Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​មិត្ត​ភាព​កំពុង​តែ​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​រលូន

គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​មិត្ត​ភាព​កំពុង​តែ​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​រលូន

121011_03
គម្រោងប្លង់សណ្ឋាគារផ្កាយ៥ មិត្តភាព ដែលនឹងលេចរូបរាងនៅឆ្នាំ២០១៤ នៅខេត្តព្រះសីហនុ

ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​មិត្តភាព របស់​គម្រោង​គជ់​អាស៊ី លំដាប់​ផ្កាយ​៥​កម្ពស់​១៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ បាន​និង​កំពុង​សម្រុក​ការ​សាង​សង់​របស់​ខ្លួន​ដើម្បី​បញ្ចប់​គម្រោង​ទៅ តាម​ផែន​ការ​នៅ​ឆ្នាំ​២០១៤​ខាង​មុខ នេះ​បើ​តាម​ការ​អះ​អាង​ពី​ប្រធាន​គ្រប់​គ្រង​គម្រោង​។

លោក ទូស សាភឿន ប្រធាន​គ្រប់​គ្រង​គម្រោង​បុរី​គជ់​អាស៊ី បាន​ប្រាប់​ថា គម្រោង​នេះ​បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​សាងសង់​យ៉ាង​សកម្ម ដោយ​ពេល​នេះ​ឡើង​ដល់​ជាន់​ទី១ ហើយ​សង្ឃឹម​ថា​នៅ​បី​ខែ​ខាង​មុខ​នឹង​ឡើង​ដល់​៥​ជាន់​បន្ថែម​ទៀត​។​លោក​បន្ត​ថា អគារ​សណ្ឋាគារ​ផ្កាយ៥​នេះ​មាន​ជាង​៥០០​បន្ទប់ ដោយ​គ្រោង​នឹង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​ជាង​២០លាន​ដុល្លារ​អាមេរិក​។

លោក បាន​បន្ត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ប៉ុន្តែ​ការ​ផ្គត់​ផ្គង់​ផ្នែក​សណ្ឋាគារ​ហាក់​បី​ដូច​ជា​មិន​ទាន់​គ្រប់ គ្រាន់​នៅ​ឡើយ ជាក់​ស្តែង​នៅ​ពេល​មាន​ពិធី​បុណ្យ​ធំៗ ភ្ញៀវ​រក​បន្ទប់​ជួល​ស្នាក់​នៅ​ស្ទើរ​តែ​មិន​បាន​ផង ទាល់​តែ​កក់​ទុក​មួយ​ខែ​មុន​ទើប​បាន​។ លោក​បាន​បញ្ជាក់​ថា​៖​ «​យើង​នឹង​ធ្វើ​ឲ្យ​សណ្ឋាគារ​មួយ​នេះ​ឲ្យ​បាន​ស្អាត​ល្អ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​ឲ្យ​បាន​ច្រើន ពី​ព្រោះ​សណ្ឋាគារ​លំដាប់​ផ្កាយ៥​ថ្មី​នេះ​មាន​ទី​តាំង​នៅ​ជិត​មាត់​សមុទ្រ​»​។

លោក​បន្ថែម​ថា សព្វ​ថ្ងៃ​យើង​កំពុង​ជំរុញ​ការ​ងារ​សាង​សង់​ឲ្យ​បាន​លឿន​និង​ឆាប់​ចប់​តាម​ផែន​ការ​ដើម្បី​បង្ហាញ​ប្រាប់​អតិថិជន​ថា ខេត្ត​ព្រះ​សីហនុ​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​បន្ថែម​ទៀត​ហើយ មិន​ចាំ​បាច់​បារម្ភ​ពី​ការ​ខ្វះ​បន្ទប់​ស្នាក់​នៅ​ឡើយ​ខណៈ​ពេល​នេះ​នៅ​ខេត្ត​ព្រះ​សីហនុ មាន​សណ្ឋាគារ​ផ្កាយ​៥​តែ​១​ប៉ុណ្ណោះ គឺ​សណ្ឋាគារ​សុខា​។ លោក​បន្ត​ថា សណ្ឋា​គារថ្មី​នេះ​មាន​លក្ខណៈ​ទំនើប​ជាង​គេ​ដែល​ក្នុង​នោះ​នឹង​មាន​បម្រើ​សេវាកម្ម​ច្រើន​ប្រភេទ​ដូច​ជា​ភោជនីយដ្ឋាន មាន​ចំនួន​បី​កន្លែង សាល​ប្រជុំ​៥០០​កៅអី​ចំនួន​១ និង​តូចៗ​ចំនួន​៥កន្លែង​ទៀត​។

លោក លូ ម៉េង​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា មាន​ប្រសាសន៍​ថា​ការ​អភិវឌ្ឍ​វិស័យ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​នៅ​ខេត្ត​ព្រះ​សីហនុ​មាន​សារៈ​សំខាន់​ណាស់​។ លោក​បញ្ជាក់​ថា​៖«​ជា​ធម្មតា​វិស័យ​សណ្ឋាគារ​នៅ​ទី​នោះ​ដំណើរ​ការ​ល្អ​ទៅ បាន​អាស្រ័យ​លើ​កំណើន​ភ្ញៀវ​ទេសចរ​តែ​ប៉ុណ្ណោះ។ ដូច្នេះការ​បើក​បម្រើ​សេវាកម្ម​អាជីវកម្ម​សណ្ឋាគារ​នៅ​ទី​នោះ​ឆ្នាំ​ដំបូង អាច​នឹង​លំបាក​រក​ភ្ញៀវ​ជួល​បន្តិច ប៉ុន្តែ​បើ​បើក​ចាប់​ពី១​ឆ្នាំ​ឡើង​ទៅ​នឹង​មាន​តម្រូវ​ការ​ច្រើន​ជា​មិន​ខាន​»​។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​បុណ្យ នៅ​តាម​សណ្ឋាគារ​នីមួយ​ៗ​នៅ​ខេត្ត​ព្រះ​សីហនុ តែង​មាន​ភ្ញៀវ​ជួល​ពេញ ប៉ុន្តែ​នៅ​ថ្ងៃ​ធម្មតា​វិញ ហាក់​ដូច​ជា​មាន​សភាព​ស្ងាត់​បន្តិច​។

លោក​បាន​បញ្ជាក់​ថា​៖​«​បើ​តាម​គំនិត​ខ្ញុំ​អ្នក​វិនិយោគ​សណ្ឋាគារ​ថ្មីៗ ដែល​មាន​គំនិត និង​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​ដល់​តំបន់​ទេសចរណ៍​ដែល​នៅ​ក្នុង តំបន់​ប៉ុន្តែ​បើ​ការ​បើក​អាជីវកម្ម​ថ្មី​នេះ​មិន​គោរព​វិជ្ជា​ជីវៈ​នោះ​វា​នឹង​មិន​ល្អ​សម្រាប់​វិស័យ​សណ្ឋាគារ​ទាំង​មូល​ឡើយ​»​។

លោក លូ ម៉េង បាន​បន្ថែម​ថា ​បើ​ទោះ​បី​ជា​នៅ​ខេត្ត​ព្រះ​សីហនុ​មាន​សណ្ឋាគារ​សុខា​លំដាប់​ផ្កាយ​៥​មួយ រួច​ទៅ​ហើយ​ក្តី តែ​ការ​ផ្គត់​ផ្គង់​សម្រាប់​ភ្ញៀវ​ប្រភេទ​នេះ​នៅ​មិន​ទាន់​គ្រប់​ចំនួន​នៅ ឡើយ​ទេ ជា​ពិសេស​នៅ​ថ្ងៃ​បុណ្យ និង​ថ្ងៃ​ឈប់​សម្រាក ដូច្នេះ​សណ្ឋាគារ​មិត្ត​ភាព នឹង​អាច​ចូល​រួម​ចំណែក​បំពេញ​នូវ​កង្វះ​ខាត​ទាំង​នេះ​បាន​។ លោក​បាន​អះអាង​ថា​៖​«​ការ​ដែល​គាត់​បើក​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ ក៏​ល្អ​សម្រាប់​សៀមរាប និង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ ពី​ព្រោះ​ជា​ធម្មតា​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ទៅ​សម្រាក​នៅ​ខេត្ត​ ព្រះសីហនុ សៀមរាប​ និង​ភ្នំពេញ​»​។

លោក​បាន​ប្រាប់​ទៀត​ថា​រាល់​ការ​បើក​សេវា​កម្ម​សណ្ឋាគារ​ទាំង​អស់ ប្រសិន​បើ​ការ​ផ្តល់​សេវាកម្ម​បាន​ល្អ ហើយ​មាន​គុណ​ភាព​ខ្ពស់​នោះ​ម្ចាស់​អាជីវ​កម្ម​នឹង​អាច​មាន​ភ្ញៀវ​ចូល​ស្នាក់​នៅ​ច្រើន​ជា​មិន​ខាន​។

លោក ​សន សៀប នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ឃី​រៀល​អេស្ទេត​បាន​ប្រាប់​ថា ទីតាំង​នៃ​គម្រោង​វិនិយោគ​សណ្ឋាគារ​ផ្កាយ​៥ មិត្ត​ភាព មិន​សូវ​មាន​ឆ្នេរ​ផ្ទាល់​ខ្លួន​ដូច​សណ្ឋាគារ​សុខា និង​សណ្ឋាគារ​ឯក​រាជ្យ នោះ​ទេ ព្រោះ​ទីនោះ​សម្បូរ​ឆ្នេរ​ខ្សាច់​ល្អៗ​ច្រើន​។

លោក​បាន​ថ្លែង ថា​៖«​ខ្ញុំ​គិត​ថា​មក​ដល់​ពេល​នេះ​គម្រោង​សាង​សង់​សណ្ឋាគារ​មិត្ត​ភាព​អភិវឌ្ឍ​បាន​ច្រើន​ហើយ​ប៉ុន្តែ​ក្នុង​ពេល​ឆាប់​ៗ​នេះ​មិន​ទាន់​មាន​សកម្មភាព​ល្អ​ទេ​តែ​នឹង​ល្អ​សម្រាប់​ថ្ងៃ​អនាគត​ព្រោះ​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​តែ​ជំរុញ​ការ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះ​សីហនុ និង​កំពត ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ»​។ លោក​បន្ត​ថា បើ​ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង​ប្រាកដ​ជា​ជំរុញ​ការ​វិនិយោគ​វិស័យ​អចលន​ទ្រព្យ​ឲ្យ​កើន​ឡើង​ទៅ​តាម​នោះ​ផង​ដែរ ជាក់​ស្តែង​លំនៅ​ដ្ឋាន​ក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​បុរី​គជ់ អាស៊ី​នេះ​តែ​ម្តង​សកម្ម​ភាព​ទិញ​ដូរ​នឹង​ល្អ ហើយ​តម្លៃ​ក៏​អាច​នឹង​កើន​ឡើង​លើស​នេះ​ផង​ដែរ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ