការ​ងារ ហើយ​កម្មករ​ខ្លះ​ទៀត​បើ​មាន​ក៏​មិន​ព្រម​ប្រើ​ដែរ​។

លោក​បាន​ប្រាប់​ទៀត​ថា ការ​ងារ​របស់​កម្មករ​សំណង់​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ច្រើន​ណាស់ ដោយ​យ៉ាង​ហោច​ណាស់​ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០១២​នេះ​មាន​កម្មករ​សំណង់​ចំនួន​៣នាក់​បាន​ទទួល​គ្រោះ​ថ្នាក់​ដល់​ជីវិត​និង​ចំនួន​២០​នាក់​រង​របួស​ធ្ងន់​ធ្ងរ​ខណៈ​កាល​ពីឆ្នាំ​២០១១​មាន​កម្មករ​សំណង់​រង​គ្រោះ​ដល់​ជីវិត​ចំនួន​៥​នាក់ និង​របួស​ធ្ងន់​១០​នាក់​។

លោក​បន្ថែម​ថា​ជា​ទូ​ទៅ​កម្មករ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​អាច​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ច្រើន​ព្រោះ​តែ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ខ្លួន​ឯង​និង​ពី​ក្រុម​ហ៊ុន​ម៉ៅការ​ឬ​ម្ចាស់​សំណង់​។​លោក​បញ្ជាក់​ថា​៖«​ធម្មតា​នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​គេ​តម្រូវ​ឲ្យ​កម្មករ​ពាក់​ប្រដាប់​ការ​ពារ​សុវត្ថិភាព​ដូចជា​មួក​ខ្សែក្រវាត់​ស្រោមដៃ​និង​ស្បែក​ជើង​ប៉ុន្តែ​កម្មករ​សំណង់​នៅ​កម្ពុជា​ព្រម​ទាំង​ក្រុម​ហ៊ុន​ម៉ៅ​ការ​និង​ម្ចាស់​ការ​ដ្ឋាន​ភាគ​ច្រើន​មិន​បាន​អនុវត្ត​តាម​ទេ​»​។

លោក​បាន​ថ្លែង​ថា​៖​«​ស្ថាន​ភាព​ការ​ងារ​របស់​កម្មករ​សំណង់​មាន​ហានិភ័យ​ខ្ពស់​ជាង​កម្មករ​កាត់​ដេរ​ដោយ​សារ​ពួក​គេ​មិន​មាន​ភាព​ប្រាកដ​ប្រជា​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​និង​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នៅ​កន្លែង​ធ្វើ​ការងារ​ពិសេស​នៅ​រដូវ​ភ្លៀង​ការ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ច្រើន​»​។

លោក បន្ថែម​ថា​នា​ពេល​កន្លង​មក​ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយកម្ម​និង​សំណង់​ក៏​ធ្លាប់​បាន​ប្រកាស​ឲ្យ​កម្មករ​ការិនី​សំណង់​ទាំង​អស់​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​សុវត្ថិភាព​និង​សុខភាព​របស់​ពួកគេ​នៅ​ពេល​ធ្វើ​ការ​ងារ​ដែរ ជា​ពិសេស​ពេល​មាន​ខ្យល់​ និង​ភ្លៀង​។ តែ​ទោះ​ជា​យ៉ាង​ណា​ក្នុង​សេច​ក្តី​ប្រកាស​នោះ ក្រសួង​មិន​បាន​ដាក់​កំហិត​ទៅ​លើ​ក្រុម​ហ៊ុន​ម៉ៅការ​ឬ​ម្ចាស់​សំណង់​អគារ​ណា​ដែល​អនុញ្ញាត​ឲ្យ​កម្មករ​ធ្វើ​ការ​ដោយ​គ្មាន​ពាក់​ប្រដាប់​ការ​ពារ​សុវត្ថិ​ភាព​នោះ​ទេ​។

ទាក់​ទង​នឹង​បញ្ហា​នេះ​អ្នក​ស្រី ឈឹម ម៉ៅ​ចារ៉ូ ម្ចាស់​ក្រុម​ហ៊ុន​ម៉ៅ​ការ​សំណង់​និង​លក់​សម្ភារ​សំណង់​នៅ​ចម្ការ​ដូង បាន​និយាយ​ថា អ្នក​ស្រី​ធ្លាប់​ផ្តល់​ឲ្យ​កម្មករ​របស់​អ្នក​ស្រី​នូវ​ឧបករណ៍​ការ​ពារ​សុវត្ថិភាព​ដូច​ជា​មួក​វ៉ែន​តា​ការ​ពារ​ភ្នែក​ស្បែក​ជើង​ស្រោម​ដៃ និង​ខ្សែ​ក្រវាត់​ការ​ពារ​សុវត្ថិ​ភាព​ដែរ​ប៉ុន្តែ​កម្មករ​ខ្លះ​បាន​ធ្វើ​ឲ្យ​បាត់ និង​ខ្លះ​ទៀត​មិន​ចង់​ប្រើ​ប្រាស់​វា​តែ​ម្តង​។

អ្នក​ស្រី​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​តែង​តែ​ប្រាប់​ដល់​កម្មករ​របស់​ខ្ញុំ​ឲ្យ​ពាក់​ឧបករណ៍​ការ​ពារ​សុវត្ថិ​ភាព​នៅ​ការដ្ឋាន​គ្រប់​ពេល​វេលា​ដើម្បី​ការ​ពារ​ខ្លួន​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ងារ​និង​បាន​ប្រាប់​ពួក​គេ​ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​»​។ អ្នក​ស្រី​ប្រាប់​ទៀត​ថា នា​ពេល​កន្លង​មក​កម្មករ​របស់​គាត់​ធ្លាប់​មាន​រង​របួស​នៅ​អំឡុង​ពេល​ធ្វើ​ការ​ងារ​ផង​ដែរ​ប៉ុន្តែ​មិន​មាន​អ្នក​គ្រោះ​ថ្នាក់​ដល់​ស្លាប់​នោះ​ទេ​។

ចំណែក​លោក ហុង​បូរ៉ាវុធ​ម្ចាស់​ក្រុម​ហ៊ុន​ម៉ៅ​ការ​សំណង់​ឯក​ជន​មួយ​ដែល​បើក​បម្រើ​ការ​បាន​៦ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​លោក​មាន​គម្រោង​ផ្តល់​ឲ្យ​កម្មករ​របស់​លោក​នូវ​ឧបករណ៍​ការ​ពារ​ សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា​ប៉ុន្តែ​នៅ​ពេល​នេះ​លោក​មិន​មាន​លទ្ធ​ភាព​ទេ​។

លោក​បាន​បញ្ជាក់​ថា៖​«​ខ្ញុំ​មិន​មាន​ឧបករណ៍​ការ​ពារ​សុវត្ថិភាព​ផ្តល់​ឲ្យ​កម្មករ​របស់​ខ្ញុំ​ពាក់​ការ​ពារ​ខ្លួន​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ងារ​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​តែង​តែ​ប្រាប់​ពួក​គេ​ឲ្យ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា ហើយ​កម្មករ​របស់​ខ្ញុំ​មិន​ដែល​មាន​អ្នក​ណា​ម្នាក់​ទទួល​រង​របួស​នៅ​ពេល​សាង ​សង់​សំណង់​ទេ»​។

រីឯ​លោក យ៉ាន​វុធ​អាយុ​៣២ឆ្នាំ​ដែល​បាន​ចាប់​យក​មុខ​របរ​ជា​កម្មករ​សំណង់​អស់​រយៈ​ពេល​១៥ឆ្នាំ​នោះ បាន​និយាយ​ថា​៖​«​កម្មករ​សំណង់ គឺ​ជា​ការ​ងារ​មួយ​ដែល​អាច​នឹង​ជួប​គ្រោះ​ថ្នាក់​ច្រើន​ជា​ពិសេស​នៅ​ពេល​ដែល​យើង​មិន​មាន​ឧបករណ៍​ការ​ពារ​សុវត្ថិ​ភាព​តែ​ទទួល​បាន​ប្រាក់​ចំណូល​ទាប​»។

លោក វុធ បាន​បន្ត​ថា៖​«​ខ្ញុំ​មិន​ពាក់​ឧបករណ៍​ការ​ពារ​សុវត្ថិភាព​ទេ​នៅ​ពេល​ខ្ញុំ​ធ្វើ​ការ​ព្រោះ​ខ្ញុំ​គ្មាន​ប្រាក់​ទិញ​ដោយ​មួយ​ថ្ងែ​ខ្ញុំ​រក​ចំណូល​បាន​១៥​០០០​រៀល​តែ​ប៉ុណ្ណោះ​»។​លោក​បន្ថែម​ថា​ពេល​ខ្លះ​គាត់​ត្រូវ​ឡើង​លើ​កន្លែង​ខ្ពស់​ៗ​ហើយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន​បំផុត​ហើយ​លោក​ក៏​ធ្លាប់​រង​របួស​ម្តង​ដែរ​ដោយ​ធ្លាក់​មក​ពី​លើ​រន្ទា​កម្ពស់​ប្រហែល​៧ម៉ែត្រ​»​៕​

0

Comments

Please, login or register to post a comment