Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់​កើន​ឡើង ២០%

បើ​ទោះ​បី​ជា​ថ្លៃ​ឈ្នួល​កម្លាំង​ពលកម្ម​កើន​ឡើង​ក៏​ដោយ ក៏​នៅ​តាម​ការដ្ឋាន​សំណង់​ភាគ​ច្រើន​នៅ​ភ្នំពេញ​​តែង​តែ​ជួប​ប្រទះ​នឹង​កង្វះ​កម្មករ​ជា​ញឹក​ញាប់​ផង​ដែរ ។
បើ​ទោះ​បី​ជា​ថ្លៃ​ឈ្នួល​កម្លាំង​ពលកម្ម​កើន​ឡើង​ក៏​ដោយ ក៏​នៅ​តាម​ការដ្ឋាន​សំណង់​ភាគ​ច្រើន​នៅ​ភ្នំពេញ​​តែង​តែ​ជួប​ប្រទះ​នឹង​កង្វះ​កម្មករ​ជា​ញឹក​ញាប់​ផង​ដែរ ។ ហេង ជីវ័ន

តម្លៃ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់​កើន​ឡើង ២០%

តម្លៃ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់​បាន​កើន​ឡើង​ប្រមាណ ២០ ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​កង្វះ​កម្មករ​ជំនាញ​ស្រប​និង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​កំពុង​កើន​ឡើង​យ៉ាង​គំហុក​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក ទូច សំណាង ប្រធាន​គ្រប់​គ្រង​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​កោះពេជ្រ នៃ​ក្រុមហ៊ុន OCIC ដែល​កំពុង​ប្រើ​ប្រាស់​កម្មករ​ចន្លោះ​ពី ៦០០០ ទៅ ៧០០០ នាក់​ជា​រៀង​រាល់​ថ្ងៃ បាន​និយាយ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ជួប​ការ​លំបាក​ចំនួន​ពីរ ទី១ ពិបាក​រក​កម្មករ​ជំនាញ និង ទី២ តម្លៃ​ពលកម្ម​ក្នុង​វិស័យ​នេះ​កំពុង​កើន​ឡើង។ លោក​បន្ត​ថា បច្ចុប្បន្ន​កម្មករ​មិន​ចេះ​អ្វី​សោះ​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម ១៦ ០០០ រៀល​ក្នុង ១ ថ្ងៃ និង​កម្មករ​មាន​ជំនាញ​ទទួល​បាន​ប្រាក់ ៤០០០០ រៀល។

លោក​ប្រាប់​ទៀត​ថា ការ​ឡើង​ថ្លៃ​តម្លៃ​ពលកម្ម​ក្នុង​វិស័យ​សំណង់ គឺ​ដោយ​សារ​ការដ្ឋាន​សំណង់​នីមួយៗ​ខ្វះ​កម្មករ ដូច្នេះ​ការដ្ឋាន​នីមួយៗ​ចេះ​តែ​ទាញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ តាម​រយៈ​ការ​ដំឡើង​ថ្លៃ​ពលកម្ម។

លោក​ថ្លែង​ថា៖ «បច្ចុប្បន្ន​ពិបាក​រក​កម្មករ​ជំនាញ​ជាង​កម្មករ​ទូទៅ។ កម្មករ​ជំនាញ​អាច​ធ្វើ​ការងារ​កម្មករ​ទូទៅ​បាន​តែ​កម្មករ​ទូទៅ​មិន​អាច​ធ្វើ​ការ​ជំនាញ​បាន​ទេ»។

លោក សំណាង បាន​បន្ត​ថា តាម​ធម្មតា​កម្មករ​ធ្វើ​ការ​ចំនួន ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ បើ​ពួក​គេ​ធ្វើ​ការងារ​ថែម​ម៉ោង​ពេល​យប់​គឺ​ពួក​គេ​ធ្វើ​ការ​តែ ៦ ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​បាន​ទទួល​ថ្លៃ​ពលកម្ម​ស្មើ​នឹង ១ ថ្ងៃ។ តាម​ធម្មតា​កម្មករ​បើក​ប្រាក់​ពលកម្ម​របស់​ខ្លួន​ក្នុង​មួយ​សប្តាហ៍​ម្តង។

លោក​វិស្វករ ម៉េង ចំរើន ដែល​កំពុង​ត្រួត​ពិនិត្យ​ការងារ​កម្មករ​ជិត ២០០ នាក់​នៅ​ការដ្ឋាន​សំណង់ អូឡាំព៉្យា ស៊ីធី បាន​ឲ្យ​ដឹង​ថា តម្លៃ​ពលកម្ម​របស់​កម្មករ​ក្នុង​វិស័យ​សំណង់​បាន​កើន​ឡើង​ប្រហែល ២០ ភាគរយ​ក្នុង​មួយ​ឆ្នាំៗ ព្រោះ​អំឡុង ឆ្នាំ​២០១០ តម្លៃ​ពលកម្ម​របស់​កម្មករ​មាន​ត្រឹម​តែ ៨០០០ រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​ឡើង​ដល់ ១៦០០០-១៧០០០ រៀល។

លោក​បន្ត​ថា៖ «បច្ចុប្បន្ន​ការដ្ឋាន​សំណង់​របស់ អូឡាំព៉្យា ស៊ីធី មិន​ប្រឈម​មុខ​នឹង​កង្វះ​កម្មករ​ទេ។ កម្មករ​ភាគ​ច្រើន​មក​ពី​តាម​បណ្តា​ខេត្ត និង​កម្មករ​ជំនាញ​ភាគ​ច្រើន​មាន​ប្រវត្តិ​ធ្លាប់​ធ្វើ​ការ​នៅ ប្រទេស​ថៃ»។

កម្មករ​កំពុង​ទាញ​បង្វិល​ខ្សែ​ដើម្បី​យោង​សម្ភារ​ឡើង​ទៅ​ជាន់​ខាង​លើ នៅ​ក្នុង​ការដ្ឋាន​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ។
កម្មករ​កំពុង​ទាញ​បង្វិល​ខ្សែ​ដើម្បី​យោង​សម្ភារ​ឡើង​ទៅ​ជាន់​ខាង​លើ នៅ​ក្នុង​ការដ្ឋាន​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ។ ហុង មិនា

លោក សាត វុឌ្ឍី វិស្វករ​ជំនាញ​មួយ​រូប​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​កូរ៉េ​មួយ​ក្នុង​ការដ្ឋាន​សំណង់​ផ្សារ​ទំនើប អ៊ីអន បាន​ឲ្យ​ដឹង​ថា តម្លៃ​ពលកម្ម​របស់​កម្មករ​សំណង់​ពិត​ជា​កើន​ឡើង​មែន។ កម្មករ​មិន​ចេះ​អ្វី​សោះ​ពួក​គេ​ទទួល​បាន​ប្រាក់​ប្រចាំ​ថ្ងៃ ៥ ដុល្លារ កម្មករ​ជំនាញ​ទទួល​បាន​ពី ៧ ទៅ ៨ ដុល្លារ និង​មេកា​ទទួល​បាន​ពី ១០ ទៅ ១២ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ លោក​បន្ត​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​កម្លាំង​ពលកម្ម ដោយ​មាន​ក្រុមហ៊ុន​ខ្លះ​ប្រើ​ប្រាស់​វិស្វករ និង​កម្មករ​ជំនាញ​មក​ពី ប្រទេស​វៀតណាម និង ចិន តែ​ម្តង។

លោក វុឌ្ឍី បាន​បន្ត​ថា៖ «ការ​ឡើង​ថ្លៃ​កម្លាំង​ពលកម្ម​របស់​កម្មករ​សម​ស្រប​នឹង​ស្ថានភាព​សេដ្ឋកិច្ច ព្រោះ​ថ្លៃ​បាយ​របស់​កម្មករ​មួយ​ពេលៗ​ក៏​ត្រូវ​ចំណាយ​យ៉ាង​តិច​ពី ៣០០០ ទៅ ៤០០០ រៀល​ដែរ»។

ទាក់​ទង​សិទ្ធិ​ការងារ​របស់​កម្មករ លោក វុឌ្ឍី បាន​ឲ្យ​ដឹង​ថា អាស្រ័យ​លើ​ក្រុមហ៊ុន​នីមួយៗ។ ក្រុមហ៊ុន​ខ្លះ​នៅ​ពេល​កម្មករ​ជួប​គ្រោះថ្នាក់​ពួក​គេ​ចេញ​ថ្លៃ​ចំណាយ​ជូន ហើយ​បើ​មាន​គ្រោះថ្នាក់​រហូត​ដល់​ជីវិត​ពួក​គេ​ច្រើន​ដោះស្រាយ​ស្ងាត់ៗ​ជាមួយ​ក្រុម​គ្រួសារ។

លោក​បាន​បន្ត​ថា និយាយ​រួម​ស្ថានភាព​សិទ្ធិ​ការងារ​របស់​កម្មករ​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​នោះ​ទេ ឧទាហរណ៍​ដូច​ជា​ថ្ងៃ​បុណ្យ​ទាន​ពួក​គេ​មិន​បាន​ទទួល​ប្រាក់​លើក​ទឹក​ចិត្ត​ឡើយ គឺ​បើ​ពួក​គេ​ធ្វើ​ការ​បាន​គឺ​បាន​លុយ តែ​បើ​ពួក​គេ​ឈប់​សម្រាក​គឺ​អត់​លុយ។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា ដែល​មាន​សមាជិក​ប្រមាណ ៣០០០ នាក់​កំពុង​ធ្វើ​ការងារ​ក្នុង​វិស័យ​ផ្សេងៗ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ទីផ្សារ​ការងារ​ក្នុង​វិស័យ​សំណង់​បាន​ស្រូប​យក​កម្លាំង​កម្មករ​ច្រើន​លំដាប់ ទី២ បន្ទាប់​ពី​វិស័យ​កាត់ដេរ ហើយ​ប្រាប់​ឈ្នួល​ការងារ​របស់​ពួក​គាត់​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ ប៉ុន្តែ​លោក​មិន​ឲ្យ​ដឹង​ថា កើន​ឡើង​ចំនួន​ប៉ុន្មាន​នោះ​ទេ។

លោក​បាន​បន្ត​ថា កម្មករ​ក្នុង​វិស័យ​សំណង់​ប្រឈម​មុខ​នឹង​ការ​រំលោភ​សិទ្ធិ​ការងារ​ជាច្រើន​ដូចជា ទី១ មិន​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​ច្បាស់​លាស់ ទី២ បញ្ហា​សុខភាព និង​សុវត្ថិភាព​ការងារ​មិន​ត្រូវ​បាន​គិត​គូរ​ហ្មត់ចត់ ព្រោះ​នៅ កម្ពុជា មាន​ការដ្ឋាន​សំណង់​តែ​ពី ២០ ទៅ ៣០ ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​គិត​គូរ​ពី​បញ្ហា​សុខភាព និង​សុវត្ថិភាព​របស់​កម្មករ ទី៣ ប្រឈម​នឹង​ការ​បាត់​បង់​ការងារ​ធ្វើ និង ទី៤ លក្ខខណ្ឌ​ច្បាប់​ការងារ​របស់​ពួកគេ​មិន​ត្រូវ​បាន​គោរព ព្រោះ​ពួក​គេ​តែង​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ពេល​មាន​បញ្ហា​នៅ​កន្លែង​ការងារ ជា​ពិសេស​ស្រ្តី​មាន​ផ្ទៃពោះ​តែង​តែ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ