Search

Search form

ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជំរុញ​កំណើន​តម្លៃ​អចលនទ្រព្យ

លោក Ross Wheble ប្រធាន​ក្រុមហ៊ុន Knight Frank ប្រចាំ​ប្រទេស​កម្ពុជា។
លោក Ross Wheble ប្រធាន​ក្រុមហ៊ុន Knight Frank ប្រចាំ​ប្រទេស​កម្ពុជា។ ហេង ជីវ័ន

ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជំរុញ​កំណើន​តម្លៃ​អចលនទ្រព្យ

ហេដ្ឋារចនាសម្ព័ន្ធ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព តាមរយៈ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ពិសេស​ថែម​ទាំង​ជួយ​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​មាន​ដំណើរការ​ល្អ​ផង​ដែរ។

ក្រុមហ៊ុន Knight Frank គឺជា​ក្រុមហ៊ុន​ដែល​មាន​បទពិសោធ​លើ​ផ្នែក​អចលនទ្រព្យ លើ​ពិភពលោក​ជាង​១១០​ឆ្នាំ​មក​ហើយ ដោយ​មាន​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ឡុងដ៍ និង​មាន​ការិយាល័យ​ចំនួន​៣៣៥​នៅក្នុង​ប្រទេស​ចំនួន​៥២​លើ​ពិភពលោក។ លោក Ross Wheble ប្រធាន​ក្រុមហ៊ុន Knight Frank ប្រចាំ​ប្រទេស​កម្ពុជា បាន​ផ្តល់​បទសម្ភាស​ជាមួយ​លោក ស៊ុំ ម៉ាណេត អ្នក​យក​ព័ត៌មាន​ផ្នែក​អចលនទ្រព្យ​នៃ​សារព័ត៌មាន កម្ពុជា​ចុងសប្តាហ៍ អំពី​ភាព​ចាំបាច់​របស់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​រួម​ចំណែក​ជួយ​លើក​កម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​ស្ថានភាព​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា?

មុន​ដំបូង​យើង​ត្រូវ​ដឹង​ថា មុន​នឹង​សម្រេច​ចិត្ត​ចូល​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា អ្នក​វិនិយោគ​បរទេស​តែងតែ​គិត​ទៅ​បញ្ហា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ជា​មុន​សិន។ ដោយហេតុ​ថា ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា គឺជា​រឿង​មួយ​ដែល​ត្រូវការ​កែលម្អ​ជា​ចាំបាច់​ដោយ​បញ្ចូល​ទាំង​ផ្លូវ​តូច និង​ធំ ខណៈ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​ក៏​នៅ​មិន​ល្អ​ផង​ដែរ។ មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ហាក់​នៅ​មិន​ទាន់​ត្រូវការ​ចាំបាច់​ទេ​នា​ពេល​នេះ ប៉ុន្តែ​វា​អាច​នឹង​ត្រូវការ​ជា​ចាំបាច់​នៅពេល​អនាគត​ឆាប់ៗ​នេះ។

តើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​រួម​ចំណែក​អ្វី​ខ្លះ​ដល់​ការ​រីកចម្រើន​របស់​វិស័យ​អចលនទ្រព្យ?

ការ​សិក្សា​បាន​បង្ហាញ​ថា តម្លៃ​អចលនទ្រព្យ​ក្នុង​ទីផ្សារ​ដែល​បាន​អភិវឌ្ឍ​រួច​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​តំបន់​ដែល​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង។ ដូច​គ្នា​នេះ​ដែរ​នៅពេល​មាន​ប្រព័ន្ធ​ផ្លូវថ្នល់​ថ្មី ឬ​គម្រោង​កែលម្អ​ផ្លូវ​ត្រូវ​បាន​ប្រកាស អ្នក​អភិវឌ្ឍន៍​បាន​ចាប់ផ្តើម​បែរ​មុខ​សញ្ញា​នៃ​ការ​វិនិយោគ​របស់​ពួកគេ​ឆ្ពោះ​ទៅ​កាន់​ទី​នោះ ពីព្រោះ​តំបន់​ទាំង​នោះ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ដូចជា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ដូច្នេះ​វា​នឹង​រុញច្រាន​អចលនទ្រព្យ​ឲ្យ​ឡើង​ថ្លៃ​ជា​មិន​ខាន។

សន្ទស្សន៍​របស់​ក្រុមហ៊ុន Knight Frank បាន​បង្ហាញ​ថា នៅក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ​តម្លៃ​ដី​លំនៅឋាន និង​ការិយាល័យ​ជួល ក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​៣៥​ភាគរយ ដែល​ធ្វើឲ្យ​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ប្រសិន​បើ​យើង​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​លឿន តើ​កម្ពុជា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ​ដែរ ឬ​ទេ?

ការ​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​ជួយ​ធើ្វឲ្យ​តម្លៃ​អចលនទ្រព្យ​បន្ត​កើនឡើង​ជា​បន្តបន្ទាប់។ តែ​ទោះ​បី​ជា​យ៉ាង​ណា យើង​ក៏​ត្រូវ​តែ​ដឹង​ដែរ​ថា​ប្រទេស​ដទៃ​ទៀត​នៅក្នុង​តំបន់​ក៏​កំពុង​មាន​គម្រោង​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ប្រទេស​កម្ពុជា​ដែរ ដូច្នេះ​យើង​រង់ចាំ​មើល​នូវ​ការ​បញ្ចេញ​សន្ទស្សន៍​តម្លៃ​ដី​លើក​ក្រោយ​ទៀត។
បច្ចុប្បន្ន​នេះ​មាន​ការដ្ឋាន​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​កម្ពុជា តើ​វា​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​អចលនទ្រព្យ​ដែរ ឬ​ទេ?
ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ពិតជា​នឹង​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ឲ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​បាន​កាន់តែ​ច្រើន។ នៅក្នុង​ទីផ្សារ​ប្រទេស​អភិវឌ្ឍ​ដូចជា​សិង្ហបុរី​និង​ម៉ាឡេស៊ី ជាទូទៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តែង​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឲ្យ​ប្រាកដ​ថា នឹង​មិន​មាន​បញ្ហា​ទាក់ទង​ការ​ធ្វើ​ចរាចរណ៍ បរិស្ថាន និង​ការ​បំពុល​ផ្សេងៗ​ទៀត​ទេ។ ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ គេ​គួរ​តែ​មាន​វិធានការ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជន់​នៅ​អំឡុង​រដូវវស្សា​ឲ្យ​បាន​ល្អ​ផង​ដែរ។

តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​មាន​កំណើន?

មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង ដោយ​ផ្អែក​ទៅលើ​ប្រភេទ​អចលនទ្រព្យ​ដែល​មាន​ដូចជា សម្រាប់​ការ​សាងសង់​លំនៅឋាន ការិយាល័យ កន្លែង​កម្សាន្ត ឬ​ឧស្សាហកម្ម ប៉ុន្តែ​កត្តា​មួយ​ដែល​សំខាន់​គឺ​ទីតាំង។ ទីតាំង​ដែល​ល្អ​គឺ​ផ្តោត​សំខាន់​លើ​កន្លែង​ដែល​មាន​ភាព​ងាយស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ ជិត​ទីប្រជុំជន និង​មាន​សោភណភាព​បរិស្ថាន​ល្អ។

តើ​កម្ពុជា​គួរ​ធ្វើអ្វី​ខ្លះ​ដើម្បី​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ?

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​នៅ​មាន​កង្វះខាត​ផ្នែក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​គោលនយោបាយ​លើ​ប្រព័ន្ធ​ដឹកជញ្ជូន​ជាច្រើន។ ជាក់ស្តែង​សម្រាប់​រាជធានី​ភ្នំពេញ គឺ​ត្រូវ​តែ​មាន​ទស្សនៈ​យូរអង្វែង​រយៈពេល​២០​ឆ្នាំ​ទៅ​មុខ ដើម្បី​ធ្វើ​យ៉ាង​ណា​សម្រួល​ដល់​ផែនការ​ពង្រីក​ទីក្រុង​ឲ្យ​មាន​ភាព​ងាយស្រួល។ គោលនយោបាយ​លើ​ប្រព័ន្ធ​ដឹកជញ្ជូន​គឺ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ស្ថានភាព​ចរាចរណ៍​ក្នុង​ភ្នំពេញ​បាន​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នា​សតវត្សរ៍​ចុងក្រោយ​នេះ ខណៈ​ចំនួន​ប្រជាជន និង​ការ​ប្រើប្រាស់​យានជំនិះ​គ្រប់​ប្រភេទ​បាន​កើនឡើង​ជា​លំដាប់។

រាជធានី​ភ្នំពេញ​តែងតែ​ជួប​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍​ដែល​កំពុង​កើត​មាន​ពេល​បច្ចុប្បន្ន នឹង​កាន់តែ​ធ្ងន់ធ្ងរ​នា​ពេល​អនាគត ហេតុនេះ​ត្រូវការ​គោលនយោបាយ​លើ​ប្រព័ន្ធ​ធ្វើ​ដំណើរ​បន្ថែម​ទៀត​ដើម្បី​ធ្វើឲ្យ​អ្វីៗ​មាន​ភាព​ល្អ​ប្រសើរ៕

អត្ថបទគួរចាប់អារម្មណ៍